RFA | ក្រុម​ពលករ និង​ជន​ភៀសខ្លួន​ខ្មែរ​នាំ​គ្នា​ធ្វើ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ប្រទេស​ថៃ | hot news

By , Comment
Share on Facebook Tweet on Twitter

ពលករ​ខ្មែរ និង​ជន​ភៀសខ្លួន​នៅ​ប្រទេស​ថៃ (Thailand) មិន​បាន​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​នៅ​ស្រុក​កំណើត​បាន​នាំ​គ្នា​រៀបចំ​ពិធី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​តាម​តំបន់ ដែល​ពួក​គេ​រស់នៅ និង​ធ្វើ​ការ ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វការីជន និង​លេង​ល្បែង​ប្រជាប្រិយ​ចូលរួម​ថែរក្សា​ប្រពៃណី​ជាតិ។

ក្រុម​ពលករ និង​ជន​ភៀស​ខ្លួន​ខ្មែរ ដែល​មិន​បាន​ត្រឡប់​ទៅ​ស្រុកកំណើត​ពួក​គាត់​នាំ​គ្នា​រៀបចំ​អបអរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី នៅ​ប្រទេស​ថៃ​ទាំង​អារម្មណ៍​នឹក​ដល់​អ្នក​មានគុណ បងប្អូន​នៅ​ប្រទេស​កម្ពុជា។

ក្នុង​សំលៀកបំពាក់​ចម្រុះ​ពណ៌​ពួក​គេ​ឈរ​រៀបចំ​ចង្ហាន់ រាប់បាត្រ និង​និមន្ត​ព្រះសង្ឃ​សូត្រ​ធម៌​បង្សុកូល​ឧទ្ទិស​កុសល​ដល់​ជីដូនជីតា​របស់​ពួក​គេ និង​បួងសួង​សុំ​សេចក្ដីខុស​នា​ឱកាស​ឆ្នាំ​ថ្មី។

ពលករ​ដែល​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​នៅ​ប្រទេស​ថៃ លោក ពៅ សុភណ្ឌ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៣ នៃ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថា ជន​ភៀសខ្លួន ដែល​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​អាជ្ញាធរ​កម្ពុជា​កន្លង​ទៅ រួម​ជាមួយ​ក្រុម​ពលករ​ខ្មែរ​មិន​មាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ស្រុក​កំណើត​ប្រមាណ ៥០នាក់ បាន​មូលមតិ​គ្នា​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ និង​ស្រង់​ទឹក​ព្រះ​នៅ​វត្តមង្កក នៅ​ម្ដុំ​សួន​អនុស្សាវរីយ៍​ក្នុង​ទីក្រុង​បាងកក។ លោក​ឱ្យ​ដឹង​ថា អ្នក​ចូលរួម​ភាគ​ច្រើន​បង្ហាញ​ទឹក​មុខ​រីករាយ​លាយឡំ​នឹង​អារម្មណ៍​ទុក្ខ​ព្រួយ​ដោយ​ពួក​គេ​មិន​បាន​ទៅ​ធ្វើ​បុណ្យទាន​ជាមួយ​ឪពុកម្ដាយ និង​ញាតិមិត្ត​នៅ​កម្ពុជា ស្រប​ពេល​ជន​ភៀស​ខ្លួន​មួយ​ចំនួន​ទៀត កំពុង​រស់នៅ​លាក់​ខ្លួន ដោយសារ​ពួក​គេ​បារម្ភ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ។

លោក ពៅ សុភណ្ឌ៖ «ពិធីបុណ្យ​ប្រពៃណី​ជាតិ គឺ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ពួក​គាត់​អត់​បាន​ត្រឡប់​ទៅ​ស្រុក​វិញ អ៊ីចឹង​ហើយ បងប្អូន​ពលករ​មួយ​ចំនួន និង​ជន​ភៀសខ្លួន​មួយ​ចំនួន បាន​នាំ​គ្នា​ចាត់ចែង​រាប់​បាត្រ និង​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ។ បងប្អូន​ខ្មែរ​យើង មិន​ថា​រស់នៅ​កន្លែង​ណា​ទេ មក​ដល់​ថ្ងៃ​នេះ ខ្ញុំ​ឃើញ​រូបភាព គឺ​មិន​ចោល​ប្រពៃណី​ខ្មែរ​ទេ ខ្ញុំ​សែន​ត្រេកអរ»

ស្រដៀង​គ្នា​នេះ​ដែរ ពលការិនី​ធ្វើ​ផ្នែក​សំណង​នៅ​ជាយ​ទីក្រុង​បាងកក​លោកស្រី បឹង សុគឿន ប្រាប់​ថា លោកស្រី​មិន​បាន​ទៅ​លេង​ស្រុកកំណើត​នៅ​ស្រុក​អង្គរធំ ខេត្តសៀមរាប​ជាង ៦ឆ្នាំ​មក​ហើយ ដោយសារ​លោកស្រី​គ្មាន​សោហ៊ុយ​សម្រាប់​ធ្វើ​ដំណើរ ខណៈ​ជីវភាព​គ្រួសារ​ខ្វះខាត និង​ដោះ​បំណុល​ធនាគារ​ថែម​ទៀត​នោះ។ លោកស្រី​រៀបរាប់​ថា រដូវ​បុណ្យទាន​ម្តងៗ លោកស្រី​តែងតែ​សោកសៅ​ក្នុង​ចិត្ត​ដោយ​តូច​ចិត្ត​អង្គុយ​យំ នៅ​ពេល​ឃើញ​គេ​រីករាយ​ជួបជុំ​គ្រួសារ តែ​យ៉ាង​ណា​ឆ្នាំ​នេះ​ទុក្ខ​កង្វល់​របស់​លោកស្រី​បាន​រំលាយ និង​ជ្រះ​ថ្លា​ត្រឡប់​មក​វិញ បន្ទាប់​ពី​លោកស្រី និង​ប្តី​បាន​ធ្វើ​ចង្ហាន់​ប្រគេន​ដល់​ព្រះសង្ឃ និង​ឃើញ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នៅ​ប្រទេសថៃ នាំ​គ្នា​ធ្វើ​បុណ្យ​សាង​កុសល​អបអរ​ឆ្នាំ​ថ្មី។

លោកស្រី បឹង សុគឿន៖ «បងប្អូន​ពលករ​ខ្មែរ​បរិបូរណ៍​ចូលរួម​កម្មវិធី​នេះ រួច​ហើយ​ខ្ញុំ ក៏​មាន​ចិត្ត​ត្រេកអរ​បាន​ធ្វើ​ម្ហូប​មក​វត្ត ខ្ញុំ​ក៏​បាន​ចំហុយ​ប្រហុក​បែប​ខ្មែរ​មក​វត្ត ជួបជុំ​គ្នា មាន​ចិត្ត​ត្រេកអរ នៅ​ថ្ងៃ​នេះ បាន​ឃើញ​ខ្មែរ​គ្នា​ឯង គឺ​មិនមែន​តែ​យើង​ទេ អត់​បាន​ទៅ​ស្រុក គឺ​ខ្ញុំ​មក​ដល់​ពេល​នេះ មាន​គ្នាច្រើន​អត់​បាន​ទៅ​ស្រុក​ដែរ អ៊ីចឹង ខ្ញុំ​មាន​អារម្មណ៍​ធូរ​ជាង​មុន​បន្តិច»

ក្រៅពី​ក្រុម​ពលករ​នៅ​ទីក្រុង​បាងកក (Bangkok) រៀបចំ​ពិធី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ក៏​មាន​ពលករ​នៅ​ខេត្ត​ផ្សេងៗ ទៀត ដូចជា ក្រុម​ពលករ​រស់នៅ​ខេត្តរ៉ាក់យ៉ង (Rayong) ខេត្តសមុទ្រប្រាកាន (Samut Prakan) ក៏​រៀបចំ​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ​ដែរ។

ពលករ​ធ្វើ​ការ​នៅ​ខេត្តសាមុតប្រាកាន លោកស្រី វត ជីវ័ន្ត ប្រាប់​ថា ឱ្យ​ដឹង​ថា នៅ​ពេល​ចប់​ពិធី​បែប​សាសនា ហើយ​ក្រុម​ពលករ​នៅ​តំបន់​លោក​នាំ​គ្នា​លេងល្បែង​ប្រជាប្រិយ​ខ្មែរ ដូចជា ល្បែង​ដណ្ដើម​ស្លឹកឈើ រាំ​ដណ្ដើម​កៅអី ហើយ​អ្នក​ខ្លះ​ទៀត ក៏​លេង​ប៉ាត​ម្សៅ​ទាំង​ទឹក​មុខ​រីករាយ។

លោកស្រី វត ជីវ័ន្ទ៖ «តំបន់ ដែល​ខ្ញុំ​រស់នៅ បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ខ្មែរ ថៃ ភូមា បាន​លេង​សប្បាយ​កុះករ។ បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ គឺ​យើង​មិន​ភ្លេច​ដែរ ដោយ​បងប្អូន​ខ្មែរ​ស្លៀក​ពាក់​បែប​ប្រពៃណី​ចូល​ឆ្នាំ​ខ្មែរ បែប​ហូល​ផាមួង​ទៅ​វត្ត​អ៊ីចឹង​ទៅ នៅ​ពេល​ខ្ញុំ​ឃើញ​ក៏​សប្បាយ​ចិត្ត​ដែរ»

ក្រសួង​ការងារ​ឱ្យ​ដឹង​ថា មាន​ពលករ ១លាន ៣សែន​នាក់ កំពុង​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ប៉ុន្តែ​អង្គការ​សង់ត្រាល់ (CENTRAL) រក​ឃើញ​ថា ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​នេះ​មាន​ជាង ២លាន​នាក់។ ចំណែក​មន្ត្រី​បក្ស​ប្រឆាំង​ឱ្យ​ដឹង​ថា បច្ចុប្បន្នមានជនភៀសខ្លួនរស់នៅប្រទេសថៃជាង៧០នាក់ ដើម្បី​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​រដ្ឋាភិបាល​កម្ពុជា។

ជុំវិញ​បញ្ហា​នេះ មន្ត្រី​ផ្នែក​ការពារ​សិទ្ធិ​ពលករ​ចំណាកស្រុក នៃ​អង្គការ​សង់ត្រាល់ (CENTRAL) ប្រចាំ​នៅ​ប្រទេសថៃ លោក លឹង សុផុន កត់​សម្គាល់​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ និង​ធ្វើ​ការងារ​ចំណាក​នៅ​ប្រទេសថៃ​មិន​បាន​ទៅ​ស្រុក​កំណើត ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​ទេ ដោយសារ​អ្នក​ខ្លះ​មាន​ជីវភាព​ខ្វះខាត និង​អ្នក​ខ្លះ​ទៀត​រង​ការ​ធ្វើ​បាប​ផ្នែក​នយោបាយ​ពី​រដ្ឋាភិបាល​កម្ពុជា។ លោក​មើល​ឃើញ​ថា ថ្វីដ្បិត​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ មិន​មាន​ឱកាស​មក​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​ក្តី ក៏​ពួក​គាត់​មិន​បោះបង់​ពិធីបុណ្យ​តាម​ប្រពៃណី​នោះ​ទេ។

លោក លឹង សុផុន៖ «ចូល​ឆ្នាំ​ម្តងៗ ពួក​គាត់​ចង់​ទៅ​ស្រុក​កំណើត​ណាស់ ដោយសារ​ពួក​គាត់​មិន​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ទៅ​ជួប​បងប្អូន។ ណា​មួយ​ទៀត ទៅ​រដូវ​ចូល​ឆ្នាំ គាត់​ត្រូវ​ចំណាយ​ច្រើន ហើយ​ការងារ​មិន​សូវ​មាន​អ៊ីចឹង ពួក​គាត់​សោក​ស្ដាយ​មិន​បាន​ទៅ​លេង​នៅ​ខ្មែរ នៅ​ពេល​ចូល​ឆ្នាំ​ហ្នឹង ពីព្រោះ​ចូល​ឆ្នាំ ជា​ឱកាស​ជួបជុំ​បងប្អូន​ផង ណា​មួយ​អ្នក​នៅ​ភ្នំពេញ ឬ​អ្នក​ធ្វើការ​នៅ​ភ្នំពេញ ក៏​អាច​ទៅ​លេង​ស្រុក​បាន។ អ៊ីចឹង ពួក​គាត់​ថា សោក​ស្ដាយ​អត់​បាន​ទៅ​ជួបជុំ​បងប្អូន»

ព្រះតេជព្រះគុណ វត្តមង្គក តំបន់​អនុស្សាវរីយ​ក្នុង​ទីក្រុងបាងកក ធឿន សុទ្ធា ថងយូ មាន​ថេរ​ដីកា​ថា ការ​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​នៃ​អ្នក​មាន​គុណ​ទាំង​ឡាយ ដែល​បាន​លា​ចាក​លោក​នេះ​ទៅ​កាន់​លោក​ខាង​មុខ​ហើយ ពិធី​បុណ្យ​នេះ ក៏​ជា​ឱកាស​ល្អ​សម្រាប់​ពលរដ្ឋ​ខ្មែរ អាច​ឈ្វេង​យល់​អំពី​សុខទុក្ខ ការ​គោរព​ស្រឡាញ់​គ្នា ព្រមទាំង​បង្កើន​សាមគ្គីភាព​ថែម​ទៀត​ផង។ ព្រះអង្គ​ផ្តល់​ឱវាទ​ដល់​ពុទ្ធ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បរិស័ទ ជា​ពិសេស រដ្ឋាភិបាល​ត្រូវ​ចេះ​កសាង​បុណ្យ​កុសល ដោយ​ធ្វើ​យ៉ាង​ណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឱ្យ​ខ្មែរ​ទាំង​អស់​អាច​រស់នៅ​ក្នុង​សង្គម​ជាមួយ​គ្នា​ដោយ​គ្មាន​ការ​បៀតបៀន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments