RFA | សមត្ថកិច្ច​បញ្ជូន​មេដឹកនាំ​សហជីព លោក ម៉ម រិទ្ធី ទៅ​ឃុំ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ | hot news

By , Comment
Share on Facebook Tweet on Twitter

សមត្ថកិច្ច​បញ្ជូន​មេដឹកនាំ​សហជីព លោក ម៉ម រិទ្ធី ទៅ​ឃុំ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី៧ ខែ​ឧសភា ម្សិលម៉ិញ ដោយ​ចោទ​ប្រកាន់​អំពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​បទ​ធ្វើ​ឱ្យ​បាត់បង់​ជំនឿ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ។

សហជីព​កម្មករ​ចាត់​ទុក​ការ​ចាប់​ខ្លួន លោក ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា (CTSWF) និង​ជា​អនុប្រធាន​ទី២​សហភាព​ការងារ​កម្ពុជា (CLC) នេះ​ថា ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​សហជីព ដែល​បំពេញ​ការងារ ដើម្បី​ការពារ​ប្រយោជន៍​បុគ្គលិក និយោជិត។

សមត្ថកិច្ច​នគរបាល​សង្កាត់​បឹង​ទំពុន​ទី២ បាន​បញ្ជូន​ខ្លួន​លោក ម៉ម រិទ្ធី ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​បាន​ចាប់​ខ្លួន​មេ​ដឹកនាំ​សហជីព​រូប​នេះ នៅ​ការិយាល័យ​របស់​សហភាព​ការងារ​កម្ពុជា​នៅ​ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាល​ពី​ល្ងាច​ថ្ងៃ ទី៧ ខែ​ឧសភា។

ក្រៅ​ពី​ចាប់​ខ្លួន លោក ម៉ម រិទ្ធី ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​សេវាកម្ម​កម្ពុជា (CTSWF) និង​ជា​អនុប្រធាន​ទី២ សហភាព​ការងារ​កម្ពុជា (CLC) អាជ្ញាធរ​ក៏​បាន​ឃាត់ខ្លួន​មន្ត្រី​សហជីព ២​នាក់​ទៀត ប៉ុន្តែ​បាន​ដោះលែង​មក​វិញ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ការ​ចាប់​ខ្លួន​សហការី​របស់​លោក​នេះ​ថា​ជា​រឿង​មិន​អាច​ទទួល​យក​បាន​ព្រោះ​សំណុំ​រឿង​នេះ​ធ្លាប់​មាន​ការចរចា និង​ដើម​បណ្ដឹង​បាន​ដក​បណ្ដឹង​រួច​ហើយ លើស​ពី​នេះ រឿង​នេះ​ជា​ការ​បំពេញ​ការងារ​របស់​សហជីព​មិនមែន​ជា​បទ​ល្មើស។

លោក អាត់ ធន៖ «ក្រសួង​ការងារ​កាលពី ២សប្ដាហ៍​មុន កាល​យើង​ទៅ​ដោះស្រាយ​ជាមួយ​គ្នា​ហ្នឹង​គឺ គេ​ថា ក្រុមហ៊ុន​បាន​ដក​ពាក្យ​អស់​ហើយ។ យើង​គិត​ថា វា​ចប់​រឿង​អស់​ហើយ ស្រាប់​តែ​វា​មាន​រឿង​ហ្នឹង​កើត​ឡើង។ វា​ជា​រឿង​ពាក់ព័ន្ធ​នឹង​ការងារ និង​សហជីព ដែល​មិន​គួរ​ត្រូវ​បាន​តុលាការ​ចាប់។ វា​ជា​សម្ពាធ​មួយ​មក​លើ​ចលនា​សហជីព។ វា​ពិបាក​ក្នុង​ការ​ទទួល​យក ព្រោះ​វា​គ្រាន់​តែ​បំពេញ​ការងារ​សហជីព​ត្រូវ​បាន​មាន​ការ​គំរាម​កំហែង​បែប​ហ្នឹង»

បើ​ទោះ​ជា​យ៉ាងណា ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន​ចេញ​ដោយ ចៅក្រម​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ធន់ ដារិទ្ធ ចុះ​ថ្ងៃ​ទី៧ ខែ​ឧសភា​នេះ​ឱ្យ​ដឹង​ថា តុលាការ​បញ្ជា​ឱ្យ​ក្រុម​កងកម្លាំង​សាធារណៈ​ចាប់​ខ្លួន លោក ម៉ម រិទ្ធី ដាក់​ពន្ធនាគារ ទៅ​តាម​អំណាច​សាលក្រម​តុលាការ ដែល​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ រយៈ​ពេល ១ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២លាន​រៀល (.០០០.០០០)

តុលាការ​ចោទ​ថា លោក ម៉ម រិទ្ធី បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ និង​បទ​ធ្វើ​ឱ្យ​បាត់បង់​ជំនឿ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ​នេះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ២០២២។

ទាក់ទង​នឹង​រឿង​នេះ នៅ​ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ទី២៤ ខែកុម្ភៈ កាល​ពី​ជាង ២ឆ្នាំ​មុន​នោះ លោក ម៉ម រិទ្ធី បាន​បញ្ចេញ​មតិ ទាក់ទង​នឹង​ការ​ចាប់​ឃុំខ្លួន​បុគ្គលិក​ជា​ស្ត្រី​ម្នាក់​នៅ កាស៊ីណូ ជិនប៉ី ដែល​លោក​មើល​ឃើញ​ថា ជា​រឿង​អយុត្តិធម៌ ដែល​មេ​ដឹកនាំ​សហជីព​ត្រូវ​ចេញ​មុខ​ជួយ​ការពារ និង​ទាមទារ​យុត្តិធម៌។ ក្នុង​វីដេអូ​នោះ លោក ម៉ម រិទ្ធី អំពាវនាវ​ឱ្យ​តុលាការ​ខេត្ត​ព្រះសីហនុ​ដោះ​លែង​បុគ្គលិក​រូប​នោះ​ឱ្យ​មាន​សេរីភាព ព្រោះ​នាង​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រុមហ៊ុន ដែល​ថា នាង​បាន​ឃុបឃិត​ជាមួយ​ភ្ញៀវ ដែល​មក​លេង​ល្បែង​បន្លំ​ឈ្នះ​លុយ​ក្រុមហ៊ុន។

ក្រោយ​ការ​អំពាវនាវ​នោះ និង​ការ​ប្រឹងប្រែង​តស៊ូ​មតិ​ជាមួយ​ក្រុមហ៊ុន​អស់​ជា​ច្រើន​ខែ​មក តុលាការ​ខេត្តព្រះសីហនុ បាន​សម្រេច​ដោះលែង​បុគ្គលិក​ស្ត្រី​ឱ្យ​នៅ​ក្រៅ​ឃុំ ប៉ុន្តែ​បែរ​ជា​មាន​ពាក្យ​ប្ដឹង លោក ម៉ម រិទ្ធី ទៅ​វិញ។

ការ​ចាប់​ខ្លួន លោក ម៉ម រិទ្ធិ ធ្វើ​ឡើង​នៅ​មួយ​សប្ដាហ៍ ក្រោយ​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព កម្មករ នាំ​គ្នា​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ដោយ​ស្នើ​សុំ​ឱ្យ​ភាគី​ពាក់ព័ន្ធ​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​គំរាម​កំហែង ចាប់​ថ្នាក់​ដឹកនាំ​សហជីព និង​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត ព្រម​ទាំង​បញ្ឈប់​ចាត់​ទុក​ការ​ទាមទារ​សិទ្ធិ​សេរីភាព​របស់​សហជីព​​ជា​បទ​ឧក្រិដ្ឋ។ ពួក​គេ​ក៏​បាន​រៀបរាប់​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​សហជីព​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល ផ្នែក​សិទ្ធិ​ការងារ​នៅ​រយៈ​ពេល ៣ឆ្នាំ​ចុង​ក្រោយ​នេះ និង​ថា សហជីព​ឯករាជ្យ​មួយ​ចំនួន បាន​ក្លាយ​ជា​មុខសញ្ញា​ក្នុង​ការ​គំរាមកំហែង​តាម​គ្រប់​រូប​ភាព។

មក​ដល់​ពេល​នេះ ក្រៅ​ពី​ការ​ចាប់​ខ្លួន​មេ​សហជីព លោក ម៉ម រិទ្ធី កាល​ពី​ម្សិលមិញ​ហើយ​មាន​មេ​ដឹកនាំ​សហជីព​មួយ​ចំនួន​ទៀត​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ដោយសារ​បំពេញ​ការងារ​ការពារ​កម្មករ និង​មួយ​ចំនួន​កំពុង​ជាប់​ឃុំ ក្នុង​នោះ​មាន​មេដឹកនាំ​សហជីព​នៅ​បនល្បែង​ណាហ្គាវើលដ៍ (Nagar World) ដ៏​ឆ្នើម គឺ​កញ្ញា ឈឹម ស៊ីថរ ម្នាក់​ដែរ ដែល​កំពុង​ជាប់​ឃុំ​ជា​លើក​ទី២៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments