RFA | មេធាវី​របស់​មេ​បក្ស​ភ្លើងទៀន​ដាក់​ភស្តុតាង​ទៅ​តុលាការ​រឿង​អាជ្ញាធរ​ដាក់​កាមេរ៉ា​ឃ្លាំមើល​នៅ​មុខ​ផ្ទះ | hot news

By , Comment
Share on Facebook Tweet on Twitter

មេធាវី​ប្រធាន​បក្ស​ភ្លើងទៀន​លោក ទាវ វណ្ណុល បាន​ដាក់​ភស្តុតាង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​បញ្ជាក់​ការពិត​ថា អាជ្ញាធរ​បាន​ដំឡើង​កាមេរ៉ា​ឃ្លាំមើល​នៅមុខ​ផ្ទះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​បុគ្គល។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា តុលាការ​គួរ​ពិនិត្យ​ភស្តុតាង​ក្នុង​សំណុំ​រឿង​នេះ​ដោយ​យុត្តិធម៌ ហើយ​បញ្ជាក់​ពី​មូលហេតុ​ពាក់ព័ន្ធ​ការ​ដាក់​កាមេរ៉ា​នៅ​មុខ​ផ្ទះ​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​នោះ​ឱ្យ​បាន​ច្បាស់​ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​សិទ្ធិ និង​ការរិះគន់​នានា​ពី​សាធារណជន​ទូទៅ។

មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​គណបក្ស​ភ្លើងទៀន​នៅ​ថ្ងៃទី​២៦ ខែមេសា​បាន​ដាក់​លិខិត​អម​ដោយ​ភស្តុតាង​ជា​រូបថត​ពីរ​សន្លឹក បង្ហាញ​ពី​កាំ​មេ​រ៉ា​ដំឡើង​នៅមុខ​ផ្ទះ​លោក ទាវ វណ្ណុល ដើម្បី​ស្នើ​ឱ្យ​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពិនិត្យ​និង​ពិចារណា​ក្នុង​សំណុំរឿង​ដែល​មេធាវី​របស់​រដ្ឋាភិបាស​បាន​ចោទ​មេ​បក្ស​ប្រឆាំង​រូប​នេះ​បញ្ចេញមតិ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​រដ្ឋាភិបាល​កន្លង​ទៅ។

មេធាវី​ការពារ​ក្តី​ឱ្យ​ប្រធាន​គណបក្ស​ភ្លើងទៀន​លោក ទាវ វណ្ណុល គឺ​លោក ជូង ជូងី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ ខែមេសា ថា ភស្តុតាង​ដាក់​ទៅ​តុលាការ​ជា​រូបភាព​បង្ហាញ​ពី​កាមេរ៉ា​ដាក់​ចាប់​យក​រូបភាព​នៅ​ចំ​មុខ​ផ្ទះ​កូនក្តី​របស់​លោក​នៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ លោក​បន្ត​ថា ឯកសារៈ​ភស្តុតាង​នេះ​ចង់​បញ្ជាក់​ថា អ្វី​ដែល​កូន​ក្តី​របស់​លោក​ផ្តល់​បទសម្ភាសន៍​ឱ្យ​សែត​ជប៉ុន នីកេ អេស៊ា (Nikkei Asia) បាន​យក​ទៅ​ចុះផ្សាយ​កន្លងមក​ថា អាជ្ញាធរ​ដំឡើង​កាមេរ៉ា​នៅមុខ​ផ្ទះ​ថ្នាក់ដឹកនាំ​បក្ស​ភ្លើងទៀន​គឺ​ជា​ការពិត។

លោក ជូង ជូងី៖ «បើ​ដាក់​កាមេរ៉ា​ដើម្បី​សុវត្ថិភាព​សាធារណៈ​អាច​ដាក់​ឃ្លាតឆ្ងាយ​ពី​ផ្ទះ​របស់​គាត់​ទៅ ឬមួយ​ដាក់​ខាង​បង្គោល​ខាង​ផ្ទះ​របស់​គាត់​បែរ​មក​ខាងក្រៅ​វិញ​មក ម៉េច​បាន​ដាក់​ទល់មុខ​ហើយ​សំដៅ​បែរមក​ផ្ទះ​គាត់ អាហ្នឹង​ជា​ភស្តុតាង​បញ្ជាក់​ថា ពិតជា​មាន​កាមេរ៉ា​មែន មិនមែន​គាត់​ចេះតែ​ថា​ទេ ពីព្រោះ​គាត់​ផ្តល់​បទសម្ភាសន៍​ឱ្យ​អ្នកសារព័ត៌មាន​ជប៉ុន​ថា មាន​កាមេរ៉ា​នៅ​ពីមុខ​ផ្ទះ​គាត់ ចំណែក​មេធាវី​រដ្ឋាភិបាល​ថា គាត់​ផ្តល់​បទសម្ភាសន៍​ប៉ះពាល់​ដល់​កិត្តិយស​រដ្ឋាភិបាល អ៊ីចឹង​ខ្ញុំ​ដាក់​ភស្តុតាង​បញ្ជាក់​ថា ពិតជា​មាន​កាមេរ៉ា​មែន អ្វី​ដែល​គាត់​និយាយ​ពិត​មិនមែន​ចេះ​មួលបង្កាច់​ទេ គឺ​មាន​កាមេរ៉ា​នៅមុខ​ផ្ទះ​គាត់​មែន»

លោក ជូង ជូងី បញ្ជាក់​ថា តាមច្បាប់​បើ​ការ​ដាក់​កាមេរ៉ា​នោះ​ដើម្បី​តាម​ឃ្លាំមើល​សកម្មភាព​ថ្នាក់ដឹកនាំ​បក្ស​ភ្លើងទៀន​គឺជា​រំលោភបំពាន​លើ​សិទ្ធិ​បុគ្គល។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ប្លង់ សុផល ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​២៧ ខែ​មេសា។

ប្រធាន​បក្ស​ភ្លើងទៀន លោក ទាវ វណ្ណុល កាល​ពី​ថ្ងៃទី២៥ ខែ​មេសា បាន​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​តាម​បណ្ដឹង​របស់​មេធាវី​តំណាង​រដ្ឋាភិបាល​ដោយ​លោក​លើក​ឡើង​ថា កាសែត​ជប៉ុន នីកេ អេស៊ា (Nikkei Asia) បាន​ចុះផ្សាយ​អត្ថបទ​កន្លងមក​នោះ​គឺជា​ការយល់ឃើញ​របស់​លោក​ស្ទើរតែ​ទាំងស្រុង ពីព្រោះ​នេះ​គឺជា​ការពិត​ដែល​អាជ្ញាធរ​បាន​ដាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​ខាងមុខ​ផ្ទះ​ថ្នាក់ដឹកនាំ​និង​អតីត​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ដូចជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ លោក ចេប គឹម​អ៊ាង លោក រ៉ុង ឈុន រួម​ទាំង​ផ្ទះ​របស់​លោក​ដែរ។

ទាក់ទង​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត កត់សម្គាល់​ថា បើ​ការ​ដាក់​កាមេរ៉ា​នៅមុខ​ផ្ទះ​របស់​មេដឹកនាំ​បក្ស​ភ្លើងទៀន​ដោយ​គ្មាន​ការ​ពន្យល់​ពី​ហេតុផល​សមរម្យ​ណាមួយ​នោះ​អាច​ធ្វើ​ឱ្យ​ពួកគេ​ព្រួយបារម្ភ​សុវត្ថិភាព និង​ការអនុវត្ត​សិទ្ធិ​សេរីភាព​ក្នុងនាម​ជា​អ្នកនយោបាយ​។ ដូច្នេះ​លោក​បញ្ជាក់​ថា ភាគី​ពាក់ព័ន្ធ​ដូចជា​លោក ទាវ វណ្ណុល មាន​សិទ្ធិ​ក្នុង​ការ​ដាក់​ភស្តុតាង​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​របស់​ខ្លួន​ដើម្បី​ស្នើ​ឱ្យ​តុលាការ​ពិចារណា និង​ផ្តល់​យុត្តិធម៌​តាមច្បាប់។

លោក អំ សំអាត៖ «កាមេរ៉ា​សុវត្ថិភាព​នៅ​ទី​សាធារណៈ​វា​ជា​រឿង​មួយ​ល្អ​ហើយ តែ​(​អាជ្ញាធរ​)​ត្រូវ​គិត​កុំ​មាន​ការ​រិះគន់ ឬក៏​អាច​មាន​មន្ទិលសង្ស័យ ហើយ​ព្រួយ​បារម្ភ​ជាដើម ចំពោះ​តុលាការ​ជា​នីតិវិធី​របស់​តុលាការ​បើសិន​មាន​ភស្តុតាង​បញ្ជាក់​អំពី​ភាគី​នីមួយៗ​បាន​លើកឡើង​ហ្នឹង វា​ជា​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​តុលាការ​ពិចារណា​បាទ»

ទាក់ទង​សំណុំរឿង​របស់​លោក ទាវ វណ្ណុល នេះ​ដែរ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​យល់​ថា តុលាការ និង​អាជ្ញាធរ​ត្រូវ​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ចំពោះ​សេរីភាព​បញ្ចេញមតិ និង​បទល្មើស ពីព្រោះ​កន្លង​មក​បញ្ហា​នេះ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​រិះគន់​កម្ពុជា​ជា​បន្តបន្ទាប់​អំពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ជា​ពិសេស​សិទ្ធិ​ពលរដ្ឋ នយោបាយ ហើយ​ស្នើ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​ទាំងនោះ​ឱ្យ​ប្រសើរ​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments