RFA | ព្រៃ​សហគមន៍​មួយ​កន្លែង​នៅ​ខេត្ត​ស្ទឹងត្រែង​កំពុង​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ពី​សំណាក់​ក្រុម​ឈ្មួញ​ខិលខូច | hot news

By , Comment
Share on Facebook Tweet on Twitter

ពលរដ្ឋ​នៅ​ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង អះអាង​ថា ព្រៃឈើ​នៅក្នុង​ព្រៃ​សហគមន៍​ព្រៃ​ជម្រក​សត្វ ត្រូវ​ក្រុម​ជនល្មើស​លួច​កាប់​និង​ដឹក​យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ថ្មម៉ាប់ ឈ្មោះ​លីម វត្តី អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ មិនទាន់​ឃើញ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ទប់ស្កាត់​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល យល់​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​ត្រូវ​តែ​ចុះ​សិក្សា​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ទាំងនេះ​ជា​បន្ទាប់។

ក្រុម​ឈ្មួញ ខិលខូច​កំពុង​សម្រុក​កាប់​ឈើ​មាន​តម្លៃ​ជាច្រើន​ប្រភេទ​នៅ​ព្រៃ​សហគមន៍​ព្រៃ​ជម្រក​សត្វ ស្ថិតនៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង យ៉ាង​អនាធិបតេយ្យ និង​បាន​ដឹក​ជញ្ជូន​ឈើ​ទាំងនោះ យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ថ្មម៉ាប់ ឈ្មោះ​លីមវត្តី អស់​ជាច្រើន​ថ្ងៃ​មក​ហើយ ដោយ​មិន​ទាន់​ឃើញ​មាន​អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ​ចុះ​ទប់ស្កាត់​នោះ​ទេ។ សហគមន៍​ថា ចំណែក​ប្រធាន​សហគមន៍​ព្រៃ​ជម្រក​សត្វ​វិញ​បាន​ឃុបឃិត​គ្នា​ជាមួយ​ក្រុម​ជនល្មើស​បណ្ដែតបណ្ដោយ​ឲ្យ​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ដោយ​សេរី ហើយ​ពលរដ្ឋ​ដែល​ធ្លាប់​ចូល​រក​អនុផល​ព្រៃឈើ​នៅក្នុង​តំបន់​នោះ ត្រូវ​បាន​ហាមឃាត់ និង​ទារ​លុយ ៥​ពាន់​រៀល ទៅ ១​ម៉ឺន​រៀល​ដើម្បី​ជា​ថ្នូរ​ចូល​រក​អនុផល​ព្រៃឈើ​នៅក្នុង​ព្រៃ​សហគមន៍​មួយ​នេះ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ស្រុក​ថាឡាបរិវ៉ាត់ សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៩ ខែ​ឧសភា ថា ចាប់តាំងពី​ការ​ផ្លាស់ប្ដូរ​ប្រធាន​សហគមន៍​រួចមក ក្រុម​ជនល្មើស​បាន​សម្រុកចូល​ទៅ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​យ៉ាង​អនាធិបតេយ្យ នៅក្នុង​ព្រៃ​សហគមន៍​ព្រៃ​ជម្រក​សត្វ ដោយ​មិន​ខ្លាចញញើត​អ្វី​នោះ​ទេ។ ចំណែក​ពលរដ្ឋ​ដែល​ធ្លាប់​ចេញចូល​រក​អនុផល​ព្រៃឈើ​ក្នុង​ព្រៃ​សហគមន៍​នេះ ត្រូវ​បាន​ហាមឃាត់​និង​ត្រូវ​បង់លុយ​ជាមុន​សិន ហើយ​តម្រូវ​មិន​ឲ្យ​ផ្សព្វផ្សាយ​និង​ថតរូប​ការ​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ទៅ​បង្ហាញ​ជា​សាធារណៈ​ឡើយ។ លោក​មាន​ការ​សោកស្ដាយ ដែល​ដើមឈើ​កម្រ​ជាច្រើន​ប្រភេទ ដែល​សហគមន៍​ខំប្រឹង​ការពារ​អស់​ជាច្រើន​ឆ្នាំ​មក​នេះ ត្រូវ​បាន​ក្រុម​ឈ្មួញ​កាប់ និង​ដឹកជញ្ជូន​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ថ្មម៉ាប់ លីមវត្តី ដោយ​សេរី ហើយ​សហគមន៍​ត្រូវ​បាន​រឹតត្បិត និង​គំរាមកំហែង​ទៅវិញ។

ពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «សោកស្ដាយ​ចេះតែ​សោកស្ដាយ​ហើយ មែនទែន​ទៅ​ប្រជាជន​មួយចំនួន​គេ​ក៏​អន់ចិត្ត​ដែរ ដូចជា​ការបោះឆ្នោត​ខុស គេ​ថា​បោះឆ្នោត​ខុស​បាន​មេ​ថ្មី​មក​វា​លំបាក​ក្នុង​ការ​រស់នៅ​ក្នុង​សហគមន៍​ពីព្រោះ​យើង​មិន​រស់នៅ​ដើម្បី​កាប់ចម្ការ​ឯណា ដូច​សព្វថ្ងៃ​គ្រាន់តែ​ចូល​បេះ​ស្លឹង​ព្រេច ក៏​ត្រូវ​បង់លុយ​ឲ្យ​គេ​ដែរ ខ្ញុំ​ថា​មិនដឹង​ទេ​ពួក​អ្នក​ឯង​ជា​អ្នកបោះឆ្នោត​ជ្រើសរើស ព្រោះ​បង្កើត​សហគមន៍​មក​សម្រាប់​ប្រជាពលរដ្ឋ​អាស្រ័យ​ផល»

សហគមន៍​ម្នាក់​ទៀត​នៅ​ខេត្ត​ស្ទឹងត្រែង លោក អ៊ុក ម៉ៅ ដែល​កំពុង​មាន​រឿង​ក្ដីក្ដាំ​នៅ​តុលាការ​ដោយសារ​ការពារ​ព្រៃឈើ និង​កំពុង​តាមដាន​រឿង​នេះ ឲ្យ​ដឹង​ថា ក្រុមហ៊ុន លីមវត្តី ដែល​មាន​លិខិត​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ជីក​យក​ថ្ម​ម៉ាប គឺ​គ្រាន់តែ​ជា​លេស​បិទបាំង​សកម្មភាព​ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​តែប៉ុណ្ណោះ​។ លោក​បន្ថែម​ថា ការ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ​កើតឡើង​បាន​បែបនេះ ដោយសារ​អាជ្ញាធរ​និង​ភាគី​ពាក់ព័ន្ធ​នៅ​តំបន់​នោះ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ទើប​មាន​ការ​កាប់​និង​ដឹកជញ្ជូន​ឈើ​ដោយ​សេរី។

លោក អ៊ុក ម៉ៅ៖ «ស្នើសុំ​ឲ្យ​ប្រធាន​សហគមន៍​ក៏ដូចជា​មេព្រៃ​កុំ​គិតតែ​រឿង​លុយ​ខ្លាំងពេក​សូម​ជួយ​ទប់ស្កាត់​ការពារ​ព្រៃឈើ​ខ្លះ​ផង បើ​លោក​សប្បាយ​តែ​ជាមួយ​លុយ ចាយ​តែ​លុយ​មួយ​ពេល ដល់​កូនចៅ​ជំនាន់​ក្រោយ​របស់​អស់លោក​វេទនា​ជាង​នេះ​ទៅ​ទៀត ខ្ញុំ​គ្រាន់តែ​ចង់​ផ្ដាំ​ប៉ុណ្ណឹង»

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយក​ផ្នែក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ស្រុក​ថាឡាបរិវ៉ាត់ លោក ហ៊ុន សំអឿន និង​អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃទី​៩ ខែ​ឧសភា។

ចំណែក​អ្នកស្រាវជ្រាវ និង​ឃ្លាំមើល​ធនធានធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង យល់​ឃើញ​ថា ការ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ធ្វើ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​បែបនេះ ដោយសារ​អាជ្ញាធរ​នៅ​តំបន់​នោះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ហើយ​មាន​អ្នក​មាន​អំណាច​នៅ​ពីក្រោយ​ខ្នង​។ លោក​បន្ថែម​ថា អាជ្ញាធរ​ថ្នាក់​ជាតិ​ត្រូវតែ​ចុះ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ទាំងអស់​នោះ​ឲ្យ​បាន​ឆាប់ និង​ត្រូវ​យក​ជនល្មើស​និង​អ្នក​ជាប់​ពាក់ព័ន្ធ​យក​មក​អនុវត្ត​ច្បាប់ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ ក្នុង​ការ​ការពារ​ព្រៃឈើ​ដែល​ជា​សម្បត្តិ​ជាតិ ប្រសិនបើ​អាជ្ញាធរ​មិន​អនុវត្ត​ច្បាប់​ឲ្យ​មាន​តម្លាភាព​នោះ​ទេ ការ​បង្ក្រាប​កន្លងមក​គ្រាន់តែ​ជា​ការ​សម្ដែង​តែ​ប៉ុណ្ណោះ។

លោក សេង សុខហេង៖ «ព្រៃឈើ​នៅក្នុង​តំបន់​ការពារ តំបន់​អភិរក្ស តំបន់​ព្រៃ​សហគមន៍​។​ល​។​ធ្វើការ​ការពារ​ឲ្យ​បាន​តឹងរ៉ឹង​មានការ​អនុវត្ត​ច្បាប់​ដាក់ទោស​ទណ្ឌ​ទាំងអស់​នេះ​វា​ជា​ចំណុច​ពិសេស​បំផុត ដែល​អាច​ធ្វើ​ឲ្យ​កិច្ចការពារ​ព្រៃឈើ​វា​មាន​ប្រសិទ្ធភាព»

រីឯ​មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន មាន​ប្រសាសន៍ថា អាជ្ញាធរ​ថ្នាក់​ជាតិ​ត្រូវតែ​ចុះ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់ និង​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ដើម្បី​យក​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​។ ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​អនុវត្ត​ច្បាប់​ទៅលើ​អ្នក​ប្រព្រឹត្ត​បទល្មើស​ទ្រង់ទ្រាយ​ធំ និង​អ្នកមាន​លុយ​មានអំណាច​នៅ​ពី​ក្រោយខ្នង​នោះ​ទេ ការ​ចុះ​បង្ក្រាប​របស់​អាជ្ញាធរ​ថ្នាក់​ជាតិ​មិន​មាន​ប្រសិទ្ធភាព​ឡើយ។

លោក អូត ឡាទីន៖ «យើង​មើល​ឃើញ​ថា ព្រៃឈើ​នៅក្នុង​ប្រទេស​របស់​យើង​វា​មិន​នៅ​សល់​ប៉ុន្មាន​ទេ ដូច្នេះ​យើង​អត់​បាន​ចាប់អារម្មណ៍​អត់​មាន​កិច្ច​អន្តរាគមន៍​ចាប់​ពី​ពេល​នេះ​តទៅ​ឲ្យ​បាន​ផុលផុស​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទេ ខ្ញុំ​ជឿជាក់​ថា ព្រៃឈើ​នឹង​កាន់តែ​អន់ថយ​ជាងនេះ​ទៅ​ទៀត ហើយ​យើង​កាន់តែ​រងគ្រោះ​កាន់តែ​ខ្លាំង​ជាង​នេះ​ទៀត»

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​រក​ប្រភព​ទាក់ទង​ភាគី​ក្រុមហ៊ុន​ថ្មម៉ាប់ លីមវត្តី ដែល​សហគមន៍​ចោទ​ប្រកាន់​ថា មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នេះ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី​៩ ខែ​ឧសភា ចំណែក​សហគមន៍​ក៏​មិនដឹង​ច្បាស់​ថា ក្រុមហ៊ុន​នេះ​ជា​កម្មសិទ្ធិ​របស់​នរណា​នោះ​ដែរ។

ព្រៃ​សហគមន៍​ព្រៃ​ជម្រក​សត្វ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ឈ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់ រដ្ឋបាល​ព្រៃឈើ​។ ព្រៃ​សហគមន៍​មួយ​នេះ មាន​ផ្ទៃដី​ជាង​៤​ពាន់ (.១៥៣) ហិកតារ​សម្បូរ​ទៅ​ដោយ ជីវចម្រុះ និង​ដើមឈើ​គ្រប់​ប្រភេទ មាន​ដូចជា ដួងចែម កកោះ ផ្ចឹក ផ្ដៀក ស្រឡៅ ឈ្លីក និង​ដើម​ឈើទាល ឬ​ហៅ​ដើម​ជ័រ​ច្បោះ​ជាដើម។

សហគមន៍ និង​មន្ត្រី​សង្គម​ស៊ីវិល ស្នើ​យ៉ាង​ទទូច​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ចុះ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល​វេលា និង​ស្វែងរក​អ្នក​ជាប់​ពាក់ព័ន្ធ ដែល​បាន​បើកដៃ​ឲ្យ​ក្រុម​ជនល្មើស​ទាំងអស់​នោះ យក​ទៅ​ផ្ដន្ទាទោស​តាមច្បាប់ បើ​ពុំ​ដូច្នោះ​ទេ ព្រៃ​សហគមន៍​ព្រៃ​ជម្រក​សត្វ និង​វិនាស​ហិនហោច​ជាក់​ជា​មិន​ខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments