RFA | កម្មករ​រោងចក្រ សឺពីយ៉ា នៅ​​ពោធិ៍សែនជ័យ ចូល​ធ្វើ​ការ​វិញ ក្រោយ​ថៅកែ​សន្យា​បើក​ប្រាក់​ឈ្នួល​ឱ្យ | hot news

By , Comment
Share on Facebook Tweet on Twitter

កម្មករ​រោងចក្រ សឺពីយ៉ា (SEPIA) ស្ថិតនៅ​ខណ្ឌ​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ ជិត ៤០០នាក់ ដែល​តវ៉ា តាំងពី​ថ្ងៃ​ទី​២៦ កុម្ភៈ មក បាន​នាំ​គ្នា​ចូល​ធ្វើ​ការ​វិញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កុម្ភៈ។

កម្មករ​ម្នាក់ លោក ហោ វាសនា ប្រាប់​ថា ភាគី​ថៅកែ បាន​គំរាម​ថា បើ​កម្មករ​មិន​ព្រម​ចូល​ធ្វើ​ការ​វិញ​ទេ ថៅកែ​នឹង​មិន​បើកប្រាក់​ឈ្នួល​ឱ្យ​រហូត។ លោក​បន្ត​ថា កម្មករ​បារម្ភ​បាត់បង់​ការងារ​ធ្វើ ទើប​បបួល​គ្នី​ចូល​ធ្វើ​ការ​វិញ​។ ទោះ​យ៉ាងណា ថៅកែ​ប្រាប់​ថា បើកប្រាក់​ឈ្នួល​ឱ្យ​កម្មករ​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ កុម្ភៈ តែ​មិន​បាន​បញ្ចូល​ប្រាក់​អត្ថប្រយោជន៍ ដូច​ខែ​មុនៗ ឡើយ។

លោក ហោ វាសនា ឱ្យ​ដឹង​ទៀត​ថា ប្រាក់​ឈ្នួល​ដែល​កម្មករ​ម្នាក់ៗ​បើក​បាន គឺ​ប្រហែល ១០០ ដុល្លារ ជា​ប្រាក់​ឈ្នួល​កន្លះ​ខែ សម្រាប់​ខែ​កុម្ភៈ ហើយ​នៅសល់​ប្រាក់​អត្ថប្រយោជន៍ ថ្លៃ​បាយ​ជាដើម មិន​ទាន់​ទទួល​បាន​ទេ។

រោងចក្រ សឺពីយ៉ា មាន​កម្មករ​សរុប​ប្រហែល​ប្រាំ​មួយ​រយ (៦០០) នាក់​។ កម្មករ​អះអាង​ថា មាន​កម្មករ​ប្រហែល​ជិត​បួន​រយ (៤០០) នាក់ តវ៉ា​មុខ​រោងចក្រ កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ ដោយសារតែ​ថៅកែ​បើកប្រាក់​ឈ្នួល​យឺត ដោយ​មិន​ប្រាប់​មូលហេតុ​។ កម្មករ​បន្ត​អះអាង​ថា ក្នុង​កិច្ចសន្យាការងារ ប្រាក់​ឈ្នួល​ត្រូវ​បើក​នៅ​ថ្ងៃ​ទី​២៥ រាល់​ខែ តែ​ដល់​ខែ​កុម្ភៈ​នេះ ផុត​ថ្ងៃ​ទី​២៥ ហើយ ថៅកែ​មិនទាន់​បើកប្រាក់​ឈ្នួល​ឱ្យ និង​មិន​ជូន​ដំណឹង​កម្មករ ទើប​មាន​ការ​តវ៉ា។

ថៅកែ​រោងចក្រ សឺពីយ៉ា ជា​ជនជាតិ​ចិន​។ កម្មករ​ថា រោងចក្រ​នេះ កាត់​ដេរ​ខោអាវ ខូវប៊យ តែ​កម្មករ ប្រាប់​ថា មិន​ស្គាល់​ម៉ាក​យីហោ​ទេ​។ រោងចក្រ​នេះ ដំណើរការ​ច្រើន​ឆ្នាំ​មក​ហើយ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកគ្រប់គ្រង​ទូទៅ​នៅ​រោងចក្រ សឺពីយ៉ា លោក ណៃ ឌឿន បាន​ទេ នៅ​ថ្ងៃ​ទី​២៩ កុម្ភៈ ដោយសារ​ទូរស័ព្ទ​មិន​អាច​ទទួល​ការ​ហៅ​ចូល​បាន។ តែ​យ៉ាងណា អ្នកគ្រប់គ្រង​ទូទៅ​នៅ​រោងចក្រ សឺពីយ៉ា រូប​នេះ បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក (VOD) ថា ប្រាក់​ឈ្នួល​ខែ​កុម្ភៈ យឺតយ៉ាវ ព្រោះ​លុយ ដែល​ថៅកែ​ផ្ញើ​នៅ​ធនាគារ​ក្នុង​ប្រទេស​ចិន មិន​ទាន់​អាច​បើក​បាន​តាម​កាល​កំណត់។ លោក​ថា ខាង​ធនាគារ​នៅ​ប្រទេស​ចិន​មិន​ធ្វើការ ដោយសារ​បញ្ហា​ជំងឺ​កូវីដ​-១៩ (Covid-19) ទើប​មាន​ការ​យឺតយ៉ាវ។

កម្មករ​លោក ហោ វាសនា ថ្លែង​ថា ក្រៅពី​ការ​បើក​លុយ​ឈ្នួល​យឺត រោងចក្រ​នេះ មិន​ទាន់​មាន​បញ្ហា​បញ្ឈប់ ឬ​ព្យួរ​ការងារ​កម្មករ ដោយសារ​វិបត្តិ​ខ្វះ​វត្ថុធាតុដើម ឱ្យ​កម្មករ​កាត់ដេរ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments