RFA | លោក កឹម សុខា ថ្លែង​ក្នុង​សវនាការ​ថា ខ្មែរ​គួរ​ដល់​ពេល​រួបរួម​គ្នា ដើម្បី​ប្រយោជន៍​ជាតិ | hot news

By , Comment
Share on Facebook Tweet on Twitter

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ក្នុង​សវនាការ​ថា លោក​មិន​បាន​ធ្វើ​សកម្មភាព​ណា​មួយ​ក្បត់​ជាតិ​ខ្លួន​ឯង ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​លោក​ថា ខ្មែរ​គួរ​ដល់​ពេល​រួបរួម​​គ្នា ដើម្បី​ប្រយោជន៍​ជាតិ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ ហើយ​ថា អ្នក​នយោបាយ​គួរ​ងាក​មក​ផ្សះផ្សា​ជាតិ​ឡើង​វិញ។

សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី៩ ឧសភា បាន​បើក​សវនាការ​ជា​លើក​ទី៨ លើ​បណ្ដឹង​ជំទាស់​របស់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​កាត់​ឱ្យ​លោក​មាន​ទោស​ក្បត់​ជាតិ ២៧ឆ្នាំ និង​ដាក់​ឃុំ​ក្នុង​ផ្ទះ បាត់បង់​សិទ្ធិ​សេរីភាព​រួម​ទាំង​សិទ្ធិ​ធ្វើ​នយោបាយ។

ក្រោយ​ចេញ​ពី​បន្ទប់​សវនាការ សហ​មេធាវី​លោក កឹម សុខា គឺ​លោក ផែង ហេង លើក​ឡើង​ថា សវនាការ​លើក​នេះ​មាន​ចោទ​សួរ​ទៅ​កាន់​លោក កឹម សុខា ជុំ​វិញ​អំពើ​ក្បត់​ជាតិ និង​ការ​ត្រូវរ៉ូវ​ជា​មួយ​បរទេស ឬ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដូច​ជា វិទ្យា​ស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) និង​​វិទ្យាស្ថាន​សាធារណ​រដ្ឋ​អន្តរជាតិ (IRI) ជា​ដើម។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក កឹម សុខា ច្រាន​ចោទ​លើ​បទ​ចោទ​ក្បត់​ជាតិ​នេះ ហើយ​លោក​ថា មិន​បាន​កាត់​ដី ឬ​ផ្ដល់​ធនធាន​ជាតិ​អ្វី​មួយ​ទៅ​ឱ្យ​បរទេស​នោះ​ទេ។

លោក ផែង ហេង ឱ្យ​ដឹង​ទៀត​​ថា លោក កឹម សុខា ក៏​បាន​សំណូមពរ​ថា ខ្មែរ​គួរ​ឈប់​លាប​ពណ៌​គ្នា និង​គួរ​ដល់​ពេល​រួបរួម​គ្នា​ឡើង​វិញ ខណៈ​ដែល​លោក​មើល​ឃើញ​ថា សង្គម​ខ្មែរ​ឈាន​ដល់​ការ​បែក​បាក់​ផ្ទៃក្នុង​កាន់​តែ​ខ្លាំង។

លោក ផែង ហេង៖ «គាត់​ក៏​បាន​បញ្ជាក់​ដែរ​ថា ក្នុង​កាលៈទេសៈ​នេះ​ខ្មែរ​គួរ​រួបរួម​គ្នា​ផ្សះផ្សា​ជាតិ ដើម្បី​ប្រយោជន៍​ខ្មែរ​ទាំង​អស់​គ្នា ជា​ជាង​ចោទ​គាត់​ត្រូវរ៉ូវ​ជា​មួយ​បរទេស ត្រូវរ៉ូវ​ជា​មួយ​អាមេរិក ឬ​ត្រូវរ៉ូវ​ជា​មួយ​ជា IRI NDI USAID KAS ព្រោះ​អង្គការ​ទាំង​អស់​នេះ គេ​សុទ្ធតែ​ជួយ​ខ្មែរ តាំង​ពី​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ហើយ​ស្ថានទូត​ទាំង​អស់​នេះ ក៏​មិន​មែន​ជា​សត្រូវ​របស់​កម្ពុជា​ដែរ»

លោក ផែង ហេង ឱ្យ​ដឹង​ដែរ​ថា ប្រធាន​បក្ស​ប្រឆាំង​វ័យ ៧០ឆ្នាំ​រូប​នេះ មាន​ជំងឺ​ប្រចាំ​កាយ​បន្តិច​បន្តួច។

Pheng_Heng_speaking_to_jurnalists_at_Appeal_Court_after_8th_Hearing_of_Kem_Sokha_appeal_case_on_050924_Rasy_002.jpg
លោក ផែង ហេង សហ​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា និយាយ​ទៅកាន់អ្នក​កាសែត​ ក្រោយ​​​សវនាការលើក​ទី៨ នៅ​ថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០២៤ ​លើ​បណ្ដឹង​ជំទាស់​របស់​លោក កឹម សុខា ប្រឆាំង​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​កាត់​ឱ្យ​លោក​មាន​ទោស​ក្បត់​ជាតិ និង​ដាក់​ឃុំ​ក្នុង​ផ្ទះ ២៧ឆ្នាំ បាត់បង់​សិទ្ធិ​សេរីភាព​រួម​ទាំង​សិទ្ធិ​ធ្វើ​នយោបាយ។ រូបពីពលរដ្ឋ

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ លោក​ អ៊ឹម វណ្ណៈ កំណត់​ថ្ងៃ​ទី២៣ ខែឧសភា ដើម្បី​បន្ត​សវនាការ​ជា​លើក​ទី៩ ហើយ​លោក​ថា សំណុំ​រឿង​នេះ អាច​នឹង​បិទ​បញ្ចប់​នៅ​ពាក់​កណ្ដាល​ឆ្នាំ២០២៤ ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​ភ្នំពេញ លោក ឃុន លាងម៉េង បាន​ទេ នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា។

ដូច​សវនាការ​ក្នុង​ពេល​កន្លង​មក​ដែរ មន្ត្រី​អង្គការ​សហប្រជាជាតិ (UN) មន្ត្រី​ស្ថាន​ទូត​សហភាព​អឺរ៉ុប អង្គការ​សិទ្ធិមនុស្ស និង​អង្គការ​សង្គម​ស៊ីវិល ក៏​បាន​ចូលរួម​តាម​ដាន​លើ​ករណី​នេះ ខណៈ​មាន​អ្នកគាំទ្រ​លោក កឹម សុខា ប្រមាណ ៤០នាក់​មកពី​បណ្ដា​ខេត្ត​មួយ​ចំនួន ដូចជា រាជធានី​ភ្នំពេញ ខេត្តកណ្ដាល កំពត បន្ទាយមានជ័យ ត្បូងឃ្មុំ កំពង់ស្ពឺ ស្ទឹងត្រែង បាត់ដំបង និង​ខេត្តកំពង់ធំ ឃ្លាំមើល​នៅ​ខាង​ក្រៅ​សាល​សវនាការ។ សាលាឧទ្ធរណ៍​បដិសេធ​មិន​ឱ្យ​អ្នក​សារព័ត៌មាន​ចូលរួម​ស្ដាប់​ទាំង ៨លើក​មក​ហើយ ដោយ​លើក​ហេតុផល​ថា មិន​មាន​កន្លែង​គ្រប់​គ្រាន់។

Supporters_came_to_monitor_hearing_appeal_case_of_Kem_Sokha_at_Appeal_Court_on_050924.jpg
​អ្នកគាំទ្រ​លោក កឹម សុខា ប្រមាណ ៤០នាក់​មកពី​បណ្ដា​ខេត្ត​មួយ​ចំនួន មក​ឃ្លាំមើល​សវនាការ​រឿង​ក្ដី​លោក កឹម សុខា ​នៅ​ខាង​ក្រៅ​សាលាឧទ្ធរណ៍​ នៅ​ថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០២៤។ រូប​ពី​ពលរដ្ឋ (សូមចុច​លើ​រូបថត​នេះ ដើម្បី​មើល​រូបថត​មួយ​ចំនួន​ផ្សេង​ទៀត)

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ដែល​បាន​ចូល​រួម​សវនាការ​កត់​សម្គាល់​ថា លោក កឹម សុខា តែង​លើក​ឡើង​ម្ដង​ហើយ​ម្ដង​ទៀត​ឱ្យ​មាន​ការ​សាមគ្គី​ជាតិ ជា​ពិសេស រវាង​អ្នក​នយោបាយ និង​អ្នក​នយោបាយ​​ ហើយ​លោក​ថា ក្នុង​នាម​ជា​អង្គការ​សង្គម​ស៊ីវិល ក៏​ចង់​ឃើញ​គណបក្ស​កាន់​អំណាច​បើក​ចិត្ត​ទូលាយ​ និង​ងាក​មក​ផ្សះផ្សា​ជាតិ​ឡើង​វិញ។

លោក អំ សំអាត «យើង​ចង់​ឃើញ​អ្នក​នយោបាយ​ទាំង​អស់​តម្កល់​ឧត្ដម​ប្រយោជន៍​ជាតិ ឧត្ដម​ប្រយោជន៍​ពលរដ្ឋ​ជា​ធំ ដោយ​ចរចា​គ្នា​ដោយ​សន្តិវិធី ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ប្រសិន​ជា​មាន​បញ្ហា​វិបត្តិ​នយោបាយ​ណា​កើត​ឡើង ដោយ​សំខាន់​យើង​ធ្វើ​ម៉េច យើង​អនុវត្ត​តាម​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស​ដែល​កម្ពុជា​ប្រកាន់​យក ហើយ​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ»

បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភព​លោក កាល​ពី​ថ្ងៃ​ទី៨ ខែឧសភា បាន​លើក​ឡើង​នៅ​កិច្ច​ប្រជុំ​ដំណើរ​ការ​ពិនិត្យ​​ឡើង​វិញ​ជា​សកល​តាម​កាល​កំណត់​របស់​អង្គការ​សហប្រជាជាតិ (UNPR) ដោយ​បាន​ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​គោរព​សិទ្ធិមនុស្ស ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ដោះ​លែង​អ្នក​ទោស​មនសិការ ជា​ពិសេស មេ​ដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា។

សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បាន​ផ្ដន្ទាទោស​លោក កឹម សុខា ដាក់​ពន្ធនាគារ​រយៈ​ពេល ២៧ឆ្នាំ ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ឬ​ឃុបឃិត​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​តាំង​ពី​ឆ្នាំ២០១៧។ តុលាការ​បាន​ដាក់​បម្រាម​មិន​ឱ្យ​លោក កឹម សុខា ធ្វើ​នយោបាយ មិន​ឱ្យ​ចេញ​ពី​ផ្ទះ មិន​អនុញ្ញាត​ឱ្យ​ជួប​ភ្ញៀវ​បរទេស លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ។ ទោះ​ជា​យ៉ាង​ណា​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា សំណុំ​រឿង​នេះ ជា​រឿង​នយោបាយ និង​ទាមទារ​ឱ្យ​លុប​ចោល​ការ​ចោទ​ប្រកាន់​និង​ប្រគល់​សេរីភាព​ពេញ​លេញ​ជូន​មេ​បក្ស​ប្រឆាំង​រូប​នេះ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments