RFA | អនុប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​ស្នើ​សុំអាជ្ញាធរ​អប្សរា​ឱ្យ​បំភ្លឺ​រឿង​ប្រើ​គ្រឿង​ចក្រ​កាយ​ដី​ក្នុង​បរិវេណ​ប្រាសាទ​បាយ័ន​ ខេត្ត​សៀមរាប | hot news

By , Comment
Share on Facebook Tweet on Twitter

អនុប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក សុន ឆ័យ ស្នើ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​បំភ្លឺ ករណី​មាន​រថយន្ត និង​គ្រឿង​ចក្រ កាយ​ដី​ទ្រង់​ទ្រាយ​ធំ ចេញ​ពី​ស្រះ​ទឹក​បុរាណ​មួយ​នៅ​ជាប់​នឹង​ប្រាសាទ​បាយ័ន ក្នុង​ខេត្ត​សៀមរាប ដោយ​មិន​ឃើញ​មាន​អ្នក​ជំនាញ​បុរាណ​វិទ្យា​តាម​ដាន​ពី​ការ​ធ្វើ​កំណាយ ស្របតាម​គន្លង​បច្ចេកទេស​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​តំបន់​បុរាណ​ឋាន​នេះ​ទេ។

លោក សុន ឆ័យ បារម្ភ​ថា ប្រសិន​បើ​សកម្មភាព​កាយ​ដី​ចេញ​ពី​ស្រះ​បុរាណ​​ជាប់​នឹង​ប្រាសាទ​បាយ័ន ធ្វើ​ខុស​បច្ចេកទេស​នឹង​បង្ក​ឱ្យ​បែក​បាក់​ផ្នែក​ខ្លះ​នៃ​ថ្ម​ប្រាសាទ​ ប៉ះពាល់​ដល់​ប្រាង្គ​ប្រាសាទ​បាយ័ន។ រីឯ​អាចម៍​ដី​ដែល​កាយ​ដោយ​គ្រឿង​ចក្រ​ប្រភេទ​អេស្កាវទ័រ (Excavator)​ទ្រង់ទ្រាយ​ធំ​បែប​នេះ អាច​នឹង​នាំ​យក​វត្ថុ​បុរាណ​ទៅ​ជា​មួយ​រថយន្ត​ដឹក​ដី​។

អនុ​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក សុន ឆ័យ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៦ ឧសភា​ថា លោក​ប្រទះ​ឃើញ សកម្មភាព​កាយ​ដី​ចេញ​ពី​ស្រះ​បុរាណ​នេះ ធ្វើ​ឡើង​កាល​ពី​ចុង​សប្ដាហ៍​មុន ដោយ​មិន​ឃើញ​មាន​អ្នក​ជំនាញ​បុរាណ​វិទ្យា​តាមដាន និង​ពិនិត្យ​សកម្មភាព​កាយ​នេះ​ទេ។

លោក​យល់​ថា ទង្វើ​នេះ​ធ្វើ​ឡើង​មិន​ត្រឹមត្រូវ​បាន​លក្ខណៈ​បច្ចេកទេស​នោះ​ទេ ហើយ​លោក​នឹង​ពិគ្រោះ​យោបល់​ជាមួយ​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ឆន្ទៈ​ ដើម្បី​សរសេរ​លិខិត​ដាក់​ជូន​ក្រសួង​វប្បធម៌ ឱ្យ​ឆ្លើយ​បំភ្លឺ ជុំ​វិញ​រឿង​នេះ។

លោក សុន ឆ័យ៖ «ឡាន​ដឹក​ដូច​យើង​ជីក​ស្រះ​នៅ​ស្រែ​ធម្មតា កាយ​ដាក់ៗ ឡាន​បរ​ឡើង​មក មិន​ដឹង​ជាន់​បែក​ថ្ម​អី​ខ្លះ? ឡាន​ដឹក​មិន​ដឹង​ចាក់​ចោល​នៅ​ណា? ពេល​កាយ​ដូច​អត់​មាន​មនុស្ស​តាម​មើល​កំណាយ​ហ្នឹង​ទេ ជូន​កាល​កាយ​ប៉ះ​ថ្ម​ប្រាសាទ ក៏​គ្មាន​នរណា​តាម​មើល​ដែរ អេស្កាវ៉ាទ័រ (Excavator) ចេះ​តែ​កាយ ដាក់​ឡាន​ដឹក​ចេញ​ទៅ»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​ក្រុម​អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​លោក ស៊ុំ ម៉ាប់ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៦ ឧសភា។

រីឯ​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​លោក ឡុង កុសល ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ ដោយសារ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

កាល​ពី​ពេល​កន្លង​ទៅ អ្នក​ជំនាញ​បុរាណ​វិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​សិក្សា​ពី​ការ​ធ្វើ​កំណាយ ដើម្បី​ជួសជុល​រចនាសម្ព័ន្ធ​កសិណ​ទឹក​នៅ​ផ្នែក​ខាង​កើត និង​ផ្នែក​ខាង​ជើង​នៃ​ប្រាសាទ​បាយ័ន ដើម្បី​ឱ្យ​កសិណ​ទឹក​នៅ​ព័ទ្ធ​ជុំវិញ​ប្រាសាទ​នេះ​ត្រឡប់​មក​សភាព​ដើម​វិញ ក្រោយ​ពី​កសិណ​ក្នុង​តំបន់​នោះ គោក​រាក់​ដោយ​អន្លើ មាន​ដី និង​ថ្ម​លុប​ទម្រង់​ដើម​អស់​រាប់​រយ​ឆ្នាំ។

ការ​ធ្វើ​កំណាយ​នេះ មាន​ការ​ចូល​ពី អង្គការ​យូណេស្កូ (UNESCO) និង​សមាជិក​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ​ហៅ​កាត់​ថា ICC-Angkor (International Coordinating Committee-Angkor) ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ជប៉ុន។

អ្នក​ជំនាញ​បុរាណ​វិទ្យា​ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ពន្យល់​ថា នៅ​គ្រា​ដែល​កសិណ​ទឹក​ជុំវិញ​ប្រាសាទ​បាយ័ន​លុប​បាត់ នឹង​គំរាម​កំហែង​ខ្លាំង​ដល់​គ្រឹះ​ប្រាសាទ​ នឹង​ធ្វើ​ឱ្យ​ប្រាសាទ​បាយ័ន​ទ្រុឌទ្រោម​កាន់​តែ​ខ្លាំង ព្រោះ​ប្រាសាទ​នេះ​ត្រូវ​មាន​ទឹក​ព័ទ្ធ​ជុំវិញ ដើម្បី​ឱ្យ​ខ្សាច់​គ្រឹះ​ប្រាសាទ​ហាប់​ណែន រក្សា​លំនឹង​ប្រាសាទ​បាន​យូរ។

ប្រការ​នេះ​ហើយ​ក្រុម​អ្នក​ស្រាវជ្រាវ​បុរាណ​វិទ្យា បង្ខំ​ចិត្ត​ប្រើ​គ្រឿង​ចក្រ​កាយ​យក​ដី​ចេញ​ពី​ស្រះ​បុរាណ​នេះ ព្រោះ​អាចម៍​ដី​ក្នុង​កសិណ​ប៉ែក​ខាង​ជើង និង​ខាង​កើត​រឹង​មាន​ទម្ងន់​ជា​ច្រើន​តោន​ពិបាក​កាយ​ចេញ ដោយ​កម្លាំង​មនុស្ស។ លោក​បញ្ជាក់​ថា សកម្មភាព​កាយ​ស្រះ​បុរាណ​នេះ ធ្វើ​ឡើង​តែ​បាត​ស្រះ​ប៉ុណ្ណោះ ​ដោយ​មាន​អ្នក​ជំនាញ​បច្ចេកទេស​តាមដាន និង​ពិនិត្យ​យ៉ាង​ប្រុង​ប្រយ័ត្ន។

ប្រាសាទ​បាយ័ន​ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​រាជ​ធានី​អង្គរធំ ក្នុង​តំបន់​អង្គរ​ខេត្ត​សៀមរាប កសាង​នៅ​ចុង​សតវត្សរ៍​ទី១២ និង​ទី ១៣ ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី៧។ ប្រាសាទ​នេះ​មាន​មាន​រូប​ចម្លាក់​ព្រហ្ម​មុខ​បួន ៤៩កំពូល ហើយ​មក​ទល់​ពេល​នេះ រូប​ចម្លាក់​ព្រហ្ម​មួយ​ចំនួន​បែក​បាក់ និង​ផ្នែក​ខ្លះ​នៃ​តួ​ប្រសាទ​បាក់​ទ្រុឌ​ទ្រោម​ខ្លាំង ធ្វើ​ឱ្យ​ផ្ទាំង​ថ្ម​ជា​ច្រើន​ធ្លាក់​រាយប៉ាយ​ពេញ​ដី​គរ​លើ​គ្នា​ជុំវិញ​តំបន់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments