RFA | ពលរដ្ឋ​ខ្មែរ​មក​ពី​បណ្ដា​ប្រទេស​នានា ធ្វើ​​បាតុកម្ម​នៅ​មុខ​អង្គការ​សហប្រជាជាតិ​ទាមទារ​រដ្ឋាភិបាល​វៀតណាម​ឱ្យ​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម | hot news

By , Comment
Share on Facebook Tweet on Twitter

ពលរដ្ឋ​ខ្មែរ​មក​ពី​បណ្ដា​ប្រទេស​នានា ចូលរួម​បាតុកម្ម​នៅ​មុខ​អង្គការ​សហប្រជាជាតិ នា​ប្រទេស​ប្រទេស​ស្វីស ទាមទារ​រដ្ឋាភិបាល​វៀតណាម​ឱ្យ​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​វៀតណាម។ ការ​ចូលរួម​ធ្វើ​បាតុកម្ម​នេះ គឺ​ចំ​ពេល ដែល​តំណាង​ប្រទេស​វៀតណាម​ធ្វើ​ដំណើរ​មក​ចូលរួម ប្រជុំ​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ ស្តីពី​ការ​ពិនិត្យ​ឡើង​វិញ តាម​កាល​កំណត់ (Universal Periodic Review) ឆ្នាំ​ទី៤ ដើម្បី​ឆ្លើយ​បំភ្លឺ ចំពោះ​អង្គការ​សហប្រជាជាតិ (UN) អំពី​ការ​សន្យា​របស់​វៀតណាម ក្នុង​ការ​អនុវត្ត​អនុសាសន៍ ដែល​ដាក់​ជូន​ដោយ​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិក្នុងកិច្ចប្រជុំត្រួតពិនិត្យជុំទី៣ កាល​ពី​ឆ្នាំ២០១៩។

បាតុករ​ដឹកនាំ​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មក​ពី​ប្រទេស​បារាំង (France) អ៊ីតាលី (Italy) និង​សហរដ្ឋអាមេរិក (United States) ជា​ដើម ដែលមានអ្នកចូលរួមជាង ១រយអង្គនាក់មកធ្វើបាតុកម្មនៅមុខទីស្នាក់ការអង្គការសហប្រជាជាតិនាទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​វៀតណាម​ដោះ​លែង​ព្រះសង្ឃ ៥អង្គ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង ៨នាក់។

ប្រធាន​គណៈកម្មការ​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា មូលហេតុ ដែល​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​មក​ពី​បណ្ដា​ប្រទេស​ណា​បាន​ធ្វើ​ដំណើរ​ឆ្លង​ទ្វីប និង​ឆ្លង​ប្រទេស​មក​ចូលរួម​បាតុកម្ម​នេះ គឺ​ដើម្បី​ទាមទារ​ឱ្យ​អង្គការ​សហប្រជាជាតិ សហគមន៍​អន្តរជាតិ និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​អន្តរាគមន៍​ជា​បន្ទាន់​ទៅ​លើ​រដ្ឋាភិបាល​វៀតណាម ដែល​បាន​ចាប់​ខ្លួន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​តាម​អំពើ​ចិត្ត។

ព្រះភិក្ខុ សឺង យ៉ឹង រតនា បន្ត​ថា ការ​ចូលរួម​ធ្វើ​បាតុកម្ម​នេះ ក៏​ដើម្បី​បង្ហាញ​ទៅ​សហគមន៍​អន្តរជាតិ​ថា របាយការណ៍​សិទ្ធិមនុស្ស​របស់​ប្រទេស​វៀតណាម​លើក​ឡើង​នៅ​អង្គការ​សហប្រជាជាតិ​នេះ គឺ​ផ្ទុយ​ពី​ការ​ពិត ហើយ​រដ្ឋាភិបាល​វៀតណាម​នៅ​តែ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ជនជាតិ​ខ្មែរ​ក្រោម។

ពលរដ្ឋ​ខ្មែរ​មក​ពី​ប្រទេស​បារាំង លោក គឹម គើ បាន​ឱ្យ​ដឹង​ថា លោក​មក​ចូលរួម​បាតុកម្ម​នេះ ដោយសារ​តែ​លោក​មិន​អាច​ទទួល​យក​បាន ចំពោះ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​អាជ្ញាធរ​វៀតណាម​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ហ៊ាន​ចេញ​មុខ​ការពារ​សិទ្ធិ​ជនជាតិ​ដើម និង​ការពារ​វប្បធម៌​របស់​ខ្លួន។

រហូត​មក​ដល់​ពេល​នេះ មាន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន ១៣អង្គ/នាក់​ហើយ ដែល​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​នៅ​ខេត្តព្រះត្រពាំង ខេត្តឃ្លាំង និង​ខេត្តលង់ហោរ ចាប់​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។ ក្រៅពី​នោះ អាជ្ញាធរ​វៀតណាម ក៏​បាន​បណ្ដេញ​សកម្មជន​សង្ឃ​ខ្មែរ​ក្រោម​ព្រះភិក្ខុ គឹម សំរិន្ទ ចេញ​ពី​វត្ត និង​វាយ​កម្ទេច​សាលា​ឆ​ទាន​ពុទ្ធសាសនា​ខ្មែរ​ក្រោម​នៅ​ភូមិកន្រែង ខេត្តលង់ហោរ​រាប​ដល់​ដី។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា និង​អ្នក​តំណាង​រដ្ឋាភិបាល​វៀតណាម នៅ​អង្គការ​សហប្រជាជាតិ​បាន​ទេ នៅ​ថ្ងៃ​ទី៧ ខែឧសភា។

ប៉ុន្តែសន្និសីទលើកទី២៣ នៃ​វេទិកា​អចិន្ត្រៃយ៍​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិ​ដើម កាល​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី២៦ មេសា នៅ​បុរី​ញូវយ៉ក (New York) អ្នក​តំណាង​ឱ្យ​រដ្ឋាភិបាល​វៀតណាម​បាន​បដិសេធ​ថា មិន​បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម និង​ចាត់​ទុក​ថា សកម្មភាព​របស់​សហព័ន្ធ​ខ្មែរ​ក្រោម​កន្លង​មក គឺ​ជា​ការ​បំបែកបំបាក់​សាមគ្គី​ជាតិ​របស់​វៀតណាម។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​នឹង​ដឹកនាំ​បាតុកម្ម​នៅ​បណ្ដា​ប្រទេស​ផ្សេង​ទៀត រួម​មាន ការ​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​ទី១១ ខែឧសភា នៅ​មុខ​ស្ថានទូត​វៀតណាម នៅ​ទីក្រុង​ប៉ារីស (Paris) ប្រទេស​បារាំង និង​នៅ​មុខ​ស្ថានទូត​វៀតណាម​នៅ​ទីក្រុង​អូតាវ៉ា (Ottawa) ប្រទេស​កាណាដា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments