RFA | ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ជាង ១០០គ្រួសារ​នៅ​ខេត្តក្រចេះ ប្រមូល​ផ្ដុំ​នៅ​មុខ​តុលាការ ដើម្បី​គាំទ្រ​តំណាង​របស់​ខ្លួន | hot news

By , Comment
Share on Facebook Tweet on Twitter

ពលរដ្ឋ​មាន​វិវាទ​ដីធ្លី ជា​មួយ​ក្រុមហ៊ុន​វៀតណាម ជាង ១០០គ្រួសារ នៅ​ស្រុកសំបូរ ខេត្តក្រចេះ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ក្រចេះ ដើម្បី​គាំទ្រ​តំណាង​របស់​ខ្លួន ដែល​ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ។ មន្ត្រី​សង្គម​ស៊ី​វិល យល់​ឃើញ​ថា អាជ្ញាធរ​មិន​គួរ​អូស​បន្លាយ​​ដោះស្រាយ​បញ្ហា​រហូត​ដល់​មាន​ការ​ប្ដឹងផ្ដល់​គ្នា​ដល់​តុលាការ​នោះ​ឡើយ។

នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​តុលា​នេះ ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី ១២០គ្រួសារ​មក​ពី​ឃុំកោះខ្ញែ ស្រុកសំបូរ ខេត្តក្រចេះ បាន​នាំ​គ្នា​ប្រមូល​ផ្ដុំ​គាំទ្រ​តំណាង​របស់​ខ្លួន និង​ពលរដ្ឋ​ចំនួន​៦​នាក់ ដែល​បាន​ចូល​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ ពាក់ព័ន្ធ​ការ​ចោទ​ប្រកាន់​រំលោភ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ដោយ​ខុសច្បាប់ និង​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់​កាប់​អចលវត្ថុ​ដោយ​សុចរិត។ អ្នក​ភូមិ​ថា តំណាង​និង​ប្រជាពលរដ្ឋ​ទាំង​៦​នាក់ តែងតែ​ចេញ​មុខ​តវ៉ា និង​រារាំង ក្រុមហ៊ុន​វៀតណាម​ឈ្មោះ កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) (Kamdhenu Ventures Cambodia Limited (KVCL) co. ltd) និង​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង មិន​ឲ្យ​ឈូស​ឆាយ​ផល​ដំណាំ និង​ដុត​ផ្ទះ​សម្បែង​របស់​ប្រជាពលរដ្ឋ​កន្លង​មក។

ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ម្នាក់ គឺ​លោក ភេ ឡៃ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៨ ខែតុលា​ថា ពលរដ្ឋ​១២០គ្រួសារ ក្នុង​ចំណោម​ពលរដ្ឋ​ជាង ២០០គ្រួសារ បាន​នាំ​គ្នា​ប្រមូល​ផ្ដុំ​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ក្រចេះ ដើម្បី​គាំទ្រ​តំណាង​របស់​ពួកគាត់ ដោយសារ​លោក​ចាត់​ទុក​ការ​កោះហៅ​នេះ គឺ​ជា​ការ​បំបាក់​ស្មារតី​គំរាម​កុំ​ឲ្យ​ពលរដ្ឋ​ហ៊ាន​ចេញ​តវ៉ា រឿង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ត​ទៅ​ទៀត។ លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​នឹង​មិន​ឈប់​តវ៉ា​ជា​ដាច់​ខាត ដរាបណា​អាជ្ញាធរ​មិន​ទាន់​រក​ដំណោះស្រាយ និង​កាត់​ឆ្វៀល​ដី​ស្រែចម្ការ​របស់​ប្រជាពលរដ្ឋ​ចេញ​ពី​បរិវេណ​ក្រុមហ៊ុន​ទេ​នោះ។

លោក ភេ ឡៃ៖ «បើ​មិន​មាន​ដំណោះស្រាយ​ទេ​ពួក​ខ្ញុំ​មិន​ឈប់​នោះ​ទេ រក​ដំណោះស្រាយ​ទាល់​តែ​បាន ពីព្រោះ​ពួកគាត់​រស់​នៅ​ទី​នេះ​តាំង​ពីមុន​​ក្រុមហ៊ុន តាំង​ពី​ដូនតា​គាត់​កើត​នៅ​ទី​នេះ បើ​អស់​ប៉ុណ្ណឹង​ទៅ​អត់​មាន​អ្វី​ទៀត​ទេ ទាំង​ខ្ញុំ​ទាំង​ប្រជាពលរដ្ឋ​ដូច​គ្នា​ទាំង​អស់ ប្រជាពលរដ្ឋ​គាត់​នឹង​ឡើង​ទៅ​ភ្នំពេញ​សួរ​ខាង​ក្រសួង​ដែន​ដី​ម្ដង​ទៀត»

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ដែល​បាន​ចូល​ឆ្លើយ​បំភ្លឺ គឺ​លោក​ស្រី អែល រ៉ូស្សា ឲ្យ​ដឹង​ថា ខាង​មន្ត្រី​តុលាការ​បាន​សួរ​សំណួរ​ថា តើ​ពួក​គាត់​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់ ឬ​អត់ តំណាង​ពលរដ្ឋ​ចំនួន ៤នាក់ ដែល​បាន​ចូល​ឆ្លើយ​នៅ​ថ្ងៃ​នេះ ហើយ​បាន​បដិសេធ​ថា ពួក​គាត់​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នេះ​ឡើយ ហើយ មន្ត្រី​តុលាការ​សន្យា​ថា នឹង​ធ្វើ​ការ​សម្របសម្រួល​ជាមួយ​តំណាង​ក្រុមហ៊ុន​ដើម្បី​ទម្លាក់​ចោល​បទ​ចោទ​ទៅ​លើ​តំណាង​ប្រជាពលរដ្ឋ។

លោកស្រី អែល រ៉ូស្សា៖ «ខ្ញុំ​សុំ​ឲ្យ​ខាង​តុលាការ​កុំ​ចោទ​ប្រកាន់​នាង​ខ្ញុំ។ ខ្ញុំ​អត់​បាន​ប្រើ​ហិង្សា​ដូច​ពាក្យ​គាត់​ចោទ​ប្រកាន់​នោះ​ទេ។ សុំ​ឲ្យ​លើក​លែង​អ៊ីចឹង ចម្លើយ​ដែល​ខ្ញុំ​ឆ្លើយ​តាម​នឹង​នោះ​ថា ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​ចោទ​ប្រកាន់​នឹង​នោះ​ទេ ខ្ញុំ​បាន​ប្រាប់​គាត់​អ៊ីចឹង គាត់​បាន​វាយ​ឯកសារ​តាម​នឹង គាត់​ថា ចាំ​មើល​គាត់​សម្របសម្រួល​ជាមួយ​គេ (ក្រុមហ៊ុន) តើ​គេ​អាច​យល់​ព្រម​ដូច ដែល​យើង​និយាយ​មែន​ឬ​អត់​អ៊ីចឹង»

ជុំ​វិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ក្រចេះ លោក ទីវ វុធធេន បាន​ទេ នៅ​ថ្ងៃ​ទី៨ ខែតុលា។

ទោះ​ជា​យ៉ាង​ណា​ក្ដី នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​សាលា​ដំបូង​ខេត្ត​ក្រចេះ កោះ​ហៅ​តំណាង និង​ពលរដ្ឋ​ចំនួន ៦នាក់ ក្នុង​នោះ​មាន លោក អ៊ុន សុខុំ ប្រុក ភារម្យ ភេន ឡៃ ឌុច សាគី ស៊ឹង ករុណា និង​លោកស្រី អែល រ៉ូស្សា ។

ចំណែក​អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី យល់​ឃើញ​ថា អាជ្ញាធរ​ត្រូវ​តែ​ចុះ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ហើយ​ការ​ប្ដឹង​ប្រជាពលរដ្ឋ​ទៅ​តុលាការ​វា​មិន​មែន​ជា​ដំណោះស្រាយ​ល្អ​នោះ​ទេ។ លោក​ថា អាជ្ញាធរ​គួរ​ងាក​មក​ពន្លឿន​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​វិញ​ទើប​ជា​ការ​ល្អ​ប្រសើរ។

លោក យិន ម៉េងលី៖ «អាជ្ញាធរ​ដក​ពាក្យ​បណ្ដឹង​ពី​តុលាការ​វិញ មន្ទីរ​ពាក់ព័ន្ធ​ដក​ពាក្យ​បណ្ដឹង​ពី​តុលាការ​វិញ តុលាការ​ទម្លាក់​បទ​ចោទ​ឬ​ក៏​តម្កល់​រឿង​អត់​ចាត់​ការ​ទៅ ហើយ​ងាក​មក​ពន្លឿន​នូវ​នីតិវិធី​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ល្អ​ជាង​ការ​ប្រើប្រាស់​យន្តការ​របស់​តុលាការ​នេះ»

បន្ទាប់​ពី​ក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) (Kamdhenu Ventures Cambodia Limited (KVCL) co. ltd) និង​ក្រុមហ៊ុន អិន ខេ អេហ្គ្រី (ខេមបូឌា) (NK Agri (cambodia) co. ltd) ក្ស័យធន​នៅ​ឆ្នាំ២០១៧ អំឡុង​ឆ្នាំ២០២១ ក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ ក៏​បាន​សហការ​ជាមួយ​ក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ដើម្បី​ដំណើរ​ការ​ដាំ​ដំណាំ​អំពៅ​ឡើង​វិញ សម្រាប់​ផលិត​ជា​ស្ករស ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា និង​វៀតណាម ទើប​ធ្វើ​ឲ្យ​មាន​វិវាទ​ដីធ្លី​កើត​ឡើង ដោយ​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​បំផ្លាញ​ផល​ដំណាំ​កសិកម្ម និង​ដុត​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ និង​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃ​សហគមន៍ និង​ដី​ស្រែ​ចម្ការ​ពលរដ្ឋ​ថែម​ទៀត។

ពលរដ្ឋ​មិន​ទាន់​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ​ទេ ដោយសារ​តំណាង​របស់​ពួកគាត់​ចំនួន ២នាក់​ទៀត មិន​ទាន់​បាន​ចូល​ឆ្លើយ​បំភ្លឺ ដូច្នេះ​ពួកគាត់​ស្នាក់​នៅ​ទី​រួម​ខេត្ត​ក្រចេះ​មួយ​យប់ ដើម្បី​បន្ត​ការ​គាំទ្រ និង​ឃ្លាំមើល​តំណាង​របស់​ខ្លួន ចូល​ឆ្លើយ​បំភ្លឺ​បន្ថែម​ទៀត​នៅ​ថ្ងៃ​ទី៩ ខែ​តុលា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments