RFA | នាយករដ្ឋមន្ត្រី​ថៃ ជំរុញ​កម្ពុជា​ឱ្យ​ឆាប់​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក និង​ការ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន | hot news

By , Comment
Share on Facebook Tweet on Twitter

ស្រប​ពេល​ដែល​បញ្ហា​ឧក្រិដ្ឋកម្ម និង​ការ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ក្លាយ​ជា​កង្វល់​សម្រាប់​ប្រទេស​ក្នុង​តំបន់​អាស៊ី នាយករដ្ឋមន្ត្រី​ថ្មី​របស់​ថៃ បាន​លើក​បញ្ហា​នេះ ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំ២០២៤ ដោយ​ជំរុញ​ឱ្យ​កម្ពុជា ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ទាំង​នេះ។ មន្ត្រី​សង្គម​ស៊ីវិល យល់​ឃើញ​ថា ការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន​អាច​ធ្វើ​ទៅ​បាន លុះត្រាតែ​ប្រទេស​ទាំង​ពីរ​សហការ​គ្នា ខណៈ​កម្ពុជា​ត្រូវ​ពង្រឹង​បន្ថែម​លើ​ប្រតិបត្តិការ​បង្ក្រាប​ឧក្រិដ្ឋជន។

ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នា​រដ្ឋធានី​វៀងចន្ទន៍ (Vientiane) ប្រទេស​ឡាវ (Lao) កាលពី​ថ្ងៃ​ទី៩ ខែ​តុលា នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បាន​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បី​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ការ​ឆបោក​ប្រាក់​តាម​អ៊ីនធើរ៍ណិត ការ​ជួញដូរ​មនុស្ស និង​គ្រឿងញៀន​ឆ្លងដែន នៃ​ប្រទេស​ទាំង២។

គេហទំព័រ​របស់​រដ្ឋាភិបាល​ថៃ​បាន​ចុះ​ផ្សាយ​ថា អ្នកស្រី ផែថងថាន បាន​លើក​ឡើង​អំពី​បញ្ហា​នេះ ចំពោះ​មុខ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ចំណង​មិត្តភាព​ប្រទេស​ទាំង២ ដោយ​ផ្ដោត​លើ​ការអភិវឌ្ឍន៍​តំបន់​ព្រំដែន និង​បញ្ហា​អសន្តិសុខ ដែល​កំពុង​គំរាម​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​ថៃ បណ្ដាល​មក​ពី​អំពី​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធើរ៍ណិត (Call center)

ភាគី​ថៃ បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ពង្រឹង​លើ​កិច្ច​សហប្រតិបត្តិការ​ក្រុម​ការងារ​រួម រវាង​ភ្នាក់ងារ​ប៉ូលិស​ថៃ និង​កម្ពុជា ក្នុង​ការ​ជួយ​ជនរងគ្រោះ ពី​ករណី​ការ​ជួញដូរ​មនុស្ស និង​ឆបោក​តាម​អ៊ីនធើរ៍ណិត ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ដើម្បី​កម្ចាត់​បណ្ដាញ​ឧក្រិដ្ឋកម្ម​ទាំង​មូល។ ចំណែក​ការ​ជួញដូរ​គ្រឿងញៀន ថ្នាក់ដឹកនាំ​កម្ពុជា និង​ថៃ បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ចែករំលែក​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់ និង​ពង្រឹង​អភិបាល​ខេត្ត​ជាប់​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ក្នុង​តំបន់​ច្រក​ចេញចូល ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ថៃ បាន​បង្ក្រាប​ករណី​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធើរ៍ណិត ដើម្បី​ជំរិត​ទារ​ប្រាក់ និង​បោក​បញ្ឆោត​ពលរដ្ឋ​ថៃ​ឱ្យ​ទៅ​ធ្វើការ​នៅ​ក្នុង​កាស៊ីណូ​អនឡាញ​ជា​បន្ត​បន្ទាប់ ដែល​អាជ្ញាធរ​ថៃ អះអាង​ថា មេខ្លោង​នៅ​ពី​ក្រោយ​ករណី​មាន​ខ្សែ​បណ្ដាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ជាក់ស្ដែង កាល​ពី​ថ្ងៃ​ទី២៣ ខែ​កញ្ញា អាជ្ញាធរ​កម្ពុជា បាន​បញ្ជូន​ខ្លួន​ជនជាតិ​ថៃ ២៤នាក់ នៅ​រាជធានី​ភ្នំពេញ ទៅ​ឱ្យ​អាជ្ញាធរ​ថៃ បន្ទាប់​ពី​ពួកគេ​បាន​ចូលរួម​ក្នុង​ក្រុម​ឆបោក​តាម​អនឡាញ​ជាមួយ​ជនជាតិ​ចិន ដើម្បី​បោកប្រាស់​ពលរដ្ឋ​ថៃ។ ក្នុងចំណោម​ជនជាតិ​ថៃ ទាំង ២៤នាក់​នោះ មាន​ស្ត្រី ២នាក់ ជា​ជនសង្ស័យ ដែល​រត់​គេច​ពី​ដីកា​ចាប់ខ្លួន​របស់​តុលាការ​ថៃ ចំណែក ២២នាក់​ផ្សេង​ទៀត អាជ្ញាធរ​ថៃ រក​ឃើញ​ថា ពួកគេ​មិនមែន​ជា​ជន​រង​គ្រោះ ដោយសារ​ការ​បង្ខំ​ឱ្យ​ចូល​ធ្វើការ​ឡើយ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​អគ្គ​ស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមខឿន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១០ ខែ​តុលា។

ជុំវិញ​រឿង​នេះ ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសក៍​នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា សង្កេត​ឃើញ​ថា មន្ត្រី​អាជ្ញាធរ​ថៃ តែង​ធ្វើ​អន្តរាគមន៍​ឆាប់រហ័ស នៅ​ពេល​មាន​ករណី​ឧក្រិដ្ឋកម្ម និង​ការ​ជួញដូរ​គ្រឿងញៀន ជាពិសេស ប្រសិនបើ​ករណី​នោះ​ជាប់​ពាក់ព័ន្ធ​នឹង​ជនជាតិ​ថៃ។ លោក ឌី ថេហូយ៉ា ចង់​ឃើញ​អាជ្ញាធរ​កម្ពុជា បង្កើន​ការ​រឹត​បន្តឹង​វិធាន​បង្ក្រាប​ឧក្រិដ្ឋជន​ទាំង​ការ​ឆបោក ជួញដូរ​មនុស្ស និង​ជួញដូរ​គ្រឿងញៀន ដោយ​ចាក់​ជ្រៅ​ឱ្យ​ដល់​មេខ្លោង​ក្រុម​ឧក្រិដ្ឋជន ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​នៃ​ការ​លុបបំបាត់​នូវ​បទល្មើស​ទាំង​នេះ។

លោក ឌី ថេហូយ៉ា៖ «យើង​ក៏បាន​ដឹង យើង​ក៏បាន​ឮ អំពី​ការ​តាំងចិត្ត​ការ​ប្រឹងប្រែង​តាមរយៈ​ធ្វើ​គោលនយោបាយ តាមរយៈ​កិច្ចប្រជុំ​ថ្នាក់​ជាតិ ថ្នាក់​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ការ​បោសសម្អាត កម្ចាត់​នូវ​ឧក្រិដ្ឋ​ឆ្លងដែន ការ​ជួញដូរ​មនុស្ស ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ក្ដី។ ក៏​ប៉ុន្តែ ជា​ការ​អនុវត្ត​ដែល​ធានា​បាន​នូវ​ប្រសិទ្ធភាព​នឹង យើង​មើល​ឃើញ​ថា វា​នៅ​មាន​កម្រិត​នៅ​ឡើយ វា​មិនទាន់​បាន​ឆ្លើយតប​នឹង​បញ្ហា ដែល​កើតឡើង ដូច​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​អង្គការ ដែល​ធ្វើការ​លើ​វិស័យ​ហ្នឹង ជា​ពិសេស តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​កន្លង​មក​ហ្នឹង»

យ៉ាង​ណា​ក៏​ដោយ​ចុះ ក្នុង​កិច្ច​ពិភាក្សា​រវាង​អគ្គស្នងការ​នគរបាល​ជាតិ កម្ពុជា និង​ថៃ លើ​កិច្ច​សហប្រតិបត្តិការ ប្រឆាំង​នឹង​ការ​ឆបោក​តាម​អ៊ីនធើរ៍ណិត កាល​ពី​ខែ​កក្កដា ភាគី​ថៃ បាន​រក​ឃើញ​ថា ជន​ឆបោក​តាម​អ៊ីនធឺណិត (Call Center) ដែល​បាន​ធ្វើ​សកម្មភាព​បោកប្រាស់​ប្រជាពលរដ្ឋ​ថៃ បាន​ប្រើប្រាស់​ទឹកដី​កម្ពុជា ដើម្បី​លាក់​ខ្លួន និង​ធ្វើ​ជា​មូលដ្ឋាន ដែល​មាន​លក្ខណៈ​ជា​បណ្ដាញ ដើម្បី​ប្រព្រឹត្តិ​បទល្មើស។ ទន្ទឹម​គ្នា​នេះ អាជ្ញាធរ​ថៃ បាន​ស្នើ​សុំ​កិច្ចសហការ ពី​អាជ្ញាធរ​កម្ពុជា ក្នុង​ការ​បញ្ជូន​ជនជាតិ​ថៃ ជាង ១០០នាក់ ដែល​មាន​ដីកា​ចាប់ខ្លួន ក្នុង​សំណុំ​រឿង​បោកប្រាស់​លើ​បណ្ដាញ​អ៊ីនធើរ៍ណិត យក​ទៅ​កាត់​ទោស​នៅ​ប្រទេស​ថៃ។

របាយការណ៍​ថ្មី​មួយ របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ចាត់​ថ្នាក់​កម្ពុជា​នៅ​លំដាប់​ទី៣ បន្ទាប់​ពី​រក​ឃើញ​ថា កម្ពុជា​គ្មាន​ឆន្ទៈ​ស្រាវជ្រាវ​តាមដាន វែកមុខ និង​ផ្ដន្ទាទោស​ឧក្រិដ្ឋជន​ទុច្ចរិត និង​ខ្វះ​ប្រព័ន្ធ​បង្ការ​បទល្មើស។ ក្នុង​របាយការណ៍​នោះ បាន​លាតត្រដាង​អំពើ​ពុករលួយ​របស់​មន្ត្រី​ក្នុង​ស្ថាប័ន​រដ្ឋ ទាក់ទិន​នឹង​ការ​បញ្ជូន​ជន​រងគ្រោះ​ទៅ​ប្រទេស​កំណើត​វិញ តាម​រយៈ​ការ​យក​លុយ​ក្រោម​តុ​ជា​ដើម៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។





From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments