ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ជាលើកទីបីជាមួយតំណាងអង្គការសង្គមស៊ីវិល នៅថ្ងៃចន្ទ ទី២០ ខែមករា នេះ ដើម្បីបន្តពិភាក្សាលើការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ កិច្ចប្រជុំពិគ្រោះយោបល់នៅថ្ងៃនេះ អវត្តមានតំណាងសង្គមស៊ីវិលសំខាន់ៗ មួយចំនួន ដោយសារតែពួកគេជាប់រវល់ការងារតាមស្ថាប័នរៀងៗ ខ្លួន ក៏ប៉ុន្តែមានការចូលរួមពីតំណាងសង្គមស៊ីវិលដទៃទៀត ក្នុងនោះក៏រួមមានអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ហៅកាត់ថា CCC ដែលបានផ្ដួចផ្ដើមគំនិត និងស្នើឲ្យមានការកែប្រែច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ តំណាងសង្គមស៊ីវិល លើកឡើងថា ពួកគេចង់ឃើញក្រសួងមហាផ្ទៃ បង្កើតជាផែនទីបង្ហាញផ្លូវ ដើម្បីកំណត់ពេលវេលាច្បាស់លាស់អំពីដំណើរការនៃការធ្វើវិសោធនកម្មច្បាប់នេះ និងជៀសវាងកុំឲ្យមានការអូសបន្លាយពេលវេលានៃការធ្វើវិសោធនកម្មច្បាប់នេះ។ ក៏ប៉ុន្តែ សំណើនេះ ត្រូវខាងក្រសួងមហាផ្ទៃបដិសេធ ដោយលើកហេតុផលថា ខាងក្រសួងនឹងបន្តធ្វើតាមស្ថានការណ៍ជាក់ស្ដែង។
កន្លងមក ក្រោយពីមានការរិះគន់ពីសង្គមស៊ីវិលជាតិ និងសហគមន៍អន្តរជាតិ ជាពិសេសអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងសហភាពអឺរ៉ុប ជុំវិញការរឹតត្បិតលំហសេរីភាពអង្គការសង្គមស៊ីវិល តាមរយៈការអនុវត្តច្បាប់នេះ។
ក្រសួងមហាផ្ទៃ បានបើកឲ្យមានកិច្ចប្រជុំកិច្ចប្រជុំពិគ្រោះយោបល់ចំនួនពីរដង ជាមួយតំណាងអង្គការសង្គមស៊ីវិល គឺកាលពីដើមខែវិច្ឆិកា និងខែធ្នូឆ្នាំទៅ ដើម្បីប្រមូលធាតុចូល ធ្វើវិសោធនកម្មច្បាប់នេះ។ ក៏ប៉ុន្តែ កិច្ចប្រជុំពិគ្រោះយោបល់ទាំងពីរលើកនេះ មិនបានសម្រេចអ្វីជាដំកំភួននោះទេ ហើយការជជែកគ្នានោះ មានភាពយឺតយ៉ាវខ្លាំង ដោយសារតែក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យតំណាងអង្គការសង្គមស៊ីវិលដទៃទៀត ដែលមិនបានស្នើសុំឲ្យធ្វើវិសោធនកម្មច្បាប់នេះ ចូលរួមកិច្ចពិគ្រោះយោបល់ដែរ។
តំណាងសង្គមស៊ីវិលជាង ៥០០ស្ថាប័ន បានស្នើធ្វើវិសោធនកម្ម ឬលុបចោលមាត្រាមួយចំនួននៃច្បាប់នេះ ជាពិសេសពាក់ព័ន្ធនឹងការចុះបញ្ជីការ ការបញ្ឈប់ ឬផ្អាកសកម្មភាពអង្គការមិនមែនរដ្ឋាភិបាល ការកំណត់និយមន័យអំពីអព្យាក្រឹត្យភាពរបស់អង្គការសង្គមស៊ីវិលជាមួយគណបក្សនយោបាយជាដើម ដែលពួកគេមើលឃើញថា ជាការរឹតត្បិតលំហរសេរីភាពសង្គមស៊ីវិល។ ការកែប្រែច្បាប់នេះ គឺជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌជាច្រើននៃការទាមទារសំខាន់ៗ របស់គណៈកម្មការអឺរ៉ុប ប្រសិនបើកម្ពុជា មិនចង់បាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបនោះទេ។
ចាប់តាំងពីច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានប្រកាសឲ្យប្រើកាលពីពាក់កណ្ដាលឆ្នាំ២០១៥ មក របបក្រុងភ្នំពេញបានបញ្ឈប់សកម្មភាពរបស់ «បន្ទប់ស្ថានការណ៍» ដែលជាគម្រោងរបស់បណ្ដុំអង្គការសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតរបស់អង្គការ ខុមហ្វ្រែល បិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI របស់អាមេរិក ផ្អាកសកម្មភាពអង្គការសមធម៌កម្ពុជាមួយរយៈ ដែលធ្វើការពាក់ព័ន្ធជាមួយសហគមន៍ប៉ះពាល់ដោយសារការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនផលិតស្ករអំពៅ និងផ្អាកសកម្មភាពរបស់សហព័ន្ធនិស្សិត និងបញ្ញវន្តកម្ពុជា។
សូមលោកអ្នកនាងចុចស្ដាប់សំឡេងបទសម្ភាសន៍លោក មួង ណារ៉េត មួយជាមួយលោក សឿង សារឿន នាយកប្រតិបត្តិនៃអង្គការ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ហៅកាត់ថា CCC តាមប្រព័ន្ធទូរស័ព្ទ ជុំវិញលទ្ធផលចុងក្រោយនៃកិច្ចប្រជុំពិគ្រោះយោបល់ជាមួយខាងក្រសួងមហាផ្ទៃនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments