RFA | សកម្មជន​បក្ស​ប្រឆាំង​ដែល​រង​ការ​លួច​វាយ​ដាក់​ពាក្យ​ប្ដឹង​ទៅ​សង្គម​ស៊ីវិល​ឱ្យ​ជួយ​ឃ្លាំមើល​សុវត្ថិភាព | hot news

By , Comment
Share on Facebook Tweet on Twitter

ចៅសង្កាត់​គណបក្ស​ប្រឆាំង លោក ស៊ីន សំអាត នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​វាយ​ពី​ក្រោយ បាន​ពឹង​ពាក់ អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ឱ្យ​ជួយ​តាមដាន​និង​ឃ្លាំមើល​សុវត្ថិភាព​របស់​លោក​។ អង្គការ​លីកាដូ អះអាង​ថា នឹង​តាមដាន​ឃ្លាំមើល​សុវត្ថិភាព​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ និង​ចំណាត់​ការ​របស់​សមត្ថកិច្ច​ក្នុង​ការ​ស្រាវជ្រាវ​ករណី​ហិង្សា​នេះ។

មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ចាត់​ទុក​ករណី​បង្ក​ហិង្សា​លើ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​នេះ ជា​ការ​គំរាមកំហែង និង​បំភិតបំភ័យ​លើ​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន។

ចៅសង្កាត់​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​នៅ​សង្កាត់​ផ្សារ​អូរឬស្សី​ទី​៣ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ លោក ស៊ីន សំអាត ឱ្យ​អាស៊ីសេរី​ដឹង​ថា លោក​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​រួចហើយ កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា កន្លងទៅ ដើម្បី​ឱ្យ​អង្គការ​នេះ​ជួយ​តាមដាន​ករណី​របស់​លោក។ លោក​ឱ្យ​ដឹង​ទៀត​ថា លោក​ក៏​គ្រោង​ទៅ​ដាក់​បណ្ដឹង​នៅ​សមត្ថកិច្ច​មូលដ្ឋាន​ដែរ បើ​ទោះ​ជា​លោក​មិនសូវ​មាន​ជំនឿ​ថា អាច​ស្រាវជ្រាវ​រក​ឃើញ​ជនសង្ស័យ​ក្ដី៖ «គាត់​យកចិត្តទុកដាក់​សួរនាំ​មូលហេតុ​អី​ច្រើន ខ្ញុំ​ធូរ​អារម្មណ៍​ក្នុង​ចិត្ត​ដែរ ដូច​ថា រឿង​កើតឡើង​ចំពោះ​យើង​ស្មាន​មិន​ដល់​យើង​អត់​មាន​បញ្ហា​អី​ប្រជាពលរដ្ឋ​មួយ​រូប​ដែល​ធ្លាប់តែ​រកស៊ី​តាម​សម្មា​អាជីវោ ខ្ញុំ​ធ្វើការ​កន្លែង​ហូប​ណឹង​ខ្ញុំ​មិន​ដែល​ទំនាស់​អី​ជាមួយ​ភ្ញៀវ​ទេ ខ្ញុំ​នៅ​ខាង​ផ្នែក​ចម្អិន»

លោក ស៊ីន សំអាត ត្រូវ​ជន​មិន​ស្គាល់​មុខ​ពីរ​នាក់​ពាក់​មួក​សុវត្ថិភាព បិទមុខ​ជិះ​ម៉ូតូ លួច​វាយ​លោក​ពីក្រោយ​ចំក្បាល​ចំនួន​បី​ដំបង បណ្ដាល​ឱ្យ​បែក​ក្បាល រួច​ក៏​ជិះ​ម៉ូតូ​គេច​ខ្លួន​ទៅ​បាត់​។ ហេតុការណ៍​នេះ​បាន​កើត​ឡើង កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ក្នុង​ពេល​លោក​កំពុង​អង្គុយ​លើ​ម៉ូតូ​ចាំ​យក​ប្រហិត​ឱ្យ​ភ្ញៀវ​នៅ​លើ​ផ្លូវ​១១៨ នៅ​ម្តុំ​សង្កាត់​ទឹកល្អក់​ទី​១ ក្រុង​ភ្នំពេញ។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ លោក​មិន​បាន​ធ្វើ​សកម្មភាព​ទាក់ទង​នឹង​នយោបាយ​ទេ ហើយ​បាន​ប្រកបមុខរបរ​ជា​អ្នក​ធ្វើការ​នៅ​កន្លែង​លក់​ប្រហិត​ខាង​ផ្នែក​ចម្អិន និង​ដឹក​ប្រហិត​ឱ្យ​ភ្ញៀវ។

ទាក់ទង​ការ​លួច​វាយ​ធ្វើបាប​លើ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នេះ អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ប៉ុន្តែ មិន​ទទួល​បាន​ការ​ឆ្លើយតប​នោះ​ទេ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ទោះ​បែប​នេះ​ក្តី នៅ​ពេល​នេះ​ករណី​បង្ក​ហិង្សា​លើ​មន្ត្រី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្តងៗ មេ​ប៉ូលិស​រូប​នេះ​តែង​អះអាង​ថា សមត្ថកិច្ច​នឹង​ស្វែងរក​ជន​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​ឱ្យ​ទាល់តែ​បាន ប៉ុន្តែ មក​ដល់​ពេល​នេះ មិន​ទាន់​ឃើញ​សមត្ថកិច្ច​ចាប់​បាន​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ឱ្យ​អាស៊ីសេរី​ដឹង​ថា ក្រោយពេល​អង្គការ​លីកាដូ​ទទួល​បាន​បណ្ដឹង​ពី​លោក ស៊ីន អំអាត អង្គការ​លីកាដូ​នឹង​តាម​ឃ្លាំមើល​សុវត្ថិភាព និង​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ទៅតាម​លទ្ធភាព។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ជំរុញ​ទៅ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ចាប់​ជន​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​ដើម្បី​បង្ហាញ​ថា សមត្ថកិច្ច​អនុវត្ត​ច្បាប់​គ្មាន​ការរើសអើង​ផ្នែក​នយោបាយ៖ «បើសិនជា​រក​មិន​ឃើញ​ជន​ដៃដល់​ទេ អាច​នឹង​គេ​រិះគន់​ថា ជា​ការ​រើសអើង​និន្នាការ​នយោបាយ អញ្ចឹង​យើង​ជា​អង្គការ​សិទ្ធិមនុស្ស​ក្រោយ​ទទួល​ពាក្យ​បណ្ដឹង​ទី​១ យើង​តាមមើល​សុវត្ថិភាព​របស់​គាត់ (លោក ស៊ីន សំអាត) ទី​២​យើង​នាំ​ឃ្លាំមើល​ចំណាត់​ការ​របស់​អាជ្ញាធរ​ថា តើ​មានការ​វិវឌ្ឍ​យ៉ាង​ទៅ​ជា​ម៉េច​ដែរ»

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ឱ្យ​ដឹង​ថា នៅ​រយៈពេល​ចុងក្រោយ​នេះ សកម្មជន​គណបក្ស​សង្គ្រោះជាតិ ជាង ​១០រូប​ហើយ នៅ​រាជធានី​ភ្នំពេញ ត្រូវ​ជន​មិន​ស្គាល់​តាម​លួច​វាយ​ធ្វើបាប​ឱ្យ​រង​របួស។ លោក​បញ្ជាក់​ថា ជនរងគ្រោះ​ទាំងនោះ មិន​មាន​អ្នក​ទទួល​បាន​យុត្តិធម៌​ទេ ព្រោះ​សមត្ថកិច្ច​ចាប់​មិនបាន​ជន​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​ឡើយ​។ លោក​ចាត់​ទុក​ករណី​ហិង្សា​នេះ គឺជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​លើ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ ក្នុង​បំណង​រារាំង​មិន​ឱ្យ​ពួកគេ​ហ៊ាន​ចេញមុខ​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ នៅ​ថ្ងៃ​ទី៩ វិច្ឆិកា ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments