RFA | ព្រះសង្ឃ និស្សិត និង​ពលរដ្ឋ​ជាង​៣០០​នាក់​រួមគ្នា​ដាំ​ដើមឈើ​នៅ​តំបន់​អង្គរ​ខេត្ត​សៀមរាប | hot news

By , Comment
Share on Facebook Tweet on Twitter

ព្រះសង្ឃ​ប្រមាណ​ ១០០​អង្គ និស្សិត​សកល​វិទ្យាល័យ​ព្រះសីហនុរាជ សាខា​ខេត្ត​បាត់ដំបង និង​ប្រជា​ពលរដ្ឋ​ប្រមាណ​២០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៧ កក្កដា បាន​រួម​គ្នា​ដាំ​ដើមឈើ​នៅ​តំបន់​ប្រាសាទអង្គរវត្ត ក្នុង​ខេត្ត​សៀមរាប ដើម្បី​អភិរក្ស​ព្រៃឈើ​នៅ​តំបន់​អង្គរ​ឱ្យ​កាន់តែ​ស្រស់បំព្រង។

សកលវិទ្យាធិការ​នៃ​សកល​វិទ្យាល័យ​ព្រះសីហនុរាជ សាខា​ខេត្ត​បាត់ដំបង ព្រះតេជព្រះគុណ វី សុវិជ្ជា មាន​ថេរដីកា​ថា កូនឈើ​ដែល​ដាំ​មាន​ចំនួន ២​ពាន់​ដើម (.០០០) ជា​ប្រភេទ​ឈើ​ប្រណិត មាន​ដូចជា​ដើម​បេង កកោះ និង ក្រញូង​។ ព្រះអង្គ​បន្ត​ថា កូនឈើ​ទាំង​នោះ​បាន​យក​ទៅ​ដាំ​ចម្ងាយ​ប្រមាណ ៥០០​ម៉ែត្រ​ពី​ប្រាសាទ​នាគព័ន្ធ ក្នុង​ភូមិ​លាងដៃ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប​។ ព្រះតេជព្រះគុណ​បន្ថែម​ថា ការ​ដាំ​ដើមឈើ​នេះ ដើម្បី​ឱ្យ​តំបន់​អង្គរ​មាន​ព្រៃឈើ​ច្រើន សម្រាប់​ធ្វើជា​រនាំង​ការពារ​ខ្យល់ព្យុះ​នៅ​តំបន់​ប្រាសាទអង្គរវត្ត​ឱ្យ​បាន​រឹងមាំ​ផង និង​ជា​ការ​បង្កើត​ឱ្យ​មាន​បរិយាកាស​ត្រជាក់​ល្អ ដើម្បី​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​ទស្សនា​កម្សាន្ត​ប្រាសាទ​អង្គរ​ផង៖ «ញោម​អាជ្ញាធរ​អប្សរា និង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ពួកគាត់​មាន​អំណរ​យ៉ាង​ខ្លាំង ដោយសារ​ឃើញ​មាន​សកម្មភាព​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ចូលរួម ហើយ​គាត់​សំណូមពរ​ឱ្យ​បន្ត​ចូលរួម​បន្ថែម​ទៀត​នៅ​គ្រប់​ទីកន្លែង គឺ​ធ្វើ​យ៉ាងណា​បណ្ដុះ​ឱ្យ​ពលរដ្ឋ​ស្រលាញ់​ដើមឈើ។ ហើយ​គាត់​ថា តំបន់​អង្គរ​នេះ​ចាំបាច់​ត្រូវ​ដោះស្រាយ បន្ទាន់​ដើម្បី​អង្គរ​ក្លាយ​ទៅ​ប្រាសាទ​ដែល​មាន​សំណើម ហើយ​ក៏​ប្រាប់​ថា​ប្រាសាទ​របស់​យើង​នេះ​ដើម្បី​ទ្រទ្រង់​បាន​ដោយសារ​មាន​សំណើម​នៅ​ខាងក្រោម​ដី»

ព្រះតេជព្រះគុណ​បន្ត​ថា ការ​ដាំ​កូនឈើ​នេះ​ធ្វើ​ដោយ​ការ​ស្ម័គ្រចិត្ត​របស់​ប្រជា​ពលរដ្ឋ ព្រះសង្ឃ និង​និស្សិត មកពី​ខេត្ត​បាត់ដំបង និង​ខេត្ត​សៀមរាប និង​មាន​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​នៅ​ស្រុក​អង្គរធំ​ក៏បាន​ចូលរួម​ក្នុង​ពិធី​នេះ​ដែរ។

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្ត​បាត់ដំបង​លោក យ៉ាត កំសាន្ត ដែល​បាន​ចូលរួម​ដាំ​ដើមឈើ​ដែរ ថ្លែង​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​លោក​បាន​ចូលរួម​ដាំ​ដើមឈើ​ជាមួយ​ព្រះសង្ឃ និង​អង្គការ​សង្គម​ស៊ីវិល ដោយ​លើក​ទី​១​លោក​ដាំ​ព្រៃ​កោងកាង​នៅ​ខេត្ត​កែប កាល​ពី​ឆ្នាំ​២០១៨​។ លោក​បន្ត​ថា មូលហេតុ​ដែល​ចូលរួម​ដាំ​ដើមឈើ ដោយសារ​ស្រលាញ់​ព្រៃឈើ និង​ចង់​ថែរក្សា​ដើមឈើ​ឱ្យ​ស្រស់បំព្រង​នៅ​កម្ពុជា៖ «ខ្ញុំ​គិត​ថា វា​មាន​ផលប្រយោជន៍​ចំពោះ​សង្គមជាតិ​យើង​ណាស់ ព្រោះ​ដើមឈើ​នៅ​កម្ពុជា​កំពង់​តែ​ខ្សត់ខ្សោយ​អីចឹង​យើង​មានឱកាស​បាន​ចូលរួម​ដាំ​ដើមឈើ យើង​ត្រូវ​ទៅ​ចូលរួម ហើយ​គ្រួសារ​ខ្ញុំ​ក៏​សប្បាយ​រីក​ក្នុង​ការ​ចូល​ដាំ​ដើមឈើ​នេះ​ដែរ»

ដាំ​កូន​ឈើ អង្គរ ៦២២
ទិដ្ឋភាព​ព្រះសង្ឃ និស្សិត និង​ប្រជាពលរដ្ឋ ដាំ​កូន​ឈើ​ប្រណិត​នៅ​តំបន់​អង្គរ ក្នុង​ភូមិ​លាងដៃ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប កាល​ពី​ថ្ងៃទី៧ ខែ​កក្កដា ឆ្នាំ​២០១៩។ រូប​ថត​ដោយ​ព្រះសង្ឃ​សាកលវិទ្យាល័យ​ព្រះសីហនុរាជ សាខា​ខេត្ត​បាត់ដំបង

លោក​បន្ត​ថា បើ​រំពឹង​តែ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ដាំ​កូនឈើ​មិន​គ្រប់គ្រាន់​ទេ គឺ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បង្កើត​កម្មវិធី​ដាំ​កូនឈើ​ឱ្យ​បាន​ច្រើន​នៅ​ទូទាំង​ប្រទេស ដោយ​មាន​មន្ត្រីរាជការ​ទាំងអស់​ចូលរួម​ទើប​អាច​ជួយ​ថែរក្សា​ព្រៃ​នៅ​កម្ពុជា​ឱ្យ​ខៀវស្រស់​បំព្រង​ឡើងវិញ​បាន។

ទាក់ទង​នឹង​បញ្ហា​នេះ​នាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភត្រា ប្រាប់​អាស៊ីសេរី​ថា ការ​ដាំ​កូនឈើ​នេះ ជា​រឿង​ល្អ​ដល់​សង្គមជាតិ និង​ធ្វើ​ឱ្យ​ព្រៃឈើ​នៅ​កម្ពុជា​សំបូរ​ឡើងវិញ។ លោក​បន្តថា ក្រសួង​បរិស្ថាន​តែង​បាន​ធ្វើ​ទិវា​ដាំ​កូនឈើ​ជា​រៀងរាល់​ឆ្នាំ​នៅ​ទូទាំង​ប្រទេស​រួចហើយ​ដែរ ហើយ​នៅ​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​១៤ កក្កដា ខាងមុខនេះ ក្រសួង​បាន​រៀប​ចំ​ពិធី​ដាំ​កូន​ជាច្រើន​ម៉ឺន​ដើម​នៅ​តំបន់​ព្រៃឡង់ នៅ​ខេត្ត​រតនគិរី មណ្ឌលគិរី និង​នៅ​តាម​សហគមន៍​មួយ​ចំនួន​ទៀត៖ «ប៉ុន្តែ​វា​ជៀស​មិន​រួច ដែល​ដំណាំ​ខ្លះ​អាច​សត្វពាហណៈ​ស៊ី អីចឹង​ដើម្បី​ជៀសវាង គឺ​ពេល​ដាំ​សូម​កុំ​ដាំ​ដោយ​គ្មាន​រនាំង​ការពារ គឺ​យើង​ត្រូវ​ធ្វើ​ទ្រុង​ព័ទ្ធជុំវិញ​ដើមឈើ​ដែល​ដាំ ឬ​អាច​យក​បង្គោល​ចង​កូនឈើ​ដើម្បី​ឱ្យ​ឈើ​ចាប់​ឫស​ដុះ​បាន​លឿន»

លោក​បន្ត​ថា ប្រសិនបើ​ប្រជាពលរដ្ឋ សហគមន៍ ឬ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចង់បាន​កូនឈើ​យក​ទៅ​ដាំ ដើម្បី​ប្រយោជន៍​សាធារណៈ អាច​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន មន្ទីរ​បរិស្ថាន រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដែល​នៅ​ជិត ឬ​អាច​ទាក់ទង​ទៅ​ក្រសួងបរិស្ថាន​សុំ​កូន​យក​ទៅ​ដាំ​បាន។

ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ថា កូនឈើ​ដែល​បាន​ដាំ​ហើយ​នេះ​អាច​នឹង​ងាប់​ទៅវិញ នៅ​រដូវប្រាំង ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​ជួយ​ថែរក្សា និង​ស្រោច​ទឹក​នោះ ព្រោះ​កន្លងមក​ពួកគាត់​បាន​ដាំ​កូន​ឈើ​នៅ​ខេត្ត​កែប​រាប់ពាន់​ដើម ប៉ុន្តែ​មួយ​ឆ្នាំ​ក្រោយ​មក ឈើ​ទាំង​នោះ​បាន​ងាប់​ទៅវិញ​គ្មាន​សល់ ដោយសារ​មិន​មាន​អ្នក​ថែទាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments