ជនជាតិចាម ជួបជុំគ្នាពិភាក្សាពីផែនការសង់ផ្លូវពុះកាត់របងវិហារចាមនៅតំបន់បឹងកក់ រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។ RFA/San Sel |
ដោយ សាន សែល RFA 2016-12-26
សាលារាជធានីភ្នំពេញ នៅថ្ងៃទី២៦ ធ្នូ ទុកពេលបន្ថែមទៀតឲ្យជនជាតិចាម ពិភាក្សាគ្នារឿងផែនការសង់ផ្លូវពុះកាត់របងវិហារមូស្លីមនៅតំបន់បឹងកក់ រាជធានីភ្នំពេញ។ ការសម្រេចរបស់សាលារាជធានីភ្នំពេញនេះ កើតឡើងបន្ទាប់ពីគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា មេដឹកនាំវិហារនៅតាមខេត្ត និងតំណាងរដ្ឋាភិបាល ជួបប្រជុំគ្នាសម្រេចអនុម័តគាំទ្រឲ្យពុះផ្លូវក្នុងបរិវេណវិហារឥស្លាមបឹងកក់នេះ។
ហាកឹម ឬអ្នកគ្រប់គ្រងភូមិផ្នែកសាសនាមកពីខេត្ត ខ្លះបានដឹងពីរបៀបវារៈនៃការជួបជុំ តែខ្លះមិនបានដឹងនោះទេ ដោយគ្រាន់តែដឹងថា គេឲ្យមកប្រជុំប្រចាំឆ្នាំ។ មេវិហារខ្លះមិនចូលរួមប្រជុំទេ ដើម្បីបង្ហាញពីការមិនគាំទ្រ។
ទោះបីជាយ៉ាងណា គេមិនឲ្យចំណុះវិហារបឹងកក់ដែលជាអ្នកចេញប្រឆាំងនឹងគម្រោងនេះ ចូលប្រជុំបញ្ចេញយោបល់លើបញ្ហានេះឡើយ។
អ្នករៀបចំការពិភាក្សានេះ ចាត់ទុកថា ចំណុះវិហារបឹងកក់ទាំងនេះមិនមានសិទ្ធិគ្រប់គ្រាន់ដើម្បីចូលរួម ដោយសារពួកគេមិនត្រូវបានតែងតាំងដោយថ្នាក់ដឹកនាំសាសនាឥស្លាមនោះទេ។
សាលារាជធានីភ្នំពេញ និងអ្នកគាំទ្រគម្រោងនេះ ដែលដឹកនាំដោយលោក អូស្មាន ហាស្សាន់ ពន្យល់ដល់ហាកឹម ឬមេវិហារនៅតាមមូលដ្ឋានមកពីទូទាំងប្រទេសជាង ៤០០នាក់ថា ការពុះវិហារធ្វើផ្លូវនេះ ផ្តល់ប្រយោជន៍ដល់សាធារណជន ដូចជាបើកផ្លូវថ្មីសម្រាប់ធ្វើដំណើរ កាត់បន្ថយការកកស្ទះចរាចរណ៍ និងសាងសង់លូអមតាមផ្លូវកាត់បន្ថយទឹកជន់លិច។
ក៏ប៉ុន្តែអ្នកតែងទៅថ្វាយបង្គំនៅវិហារបឹងកក់ ប្រឆាំងនឹងគម្រោងនេះ ដោយពួកគេអះអាងថា ការសង់ផ្លូវនេះ គឺបំពានលើដីរបស់ព្រះ ហើយដីមួយចំណែកដែលសល់ពីការពុះច្រៀកដីវិហារ អាចនឹងត្រូវមេដឹកនាំគាំទ្រការសង់ផ្លូវ យកទៅធ្វើសម្បត្តិឯកជន។ ពួកគេបន្តថា មិនប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនោះទេ តែចង់ឃើញការអនុវត្តគម្រោងឲ្យមានតម្លាភាព។
ទាំងលោក ឃួង ស្រេង អភិបាលស្តីទីសាលារាជធានីភ្នំពេញ និងលោក អូស្មាន ហាស្សាន់ បញ្ជាក់ថា ចំណែកដីនៅម្ខាងនៃផ្លូវថ្មីដែលគ្រោងសង់នោះ មិនបាត់មួយមិល្លីម៉ែត្រនោះទេ។ លោក អូស្មាន ឲ្យដឹងថា ដីនោះនឹងត្រូវសាងសង់ជាកន្លែងសម្រាប់និស្សិតស្នាក់នៅ។ ក៏ប៉ុន្តែលោកធ្លាប់បញ្ជាក់ថា ដីនោះនឹងយកទៅធ្វើខុនដូ (Condo)។
លោក ឃួង ស្រេង ថ្លែងថា បើទោះជាក្រុមមេដឹកនាំសាសនាឥស្លាម បានអនុម័តគាំទ្រលើគម្រោងនេះក្តី សាលារាជធានីភ្នំពេញនឹងបន្តទទួលយកបណ្ដឹងពីក្រុមអ្នកប្រឆាំងនឹងគម្រោងនេះ៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments