ជន​សង្ស័យ​៣​នាក់​ពាក់ព័ន្ធ​ជួញដូរ​អាវុធ​ត្រូវ​បាន​បញ្ជូន​ដល់​តុលាការ​ខេត្ត​បន្ទាយមានជ័យ

By , Comment
Share on Facebook Tweet on Twitter
អាវុធ​ដែល​ជន​សង្ស័យ​ឃុបឃិត​ជាមួយ​ជនជាតិ​ថៃ ជួញដូរ​នៅ​ប្រទេស​ថៃ។ រូបថត​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០១៧។ Photo Provided

ដោយ ហ៊ុំ ចំរើន RFA 2017-07-24

សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ជន​សង្ស័យ ៣​នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​អាវុធ​ខុស​ច្បាប់ ទៅ​សាលា​ដំបូង​ខេត្ត​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា។ ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ អះអាង​ថា ជន​ទាំង ៣​នាក់​នោះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ថៃ ពី​ការ​ជួញដូរ​អាវុធ​នៅ​ប្រទេស​ថៃ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២១ កក្កដា។

ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ លោក សិទ្ធ ឡោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ កក្កដា ថា មុន​ពេល​ឃាត់​ជន​សង្ស័យ​ទាំង ៣​នាក់​មក​សាកសួរ សមត្ថកិច្ច​បាន​ចុះ​ស៊ើប​អង្កេត​រយៈពេល ២​ថ្ងៃ​នៅ​តំបន់​ព្រំដែន​ស្រុក​ម៉ាឡៃ បន្ទាប់​ពី​ទទួល​ដំណឹង​តាម​បណ្ដាញ​សារព័ត៌មាន​របស់​ថៃ ដែល​អ្នក​ទាំងនោះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ថៃ ជួញដូរ​អាវុធ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ។

លោក​បន្ត​ថា ជន​ទាំង ៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវ​ច្បាប់៖ «ដោយ​ឮ​ថា​ចេញ​តាម​ច្រក​នេះ​នោះ​អ៊ីចឹង​ទៅ យើង​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ ដើម្បី​បញ្ជាក់​តាម​ព័ត៌មាន​របស់​ថៃ ហើយ​យើង​ក៏​ធ្វើ​ការ​ស្រាវជ្រាវ​តាម​នោះ។ អាវុធ​អត់​មាន​ចាប់ តែ​ចាប់​បាន​តែ​មនុស្ស ៣​នាក់»។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ និង​ជា​ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ លោក សុខ កែវបណ្ឌិត មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ប៉ូលិស​ពិត​ជា​បាន​បញ្ជូន​ជន​សង្ស័យ​មក​ដល់​សាលា​ដំបូង​ខេត្ត​ប្រាកដ​មែន ហើយ​លោក​ក៏​កំពុង​សាកសួរ​អ្នក​ទាំង ៣​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ការ​ជួញដូរ​អាវុធ​នេះ។
ជន​សង្ស័យ​ទាំង ៣​នាក់​រួម​មាន ឈ្មោះ យឹម សាវី ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង ឈ្មោះ ជឹម លីន អាយុ ៣៣​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល ឃុំ​សេរីមានជ័យ ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង និង​ឈ្មោះ អប់ វីរៈ ហៅ ឡេង អាយុ ៤៨​ឆ្នាំ មុខ​របរ​ជា​បុគ្គលិក​ស៊ីម៉ាក់ (CMAC) រស់នៅ​សង្កាត់​អូរចារ ក្រុង​បាត់ដំបង។ ក្នុង​ចំណោម​នោះ​មាន​មនុស្ស ២​នាក់ សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ និង​ម្នាក់​ទៀត​ចាប់​ខ្លួន​នៅ​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ករណី​ជួញដូរ​អាវុធ​ឆ្លង​ដែន​នេះ គឺ​ជា​អំពើ​ខុស​ច្បាប់ ដែល​សមត្ថកិច្ច​ត្រូវ​ស្រាវជ្រាវ​ចាប់​ជន​សង្ស័យ​ពាក់ព័ន្ធ​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៖ «ទាំងអស់​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា មិន​មែន​ជា​រឿង​ដែល​កម្ពុជា គ្មាន​នោះ​ទេ។ សមត្ថកិច្ច​ទប់ស្កាត់​ការ​ជួញដូរ​អាវុធ​ខុស​ច្បាប់ ជា​ការ​ប្រសើរ​មួយ ដែល​កាត់​បន្ថយ​នូវ​ការ​បាញ់​សម្លាប់ ការ​ប្លន់​ប្រដាប់​អាវុធ​ផ្សេងៗ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ»។

ទោះ​ជា​យ៉ាង​ណា ស្នងការ​រង​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក សិទ្ធ ឡោះ ពុំ​បាន​បញ្ជាក់​អំពី​អាវុធ​ដែល​ជន​សង្ស័យ​ជួញដូរ​នៅ​ក្នុង​ទឹកដី​ថៃ នោះ​ទេ។ ប៉ុន្តែ​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន​ឲ្យ​ដឹង​ថា អាវុធ​ទាំងនោះ​ជា​កាំភ្លើង​ធំ​ប្រភេទ​ដេកា (DK) ចំនួន ៣​ដើម និង​ឧបករណ៍​បង្កៃ​គ្រាប់បែក​ចំនួន ៣​គ្រាប់។ លោក សិទ្ធ ឡោះ អះអាង​ថា សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​នៅ​តំបន់​ព្រំដែន​ស្រុក​ម៉ាឡៃ ដើម្បី​យក​មក​សាកសួរ​បន្ត​ទៀត៕

From KI Media - Khmer Intelligence
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments