RFA | តំណាង​រដ្ឋាភិបាល​ថា លោក ហ៊ុន ម៉ាណែត ពន្យល់​មេដឹកនាំ​វៀតណាម និង​ឡាវ អំពី​មូលហេតុ​នៃ​ការ​ដក​ខ្លួន​ចេញ​ពី CLV-DTA | hot news

By , Comment
Share on Facebook Tweet on Twitter

អ្នកនាំពាក្យ​រដ្ឋាភិបាល បញ្ជាក់​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ពន្យល់​មេដឹកនាំ​ប្រទេស​វៀតណាម និង​ឡាវ អំពី​មូលហេតុ នៃ​ការ​ដក​ខ្លួន​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA ក្នុង​ពេល​លោក ហ៊ុន ម៉ាណែត បាន​ចូលរួម​កិច្ចប្រជុំ​អាស៊ាន លើកទី៤៤ និង​៤៥ នៅ​ទីក្រុង​វៀងចន្ទន៍ (Vientiane) ប្រទេស​ឡាវ (Laos) កាលពី​ពេល​ថ្មីៗ នេះ។ មន្ត្រី​បក្ស​ប្រឆាំង​ថា រដ្ឋាភិបាល​គួរតែ​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្បាស់​លាស់ អំពី​ការ​បញ្ចប់​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV និង​ដោះលែង​អ្នក​ជាប់​ឃុំ ដោយ​សារ​បញ្ហា CLV ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោក តាន់ ហ្សង់ហ្វ្រង់ស័រ ឆ្លើយតប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន ក្នុង​សន្និសីទ​កាសែត ស្ដីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​អាស៊ាន​លើកទី ៤៤ និង​៤៥ នៅ​ថ្ងៃទី ១១ ខែ​តុលា​ថា ក្នុង​ជំនួប​ទទួល​ទាន​អាហារ​ត្រីភាគី​រវាង​កម្ពុជា ឡាវ និង​វៀតណាម កាល​ពី​ថ្ងៃទី៩ ខែ​តុលា លោក ហ៊ុន ម៉ាណែត បាន​ពន្យល់​ភាគី​វៀតណាម និង​ឡាវ​អំពី​មូលហេតុ ដែល​កម្ពុជា​ដក​ខ្លួន​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ហើយ​មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ ក៏​យោគយល់​ពី​មូលហេតុ​នេះ​ដែរ។ លោក ថា ជា​ធម្មតា​ក្នុង​នាម​អតីត​ភាគី នៃ​កិច្ច​សហប្រតិបត្តិការ CLV កម្ពុជា​ត្រូវ​តែ​ពន្យល់​ដោយ​ផ្ទាល់​ពី​មូលហេតុ​នៃ​ការ​ដក​ខ្លួន។ 

លោក  តាន់ ហ្សង់ហ្វ្រង់ស័រ៖ «ទាំង​ភាគី​វៀតណាម ទាំង​ភាគី​ឡាវ​សុទ្ធ​តែ​យល់​ពី​មូលហេតុ ដែល​បាន​ជំរុញ​ឲ្យ​កម្ពុជា ​ដក​ខ្លួន​ចេញ​ពី​ CLV-DTA ហើយ​មូលហេតុ​នោះ គឺ​សម្ដេច​ធិបតី​បាន​រំលឹក​ឡើង​វិញ ខ្ញុំ​មិន​បាច់​រំលឹក​ឡើង​វិញ​ទេ ហេតុអ្វី​បាន​ជា​កម្ពុជា​ដក​ខ្លួន​ចេញ​ពី CLV-DTA»

នេះ​ជា​ជំនួប​រវាង​មេដឹកនាំ​កម្ពុជា ឡាវ និង​វៀតណាម លើក​ទី​១​ហើយ ក្រោយ​ពី​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន បាន​ប្រកាស​ថា កម្ពុជា​បញ្ចប់​ការ​ចូលរួម​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLVចាប់​ពី​ថ្ងៃ​ទី២០ ខែកញ្ញា ឆ្នាំ២០២៤ តទៅ។

ការ​បញ្ចប់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ក្របខ័ណ្ឌ CLV នេះ គឺ​ក្រោយ​ពេល​ពលរដ្ឋ​ខ្មែរ​នៅ​តាម​ប្រទេស​ជាច្រើន ដូចជា​កូរ៉េ​ខាង​ត្បូង (South Korea) ជប៉ុន (Japan) អូស្ត្រាលី (Australia) និង​សហរដ្ឋ​អាមេរិក (United States) ជា​ដើម បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់​ប្រឆាំង​នឹង​គម្រោង CLV នេះ ។

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ែន សុថាវរិន្ទ្រ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១២ ខែតុលា​ថា រដ្ឋាភិបាល​នៅ​មិន​ទាន់​ពន្យល់​អំពី​ការ​បញ្ចប់​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ឲ្យ​ពលរដ្ឋ​យល់​ច្បាស់​នៅ​ឡើយ​ទេ។ លោក​ថា បញ្ហា​នេះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​តែ​បន្ត​ការ​តវ៉ា​ទាមទារ​រដ្ឋាភិបាល ឱ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ដោយ​សារ​បញ្ហា CLV ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

លោក ម៉ែន សុថាវរិន្ទ្រ៖ «ចូល​តាម​សភា​ឲ្យ​ចេញ​វិញ​តាម​សភា អីចឹង​ហើយ​កន្លែង CLV ហ្នឹង​ទាំង​អស់​ហ្នឹង ត្រូវ​តែ​ក្រុមហ៊ុន​វៀតណាម ឬ​ក្រុមហ៊ុន​ចិន ដែល​នៅ​ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ត្រូវ​តែ មើល​គម្រោង​ឲ្យ​មែន​ទែន ហើយ​ដក​ឲ្យ​ពិត​ប្រាកដ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​អត់​ដឹង​ច្បាស់​លាស់​ បើ​មិន​អីចឹង​ទេ ធ្វើ​អ្វី​មិន​កើត​ទេ បាន​ន័យ​ថា កុហក​គេ»

អង្គការ​លីកាដូ​រក​ឃើញ​ថា មាន​មនុស្ស​យ៉ាងតិច ១០០នាក់ ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​នោះ​ជាង ៦០នាក់​ ត្រូវ​បាន​ចោទ​ប្រកាន់ និង​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន ពាក់ព័ន្ធ​នឹង​រឿង CLV នេះ។ អ្នក​ជាប់​ឃុំ​ទាំង​នោះ​មាន​អាយុ​ចន្លោះ​ពី ១៦ឆ្នាំ ដល់ ៧០ឆ្នាំ ហើយ​ពួក​គេ​ភាគ​ច្រើន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់។

ទោះជា​លោក ហ៊ុន សែន បាន​ប្រកាស​ដក​កម្ពុជា​ចេញ​ពី CLV ក៏​ដោយ ក៏​អ្នក​និយម​ប្រជាធិបតេយ្យ នៅតែ​បន្ត​គម្រោង​ធ្វើ​បាតុកម្ម ឬ​សកម្មភាព​នានា ប្រឆាំង​នឹង​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ដដែល ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​មនសិការ​ទាំង​ឡាយ ព្រមទាំង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ។

ក្រុម​យុវជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​នឹង​ធ្វើ​បាតុកម្ម​ជា​លើក​ទី៣ នៅ​ទីលាន​ក្វាំងជូធំ នៅ​ថ្ងៃ​ទី១៣ ខែតុលា ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​បាតុកម្ម​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន រយៈ​ពេល​បួន​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១០ ដល់​ថ្ងៃទី១៣ ខែតុលា ហើយ​នៅ​តំបន់​អឺរ៉ុប​វិញ នឹង​ធ្វើ​មហា​បាតុកម្ម​រំលឹក​ខួប ៣៣ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ នៅ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​នៅ​ថ្ងៃ​ទី២៦ ខែតុលា​ខាង​មុខ៕





From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments