RFA | តុលាការ​ខេត្ត​តាកែវ​រង​ការ​រិះគន់​​ថា បំពាន​ច្បាប់​ចំពោះ​ការ​ឃុំ​លោក ភុន យុទ្ធ ហួស​ពេល​កំណត់ | hot news

By , Comment
Share on Facebook Tweet on Twitter

មន្រ្តី​សិទ្ធិមនុស្សរិះគន់​តុលាការ​ខេត្តតាកែវ​បន្ត​ឃុំ​លោក ភុន យុទ្ធ នៅ​ពន្ធនាគារ​​​ហួស​កាល​កំណត់​នៃ​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​កំពុង​បំពាន​គោលការណ៍​ច្បាប់ រំលោភ​សិទ្ធិ​របស់​ជនជាប់ចោទ​ជា​​ជន​ពិការ មាន​ជំងឺ​ប្រចាំកាយ។ គ្រួសារ និង​មន្រ្តី​សិទ្ធិមនុស្ស​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​ការចោទប្រកាន់ និង​ដោះលែង​លោក ភុន យុទ្ធ ឱ្យ​មាន​សេរីភាព​វិញ​ឱ្យ​បាន​ឆាប់។

មន្រ្តី​សិទ្ធិមនុស្ស​លើកឡើង​ថា រដ្ឋធម្មនុញ្ញ​រួម​ទាំង​គោលការណ៍​ច្បាប់​អន្តរជាតិ​តម្រូវ​ឱ្យ​សវនាការ​នៅ​តុលាការ​ត្រូវ​ធ្វើឡើង​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​ផលប្រយោជន៍​របស់​ជនជាប់ចោទ ប៉ុន្តែ​តុលាការ​ខេត្តតាកែវ​មិន​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ទៅលើ​សំណុំ​រឿង​របស់​លោក ភុន យុទ្ធ ដែល​ជា​ជន​ពិការ​នោះ​ទេ។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យិន ម៉េងលី ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី១២ ខែ​តុលា ថា មកដល់ពេលនេះ​លោក ភុន យុទ្ធ ដែល​ត្រូវ​តុលាការ​ខេត្តតាកែវ​ចោទប្រកាន់​លោក​ក្នុង​បទល្មើស​មជ្ឈិម ពាក់ព័ន្ធ​ការ​បញ្ចេញមតិ​នៅ​លើ​បណ្ដាញ​សង្គម​បាន​ជាប់​ពន្ធនាគារ​បណ្ដោះអាសន្ន​ជិត ៧ខែ​ហើយ។ លោក​បញ្ជាក់​ថា បើ​តាម​នីតិវិធី​ច្បាប់ គឺ​តុលាការ​មិន​អាច​ឃុំ​លើស​ពី​៦ខែ​ដោយ​មិន​ទទួល​បាន​ការ​ជំនុំជម្រះ​នោះ​ទេ។

លោក យិន ម៉េងលី៖ «ការ​ឃុំខ្លួន​គាត់​ហ្នឹង​រហូត​ដល់​៦ខែ ២១ថ្ងៃ អ៊ីចឹង​គាត់​គួរ​ទទួល​បាន​ការ​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ បើ​យើង​មើល​ទៅ​លើ​ទិដ្ឋភាព​ច្បាប់​ហ្នឹង ​ឃើញ​ថា ឃុំខ្លួន​លោក ភុន យុទ្ធ នេះ​មិន​បាន​អនុវត្ត​បញ្ញត្តិ​នៃ​ច្បាប់​ទេ »

ទាក់ទងរឿង​នេះ​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​តាកែវ​លោក ង៉ែត ដាវុធ ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១២ ខែតុលា។

មាត្រា២០៩ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ចែងថា​ថិរវេលា​នៃ​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន ​ចំពោះ​នីតិជន​ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទមជ្ឈិម មិន​អាច​លើស​ពី​៤ខែ​បាន​ទេ។ ប៉ុន្តែ​នៅពេល​ផុត​ថិរវេលា​នេះ ចៅក្រម​ស៊ើបសួរ​អាច​ពន្យារ​ពេល​ការ​ឃុំខ្លួន​បណ្ដោះអាសន្ន បាន​តែ​ម្ដង​គត់​មិន​ឲ្យ​លើស​ពី​២ខែ ដោយ​ដីកា​មាន​សំអាង​ហេតុ​ត្រឹមត្រូវ និង​ច្បាស់លាស់។ ហើយ​ថិរវេលា​នៃ​ការ​ឃុំខ្លួន​ខាងលើ​នេះ​មិន​ត្រូវ​លើស​ពី​ពាក់កណ្ដាល​នៃ​ទោស​អប្បបរមា ដែល​ច្បាប់​បាន​កំណត់​នោះ​ឡើយ តែ​បើ​កាលណា​ឃុំខ្លួន​លើស គឺ​ជា​ការ​ឃុំខ្លួន​ខុស​ច្បាប់។

លោក ភុន យុទ្ធ ត្រូវ​បាន​សមត្ថកិច្ច​ខេត្តតាកែវ​ចូល​ចាប់ខ្លួន​ដល់​ផ្ទះ​កាល​ពី​ថ្ងៃ​ទី១៩ ខែមីនា។ តុលាការ​ខេត្ត​នេះ​បាន​ចោទប្រកាន់​លោក​ពី​បទ​«ញុះញង់​ឱ្យ​មាន​ការរើសអើង» ហើយ​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​បណ្ដោះអាសន្ន​មក​ទល់​ពេល​នេះ។

ការ​ចាប់​ឃុំ​ខ្លួន និង​ចោទប្រកាន់​នេះ បន្ទាប់ពី​លោក​បាន​បង្ហោះ និង​ចែក​រំលែក​សារ​ជា​បន្តបន្ទាប់​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន ឈ្មោះ​«ខ្ញុំ​ចង់​បាន​អ្នកដឹកនាំ​ថ្មីៗ» ដោយ​រិះគន់​ខ្លាំងៗ​ចំពោះ​ការ​ដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំង​រិះគន់​លំហូរ​ពលរដ្ឋ​វៀតណាម​រស់​នៅ​កម្ពុជា​ខុស​ច្បាប់​ជាដើម។

លោក យិន ម៉េងលី មើលឃើញ​ថា ករណី​លោក ភុន យុទ្ធ ដែល​ជា​ជនពិការ និង​មាន​ជំងឺ​ប្រចាំ​កាយ​ទៀត​នោះ​ តុលាការ​មិន​គួរ​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ​តាំង​ពី​ដំបូង។ លោក​បញ្ជាក់​ថា ការឃុំខ្លួន​លោក ភុន យុទ្ធ ហួស​ពេល​កំណត់​នៃ​ច្បាប់​បែបនេះ មេធាវី​របស់​សមាគម​អាដហុក​បាន​ដាក់​ពាក្យ​សាលាដំបូង​ខេត្តតាកែវ ដើម្បី​ស្នើ​ឱ្យ​ដោះលែង​រូបលោក​ឱ្យ​មាន​សេរីភាព រួចហើយ​កាល​ពី​ថ្ងៃ​ទី១១ ខែតុលា។

លោក យិន ម៉េងលី៖ «ពិនិត្យ​មើល​ទៅ​លើ​ទិដ្ឋភាព​ច្បាប់​នេះ​ហ្នឹង សមាគម​បាន​ឱ្យ​មេធាវី​របស់​សមាគម​ដាក់​ស្នើ​ដោះលែង​លោក ភុន យុទ្ធ ឱ្យ​មាន​សេរីភាព​វិញ បើ​យើង​ពិនិត្យ​មើល​លើ​ក្របខណ្ឌ​នៃ​ច្បាប់ គឺ​មិន​អាច​ធ្វើ​ការ​ឃុំខ្លួន​គាត់​ឡើងវិញ​ទេ អ៊ីចឹង​សមាគម​សំណូមពរ​ទៅ​ដល់​លោក​ចៅក្រម​សូម​ដោះ​លែង​គាត់​ទៅ»

ជុំវិញ​រឿង​នេះ ប្រពន្ធ​លោក ភុន យុទ្ធ គឺ លោកស្រី មុំ វិត ប្រាប់​វិទ្យុអាស៊ីសេរី​ថា បច្ចុប្បន្ន​លោក ភុន យុទ្ធ កំពុង​ធ្លាក់ខ្លួន​ឈឺ​នៅក្នុង​ពន្ធនាគារ​ខេត្តតាកែវ ប៉ុន្តែ​លោកស្រី​ពុំ​មាន​ប្រាក់​សម្រាប់​ធ្វើ​សំណើ​ទៅ​សួរសុខទុក្ខ ឬ​ទិញ​ថ្នាំ​ពេទ្យ​ផ្ញើ​ឱ្យ​ប្តី​ទេ ខណៈ​កូនស្រី​យំ​នឹក​ឪពុក​រាល់ថ្ងៃ។ លោកស្រី​រិះគន់​តុលាការ​ខេត្តតាកែវ​ដែល​ចាប់​ប្តី​លោកស្រី​យក​ទៅ​ឃុំ​ទុកចោល​ ដោយ​មិន​ទាន់​យក​ទៅ​ជំនុំ​ជម្រះក្តី​​ថា ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​ដាក់​សម្ពាធ​ផ្លូវចិត្ត​យ៉ាង​ធ្ងន់ធ្ងរ។ ស្ត្រី​ដែល​ជា​ជន​ពិការ​រូប​នេះ​ទាមទារ​តុលាការ​ទម្លាក់​ចោល​ការចោទប្រកាន់ ហើយ​ដោះលែង​ប្តី​ឱ្យ​ត្រឡប់​មក​ជួប​ប្រពន្ធ​និង​កូន​វិញ។

លោកស្រី មុំ វិត៖ «សូម​តុលាការ​ខេត្តតាកែវ​ដោះលែង​គាត់​ទៅ និយាយ​ច្បាប់​ស្រុក​ខ្មែរ​នេះ​គឺ​ឃុំខ្លួន​គាត់​មិន​ត្រឹមត្រូវ​ទេ ចាប់​គាត់​ទៅ​ដាក់​ក្នុង​ពន្ធនាគារ​ដូច​ទុក​ចោល​សូន្យ​គ្មាន​ដំណឹង​ទេ»

កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៩ តុលាការ​ខេត្ត​សៀមរាប​បាន​ផ្ដន្ទាទោស​លោក ភុន យុទ្ធ ឱ្យ​ជាប់​ពន្ធនាគារ​១៨ខែ ពី​បទ​« ញុះញង់​ឱ្យ​មាន​ការរើសអើង និង​ជេរប្រមាថ​ជា​សាធារណៈ»  បន្ទាប់​ពី​បង្ហោះ​សារ​រិះគន់​ភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល និង​ទាមទារ​ឱ្យ​អតីត​នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ចុះចេញ​ពី​តំណែង។ ប៉ុន្តែ​អាជ្ញាធរ​បាន​ដោះលែង​លោក​ចេញ​ពី​ពន្ធនាគារ​ខេត្តសៀមរាប​កាល​ឆ្នាំ២០២០កន្លង​ទៅ បន្ទាប់ពី​សាលាឧទ្ធរណ៍​សម្រេច​ឱ្យ​លោក ភុន យុទ្ធ អនុវត្ត​ទោស​ត្រឹម៥ខែ​៨ថ្ងៃ ដោយ​ទោស​នៅ​សល់​ត្រូវ​ព្យួរ។

លោក ភុន យុទ្ធ បច្ចុប្បន្ន​វ័យ ៤០ឆ្នាំ គឺ​ជា​ជនពិការ​ជើង​ទាំង២ តាំង​ពី​កំណើត។ កាល​នៅ​មាន​សេរីភាព​លោក​ធ្លាប់​ប្រាប់​ថា មូលហេតុ​ដែល​លោក​បន្ត​បញ្ចេញមតិ​រឿង​អយុត្តិធម៌​សង្គម​ ដោយ​មិន​ខ្លាច​ជាប់​គុក​សាជាថ្មី ពីព្រោះ​លោក​ចង់​បាន​អ្នកដឹកនាំ​ប្រទេស​ល្អ​ដែល​គោរព​សិទ្ធិ​ពលរដ្ឋ និង​សង្គម​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments