RFA | មន្ត្រី​សង្គម​ស៊ីវិល និង​យុវជន រំលឹក​ខួប ​១២ឆ្នាំ នៃ​ការ​ឃាតកម្ម​បាញ់​សម្លាប់​លោក ឈុត វុទ្ធី | hot news

By , Comment
Share on Facebook Tweet on Twitter

សង្គម​ស៊ីវិល និង​យុវជន ធ្វើ​កម្មវិធី​ពីរ​ផ្សេង​គ្នា នៅ​ថ្ងៃ​រំលឹក​ខួប ១២ឆ្នាំ នៃ​ឃាតកម្ម​បាញ់​សម្លាប់​សកម្មជន​ព្រៃ​ឈើ លោក ឈុត វុទ្ធី។ យុវជន​ចលនា​មាតា​ធម្មជាតិ និង​ព្រះសង្ឃ បាន​ដង្ហែ​ញត្តិ​ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ ចំពោះ​ករណី​ឃាតកម្ម លើ​សកម្មជន​ព្រៃឈើ​លោក ឈុត វុទ្ធី។ ចំណែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ជួបជុំ​គ្នា​ប្រារព្ធ​ពិធី​រំលឹក​ខួប ១២ឆ្នាំ នៅ​សហភាព​ផ្ទះ​សាមគ្គី និង​ចេញ​លិខិត​ចំហ​រួម ជូន​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក កើត រិទ្ធិ ឲ្យ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​នេះ ឡើង​វិញ​ដូចគ្នា។

ក្រុម​សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​ព្រះសង្ឃ​ប្រមាណ ២០នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី២៦ មេសា បាន​ជួបជុំ​គ្នា នៅ​មាត់ទន្លេ​ខាងមុខ​ផ្សារ​រាត្រី ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ហើយ​ដើរ​ដង្ហែ​ញត្តិ ឆ្ពោះ​ទៅ​កាន់​ក្រសួង​យុត្តិធម៌ ដោយ​ឆ្លង​កាត់​ផ្សារ​ចំនួន​ពីរ គឺ​ផ្សារ​កណ្ដាល និង​ផ្សារ​រាត្រី។

ក្បួន​ដង្ហែ​ញត្តិ​នៅ​ថ្ងៃ​នេះ ក្រុម​យុវជន បាន​ពាក់​អាវ​ពណ៌​ស ហើយ​ចង​ក្រណាត់​ស​លើ​ក្បាល ព្រមទាំង​ប្រើ​ទឹក​ថ្នាំ​ពណ៌​ក្រហម គូស​នៅ​លើ​ផ្ទៃ​មុខ​ថា «ឈាម​វុទ្ធី» និង​កាន់​បដា ដែល​ពួកគេ​បាន​សរសេរ​ថា យុត្តិធម៌​សម្រាប់​លោក ឈុត វុទ្ធី។

ការ​ដង្ហែ​ញត្តិ​នេះ មាន​ពលរដ្ឋ​នៅ​តាម​ផ្លូវ​ចាប់​អារម្មណ៍​ច្រើន ដោយ​ពួកគាត់​បាន​ចេញ​មក​ខាង​មុខ​ផ្ទះ រួច​សម្លឹង​មើល​ក្បួន​ដង្ហែ​របស់​ក្រុម​យុវជន ហើយ​មាន​ពលរដ្ឋ​ខ្លះ​ទៀត បាន​ជជែក​គ្នា​អំពី​មូលហេតុ​នៃ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី។

ការ​ដង្ហែ​ញត្តិ​នៅ​ថ្ងៃនេះ ក៏​មាន​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ដូចជា អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICAHDO) មជ្ឈមណ្ឌល​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) អង្គការ​ភាព​ជា​ដៃគូ​ដើម្បី​បរិស្ថាន និង​ការ​អភិវឌ្ឍ (PED) ជាដើម បាន​ចូល​រួម​ឃ្លាំមើល​ការ​ដង្ហែ​ញត្តិ​របស់​ក្រុម​យុវជន និង​មាន​អាជ្ញាធរ​ស្លៀក​ពាក់​ឯកសណ្ឋាន​នគរបាល និង​ស៊ីវិល តាម​ថតរូប​អ្នកចូលរួម​ផង​ដែរ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា មាន លីសា ថ្លែង​នៅ​ខាង​មុខ​ក្រសួងយុត្តិធម៌​ថា ការ​ដាក់​ញត្តិ​នៅ​ថ្ងៃ​នេះ គឺ​ដោយ​សារ​តែ​ក្រុម​យុវជន នៅ​មិនទាន់​អាច​ទទួល​យក​បាន ចំពោះ​ការ​លើកឡើង​របស់​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម លើ​លោក ឈុត វុទ្ធី ហើយ​បញ្ហា​នេះ នៅ​មិន​ទាន់​ផ្ដល់​យុត្តិធម៌​ចំពោះ​ក្រុម​គ្រួសារ​របស់​លោក ឈុត វុទ្ធី ឡើយ។

កញ្ញា មាន លីសា៖ «នេះ​គឺ​ជា​ឆន្ទៈ​របស់​ក្រុម​យុវជន​ខ្មែរ ដែល​ចង់​ឲ្យ​វីរជន​របស់​យើង​ទទួល​បាន​យុត្តិធម៌ មិន​មែន​តែ​វីរជន​របស់​យើង​ទេ គឺ​ក្រុម​គ្រួសារ​របស់​គាត់ និង​ប្រជាជន​ខ្មែរ​ទាំង​មូល។ ថ្ងៃនេះ​មិន​មាន​យុត្តិធម៌​សម្រាប់​លោកពូ ឈុត វុទ្ធី ហើយ​យើង​អត់​ដឹង​ថា បន្ត​ទៅ​ទៀត​អ្នក​ការពារ​ព្រៃឈើ​ប៉ុន្មាន​នាក់​ទៀត​នឹង​អាច​រង​នូវ​អំពើ​បែប​នេះ​ទៀត គឺ​អំពើ​បាញ់​សម្លាប់​ទាំង​កណ្ដាល​ព្រៃ​អីចឹង។ អីចឹង​យើង​ចង់​បង្ហាញ និង​រំលឹក​វា​រាល់​ឆ្នាំ​ឲ្យ​យុវជន​ខ្មែរ ប្រជាជន​ខ្មែរ​ដឹង​ថា ប្រទេស​យើង​គ្មាន​សន្តិភាព​ពិត​ប្រាកដ​ទេ ដែល​ពួក​យើង​ខិតខំ​ធ្វើការ ប៉ុន្តែ​ត្រូវ​បាន​រឹត​ត្បិត​គ្រប់​រូបភាព»

មន្ត្រី​ប្រចាំ​ការ​នៅ​ក្រសួងយុត្តិធម៌ បាន​ឲ្យ​ក្រុម​យុវជន យក​ញត្តិ​ទៅ​ដាក់​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា (Cambodiana) ជំនួស​វិញ ដោយ​សារ​តែ​ក្រសួង​យុត្តិធម៌​កំពុង​ជួសជុល ។

ក្រុម​យុវជន ក៏​បាន​ដើរ​ត្រឡប់​មក​ទៅ​ជួបជុំ​គ្នា តាម​បណ្ដោយ​មាត់​ទន្លេ​នៅ​ទល់​មុខ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុ​រាជ ក្នុង​ខណ្ឌ​ដូន​ពេញ រួច​មាន​យុវជន​ម្នាក់ ស្លៀក​ពាក់​ដូច​លោក ឈុត វុទ្ធី​ បាន​ធ្វើ​ត្រាប់​តាម​លោក ក្នុង​គ្រា​ដែល​លោក​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់ ហើយ​មាន​ទឹក​ថ្នាំ​ពណ៌​ក្រហម ប្រៀប​ដូច​ជា​ឈាម​ស្រោច​ជោគ​លើ​ដង​ខ្លួន។

បន្ទាប់​មក​មាន​យុវតី​ម្នាក់ បាន​អាន​លិខិត​ចំហ បង្ហាញ​ពី​ក្ដី​អាឡោះអាល័យ និង​ស្ដាយ​ស្រណោះ​វីរជន​ការ​ពារ​ព្រៃឈើ​លោក ឈុត វុទ្ធី ហើយ​ពួកគេ​ប្ដេជ្ញា​ថា នឹង​បន្ត​វីរភាព​របស់​លោក ។

នៅ​មុន​ពេល​បំបែក​គ្នា មាន​យុវជន​មួយ​ចំនួន បាន​នាំ​យក​ញត្តិ​ទៅ​ដាក់​នៅ​កន្លែង​ទទួល​ឯកសារ​បណ្ដោះអាសន្ន​របស់​ក្រសួង​យុត្តិធម៌ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ហើយ​មន្ត្រី​ប្រចាំ​ការ​នៅ​ទីនោះ ​ក៏​បាន​ទទួល​ញត្តិ​របស់​ក្រុម​យុវជន​ផង​ដែរ។

ងាក​មក​សហភាព​ផ្ទះ​សាមគ្គី​វិញ មាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​សជីព​ជិត​១០​ស្ថាប័ន រួមមាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) អង្គការ​ភាព​ជា​ដៃគូ ដើម្បី​បរិស្ថាន និង​ការ​អភិវឌ្ឍ (PED) សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម (CFSWF) និង​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) ជាដើម  រួម​ទាំង​យុវជន កូដករ​ណាហ្គាវើលដ៍ ប្រមាណ ៥០នាក់ នៅ​ថ្ងៃ​ដដែល​នេះ បាន​ជួបជុំ​គ្នា ប្រារព្ធ​ពិធី​រំលឹក​ខួប ១២ឆ្នាំ នៃ​ឃាតកម្ម​បាញ់សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី។

ក្នុង​ពិធី​នេះ មាន​ព្រះសង្ឃ ៣អង្គ និមន្ត​មក​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​លោក ឈុត វុទ្ធី បន្ទាប់​មក​តំណាង​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​នាំគ្នា សម្ដែង​មតិ​ខ្លីៗ ជុំវិញ​ឃាតកម្ម​លើ​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី។

ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ថ្លែង​ថា ការ​បាត់បង់​ជីវិត​របស់​វីរជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី គឺ​បាន​ធ្វើ​ឲ្យ​បាត់​បង់​ត្រឹមតែ​កាយ របស់​លោក​ប៉ុណ្ណោះ ប៉ុន្តែ​វីរភាព​របស់​លោក នៅ​តែ​បន្ត​ស្ថិត​នៅ​ក្នុង​ដួង​ចិត្ត​របស់​ពលរដ្ឋ។ លោក​ថ្លែង​ថា ទោះ​ជា​មាន​យុវជន​ម្នាក់​ត្រូវ​បាន​ប្រឈម ចំពោះ​មុខ​ច្បាប់ ចំពោះ​ឃាតកម្ម​លើ​លោក ឈុត វុទ្ធី ប៉ុន្តែ​អ្នក​ពាក់ព័ន្ធ ឬ​អ្នក​នៅ​ពីក្រោយ​ខ្នង​ នៅ​មិនទាន់​ផ្ដន្ទាទោស​នៅ​ឡើយ។

លោក អំ សំអាត៖ «ទោះបី​ជា​យុវជន​ម្នាក់​ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ​ខេត្តកោះកុង​ ដោយ​យើង​ទាំង​អស់​គ្នា​នៅ​មិន​ទាន់​មាន​ជំនឿ​ជឿជាក់​ថា អ្នក​ដែល​ពាក់ព័ន្ធ និង​អ្នក​នៅ​ពី​ក្រោយខ្នង​នៃ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ដែល​ជា​វីរជន​ការពារ​ព្រៃឈើ​នេះ ទទួល​បាន​នូវ​ការ​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់​នៅ​ឡើយ​ដែរ។ អីចឹង​ហើយ​បាន​យើង​ត្រូវ​តែ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​បន្ត​លើ​ករណី​នេះ ដើម្បី​ផ្ដល់​យុត្តិធម៌​ពេញលេញ​មួយ​សម្រាប់​លោក ឈុត វុទ្ធី»

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជិត ១០ស្ថាប័ន​នោះ បាន​ចេញ​លិខិត​ចំហ​រួមគ្នា ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធិ ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ ចំពោះ​ករណី​ឃាតកម្ម​លើ​សកម្មជន​ការពារ​ព្រៃឈើ លោក ឈុត វុទ្ធី។

ការ​ស្នើ​សុំ​នេះ ក្រោយពី​តុលាការ​បាន​ផ្ដន្ទាទោស​បុគ្គលិក​ក្រុមហ៊ុន ធីមប៊ើរ៍ ហ្គ្រីន (Timber Green) លោក រ៉ាន់ បូរ័ត្ន ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២ឆ្នាំ ពី​បទ«មនុស្សឃាត​ដោយ​អចេតនា» កាល​ពី​ខែ​តុលា ឆ្នាំ២០១២ ដែល​បាន​បន្សល់ទុក​នូវ​មន្ទិល​សង្ស័យ​ជា​ច្រើន​ដល់​មហាជន។ សង្គម​ស៊ីវិល​ថា ការ​ផ្ដល់​សក្ខីកម្ម ភស្តុតាង និង​ការ​សម្ដែង​ឡើង​វិញ​របស់​លោក រ៉ាន់ បូរ័ត្ន នៅ​ក្នុង​បន្ទប់​សវនាការ អំពី​ការ​បាញ់​ទៅ​លើ​លោក អ៊ិន រតនា​ គឺ​មិន​មាន​ភាព​ស៊ី​សង្វាក់​គ្នា​ឡើយ ។

លិខិត​ចំហ​ដដែល​នេះ បាន​ស្នើ​សុំ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធិ ចំនួន ៥ចំណុច រួមមាន ឲ្យ​​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ លើ​ករណី​ឃាត​កម្ម​លើ​លោក ឈុត វុទ្ធី និង​សាងសង់​ស្តូប​និមិត្ត​រូប​របស់​លោក ឈុត វុទ្ធី ជាដើម។

របាយការណ៍​របស់​កង​រាជ​អាវុធហត្ថ​ខេត្ត​កោះកុង​បង្ហាញ​ថា ឃាតក ដែល​បាន​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ម្នាក់​ឈ្មោះ អ៊ិន រតនា ហើយ​ក្រោយ​ពី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី រួច​លោក អ៊ិន រតនា បាន​បាញ់​សម្លាប់​ខ្លួន​ឯង​ចំនួន ២គ្រាប់។

របាយការណ៍​នេះ មិន​ស៊ី​សង្វាក់​គ្នា​ជាមួយ​អង្គហេតុ ក្នុង​សាលក្រម​របស់​តុលាការ​ខេត្តកោះកុង ដែល​នៅ​ថ្ងៃ​ទី ២២ តុលា ឆ្នាំ២០១២ ឡើយ។ តុលាការ​ខេត្តកោះកុង បាន​រក​ឃើញ​បុរស​ម្នាក់​ទៀត គឺ លោក រ៉ាន់ បូរ័ត្ន ជា​សន្តិសុខ​ក្រុមហ៊ុន ធីមប៊ើរ៍ ហ្គ្រីន (Timber Green) មាន​ទោស​ជាប់​ពន្ធនាគារ​ចំនួន ២ឆ្នាំ។

តុលាការ​ខេត្ត​នេះ​ថា លោក រ៉ាន់ បូរ័ត្ន ជា​អ្នក​កេះ​កៃ​កាំភ្លើង បាញ់​សម្លាប់​ប៉េអិម​ឈ្មោះ អ៊ិន រតនា ដោយ​អចេតនា ក្រោយ​ពី​លោក អ៊ិន រតនា បាន​បាញ់​សម្លាប់​លោក ឈុត វុទ្ធី។ សន្តិសុខ​ក្រុមហ៊ុន ធីមប៊ើរ៍ ហ្គ្រីន (Timber Green) លោក រ៉ាន់ បូរ័ត្ន ត្រូវ​បាន​តុលាការ​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៦ខែ រួច​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ នៅ​ថ្ងៃ​ទី៣ វិច្ឆិកា ឆ្នាំ២០១២ ហើយ​ព្យួរ​ទោស​ ដែល​នៅ​សេសសល់។

សកម្មជន​ការពារ​ព្រៃឈើ​ដ៏​ល្បី​ឈ្មោះ លោក ឈុត វុទ្ធី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង កាល​ពី​ថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ២០១២ ពេល​លោក​ចុះ​អង្កេត និង​ថតរូប​សកម្មភាព​បទ​ល្មើស​ព្រៃឈើ​ខុស​ច្បាប់ នៅ​តំបន់​ជួរភ្នំ​ក្រវាញ ជាមួយ​អ្នកកាសែត​ពីរ​រូប​របស់​សារព័ត៌មាន ឌឺ ខេមបូឌា ដេលី (The Cambodia Daily)។ កូន​ប្រុស​របស់​លោក ឈុត វុទ្ធី គឺ​លោក ឆឺយ ឧត្តមរស្មី បាន​សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ថ្ងៃនេះ ១២ឆ្នាំ​មុន ឪពុក​របស់​លោក​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ ហើយ​រយៈ​ពេល ១២ឆ្នាំ​មក​នេះ លោក​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ​ទេ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments