មន្ត្រីសង្គមស៊ីវិលរកឃើញថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីបាក់បេង (Pak Beng) ដែលជាគម្រោងខ្នាតធំលំដាប់ទី៣ របស់ប្រទេសឡាវ នឹងធ្វើឱ្យដងទន្លេមេគង្គកម្ពុជា រងផលប៉ះពាល់យ៉ាងច្រើន ដូចជាផ្នែកបរិស្ថាន គុណភាពទឹក និងជីវចម្រុះសំខាន់នានា។ សង្គមស៊ីវិលក៏ចង់ឃើញរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ថវិកាឱ្យបានច្រើន ចុះប្រមូលទិន្នន័យឱ្យបានច្បាស់លាស់អំពីធនធានធម្មជាតិ និងជីវចម្រុះនៃដងទន្លេមេគង្គរបស់ខ្លួន ដែលត្រូវរងផលប៉ះពាល់ដោយសារគម្រោងវារីអគ្គិសនីរបស់ប្រទេសឡាវ នេះ។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីបាក់បេង មានកម្លាំង ៩១២មេហ្កាវ៉ាត់ ដែលជាទំនប់វារីអគ្គិសនីខ្នាតធំលំដាប់ទី៣ របស់ប្រទេសឡាវ បន្ទាប់ពីទំនប់វារីអគ្គិសនីសាយ៉ាបូរី (Xayaburi) និងទំនប់វារីអគ្គិសនី ដន សាហុង (Don Sahong)។ គម្រោងថ្មីនេះមានទីតាំងនេះឋិតនៅចំណាយ ១,៤២៣គីឡូម៉ែត្រពីព្រំដែនប្រទេសកម្ពុជា ហើយកំពុងស្ថិតក្នុងការពិភាក្សាគ្នានៅឡើយរវាងប្រទេសជាប់ពាក់ព័ន្ធ និងអង្គការអន្តរជាតិនានា។
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា ហៅកាត់ថា NGO Forum លោក តឹក វណ្ណារ៉ា ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី២៣ ខែកុម្ភៈ ថា ទំនប់វារីអគ្គិសនីរបស់ប្រទេសឡាវ ដែលគ្រោងសាងសង់នៅលើតួមេនៃទន្លេមេគង្គនេះ នឹងបង្កឱ្យមានផលប៉ះពាល់ជាច្រើនទៅដល់ប្រជាជនកម្ពុជា និងប្រជាជនរស់នៅក្នុងអាងទន្លេមេគង្គទាំងមូល។
លោកបញ្ជាក់ថា ផលប៉ះពាល់ទាំងនោះ រួមមានធនធានជលផល លំហូរទឹកធ្លាក់ចុះខ្លាំងក្នុងរដូវប្រាំង ជីវចម្រុះ រួមទាំងសត្វផ្សោត បរិស្ថាននៃទន្លេ និងគុណភាពទឹកជាដើម៖ «សិក្សាអំពីបញ្ហាស្មុគស្មាញ ជីវចម្រុះ និងបរិស្ថានទន្លេមេគង្គសិន ក្រោយពីការសិក្សាហើយ ចាំយើមកពិភាក្សាថា តើគម្រោងហ្នឹងគួរបញ្ឈប់ ឬបន្ត»។
លោកបន្តថា ការទាញយកទឹកទន្លេមកផ្គត់ផ្គង់ប្រចាំថ្ងៃរបស់ប្រជាជនតាមដងទន្លេ រួមទាំងសត្វស្រុក និងសត្វព្រៃ ក៏ប្រឈមនឹងផលប៉ះពាល់ដែរ ជាពិសេសការធ្វើកសិកម្មនានា ក្នុងរដូវប្រាំង នឹងជួបបញ្ហាគ្មានទឹកប្រើប្រាស់ ស្រោចស្រពគ្រប់គ្រាន់នោះទេ ព្រោះកន្លងមកក្នុងរដូវប្រាំង ទន្លេមេគង្គកម្ពុជា បានក្លាយជាអាងស្ទើរតែគ្មានទឹក រហូតជំរុញឱ្យរដ្ឋាភិបាលធ្លាប់ស្នើឱ្យប្រទេសចិន បើកទំនប់ទឹក បង្ហូរមកអាងទន្លេមេគង្គក្រោម។
កិច្ចព្រមព្រៀងគណៈកម្មការទន្លេមេគង្គឆ្នាំ១៩៩៥ តម្រូវឱ្យប្រទេសតាមដងទន្លេត្រូវជូនដំណឹងទៅដល់ប្រទេសជាសមាជិកខ្លួនមុនសាងសង់ទំនប់វារីអគ្គិសនី។ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រទេសឡាវ បានផ្ញើឯកសារជាផ្លូវការស្ដីពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីបាក់បេង របស់ខ្លួនទៅកាន់គណៈកម្មការទន្លេមេគង្គ ដែលជាប្រទេសពាក់ព័ន្ធ ដូចជាកម្ពុជា និងវៀតណាម ជាដើម ហើយមកដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦ ទើបឯកសារនោះត្រូវបានទទួលស្គាល់ជាផ្លូវការ។ ក្រោយពីទទួលស្គាល់ជាផ្លូវការរួចមក ក្រុមប្រទេសជាសមាជិកគឺមានរយៈពេល ៦ខែ ដើម្បីពិគ្រោះយោបល់ពីផលប៉ះពាល់ ប្រមូលមតិ និងការព្រួយបារម្ភពីពលរដ្ឋ រួចហើយត្រូវបញ្ជូនឯកសារនោះទៅកាន់គណៈកម្មការទន្លេមេគង្គដែលមានលេខាធិការដ្ឋាននៅក្នុងប្រទេសឡាវ ដើម្បីបញ្ជូនបន្តទៅរដ្ឋាភិបាលឡាវ និងក្រុមហ៊ុនដែលទទួលសិទ្ធិវិនិយោគទំនប់វារីអគ្គិសនី ដើម្បីសិក្សាបន្តថា នឹងសាងសង់ ឬមិនសាងសង់។
ទោះជាយ៉ាងណា លោក តឹក វណ្ណារ៉ា បញ្ជាក់ថា នីតិវិធីតាមស្មារតីកិច្ចព្រមព្រៀងគណៈកម្មការទន្លេមេគង្គឆ្នាំ១៩៩៥ មិនដែលមានប្រសិទ្ធភាពឡើយ ជាក់ស្ដែងដូចករណីសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង របស់ប្រទេសឡាវ កន្លងមក របាយការណ៍របស់ប្រទេសជាសមាជិកដែលលើកឡើងអំពីក្ដីកង្វល់ និងការសិក្សាស្រាវជ្រាវរកឃើញផលប៉ះពាល់ផ្សេងៗ មិនត្រូវបានយកទៅគិតពិចារណា មុននឹងធ្វើការសាងសង់ទំនប់វារីអគ្គិសនីនោះទេ។
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា អំពាវនាវឱ្យប្រទេសជាសមាជិក ជាពិសេសរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យរដ្ឋាភិបាលឡាវ ផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គិសនីបាក់បេង មួយរយៈពេលសិន ដើម្បីធ្វើការសិក្សារួមគ្នាមួយឱ្យបានស៊ីជម្រៅ និងលំអិតអំពីផលប៉ះពាល់ផ្សេងៗ រួមទាំងផលប៉ះពាល់ជីវចម្រុះ ដែលនឹងកើតឡើងក្រោយគម្រោងនេះបញ្ចប់។
ក្រៅពីនោះ រដ្ឋាភិបាលកម្ពុជា គួរតែចំណាយថវិកាឱ្យបានច្រើន ដើម្បីអនុញ្ញាតឱ្យស្ថាប័នមួយចំនួនដូចជាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាភូមិន្ទកសិកម្ម អាជ្ញាធរ និងគណៈកម្មការទន្លេមេគង្គ និងអាជ្ញាធរទន្លេសាបជាដើម សហការគ្នាចុះសិក្សាស្រាវជ្រាវប្រមូលទិន្នន័យឱ្យបានច្បាស់លាស់មួយ ថាតើអាងទន្លេមេគង្គរបស់ប្រទេសកម្ពុជា មានធនធាន និងជីវចម្រុះអ្វីខ្លះដើម្បីយកទិន្នន័យទាំងនោះទៅបង្ហាញប្រទេសឡាវ និងប្រទេសជាសមាជិកផ្សេងទៀត ក្នុងការហាមឃាត់ប្រទេសឡាវ មិនឱ្យអភិវឌ្ឍគម្រោងសង់ទំនប់វារីអគ្គិសនីបាក់បេង។
ជាមួយគ្នានោះ មន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព ថ្លែងថា តាមគោលការណ៍ដែលព្រមព្រៀងគ្នារវាងប្រទេសជាសមាជិកទាំង៤ នៃទន្លេមេគង្គ គឺមុននឹងមានការអភិវឌ្ឍគម្រោងវារីអគ្គិសនីណាមួយនៅក្នុងអាងទន្លេមេគង្គ គឺត្រូវតែធ្វើការវាយតម្លៃផលប៉ះពាល់ឱ្យបានច្បាស់លាស់ជាមុនសិន៖ «គ្រោងនឹងអភិវឌ្ឍវារីអគ្គិសនីអីផ្សេងនៅអាងទន្លេមេគង្គ ស្នើឱ្យមានការសិក្សាពីផលប៉ះពាល់ឱ្យបានម៉ត់ចត់»។
លោកបន្តថា រយៈពេលកន្លងមកក៏មានកិច្ចប្រជុំស្ដីពីផលប៉ះពាល់នៃគម្រោងសាងសង់វារីអគ្គិសនីបាក់បេង នៅក្នុងប្រទេសឡាវ ដែរ។ មន្ត្រីនាំពាក្យរូបនេះលើកឡើងថា ថ្វីត្បិតលោកមិនមានព័ត៌មានលំអិតដែលអាចនិយាយអំពីទំហំនៃជីវចម្រុះ និងធនធានធម្មជាតិផ្សេងៗនៃទន្លេមេគង្គកម្ពុជា បច្ចុប្បន្ន ដែលអាចរងផលប៉ះពាល់ពីគម្រោងវារីអគ្គិសនីរបស់ឡាវ ប៉ុន្តែកន្លងមក ភាគីកម្ពុជា តែងតែលើកឡើងអំពីមតិយោបល់ប្រាប់ភាគីប្រទេសឡាវ។
លោក សៅ សុភាព ថ្លែងទៀតថា កម្ពុជាតែងប្រកាន់ខ្ជាប់ដើម្បីស្នើឱ្យប្រទេសដែលមានគម្រោងអភិវឌ្ឍវារីអគ្គិសនីតាមដងទន្លេមេគង្គ ត្រូវតែគិតគូរឱ្យបានម៉ត់ចត់អំពីផលប៉ះពាល់មុនធ្វើការអភិវឌ្ឍ។ ទោះជាយ៉ាងណា លោកថា គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីឈ្មោះបាក់បេង របស់ប្រទេសឡាវ កំពុងស្ថិតក្នុងការពិភាក្សាប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments