RFA | ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​សោកស្ដាយ​មិន​បាន​ជួបជុំ​គ្រួសារ​ក្នុង​ឱកាស​ពិធី​ចូល​ឆ្នាំ​ខ្មែរ | hot news

By , Comment
Share on Facebook Tweet on Twitter

មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​ទូទៅ​ បាន​រៀប​ចំ​តុបតែង​លម្អ​ផ្ទះសម្បែង ទិញ​គ្រឿង​ដង្វាយ​ថ្វាយ​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​ខាល​ទេពធីតា​ព្រះនាម «កិរិណីទេវី» ត្រូវ​ជា​បុត្រី​ទី៥​នៃ​កបិល​មហា​ព្រហ្ម។ ពលរដ្ឋ​ខ្លះ​ទៀត​ សប្បាយ​រីករាយ​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​សាច់ញាតិ​ និង​ថែមទាំង​បាន​នាំគ្នា​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ផង។ ប៉ុន្តែ​ ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​សង្វេគ​ចិត្ត​ និង​សោកស្ដាយ​ដែល​ពួកគាត់​មិន​បាន​ជួប​ជុំ​គ្រួសារ ដោយ​សារ​ប្ដី​ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន​ ចាប់​ដាក់​ពន្ធនាគារ​ព្រោះ​តែ​មាន​និន្នាការ​មិន​ស្រប​នឹង​រដ្ឋាភិបាល។

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​សោកស្ដាយ​ដែល​ក្នុង​ឱកាស​ចូលឆ្នាំ​ខ្មែរ​ឆ្នាំនេះ ពួកគាត់​នៅ​តែ​មិន​អាច​ជួប​ជុំ​គ្រួសារ​សាច់ញាតិ​បងប្អូន​ ដើម្បី​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ខ្មែរ​ដូច​គេ​គ្រប់​គ្នា ដោយសារ​តែ​ប្ដី​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ។

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​លោក ខាន់ ប៊ុនផេង គឺ​លោកស្រី​ សៀវ ហ្គិចផេង ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៤ មេសា​ថា អស់​រយៈ​ពេល ២ឆ្នាំ​មក​ហើយ​ ដែល​លោកស្រី​មិន​បាន​ជួប​ជុំ​ប្ដី​ក្នុង​ឱកាស​ពិធី​ចូល​ឆ្នាំ​ខ្មែរ។ លោកស្រី​បន្ត​ថា ក្នុង​ពិធី​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ​ គ្រួសារ​ស្រី ក៏​មិន​មាន​លទ្ធ​គ្រប់គ្រាន់​ទិញ​គ្រឿង​សម្ភារៈ ដើម្បី​រៀប​ចំ​ផ្ទះ​សម្បែង​ និង​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ដូច​គេ​គ្រប់​គ្នា​នោះ​ទេ។

លើស​ពី​នេះ លោកស្រី​ថា​លុយកាក់ ដែល​កូនចៅ​ជូន​បន្តិច​បន្តួច គឺ​លោកស្រី​បាន​សន្សំ​ទុក​គ្រាន់​ទិញ​ថ្នាំ​សង្កូវ​ ជូន​ប្ដី​ដែល​កំពុង​មាន​សុខភាព​កាន់​តែ​ទ្រុឌទ្រោម​នៅ​ក្នុង​ពន្ធនាគារ៖ «ខ្ញុំ​មិន​សប្បាយចិត្ត​ទេចំពោះ​ថវិកា​គ្មាន​ទេ​រក​បាន​តិចៗ​គ្រាន់​ញ៉ាំ។ ពិបាក​ចិត្ត​ពិបាក​ហួស​ក្រៃលែង​ហើយ​ឃើញ​គេ​ជួប​ជុំ​គ្នា​ហ្នឹង។ ប៉ុន្តែ​ ធ្វើ​ឱ្យ​ខ្ញុំ​មាន​ភាព​រឹងមាំ។ ខ្ញុំ​មិន​តក់​ស្លុត​ទេ ទោះបី​អត់​យ៉ាង​ណា​ក៏​ខ្ញុំ​មិន​ត្រដរ​គេ​ដែរ។ ខ្ញុំ​នៅ​តែ​រឹងមាំ មិន​តក់​ស្លុត​ទេ»

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ខាន់ ប៊ុនផេង បាន​ឈរ​ជា​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​បាន​ជាប់​ឆ្នោត​ចៅ​សង្កាត់​ព្រែក​ព្រះ​ស្ដេច ខេត្ត​បាត់ដំបង កាល​ពី​ឆ្នាំ២០១៧។ អាជ្ញាធរ​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​លោក និង​សមាជិក​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង​មួយ​រូប​ទៀត​គឺ លោក គង់ ម៉ាស់ ដាក់​ពន្ធនាគារ​ក្រោម​បទ​ចោទ​ដូចៗ គ្នាគឺ​បទ «រួម​គំនិត​ក្បត់» ពាក់ព័ន្ធ​ជាមួយ​ផែនការ​វិល​ចូល​ស្រុក​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ កាល​ពី​ដើម​ខែ​មករា ឆ្នាំ២០២១។

លោកស្រី សៀវ ហ្គិចផេង ថា ការ​ចាប់​ខ្លួន​ប្ដី​គឺ រឿង​អយុត្តិធម៌ ដោយសារ​លោកស្រី​អះអាង​ថា​ប្តី​លោកស្រី​គឺ​លោក ខាន់ ប៊ុនផេង មិន​បាន​ជួប​ជុំ​គ្នា​តវ៉ា​ ឬ​បង្កើត​ចលនា​គាំទ្រ​ណាមួយ​នៃ​ផែនការ​វិល​ចូល​ស្រុក​របស់​អ្នកស្រី មូរ សុខហួរ ឡើយ។

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត​គឺ​លោកស្រី ព្រុំ ចាន់ថា ថ្លែង​ថា លោកស្រី​សង្វេគ​ចិត្ត​ពេល​ឃើញ​គ្រួសារ​គេ​ផ្សេង​បាន​ជួបជុំ​សាច់ញាតិ​ បងប្អូន ក្នុង​ពិធី​ចូលឆ្នាំ​ខ្មែរ ប៉ុន្តែ​ប្តី​លោក​ស្រី​គឺ​លោក លោក កាក់ កុម្ភារ​ កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ទាំង​អយុត្តិធម៌។ លោកស្រី​បន្ត​ថា​ ក្រុម​គ្រួសារ​លោកស្រី​ក៏​គ្មាន​ថវិកា​ច្រើន​សម្រាប់​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ខ្មែរ ជាពិសេស​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​ជូន​សាច់ញាតិ​ដែល​បាន​ចែកឋាន​ ក្រោយ​ពី​អវត្តមាន​ប្ដី ដែល​ជា​ចន្ទល់​ក្នុង​គ្រួសារ៖ «ខ្ញុំ​មាន​អារម្មណ៍​ថា​ក្ដុកក្ដួល​ណាស់​រយៈពេល​២ឆ្នាំ​ហើយ​ ខ្ញុំ​មិនបាន​ជួបជុំ​គ្រួសារ​ខ្ញុំ​ទេ ភ្ជុំ​ក៏ដោយ ​ចូលឆ្នាំ​​ក៏ដោយ។ សោក​សង្រេង​តែ​មិន​ដឹង​ធ្វើ​ម៉េច! ប្រសិន​ជា​យើង​ព្យាយាម​សុំ​គេ​ដោះ​លែង​តែ​គេ​នៅ​តែ​មិន​ព្រម ដោះ​លែង​យើង​នៅ​តែ​ទទួល​យក​អំពើ​ទាំង​អយុត្តិធម៌ សម្រាប់​អាជ្ញាធរ​ចាប់​ប្ដី​ខ្ញុំ។ ខ្ញុំ​សូម​បួងសួង​ទេវតា​ស័ក្ដិសិទ្ធិ​ឆ្នាំ​ថ្មី សូម​ឱ្យ​គ្រួសារ​ខ្ញុំ​ជាប់​ក្នុង​ពន្ធនាគារ​សុខ​សប្បាយ​ មាន​សុខភាព​ល្អ ហើយ​ឆាប់​មាន​សេរីភាព ដើម្បី​ចិញ្ចឹម​គ្រួសារ និង​ធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ។ ខ្ញុំ​ក៏​សូម​បួងសួង​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំង​អស់ ថែរក្សា​ឃុំ​គ្រោង​គ្រួសារ​អ្នក​នយោបាយ​ទាំងអស់​សុខសប្បាយ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ដើម្បី​សុំ​អត្ថាធិប្បាយ​ពី​ស្ថានភាព​ក្នុង​ពន្ធនាគារ​ក្នុង​អំឡុង​ពិធី​ចូល​ឆ្នាំ​ខ្មែរ​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៤ មេសា។

បច្ចុប្បន្ន​មាន​សកម្មជន​បក្ស​ប្រឆាំង ​និង​អ្នក​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​ប្រមាណ ៦០​នាក់​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស។ ក្នុង​នោះ​សកម្មជន​មួយ​ចំនួន​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ក្ដី​ដាក់​ពន្ធនាគារ​ ៥​ឆ្នាំ ​ប៉ុន្តែ​ឱ្យ​អនុវត្ត​ទោស ៣ឆ្នាំ ៨ខែ ហើយ​ទោស​នៅ​សល់​ព្យួរ។ សកម្មជន​មួយ​ចំនួន​ទៀត កំពុង​ដំណើរ​ការ​ក្ដីក្ដាំ ពី​បទ​ញុះញង់ រួម​គំនិត​ក្បត់ និង ញុះញង់​មិន​ឱ្យ​យោធិន​ស្ដាប់​បង្គាប់​ ពាក់ព័ន្ធ​នឹង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក ​សម រង្សី កាល​ពី​ចុង​ឆ្នាំ២០១៩ និង​យុទ្ធនាការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​កាល​ពី​ឆ្នាំ២០១៨។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែន​ករុណា រិះគន់​ចំណាត់​ការ​របស់​អាជ្ញាធរ ដែល​បាន​ចាប់​ខ្លួន​សកម្មជន​នយោបាយ​ទាំង​នោះ​ដាក់​ពន្ធនាគារ​ថា ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ និង​ដើរ​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ។ លោក​បន្ត​ថា សំណុំ​រឿង​របស់​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នេះ​មិន​អាច​ដោះស្រាយ​តាម​ផ្លូវ​តុលា​បាន​ឡើយ ដោយ​លោក​ចាត់​ទុក​ថា​ជា​សំណុំ​រឿង​នយោបាយ។

អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ស្ថាប័ន​បាន​ចាត់​ទុក​រឿង​ក្ដី​ក្ដាំ​នេះ​ថា ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ និង​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​ជន​ជាប់​ឃុំ​ទាំង​នោះ​ឱ្យ​មាន​សេរីភាព​វិញ ដោយ​គ្មាន​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments