RFA | ពលរដ្ឋ​​ចាម​​ជំរុញ​ឱ្យ​ចាត់​វិធានការ​ច្បាប់​​ចំពោះ​កូន​​ឧកញ៉ា​ម្នាក់ ដែល​រង​ការ​ចោទ​ថា បាន​បៀតបៀន​ផ្លូវ​ភេទ​​លើ​កុមារី​ចាម​​១៨​នាក់ | hot news

By , Comment
Share on Facebook Tweet on Twitter

ពលរដ្ឋ​​ចាម​​​ជា​ច្រើន​នាក់​ជំរុញ​ឱ្យ​អាជ្ញាធរ​​ពាក់ព័ន្ធ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​​ ចំពោះ​ កូនប្រុស​របស់​​អ្នក​ឧកញ៉ា​ម្នាក់​ឈ្មោះ​ សុះ កំរី ដែល​ជា​ចាងហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​ ដែល​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​ទង្វើ​​ ​បៀតបៀន​ផ្លូវ​ភេទ​​មក​លើ​កុមារី​ចាម​​ ១៨​នាក់​ បណ្ដាល​ឱ្យ​កុមារី​ខ្លះ​មានផ្ទៃពោះ។ មន្ត្រី​សង្គម​ស៊ីវិល​ថា ករណី​នេះ ​គឺ​ជា​បទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ ដែល​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​តែ​បើ​ការ​ស៊ើប​អង្កេត​រក​ការ​ពិត​ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

ពលរដ្ឋ​​ចាម​​ជា​ច្រើន​នាក់​​នាំ​គ្នា​បង្ហោះ​សារ នៅ​លើ​បណ្ដាញ​សង្គម​ ​​​ហ្វេសប៊ុក​(Facebook) ​ដោយ​រិះគន់​ខ្លាំង​ៗ​​ មក​លើ​ ​កូន​ប្រុស​របស់​​អ្នក​ឧកញ៉ា​ សុះ កំរី ​​ឈ្មោះ​ កាមារ៉ូទីន ស៊ូហៃមី ​ដែល​រង​ការ​ចោទ​​ថា​ជាប់​ពាក់ព័ន្ធ​ការ​បៀតបៀន​ផ្លូវ​ភេទ​មក​លើ​​ កុមារី​ចំនួន​១៨​នាក់​​​ ដែល​​​ស្នាក់​អាស្រ័យ​ រៀន​សូត្រ​ នៅ​អន្តេវាសិកដ្ឋាន​ ​ស្ថិត​នៅ​ខណ្ឌ​ឫស្សី​កែវ​ក្រុង​ភ្នំពេញ​។

ការ​​រិះគន់​ជា​បន្ត​បន្ទាប់​នេះ​ធ្វើ​ឡើង​​ ក្រោយ​ពេល​ដែល​មាន​គណនី​ហ្វេសប៊ុក​ មួយ​ឈ្មោះ សម ម៉េងលី (Som Mengly) បាន​បង្ហោះ​​សារ​​លើ​ទំព័រ​ហ្វេសប៊ុក​ នៅ​ថ្ងៃ​នៅ​ថ្ងៃ​ទី​១០​ ខែ​តុលា​​ថា​ មាន​កូន​អ្នក​ធំ ​ម្នាក់​ឈ្មោះ​​ស៊ូ ហៃមី បាន​បៀតបៀន​ផ្លូវ​ភេទ​សិស្ស​សាលា ១៨​នាក់​ ក្នុង​នោះ​​សម្រេច​បាន ៦នាក់។ លោក ស៊ូហៃមី គឺ​ជា​ អ្នក​គ្រប់គ្រង​​កូន​សិស្ស​ស្រី​ នៅ​​អន្តេវាសិកដ្ឋាន​ ​ស្ថិត​នៅ​ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ។ មូល​ហេតុ​ដែល​កើត​រឿង​នោះ​ ​ត្រូវ​បាន​ម្ចាស់​គណនី​ហ្វេសប៊ុក​ដដែល​លើក​ឡើង​ថា ​គឺ​ លោក ស៊ូហៃមី បាន​ប្រើ​លេស​ហៅ​សិស្ស​ទៅ​អប់រំ​ ពេល​ពួក​គេ​ធ្វើ​​ខុស​។ ចំណែក​ការ​ហៅ​មក​ណែនាំ​នេះ​ ត្រូវ​ឱ្យ​សិស្ស​​ទៅ​ជួប​ម្នាក់​​​ម្ដង​​នៅ​ក្នុង​បន្ទប់​ដែល​ស្ងាត់

គណនី​ហ្វេសប៊ុក​ដដែល​ថា នៅ​ពេល​ដែល​​លោក ស៊ូហៃមី ជួប​នឹង​សិស្ស លោក​បាន​លួង​លោម ​​ហើយ​​លូកលាន់​ មក​លើ​​រាង​កាយ​ជន​រងគ្រោះ​ រហូត​​ ប្រព្រឹត្ត​អំពើ​មិន​គប្បី។ ករណី​នេះ​បាន​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ពុំ​មាន​អ្នក​ណា​ហ៊ាន​ប្ដឹង​ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព ខណៈ​ដែល​​ កុមារី ​​រងគ្រោះ​​ ភាគ​ច្រើន​មាន​ជីវភាព​ក្រីក្រ។ ទោះ​ជា​យ៉ាង​ណា ការ​បែក​ធ្លាយ​​ រឿង​អាស្រូវ​​នេះ ​ដោយ​​សារ​តែ​មាន​កុមារី​ម្នាក់​ ​មាន​ផ្ទៃ​ពោះ​ ទើប​នាង​ប្រាប់​ទៅ​កាន់​អ្នក​ជុំវិញ​​​ ហើយ​ត្រូវ​​បាន​គេ​ ​ចែកចាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដើម្បី​ ទាមទារ​រក​យុត្តិធម៌​​​ និង​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ ចាត់​វិធានការ​ផ្លូវ​ច្បាប់​មក​លើ​ជន​បង្ក។

ពលរដ្ឋ​ចាម​កញ្ញា យ៉ា ហ្វាអ៊ីហ្សះ ប្រាប់​វិទ្យុ​អាស៊ីសេរី​ នៅ​ថ្ងៃ​ទី១២ ខែ​តុលា ថា ករណី​បៀតបៀន​ផ្លូវ​ភេទ​ មក​លើ​កុមារី​ទាំង​១៨នាក់​នោះ​ ភាគ​ច្រើន​ពួក​គាត់​មាន​វ័យ​ក្រោម​​១៨​ឆ្នាំ។ កញ្ញា​ថា​ គឺ​ជា​រឿង​ដ៏​គួរ​ឱ្យ​ក្ដុកក្ដួល និង​ឈឺ​ច្បាប់​បំផុត​ សម្រាប់​ជនរងគ្រោះ។ កញ្ញា​ជំរុញ​ឱ្យ​ ក្រសួង​ពាក់ព័ន្ធ​គួរតែ​ស៊ើបអង្កេត និង​ចាត់​វិធានការ​ ឱ្យ​បាន​តឹងរ៉ឹង​ចំពោះ​ជន​បង្ក បើ​ពុំ​ដូច្នោះ​ទេ​ បញ្ហា​​​បែប​នេះ នៅ​តែ​បន្ត​កើត​មាន។

កញ្ញា យ៉ា ហ្វាអ៊ីហ្សះ៖ «អាជ្ញាធរ ភាគី​ពាក់ព័ន្ធ​សូម​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ហើយ​ជា​បន្ទាន់​ដើម្បី​ស្វែង​រក​យុត្តិធម៌​ ជូន​ដល់​ជន​រងគ្រោះ ​ហើយ​ក៏​ដូច​ជា​ការពារ​សុវត្ថិភាព​ដល់​ជន​រងគ្រោះ និង​ដល់​ក្មេង​ៗ​ដទៃ​ទៀត ដែល​អត់​ទាន់​រងគ្រោះ។ ហើយ​អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​ ដំណើរ​រឿង​នេះ ត្រូវ​ធានា​ឱ្យ​បាន​ថា ភាគី​​ដែល​ជា​ជនរងគ្រោះ គាត់​ត្រូវ​បាន​ធានា​នូវ​សុវត្ថិភាព​ ពួក​គាត់ ។ អត់​មាន​ការ​គំរាម​កំហែង អត់​មាន​ការ​ភ័យ​ខ្លាច ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ឱ្យ​ខ្លួន​ឯង»

ក្រោយ​បែក​ធ្លាយ​រឿង​អាស្រូវ​បៀតបៀន​ផ្លូវ​ភេទ​លើ​កុមារី​ទាំង ១៨នាក់​ រួច​មក​​អាណាព្យាបាល​ជន​រងគ្រោះ បាន​​យក​កូន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ ក្រោយ​មក​​ដោយ​សារ​​​ បារម្ភ​ពី​សុវត្ថិភាព​ អាណាព្យាបាល​កុមារី​ម្នាក់​ បាន​យក​កូន​ទៅ​ឱ្យ​ស្នាក់នៅ​ជាមួយ​​អង្គការ​អាហ្វេស៊ីប​កម្ពុជា​ (AFESIP Cambodia)​ ដើម្បី​ជួយ​ការពារ​សុវត្ថិភាព​ និង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​​ក្រសួង​ពាក់ព័ន្ធ​ឱ្យ​ចាត់​វិធានការ​តាម​​ផ្លូវ​ច្បាប់។

ប្រធាន​អង្គការ​អាហ្វេស៊ីប អ្នកស្រី ម៉ម សុម៉ាលី បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​ នៅ​ថ្ងៃទី១១ ខែ​តុលា ថា មក​ដល់​ពេល​នេះ​ កុមារី​រងគ្រោះ​ពី​ការ​បៀតបៀន​ផ្លូវ​ភេទ​ទាំង​នោះ មាន​សុវត្ថិភាព​ហើយ។ អ្នក​ស្រី​កំពុង​តែ​​ រៀបចំ​​ពាក្យ​​បណ្ដឹង​ទៅ​កាន់​សមត្ថកិច្ច​ពាក់ព័ន្ធ​ ដើម្បី​ចាត់​វិធានការ​ផ្លូវ​ច្បាប់​។ បន្ថែម​ពី​នោះ​ អ្នក​ស្រី ​ក៏​ ស្នើ​ឱ្យ​ អាណាព្យាបាល និង​​ជន​រង​គ្រោះ​ផ្សេង​ទៀត ដែល​រង​ការ​​បៀតបៀន​​ សូម​​​​ដាក់​ពាក្យ​បណ្ដឹង តាមរយៈ​អង្គការ​អ្នកស្រី​ដើម្បី​រក​ដំណោះស្រាយ។

អ្នកស្រី ម៉ម សុម៉ាលី៖ «ម្ដង​ជា​ពីរ​ដង ខ្ញុំ​សូម​អង្វរ​ឱ្យ​ជនរងគ្រោះ​ទាំង​អស់ ដោយ​សារ​តែ​មាន​បង​ប្អូន​យើង​ច្រើន​ណាស់​ ដែល​គាត់​បារម្ភ​ពី​ជន​រងគ្រោះ​។ គាត់​ចង់​ឱ្យ​ជនរងគ្រោះ​ទទួល​បាន​យុត្តិធម៌ ​ប៉ុន្តែការ​ទទួល​បាន​យុត្តិធម៌​ទៅ​បាន ទាល់​តែ​ជន​រងគ្រោះ​ខ្លួន​ឯង​ ងើប​ឈរ​ហើយ ​និយាយ។ ប្រសិន​បើ​យើង​អត់​ហ៊ាន​និយាយ យើង​នៅ​តែ​​ខ្លាច​គេ​ នាំ​គ្នា​ លាក់​ពួន​បាត់ ខ្ញុំ​ក៏​មិន​ដឹង​ថា​ជួយ​យ៉ាង​ម៉េច​ សមត្ថកិច្ច​ក៏​មិន​ដឹង​ជួយ​យ៉ាង​ម៉េច មេធាវី​ក៏​មិន​ដឹង​ជួយ​យ៉ាង​ម៉េច​ ព្រោះ​អី​ កូន​ខ្លួន​ឯង​ អត់​ងើប​ឈរ​ ហើយ​និយាយ​ខ្លួន​ឯង​ អត់​តស៊ូ​ខ្លួន​ឯង»

ចំណែក​​អ្នក​ឧកញ៉ា សុះ កំរី ដែល​ជា​ចាងហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ ​ នៅ​ថ្ងៃ​ទី១១​ខែ​ តុលា ​​​ ​​​ថា​  លោក​ បាន​ឃើញ​ពាក្យ​ចចាមអារ៉ាម និង​ការ​ចែកចាយ​ តាម​បណ្ដាញ​សង្គម អំពី​ករណី​ សិស្ស​នារី​ ត្រូវ​បាន​រំលោភបំពាន​ នៅ​សាលារៀន (ឥស្លាម​កំរិត​២)​​ អាន់នៀកម៉ះ​ភ្នំពេញ ដែល​មាន​ពាក់ព័ន្ធ​ដល់​កូន​ប្រុស​របស់​លោក ឈ្មោះ សូហៃមី ដែល​ជា​អ្នក​គ្រប់គ្រង​អន្តេវាសិកដ្ឋាន​សិស្ស​នារី។

លោក​បន្ត​ថា​ បន្ទាប់​ពី​​ទទួល​ដំណឹង​នេះ​ លោក​បាន​ហៅ លោក សូហៃមី ដែល​ជា​កូន ​របស់​លោក មក​សាក​​សួរ​ជា​ច្រើន​លើក ​ដើម្បី​​រក​ការ​ពិត ប៉ុន្តែ លោក សូហៃមី បាន​បដិសេធ​ថា ពុំ​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​ចចាមអារ៉ាម​នោះ​ឡើយ​ ហើយ​លោក​​គាំទ្រ​ក្នុង​ការ​រក​ការ​ពិត​ដើម្បី​ផ្ដល់​យុត្តិធម៌​ ជូន​ដល់​ជន​រងគ្រោះ។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​ចាង​ហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​ឥស្លាម លោក​ សុះ កំរី និង​អ្នក​គ្រប់គ្រង​អន្តេវាសិកដ្ឋាន​សិស្ស​នារី លោក សូហៃមី ដើម្បី​ឆ្លើយ​តប​ជុំ​វិញ​រឿង​នេះ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី​១៣ ​ខែ​តុលា។

រីឯ​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស អ្នកស្រី ជូ ប៊ុនអេង និង​អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា ក៏​ពុំ​អាច​ទាក់ទង​បាន​ដែរ ​​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា។ ដោយ​ឡែក​នៅ​ថ្ងៃ​ដដែល​នេះ​ អធិការ​​នគរបាល​ខណ្ឌ​ឫស្សីកែវ លោក ឌៀ សារី ប្រាប់​វិទ្យុ​អាស៊ីសេរីថា​ មក​ដល់​ពេល​នេះ លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន ឬ​ពាក្យ​បណ្ដឹង​ណា​មួយ​ពាក់ព័ន្ធ​ ករណី​នេះ​នៅ​ឡើយ។

លោក ឌៀ សារី៖ ««អា​ហ្នឹង​ខាង​ព្រហ្ម​ទណ្ឌ​គេ​អ្នក​ធ្វើ​ [ចុះ​ស៊ើប​អង្កេត​]ទេ ខាង​ ខ្ញុំ​ខាង​ វិទ្យុ​ទាក់ទង​អត់​មាន​វិធានការ​ធ្វើ​អ្វី​​នោះ​ទេ។ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​ទទួល​ព័ត៌មាន​ទេ។ អត់​ទេ ខ្ញុំ​មិន​ទាន់​ ទទួល​បាន​ ព័ត៌មាន​[ករណី បៀតបៀន ផ្លូវ ភេទ កុមារី​១៨​នាក់​] ​នោះ​ទេ។ ប្រសិន​បើ​លោក​​ចង់​ដឹង​​ផ្ទាល់​ មក​ចូល​អធិការ​ខ្ញុំ​មក»

គណៈ​គ្រប់គ្រង​សាលា​ឥស្លាម​កំរិត២​ អាន់នៀកម៉ះ​ ភ្នំពេញ​ បាន​បង្ហោះ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ​​ នៅ​ថ្ងៃ​ទី​១២ តុលា នៅ​លើ​ហ្វេសប៊ុក ដោយ​ការពារ​ថា បុគ្គលិក​ឈ្មោះ​ កាមារ៉ូទីន ស៊ូហៃមី គឺ​ជា​អ្នក​គ្រប់គ្រង​សន្តិសុខ​សណ្ដាប់ធ្នាប់ អនាម័យ និង​សុខភាព​នៅ​អន្តេវាសិកដ្ឋាន​ស្រី បាន​អនុវត្ត​ លើ​ការងារ​គ្រប់គ្រង និង​សណ្ដាប់ធ្នាប់​ ប៉ុន្តែ​ នៅ​ថ្ងៃ​ទី​៥ ខែ​តុលា សិស្ស​បាន​រាយការណ៍​ទៅ​អ្នក​ គ្រូ​ៗ​នៅ​ការិយាល័យ​រដ្ឋបាល​សាលារៀន​ឥស្លាម​កំរិត​២​ អាន់នៀកម្ល៉េះ ភ្នំពេញ ​ដោយ​បុគ្គល ​ឈ្មោះ​ កាមារ៉ូទីន ស៊ូហៃមី បាន​ប្រើ​ប្រាស់​ពាក្យ​សម្ដី អាកប្បកិរិយា​ និង​កាយវិការ​ មិន​សមរម្យ​ដល់​សិស្ស​មួយ​ចំនួន ក្នុង​ករណី​នេះ​ សិស្ស​បាន​សំណូមពរ​ឱ្យ​បញ្ចប់​តួនាទី​បុគ្គល​ខាង​លើ​ពី​តួនាទី​របស់​ខ្លួន ហើយ​ភ្លាមៗ​នោះ​គណៈ គ្រប់គ្រង​សាលា​បាន​ប្រជុំ​សម្រេច និង​ដក​តួនាទី​ លោក​ កាមារ៉ូទីន សូហៃមី ចេញ​ពី​អ្នក​គ្រប់គ្រង​នៅ​អន្តេវាសិកដ្ឋាន​ស្រី។

ក្រោយ​មក​ទៀត ក្នុង​ចំណោម​សិស្ស​ទាំង​អស់​ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​ការ​រៀន​សូត្រ​ធម្មតា មាន​សិស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​សុំ​ទៅ​លេង​ផ្ទះ ហើយ​បែរ​ជា​មាន​ក្រុម​មនុស្ស​ អូសទាញ​សិស្ស​ខ្លះ​យក​ទៅ​បម្រើ​មហិច្ឆតា​នយោបាយ​ខ្លួន ហើយ​វាយ​ប្រហារ​ឥត​សំចៃ​ មក​លើ​សាលា​ទាំង​ខុស​របៀប។

ទោះ​ជា​បែប​នេះ​ក្ដី សិស្ស​ស្រី​មួយ​រួប​ដែល​ធ្លាប់​ស្នាក់​នៅ​អន្តេវាសិកដ្ឋាន ដែល​គ្រប់​គ្រង​ដោយ ​លោក សូហ៊ៃមី នេះ បាន​អះអាង​ប្រាប់​វិទ្យុអាស៊ីសេរី ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព​ថា កូន​អ្នក​ឧកញ៉ា សុះ កំរី នេះ តែង​តែ​បៀតបៀន​ផ្លូវ​ភេទ​កុមារី។ កញ្ញា​អះអាង​បន្ត​ថា​ លោក សូហ៊ៃមី នេះ​ មិន​ហ៊ាន​បៀតបៀន​ក្មេង​ស្រី​មាន​អាយុ​លើស​ពី​១៨​ឆ្នាំ​ទេ ពី​ព្រោះ​ខ្លាច​ក្មេង​ស្រី​ពេញ​វ័យ​ស្ដី​តប​វិញ​ ឬ​ប្ដឹង​ទៅ​ឪពុក​ម្ដាយ​របស់​ពួកគេ។

កញ្ញា​បន្ថែម​ថា​ រឿង​នេះ​ បាន​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​អ្នក​ជិត​ខាង​ក៏​ដឹង​រឿង​នេះ​ដែរ។ ប៉ុន្តែ​ម្នាក់​ៗ​មិន​ហ៊ាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ទេ​ ដោយ​ខ្លាច​ឥទ្ធិពល ឪពុក សូហ៊ៃមី ដែល​ជា​មេដឹកនាំ​សាសនា​ផង​ និង​ខ្លាច​ខ្មាស​គេ​ផង។

អតីត​សិស្ស​រូប​នេះ​បន្ថែម​ថា​ មូលហេតុ​ដែល​ធ្វើ​ឱ្យ​ជន​សង្ស័យ​ សូហ៊ៃមី ងាយ​នឹង​លូកលាន់ ឬ​បៀតបៀន​ផ្លូវ​ភេទ​កុមារ​បាន​នោះ ដោយ​សារ​តែ​ សូហ៊ៃមី និង​ភរិយា ស្នាក់​នៅ​បន្ទប់​មួយ​ ក្នុង​អន្តេវាសិកដ្ឋាន​ជា​មួយ​សិស្ស​ស្រី​នៅ​ជាន់​ទី១។

កញ្ញា​បន្ថែម​ថា​ ជនសង្ស័យ​មាន​ល្បិច​ជា​ច្រើន ដើម្បី​ឆ្លៀត​ឱកាស​ចាប់​រំលោភ​កុមារី​ ឬ​បៀតបៀន​កេរ្តិ៍​ខ្មាស ​ដូច​ជា​ ពេល​ខ្លះ​ ជន​សង្ស័យ ឡើង​ទៅ​បិទ​ទឹក​នៅ​ជាន់​លើ ហើយ​ប្រាប់​កុមារី​ទាំង​អស់​ថា ដាច់​ទឹក បើ​ប្អូន​ៗ​ចង់​ងូត​ទឹក ត្រូវ​ចុះ​ទៅ​ងូត​ទឹក​នៅ​ជាន់​ក្រោម។ នៅ​ពេល​នោះ សូហ៊ៃមី​ (ជនសង្ស័យ) ចូល​ទៅ​បន្ទប់​ទឹក ដើម្បី​ធ្វើ​ជា​ជួស​ជុល​ឡើង​វិញ។ ជន​សង្ស័យ​បាន​ឱ្យ​កុមារី​ម្នាក់​ ទៅ​ឈរ​ពី​ក្រៅ​បន្ទប់​ទឹក ដើម្បី​មើល​គេ​ជួស​ជុល​បន្ទប់​ទឹក រួច​ក៏​ហៅ​កុមារី​រូប​នោះ​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក ហើយ​ចាប់​ខ្ទប់​មាត់​ បៀតបៀន​កេរ្តិ៍​ខ្មាស​កុមារី​តែ​ម្ដង​។ កុមារី​រួប​នោះ​ក៏​ព្យាយាម​រើ​បម្រាស់​ហើយ​ក៏​ស្រែក​ឱ្យ​គេ​ជួយ​ដោយ​បន្លឺ​សំឡេង​ខ្លាំង​ៗ ដើម្បី​បាន​រួច​ខ្លួន​មក​វិញ។

អ្នក​រស់​នៅ​ ក្បែរ​អន្តេវាសិកដ្ឋាន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​ បាន​ឱ្យ​ដឹង​ថា រឿង​នេះ​បាន​កើត​ឡើង ៤​ឆ្នាំ​មក​ហើយ។ អ្នក​​ស្រី​អះអាង​ថា ក្មេងស្រី​រងគ្រោះ​មួយ​ចំនួន​តែង​មក​ប្រាប់​អ្នក​​ស្រី។ ប៉ុន្តែ​ លោកស្រី​ក៏​មិន​ហ៊ាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដែរ​ ពី​ព្រោះ​ខ្លាច​​ឥទ្ធិពល​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នេះ​ ធ្វើ​បាប​វិញ។ អ្នកស្រី​បន្ថែម​ថា ក្មេង​រងគ្រោះ​ខ្លះ ឈប់​រៀន​រត់​ទៅ​ខែត្រ​វិញ​ស្ងាត់​ៗ​ក៏​មាន។

ទាក់ទិន​រឿង​នេះ​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី​​ ថា ករណី​បៀតបៀន​ផ្លូវ​ភេទ​មក​លើ​កុមារី​ ១៨​នាក់​ នេះ​​គឺ​ជា​បទល្មើស​​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ ដែល​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​តែ​បើ​ការ​ស៊ើប​អង្កេត​រក​ការ​​ពិត​ ដោយ​ឈរ​លើ​គោលការណ៍​យុត្តិធម៌​ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ។

លោក អំ សំអាត៖ «ករណី​នេះ​បើ​យើង​មើល​តាម ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ព័ត៌មាន​ដែល​លិច​ធ្លាយ​នេះ​ វា​ជា​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ។ អ៊ីចឹង​ហើយ​ ព្រះរាជអាជ្ញា ត្រូវ​តែ​ចាត់​វិធានការ​ ដឹកនាំ​សមត្ថកិច្ច​ក្នុង​ការ​ចុះ​​ស៊ើបអង្កេត​ទៅ​លើ​ករណី​នេះ​ ដើម្បី​ស្វែង​​រក​ការ​ពិត និង​យុត្តិធម៌​ សម្រាប់​ជន​រងគ្រោះ»

មាត្រា​៣៣ នៃ​បទល្មើស​​ទាក់ទង​នឹង​ពេស្យាចារ​កុមារចែង​ថា​ ជន​ណា​ប្រព្រឹត្ត​បទល្មើស​ណា​មួយ ដែល​មាន​ចែង​ក្នុង​មាត្រា​ ៣០ មាត្រា ៣១ និង​មាត្រា​ ៣២ នៃ​ច្បាប់​នេះ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៧ (ប្រាំពីរឆ្នាំ ទៅ ១៥ (ដប់​ប្រាំ​ឆ្នាំ) បើ​បទល្មើស​ដែល​បាន​ប្រព្រឹត្ត​នោះ​ទាក់ទង​នឹង​ពេស្យាចារ​កុមារ។

ប្រធាន​អង្គការ ​អាហ្វេស៊ីប អ្នកស្រី ម៉ម សុម៉ាលី បាន​ផ្សាយ​ផ្ទាល់​នៅ​ម៉ោង​ប្រមាណ ៧​យប់​ថ្ងៃ​ទី​១៣ តុលា ដោយ​អះអាង​ថា សមត្ថកិច្ច​កំពុង​ធ្វើ​រឿង​នេះ​ហើយ។ អ្នកស្រី​ថា មក​ទល់​ពេល​នេះ​ មាន​ក្មេងស្រី​តែ​ម្នាក់​គត់ ដែល​បាន​មក​ស្នាក់​នៅ​កន្លែង​អង្គការ​អ្នកស្រី។

វិទ្យាស្ថាន អាន់នៀកម៉ះអាល់ឥស្លាមីយ៉ះ ភ្នំពេញ (An-Nikmah Al-Islamiyah Phnom Penh​) ស្ថិត​នៅ​ខណ្ឌ​ឫស្សីកែវ ក្រុងភ្នំពេញ ដែល​ជា​កន្លែង​បណ្ដុះបណ្ដាល​សិស្សានុសិស្ស​​ ផ្នែក​សាសនា​ឥស្លាម និង​ភាសា​អង់គ្លេស​ដើម្បី​ត្រៀម​ប្រឡង​យក​អាហារូបករណ៍​ ​ទៅ​សិក្សា​នៅ​ក្រៅ​ប្រទេស​ ដូចជា​ប្រទេស​ឥណ្ឌូណេស៊ី និង​ប្រទេស​ម៉ាឡេស៊ី ជាដើម។ បន្ថែម​ពី​នោះ​ សាលា​ក៏​មាន​ អន្តេវាសិកដ្ឋាន​នារី​ និង​អន្តេវាសិកដ្ឋាន​ប្រុស​ឱ្យ​សិស្ស​ស្នាក់នៅ​សម្រាប់​អ្នក​ដែល​មក​ពី​បណ្ដា​ខេត្ត​ឆ្ងាយៗ​​ និង​អ្នក​មាន​ជីវភាព​ខ្វះខាត​មក​ពី​ខែត្រ។ ក្រោយ​ពី​មាន​ការ​បែក​ធ្លាយ​រឿង​អាស្រូវ​ បៀតបៀន​ផ្លូវ​ភេទ​ លើ​កុមារី​មក ពលរដ្ឋ​ចាម​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ជួយ​រក​យុត្តិធម៌​ជូន​ដល់​ជន​រង​គ្រោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments