RFA | ចៅក្រម​មិន​ទាន់​កំណត់​ពេល​ជាក់​លាក់​ប្រកាស​សាលក្រម​សំណុំ​រឿង​​ញុះញង់​លើ លោក កើត សារ៉ាយ | hot news

By , Comment
Share on Facebook Tweet on Twitter

សាលាដំបូង​រាជធានី​ភ្នំពេញ​​​នឹង​ជូន​ដំណឹង​ថ្ងៃ​ប្រកាស​សាលក្រម​សំណុំ​រឿង​ញុះញង់​លើ​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ នៅ​ពេល​ក្រោយ​ ខណៈ​ដែល​មេធាវី​ និង​មន្ត្រី​សង្គម​ស៊ីវិល​​ថា​​ភស្តុតាង​ដែល​ចោទ​ប្រកាន់​​លោក​ កើត​ សារ៉ាយ​ មាន​វិមតិសង្ស័យ​ ឬ​​មិន​មាន​ភស្តុតាង​រឹង​មាំ​នោះ​ទេ

សាលាដំបូង​រាជធានី​​ភ្នំពេញ​​នៅ​ថ្ងៃ​ទី៩ ខែតុលា​ បាន​បើក​សវនាការ​ជំនុំជម្រះ​លើ​ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​​ លោក កើត​ សារ៉ាយ​ លើ​សំណុំ​រឿង​​​ «មិន​រាង​ចាល​ក្នុង​បទមជ្ឈិម​បន្ទាប់​ពី​ការ​ផ្ដន្ទាទោស​​បទមជ្ឈិម​ និង​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»

ចៅក្រម​ជំនុំ​ជម្រះ​ លោក សាន ប៊ុនធឿន​ ​​សាក​សួរ​​​​លោក​​ កើត សារ៉ាយ ដែល​មាន​វត្តមាន​នៅ​ក្នុង​អង្គ​ជំនុំ​ជម្រះ អំពី​មូលហេតុ​លោកបាន​ ​​ចុះ​ទៅ​ជួប​​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រយ៉ង់ ដែល​កំពុង​លាក់​ខ្លួន​ពី​ការ​តាម​ចាប់ខ្លួន​របស់​សមត្ថកិច្ច​ខេត្ត​ព្រះវិហារ កាល​​ពី​អំឡុង​ខែ​មិនា​កន្លង​ទៅ និង​​ការ​លើក​ឡើង​កើត សារ៉ាយ​ របស់​លោក​​នៅ​តាម​បណ្ដាញ​សារព័ត៌មាន។

អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក សេង ហៀង​ បាន​លើក​ឡើង​ថា​​ លោក កើត​ សារ៉ាយ​ ​​​មិន​មែន​ជា​អ្នក​ជំនាញ​ច្បាប់​ និង​​មិន​ដែល​មាន​ប្រវត្តិ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​នា​ពេល​កន្លង​​មក​ទេ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​បញ្ចេញ​មតិ​របស់​ លោក កើត សារ៉ាយ​ លើ​វិវាទ​ដី​ធ្លី​ទាំង​នេះ​មិន​បាន​​​ត្រឹម​ត្រូវ​តាម​គោលការណ៍​ច្បាប់។ ​លោក សេង ហៀង​ ថា​ លោក កើត សារ៉ាយ​​ មិន​ដែល​​លើក​ឡើង​​ថា​ពលរដ្ឋ​​បាន​ទៅ​រស់​នៅ​លើ​ដី​របស់​ក្រុម​ហ៊ុន​ខុសច្បាប់​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​​ លោក​ កើត សារ៉ាយ​ បាន​ប្រើប្រាស់​ពាក្យ​​​ញុះញង់​ឱ្យ​ពលរដ្ឋ​ខឹង​​សម្បារ​នឹង​រដ្ឋាភិបាល។

តុលាការ​​​បាន​ចាក់​វីដេអូ​ភស្តុតាង​ដែល​ លោក កើត សារ៉ាយ​​ បាន​​ផ្ដល់​បទ​សម្ភាសន៍​ជា​មួយ​វិទ្យុ​អាស៊ី​សេរី​​​កាល​ពី​ថ្ងៃ​ទី​​២១ ខែ​មិនា​ កន្លង​ទៅ។ លោក​ សេង ហៀង​ ​ថា​​ការ​​​​​​ផ្ដល់​​បទ​សម្ភាសន៍​​របស់​លោក​ កើត សារ៉ាយ​ ​​​​បាន​ប្រើ​ប្រាស់​ពាក្យ​មួយ​ចំនួន​ដែល​មាន​​លក្ខណ​​ញុះញង់​ផ្ទុយ​ពី​ការ​ពិត​ដូច​ជា​ការ​ប្រើ​​ប្រាស់​ពាក្យ​​​​អាជ្ញាធរ​ដុត​ផ្ទះ​ពលរដ្ឋ​​ សម័យ​សន្តិភាព​ និង​ពលរដ្ឋ​រត់​ភៀសខ្លួន​ជា​ដើម​ ព្រោះ​ថា​ជាក់​ស្ដែង​​អាជ្ញាធរ​​មាន​សិទ្ធិ​ការពារ​ផល​ប្រយោជន៍​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​ដី​ពី​រដ្ឋាភិបាល។

ទោះ​ជា​យ៉ាង​ណា​ លោក កើត សារ៉ាយ​ បាន​​លើក​ឡើង​​ថា​ការ​ដែល​រូប​លោក​ និង​ក្រុម​ការងារ​បាន​ចុះ​ទៅ​ទី​តាំង​​ ដែល​​ពលរដ្ឋ​បាន​​ភៀស​ខ្លួន​​ទៅ​រស់​នៅ​​ក្នុង​ព្រៃ ​​គឺ​ដើម្បី​ពិនិត្យ​មើល​ពី​ស្ថានភាព​​ទុក្ខ​លំបាក​ជាក់​ស្ដែង​របស់​ពលរដ្ឋ​​ដើម្បី​ជា​ការ​​ស្រាវជ្រាវ​ និង​យក​បញ្ហា​នេះ​ស្នើ​ទៅ​កាន់​​​រដ្ឋាភិបាល​​​ឱ្យ​​ដោះ​ស្រាយ​ជូន​ពលរដ្ឋ​ប៉ុណ្ណោះ។

លោក កើត សារ៉ាយ ថា លោក​ហ៊ាន​ទទួល​ខុស​ត្រូវ​នូវ​អ្វី​ដែល​លោក​បាន​លើក​ឡើង​នៅ​​បណ្ដាញ​សង្គម​ និង​​សារព័ត៌មាន​នោះ​​​​ ព្រោះ​​ថា​ករណី​ទាំង​នោះ​កើត​ឡើង​ពិត​ប្រាកដ​មែន។ លោក​ កើត សារ៉ាយ​ ស្នើ​សុំ​​ចៅក្រម​​​​អង្គុយ​ចុះ​ជា​ច្រើន​ដង​ដោយ​សារ​លោក​ឈឺ​ចង្កេះ។

សហ​មេធាវី​​​ការពារ​ក្ដី​ លោក កើត សារ៉ាយ គឺ​លោកលី សុចិត្រា ថា ការ​ចោទ​ប្រកាន់​​របស់​តំណាង​អយ្យការ​​​មាន​លក្ខណៈ​ទូលាយ​ និង​ខុស​ពី​អង្គហេតុ​ជាក់​ស្ដែង។ លោក លី សុចិត្រា ថា កូនក្ដី​របស់​លោក​បាន​អនុវត្ត​ទៅ​តាម​លក្ខន្តិកៈ​របស់​សង្គម​ស៊ីវិល​ដែល​​មាន​​ចែង ហើយ​កូន​ក្ដី​របស់​លោក​​មិន​បាន​​​ទទួល​ផល​ចំណេញ​​ពី​វិវាទ​ដីធ្លី​នោះ​ទេ។ លោក លី សុចិត្រា​ ថា​គ្មាន​បទ​ល្មើស​ណា​មួយ​កើត​ឡើង​ក្រោយ​ការ​លើកឡើង​របស់​កូនក្ដី​លោក​នោះ​ទេ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ពលរដ្ឋ​​ដែល​បាន​ជាប់​ពន្ធនាគារ​​ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរីភាព។

ចៅក្រម​ជំនុំ​ជម្រះ​ លោក សាន ប៊ុនធឿន ថា តុលាការ​នឹង​ជូន​ដំណឹង​ថ្ងៃ​ប្រកាស​សាលក្រម​នៅ​ពេល​ក្រោយ។

ចូល​រួម​ឃ្លាំ​មើល​សវនាការ​នេះ រួមមាន មន្ត្រី​នៃ​​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) និង​​ឧត្ដម​​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​ក៏​បាន​ចូលរួម​ឃ្លាំមើល​សវនាការ​លើ​ករណី​នេះ។​​​​

ក្រោយ​​ចេញ​ពី​សវនាការ​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លីកាដូ  លោក អំ សំអាត​ ​​មាន​ប្រសាសន៍​ថា​​​​​​ភស្តុតាង​ដែល​បាន​ចោទ​ប្រកាន់​​ទៅ​លើ​លោក កើត សារ៉ាយ​ ​​មិន​ទាន់​​​​​មាន​មូលដ្ឋាន​គ្រប់​គ្រាន់​​​​​ដើម្បី​ផ្ដន្ទាទោស​ទៅ​លើ​ លោក កើត សារ៉ាយ​ បាន​នៅ​ឡើយ​ទេ។ លោក​ថា​សកម្មភាព​របស់​ លោក កើត សារ៉ាយ​ គឺ​​បាន​​ចូល​រួម​ចំណែក​​ជា​មួយ​​​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ​​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ប៉ុណ្ណោះ។

លោក អំ សំអាត៖ «អ៊ីចឹង​ទាក់​ទង​នឹង​បញ្ហា​ការ​អនុវត្ត​សកម្មភាព​របស់​លោក កើត សារ៉ាយ​ ដែល​ស្រប​ទៅ​ហ្នឹង​​​​ដែល​ស្រប​ទៅ​ហ្នឹង​លក្ខន្តិក​របស់​សមាគម​នេះ​វា​មិន​មែន​ជា​សកម្មភាព​ខុស​ច្បាប់​ទេ​ ហើយ​ការ​ដែល​ចូល​រួម​ផ្ដល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន​ ការ​បង្ហោះ​នៅ​លើ​វេបផ្សាយ​របស់​សមាគម​ផ្ទាល់​ ឬខ្លួន​របស់​លោក​ កើត​ សារ៉ាយ​ ក៏​មិន​មែន​ជា​បទ​ល្មើស​ដែរ​ នូវ​ដែល​ស្ថាន​ភាព​ជាក់​ស្ដែង​ដែល​លោក​ សារ៉ាយ​ បាន​ចុះ​ទៅ​ឃើញ​ និង​ជួប​មិន​មែន​ជា​សកម្មភាព​ខុស​ច្បាប់​ និង​ជា​បទ​ល្មើស​ទេ»

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​​ លោក កើត សារ៉ាយ ត្រូវ​បាន​​អាជ្ញាធរ​​ចាប់​ខ្លួន​ចាប់​តាំង​​ដើម​​ខែ​មេសា។ ក្រៅ​ពី​នេះ​ អនុប្រធាន​​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ និង​ជា​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ លោក យីម លាងហ៊ី ​​ ត្រូវ​បាន​​​ចាប់​ខ្លួន កាល​ដើម​កក្កដា​​​​​​​​ ​ក្រោយ​តុលាការ​​ក្រុង​ភ្នំពេញ​​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​​៨​ ឆ្នាំ​ ពី​បទ​រួមគំនិត​ក្បត់​ និង​ប្រមាថ​ព្រះមហាក្សត្រ​។ ក្រោយ​​​មក ​​កាល​​ពី​ថ្ងៃ​ទី​ ១៨ ​ខែ​សីហា​  យុវជន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ចំនួន ៥នាក់ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់ ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ ហើយ​​ទី​ស្នាក់​ការ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ក៏​ត្រូវ​បាន​បិទ​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា​​ អង្គការ​ជាតិ​ និង​អន្តរជាតិ​បាន​ថ្កោលទោស​ជា​បន្ត​បន្ទាប់​ទៅ​លើ​ការ​​​បង្ក្រាប​​​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​នេះ​​​​​ថា​ជា​ផែនការ​របស់​ នាយក​រដ្ឋមន្ត្រី​ លោក ហ៊ុន ម៉ាណែត​ ក្នុង​​ការ​បំបិទ​​​​សំឡេង​រិះគន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments