RFA | អ្នកឃ្លាំមើល ស្នើ​អាជ្ញាធរ​ឱ្យ​បង្ហាញ​ការ​ស៊ើបអង្កេត​លើ​ទីប្រឹក្សា​លោក ហ៊ុន សែន ពាក់ព័ន្ធ​ករណី​ទទួល​លុយ​រត់​ការ​ឡើង​តំណែង | hot news

By , Comment
Share on Facebook Tweet on Twitter

ក្រុម​អ្នកឃ្លាំមើល និង​មន្ត្រី​បក្ស​ប្រឆាំង ជំរុញ​អាជ្ញាធរ​ឱ្យ​បង្ហាញ​ព័ត៌មាន​អំពី​ការ​ចាត់​វិធានការ​ច្បាប់ លើ​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ២នាក់ គឺ​លោក លី សាម៉េត និង​លោក ដួងតារា ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​របស់​មហាជន អំពី​ការ​អនុវត្ត​ច្បាប់​ដែល​អាច​មាន​ស្តង់ដារ​ពីរ។ ការ​លើកឡើង​បែប​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន ​បញ្ជា​ឱ្យ​ចាប់​ឃាត់​ខ្លួន​លោក លី សាម៉េត អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ មិន​បាន​ផ្សព្វផ្សាយ​ពី​បច្ចុប្បន្នភាព ដែល​ខុស​ពី​ការ​ចាប់ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស និង​នយោបាយ​កន្លង​មក។

គិតត្រឹមថ្ងៃទី១២ ខែ​តុលា នេះ អាជ្ញាធរ​នៅ​មិន​ទាន់​បង្ហាញ​ពី​បច្ចុប្បន្នភាព ក្នុង​សំណុំរឿង​តាម​ចាប់ខ្លួន​ទីប្រឹក្សា​លោក ហ៊ុន សែន គឺ​លោក លី សាម៉េត នៅ​ឡើយ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១២ ខែ​តុលា ថា ទោះបី​នីតិវិធី​របស់​នគរបាល​ក្នុង​អំឡុង​ពេល​ស៊ើបអង្កេត​ត្រូវ​រក្សា​ការ​សម្ងាត់ តែ​ព័ត៌មាន​មួយ​ចំនួន គួរតែ​ត្រូវ​បាន​ផ្សព្វផ្សាយ ដើម្បី​ឱ្យ​ពលរដ្ឋ​តាមដាន​ដោយ​ស្ងប់ចិត្ត ចៀសវាង​ការ​សង្ស័យ​ពី​ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ។

លោក រ៉ុង ឈុន៖ «ហើយ​យើង​ឃើញ​ថា អាជ្ញាធរ​អនុវត្ត​មក​លើ​សកម្មជន​សង្គម ក៏​ដូចជា អ្នក​នយោបាយ ឃើញ​ថា ហាក់​បី​ដូចជា​មាន​ការ​យកចិត្តទុកដាក់​ខ្លាំង ហើយ​មិន​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន ហើយ​ក៏​បង្ហាញ​ព័ត៌មាន​បាន​ទូលំទូលាយ។ យើង​ចង់​ឃើញ​ការ​អនុវត្ត​ឱ្យ​មាន​ភាព​ស្មើ​មុខ​គ្នា នៅ​ចំពោះ​មុខ​ច្បាប់ ដូច​ដែល​អ្វី​បាន​កំណត់​នៅ​ក្នុង​ច្បាប់»

កាលពី​ថ្ងៃ​ទី៧ ខែ​តុលា លោក ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក ដោយ​អះអាង​ថា លោក លី សាម៉េត តែង​ប្រើ​ឈ្មោះ​របស់​លោក ដើម្បី​ឆបោក​លុយ​គេ ដោយ​ក្នុង​នោះ មាន​ការ​បោក​លុយ​ពី​ឈ្មោះ សុខ ឡេង ចំនួន ១០លាន​ដុល្លារ កាល​ពី​ឆ្នាំ២០២២ និង​ក្រោយ​មក ពី​អនុ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មូលដ្ឋាន​ខេត្ត​ព្រះវិហារ លោក មួង ឃីម ចំនួន ២៣ម៉ឺន​ដុល្លារ។

លោក ហ៊ុន សែន អះអាង​ទៀត​ថា លោក​បាន​ទទួល​វីដេអូ​ពី​អភិបាល​ស្រុក​ល្វាឯម លោក កន សុខកាយ ដោយ​ប្រាប់​ថា លោក លី សាម៉េត បាន​យក​ប្រាក់​ពី​លោក​ចំនួន ៣០ម៉ឺន​ដុល្លារ ដើម្បី​រត់ការ​ឱ្យ​បាន​តំណែង​ជា​អភិបាល​ក្រុង​អរិយក្សត្រ។ ក៏ប៉ុន្តែ មួយ​ថ្ងៃ​ក្រោយ​មក លោក កន សុខកាយ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ចប់​តំណែង​ពី​អភិបាល​ស្រុក​ល្វាឯម ក្រោម​ហេតុផល​ថា “ប្រព្រឹត្ត​កំហុស​ក្រុម​សីលធម៌ និង​វិជ្ជាជីវៈ​ធ្ងន់ធ្ងរ”។

កាលពី​ថ្ងៃ​ទី៨ ខែ​តុលា សមត្ថកិច្ច​បាន​ឆ្មក់​ចូល​ត្រួតពិនិត្យ​គេហដ្ឋាន​របស់​លោក លី សាម៉េត នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ កាលពី​ថ្ងៃ​ទី៨ ខែ​តុលា ប៉ុន្តែ​មិន​ឃើញ​លោក លី សាម៉េត នៅ​ក្នុង​ផ្ទះ​ឡើយ។ ចាប់តាំង​ពី​ពេល​នោះ​មក មិន​មាន​ការ​ចុះផ្សាយ​អំពី​បច្ចុប្បន្នភាព ក្នុង​ការ​តាម​ចាប់​ខ្លួន​លោក លី សាម៉េត ឡើយ រហូត​សមត្ថកិច្ច​ចាប់ខ្លួន​ជំនួយការ​ផ្ទាល់​របស់​លោក ហ៊ុន សែន និង​ជា​ដៃគូ​ជិតស្និទ្ធ​ជាមួយ​លោក លី សាម៉េត គឺ​លោក ដួង តារា ដើម្បី​យក​ទៅ​សាកសួរ តាម​បណ្ដឹង​របស់​ប្រជាពលរដ្ឋ កាលពី​ថ្ងៃ​ទី១០ ខែ​តុលា។

ទោះជា​យ៉ាង​ណា​ក្ដី មិន​ខុស​ពី​ករណី​លោក លី សាម៉េត ឡើយ ការ​ចាប់ខ្លួន​របស់​លោក ដួង តារា ក្រោយ​មក​នេះ អាជ្ញាធរ​បាន​អនុវត្ត​ច្បាប់​យ៉ាង​ស្ងប់ស្ងាត់ ដោយ​មិន​បញ្ចេញ​ព័ត៌មាន​ពី​ករណី​បទ​ចោទ ឬ​ដំណើរការ​នីតិវិធី​នោះ​ឡើយ។

ទាក់ទិន​រឿង​នេះ អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ បាន​រុញ​ឱ្យ​វិទ្យុ​អាស៊ី​សេរី ទាក់ទង​ទៅ​កាន់​ស្ថាប័ន​ប៉ូលិស និង​តុលាការ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា និង​អ្នក​នាំ​ពាក្យ​សាលាដំបូង លោក អ៊ី រិន្ទ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១២ ខែតុលា ដោយ​ទូរស័ព្ទ​ហៅ​ចូល​ជា​ច្រើន​ដង តែ​គ្មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញ​ថា ក្នុង​ការ​អនុវត្ត​ច្បាប់​លើ​លោក លី សាម៉េត និង​លោក ដួង តារា អាជ្ញាធរ​ហាក់​មាន​ការ​ប្រយ័ត្ន​ប្រយែង និង​មិន​ហ៊ាន​ផ្សព្វផ្សាយ​លើស​ពី​ដែន​របស់​ខ្លួន​នោះ​ទេ បើ​គ្មាន​បញ្ជា​ពី​ថ្នាក់​ដឹកនាំ​កំពូល។ ទោះ​យ៉ាងណា លោក សេក សុជាតិ លើកឡើង​ថា អាជ្ញាធរ គួរតែ​រក​វិធី​ផ្សព្វផ្សាយ​ព័ត៌មាន​ណាមួយ ដែល​មិន​ប៉ះពាល់​ដល់​ការងារ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច ដើម្បី​ឱ្យ​សាធារណជន​បាត់​ការ​សង្ស័យ។

លោក សេក សុជាតិ៖ «ដូច្នេះ​ការ​ផ្ដល់​ព័ត៌មាន​ទៅ​លើ​បុគ្គល​សំខាន់ៗ ទាំង​ពីរ​រូប​នេះ គួរតែ​មាន​ច្រក​ណា​មួយ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹងឮ​ជា​សាធារណៈ ហើយ​ក៏​ជា​មេរៀន និង​ជា​បទពិសោធន៍​មួយ​ដែល​ចែករំលែក​ទៅ​ដល់​ភាគី​ផ្សេងៗ​ទៀត ទោះបីជា​មាន​ឥទ្ធិពល​និង​អំណាច​ប៉ុណ្ណា​ក៏​ដោយ ក៏​ត្រូវ​បាន​អនុវត្ត​ច្បាប់​ឱ្យ​ស្មើ​ភាព​គ្នា​ដែរ»

មន្ត្រី​បក្ស​ប្រឆាំង ទទូច​ដល់​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​បង្ហាញ​ព័ត៌មាន​ពី​បច្ចុប្បន្ន នៃ​ចំណាត់​ការ​លើ​បុគ្គល​ជំនិត​លោក ហ៊ុន សែន ទាំង​ពីរ​រូប​នេះ ដើម្បី​ឱ្យ​ពលរដ្ឋ​ជឿជាក់​ថា អាជ្ញាធរ​ពិតជា​បាន​អនុវត្ត​វិធានការ​ច្បាប់​ទៅ​លើ​បុគ្គល​ទាំង​នោះ ដូច​ការ​ធ្វើ​ដាក់​ទៅ​លើ​ពលរដ្ឋ​សាមញ្ញ ជាពិសេស សកម្មជន​សង្គម និង​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments