RFA | មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ដោះស្រាយ​សំណុំរឿង​ជាង ១៣ម៉ឺន​ករណី​របស់​ក្រសួង​យុត្តិធម៌​មិន​ឆ្លុះ​បញ្ចាំង​ពី​យុត្តិធម៌​សង្គម | hot news

By , Comment
Share on Facebook Tweet on Twitter

មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា យុទ្ធនាការ​ពន្លឿន​ការ​ដោះស្រាយ​រឿងក្ដី​តាម​ប្រព័ន្ធ​តុលាការ​របស់​ក្រសួង​យុត្តិធម៌ នៅ​មិន​ទាន់​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​នៅ​ឡើយ។ ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​យុត្តិធម៌​ប្រកាស​ថា រយៈ​ពេល ៩ខែ ក្នុងឆ្នាំ២០២៤ សំណុំរឿង​ជាង ១៣ម៉ឺន​ករណី (១៣២.៥០៥) ត្រូវ​បាន​ដោះស្រាយ​ជូន​ពលរដ្ឋ ក្រោយ​ពេល​ក្រសួង​ទទួល​បាន​ពាក្យ​បណ្ដឹង​ជាង ១៨ម៉ឺនករណី (១៨០.៦៦១)

មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា ក្រសួងយុត្តិធម៌​មិន​បាន​ដោះស្រាយ​បញ្ហា​ចំ​គោលដៅ​ជូន​ពលរដ្ឋ​នោះ​ទេ ខណៈ​ដែល​សំណុំរឿង​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី អ្នកការពារ​សិទ្ធិមនុស្ស និង​អ្នក​ទោស​នយោបាយ នៅតែ​គ្មាន​ដំណោះស្រាយ។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១២ ខែតុលា ថា លោក​សាទរ ដែល​ក្រសួងយុត្តិធម៌​បាន​ដោះស្រាយ​សំណុំរឿង​ជូន​ពលរដ្ឋ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដី សំណុំរឿង​ក្ដី​ធំៗ នៅតែ​មិន​ទាន់​ដោះស្រាយ​នៅ​ឡើយ។ លោក​កត់​សម្គាល់​ឃើញ​ថា សំណុំរឿង​ក្ដី​មួយ​ចំនួន ដូចជា វិវាទ​ដីធ្លី ការ​ចាប់​ខ្លួន​សកម្មជន​សង្គម និង​នយោបាយ នៅតែ​អូស​បន្លាយ​គ្មាន​ការ​ដោះស្រាយ ដែល​ធ្វើ​ឱ្យ​ជន​រងគ្រោះ​រង​ភាព​អយុត្តិធម៌​ម្ដង​ហើយ​ម្ដង​ទៀត។

លោក នី សុខា៖ «ខ្ញុំ​យល់​ថា តុលាការ​គួរតែ​ពន្លឿន​ការ​ដោះស្រាយ​សំណុំរឿង​ឱ្យ​បាន​លឿន គឺ​ជា​រឿង ដែល​យើង​អបអរ​ហើយ ប៉ុន្តែ ការ​ដោះស្រាយ​លឿន​មិន​ឆ្លុះ​បញ្ចាំង ១០០ភាគ​រយ​ថា ទទួល​បាន​យុត្តិធម៌​ទេ សំខាន់​ការ​ដោះស្រាយ​លឿន ហើយ​មាន​ប្រសិទ្ធភាព និង​មាន​យុត្តិធម៌​សម្រាប់​ភាគី​ក្ដី។ មិនមែន​ត្រឹមតែ​ឃើញ​ពី​ការ​ដោះស្រាយ​លឿន​ទេ គឺ​យើង​ចង់​ឃើញ​ដោះស្រាយ​លឿន ហើយ​ភាគី​ក្ដី​ទទួល​បាន​យុត្តិធម៌​ត្រឹមត្រូវ»

ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធិ កាល​ពី​ថ្ងៃ​ទី១០ ខែតុលា បាន​បង្ហាញ​លទ្ធផល​រយៈ​ពេល ៩ខែ នៃ​ការ​អនុវត្ត​យុទ្ធនាការ​ជំរុញ និង​ពន្លឿន​ការ​ដោះស្រាយ​រឿងក្ដី​នៅ​តាម​តុលាការ និង​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាម​តុលាការថា មាន​សំណុំរឿង​ជាង ១៣ម៉ឺន​ករណី (១៣២.៥០៥) ត្រូវ​បាន​ដោះស្រាយ។ ក្រសួង​យុត្តិធម៌​បាន​បង្ហាញ​ថា ក្នុង​ការ​ដោះស្រាយ​នេះ ស្ថាប័ន​យុត្តិធម៌​កំណត់​យក​សំណុំរឿង​អាទិភាព​ចំនួន៤ រួមមាន សំណុំរឿង​អត្រានុកូលដ្ឋាន គ្រោះថ្នាក់​ចរាចរណ៍ បញ្ហា​គ្រឿងញៀន និង​ក្មេង​ទំនើង។ ក្នុង​សំណុំរឿង​អត្រានុកូលដ្ឋាន​ដោះស្រាយ​បាន ៤ម៉ឺន​ករណី (៤០.៦៤១) គ្រោះថ្នាក់​ចរាចរណ៍​ជាង ៣ពាន់​ករណី (.៦៩៦) និង​ក្មេង​ទំនើង​ជិត ៦រយ​ករណី (៥៨៩)

ជុំវិញ​រឿង​នេះ អ្នក​ឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​ដោះស្រាយ​បញ្ហា​របស់​ក្រសួង​យុត្តិធម៌​នេះ គឺ​មិន​ស្រប​នឹង​ការ​ចង់​បាន​របស់​អង្គការ​ជាតិ និង​អន្តរជាតិ ពោល​គឺ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​មិន​បាន​ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស ដែល​ជា​បញ្ហា​ចម្បង។ លោក​សង្កេត​ឃើញ​ថា ស្ថាប័ន​យុត្តិធម៌​បច្ចុប្បន្ន មិន​ឈរ​លើ​គោលការណ៍​ឯករាជ្យ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ឡើយ ពីព្រោះ​រាប់​ចាប់​ពី​ឧត្ដម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម រហូត​ដល់​ចៅក្រម គឺ​សុទ្ធតែ​ជា​សមាជិក​បក្ស​កាន់​អំណាច។

លោក ស៊ឹង សែនករុណា «ប្រព័ន្ធ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា អ្នក​ដែល​ទន់ខ្សោយ អ្នក​ដែល​ក្រីក្រ​តូច​ទាប​ហ្នឹង គឺ​តែងតែ​ចាញ់​ក្ដី​ជាមួយ​អ្នក​មាន​លុយ មាន​អំណាច ហើយ​អ្នក ដែល​មាន​បក្ខពួក​និយម បក្ខពួក​សែស្រឡាយ។ អ៊ីចឹង ចង់​ធ្វើ​បាន​អ្នក​ណា ក៏​ធ្វើ​បាប​បាន​អ៊ីចឹង ពួក​គាត់​រស់នៅ​ក្នុង​ភាព​ភ័យ​ខ្លាច ទោះ​បី​មាន​ការ​រំលោភ​បំពាន​អី​ផ្សេងៗ អាច​ថា គាត់​អត់ធ្មត់​បាន គាត់​អត់ធ្មត់ គាត់​ចៀសវាង​បាន គាត់​ចៀសវាង»

មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា ប្រសិនបើ​ស្ថាប័ន​យុត្តិធម៌​នៅតែ​ធ្វើការ​ដោយ​គ្មាន​តម្លាភាព និង​មិន​អាច​រក​យុត្តិធម៌​ជូន​ពលរដ្ឋ នោះ​នឹង​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌ ហើយ​ឈាន​ដល់​ការ​ផ្ទុះ​កំហឹង​ជាមួយ​រដ្ឋាភិបាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments