វេជ្ជបណ្ឌិតកំពុងស្វះស្វែងបណ្តុះអង្គបដិប្រាណមានសមត្ថភាពខ្លាំងក្នុងការប្រយុទ្ធនឹងជំងឺនៅក្នុងបំពង់ពិសោធន៍ ហើយប្រើអង្គបដិប្រាណនេះប្រឆាំងនឹងជំងឺកូវីដ១៩។ ការព្យាបាលដែលគេហៅថា monoclonal antibody treatment គឺព្យាបាលតាមអង្គបដិប្រាណប្រដូចនេះអាចប្រើជាឱសថសម្រាប់អ្នកជំងឺផ្ទុកវីរុសកូរ៉ូណាដែលបណ្តាលឱ្យមានជំងឺកូវីដ១៩និងជាប្រើជាវិធីមួយ ដើម្បីបញ្ចៀសកុំឱ្យមានការចម្លងរោគនេះដល់គ្រូពេទ្យជួរមុខនិងមនុស្សឯទៀតដែលមានហានិភ័យខ្ពស់។ គេរំពឹងថា មានក្រុមហ៊ុនយ៉ាងតិច៦នឹងធ្វើតេស្តអង្គបដិប្រាណនេះជាមួយពួកអ្នកជំងឺកូវីដ១៩ក្នុងរដូវក្តៅនេះ។ Monoclonal antibodies គឺអង្គបដិប្រាណប្រដូចនេះបានបង្ហាញថា វាជាសារធាតុមានកម្លាំងខ្លាំងប្រឆាំងនឹងជំងឺ ដោយមានរួមបញ្ចូលជំងឺមហារីកនិងជំងឺរលាកខូចសន្លាក់។ ការព្យាបាលថ្មីប្រឆាំងនឹងជំងឺ Ebola កំពុងត្រូវពិនិត្យសើរើជាថ្មីនៅឯមន្ទីររដ្ឋបាលសហរដ្ឋអាមេរិកខាងម្ហូបអាហារនិងឱសថ។ អង្គបដិប្រាណមានប្រៀបជាងឱសថធម្មតាដែលនាំឲ្យវានៅជិតជួរមុខនៃវិធីព្យាបាលជំងឺថ្មីមួយចំនួនដែលកំពុងធ្វើដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩។ ការផលិតអង្គបដិប្រាណមានល្បឿនលឿនគួរសមតាមរយៈបច្ចេកវិទ្យាដែលបានត្រូវបង្កើតឡើងកាលពី១០ទៅ១៥ឆ្នាំមុននេះ។ លោកស្រី Laura Walker ជានាយិកាខាងវិទ្យាសាស្ត្រអង្គបដិប្រាណនៅឯក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ Adimab។ លោកស្រីបាននិយាយថា៖ «ដំណើរការទាំងស្រុងនៃការបង្កើតអង្គបដិប្រាណសម្រាប់គ្លីនិកចាប់តាំងពីការយកសំណាកឈាមរហូតដល់មានអង្គបដិប្រាណគឺមានរយៈពេលប្រមាណបីខែ»។ លោកស្រី Walker បាននិយាយថា ការធ្វើតេស្តអំពីសុវត្ថិភាពទើបចាប់ផ្តើមធ្វើក៏ដោយ ក៏ការព្យាបាលដោយអង្គបដិប្រាណជាទូទៅមានសុវត្ថិភាពគួរសម។ លោកស្រីបានកត់សម្គាល់ថា៖ «មនុស្សគ្រប់គ្នាផលិតអង្គបដិប្រាណតាមធម្មជាតិ»។ លោកស្រី Walker បានថ្លែងបន្ថែមថា ដូច្នេះយោងតាមផ្នែកមួយនៃការសិក្សាហ្មត់ចត់អំពីប្រព័ន្ធការពារខ្លួនប្រាណមនុស្ស «អង្គបដិប្រាណប្រដូចគឺ monoclonal antibody នឹងមានប្រសិទ្ធភាពគួរសម»។ អង្គបដិប្រាណជាផ្នែកសំខាន់មួយនៃប្រព័ន្ធការពារខ្លួនមនុស្សប្រឆាំងនឹងជំងឺ។ អង្គបដិប្រាណការពារខ្លួនមនុស្ស ដោយភ្ជាប់ខ្លួនវានឹងមេរោគឈ្លានពាន។ នៅក្នុងករណីវីរុស អង្គបដិប្រាណរារាំងវីរុសមិនឱ្យចូលក្នុងកោសិកាបណ្តាលឱ្យមានការឆ្លងរោគ។ ការផ្អាកថ្នាំវ៉ាក់សាំង លោក Joe Jardine ធ្វើការនៅឯអង្គការ IAVI ដែលជាអង្គការស្រាវជ្រាវវិទ្យាសាស្ត្រមិនយកកម្រៃ។ លោកនិយាយថា វ៉ាក់សាំងធ្វើការឆ្លើយតបនឹងមេរោគដូចអង្គបដិប្រាណដែរ។ លោកនិយាយថា ដោយសារគ្មានវ៉ាក់សាំងសម្រាប់ជំងឺកូវីដ១៩ «យើងរំលងវិធានការបង្កើតវ៉ាក់សាំង ហើយយើងផលិតអង្គបដិប្រាណទាំងនេះដោយផ្ទាល់»។ អង្គបដិប្រាណភាគច្រើនបានមកពីពួកមនុស្សដែលបានជាពីការឆ្លងជំងឺកូវីដ១៩។ឈាមរបស់ពួកជនទាំងនេះមានអង្គបដិប្រាណច្រើន ព្រោះហេតុនេះហើយបានជាវេជ្ជបណ្ឌិតធ្វើតេស្តថាតើប្លាស្មារបស់ពួកមនុស្សដែលជាពីជំងឺកូវីដ១៩ អាចព្យាបាលជំងឺនេះឬអាចបញ្ចៀសកុំឱ្យមានការឆ្លងបានឬទេ។ ប្លាស្មាអង្គបដិប្រាណនេះគឺជា ផ្នែកមួយនៃឈាមមនុស្សដែលជាពីការឆ្លងជំងឺនេះ។ ក៏ប៉ុន្តែការប្រមូលប្លាស្មាអង្គបដិប្រាណឱ្យបានគ្រប់គ្រាន់ដើម្បីព្យាបាលអ្នកជំងឺច្រើននាក់គឺជា ការងារធំមួយហើយ គេត្រូវពិនិត្យប្លាស្មានេះក្រែងអ្នកផ្តល់ប្លាស្មាអង្គបដិប្រាណនេះមានជំងឺផ្សេងទៀត។ ឈាមរបស់អ្នកជំងឺដែលជាពីរោគនេះក៏មានកោសិកាដែលផលិតអង្គបដិប្រាណច្រើនដែរ។ កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ មានការរកឃើញបច្ចេកវិទ្យា ដែលអាចបែងចែកកោសិការាប់លាន ដោយចម្រាញ់យកកោសិកាដែលផលិតអង្គបដិប្រាណមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគណាមួយ។កោសិកាទាំងនេះបង្កើតគ្រឹះសម្រាប់បណ្តុះអង្គបដិប្រាណដ៏ច្រើន។ អ្នកជំងឺអាចទទួលការព្យាបាលដោយការចាក់បញ្ចូលក្នុងសាច់ ឬការចាក់បញ្ចូលតាមសរសៃឈាម។ រហូតមកដល់ពេលនេះ មានក្រុមហ៊ុនពីរបានធ្វើការសាកល្បងរបៀបព្យាបាលដោយប្រើអង្គបដិប្រាណ ប្រដូច monoclonal antibody សម្រាប់ពួកអ្នកជំងឺកូវីដ១៩ដែលដេកព្យាបាលជំងឺក្នុងមន្ទីរពេទ្យ។ គេរំពឹងថា យ៉ាងហោចណាស់មានក្រុមហ៊ុនបួនទៀតនឹងចាប់ផ្តើមធ្វើតេស្តនៅរដូវក្រៅនេះផងដែរ។ អង្គបដិប្រាណក៏អាចត្រូវប្រើដើម្បីផ្តល់ការការពារបណ្តោះអាសន្នដូចថ្នាំវ៉ាក់សាំងដែរ ដើម្បីប្រឆាំងនឹងការឆ្លងជំងឺ។ លោក Joe Jardine បាននិយាយថា៖ «នេះអាចជាវិធីបណ្តោះអាសន្នមួយដើម្បីដោះស្រាយការឆ្លងជំងឺនេះ» សម្រាប់ពួកពេទ្យឬពួកមនុស្សងាយរងគ្រោះ នៅពេលពួកគេកំពុងរកថ្នាំវ៉ាក់សាំងឬវាអាចជាការពារមនុស្សចាស់ដែលការប្រើថ្នាំវ៉ាក់សាំងគ្មានប្រសិទ្ធភាពសម្រាប់ពួកគាត់។ ការការពារនេះអាចមានរយៈពេលប្រមាណមួយខែហើយអាចមានដល់៦ខែ។ ក្រុមរបស់លោកស្រី Laura Walker បានដាក់អង្គបដិប្រាណមួយចំនួនឱ្យនៅដាច់ពីគេដែលមិនគ្រាន់តែរារាំង វីរុសកូរ៉ូណាដែលបណ្តាលឱ្យមានជំងឺកូវីដ១៩ប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏អាចរារាំងមេរោគដែលបាននាំឱ្យមានការរាត្បាតនៃជំងឺ SARS កាលពីឆ្នាំ២០០៣ និងវីរុសកូរ៉ូណាដែលគេរកឃើញនៅក្នុងសត្វប្រចៀវផងដែរ។ ក្នុងរយៈពេលតិចជាងពីរទសវត្សរ៍ វីរុសកូវីដ១៩ជាវីរុសកូរ៉ូណាទីបី ដែលបានលេចចេញពីសត្វព្រៃបណ្តាលឱ្យមនុស្សស្លាប់។ មានវីរុសបែបនេះច្រើនទៀតនៅក្នុងសត្វប្រចៀវនិងសត្វឯទៀតៗ។ នៅពេលដែលមនុស្សចូលទន្ទ្រានកាន់តែច្រើននៅកន្លែងរស់នៅនៃពពួកសត្វព្រៃ មនុស្សក៏ប្រឈមនឹងវីរុសកាន់តែច្រើនដែរ។ លោកស្រី Laura Walker បានថ្លែងថា៖« សឹងតែប្រាកដណាស់ថា យើងនឹងឃើញមានការរាតត្បាតដូចនេះទៀតក្នុងពេលអនាគត។ អ្វីដែលយើងចង់បាននោះគឺ មិនមែនគ្រាន់តែអង្គបដិប្រាណដែលប្រឆាំងនឹងវីរុសនៅពេលបច្ចុប្បន្ននេះប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងចង់បានអង្គបដិប្រាណប្រឆាំងនឹងវីរុសមានការទាក់ទិននឹងវីរុសនេះហើយដែលនឹងកើតមានក្នុងពេលអនាគតផងដែរ»។ លោកស្រី Walker សង្ឃឹមថា នឹងចាប់ផ្តើមការសាកល្បងខាង គ្លីនិកនៅចុងឆ្នាំនេះ៕ ប្រែសម្រួលដោយលោក ឈឹម សុមេធ http://ifttt.com/images/no_image_card.png
From អន្តរជាតិ - Voice of America
via_IFTTT
Home
អន្តរជាតិ - Voice of America
ក្រុមវេជ្ជបណ្ឌិតសង្ឃឹមថា អង្គបដិប្រាណបង្កើតក្នុងមន្ទីរពិសោធន៍អាចព្យាបាលជំងឺកូវីដ១៩បាន
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments