RFA | ស្ថានទូត​អូស្ត្រាលី លើក​អំពី​បញ្ហា​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន និង​សកម្មជន​បរិស្ថាន ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា | hot news

By , Comment
Share on Facebook Tweet on Twitter

ស្ថានទូត​អូស្ត្រាលីបាន​លើក​ឡើង​អំពី​កង្វល់ ពាក់ព័ន្ធ​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា សកម្មជន​ចលនា​មាតា​ធម្មជាតិ ៥រូប និង​បុគ្គល​មួយ​ចំនួន​ពាក់ព័ន្ធ​ការ​បញ្ចេញ​មតិ រិះគន់​រដ្ឋាភិបាល និង​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV-DTA ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា។ ចំណែក​មន្ត្រី​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ថា ការ​ចាប់​ខ្លួន​ទាំង​នោះ គឺ​ជា​ការ​អនុវត្ត​ច្បាប់ ពុំ​មែន​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​នោះ​ទេ។

ឯកអគ្គរាជទូតអូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា លោក ដឺរិក យីប (Derek Yip) បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម អិច (X) នៅ​ថ្ងៃ​ទី១៥ ខែតុលា​ថា កាល​ពី​ថ្ងៃ​ទី១៤ ខែតុលា លោក​បាន​ជួប​ពិភាក្សា ជាមួយ​ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី ដោយ​បាន​លើក​ឡើង​អំពី​ក្តី​កង្វល់​របស់​ប្រទេស​អូស្ត្រាលី ជុំវិញ​ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ឯករាជ្យ​លោក ម៉ិច ដារ៉ា សកម្មជន​សិទ្ធិមនុស្ស និង​បញ្ហា​យេនឌ័រ​ជា​ដើម។ លោក​បញ្ជាក់​ថា លំហ​សេរីភាព​ពលរដ្ឋ សេរីភាព​ផ្នែក​នយោបាយ និង​សារ​ព័ត៌មាន​ជា​ដើម គឺ​ជា​កត្តា​សំខាន់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

Derek_Yip_Australian_Ambassador_to_Cambodia_meets_Keo_Remy_101424_FB_CHRC_101524_5.jpg
(រូបកណ្ដាលខាងឆ្វេង) ឯកអគ្គរាជទូតអូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា លោក ដឺរិក យីប (Derek Yip) និងខាងស្ដាំ ​លោក កែវ រ៉ាមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ទី១៤ ខែតុលា ឆ្នាំ២០២៤។ រូបហ្វេសប៊ុក​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក ស្រ៊ាង ចិន្តា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៥ ខែតុលា ថា នៅ​ក្នុង​ជំនួប រវាង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស កម្ពុជា លោក កែវ រ៉េមី ជាមួយ​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា លោក ដឺរិក យីប កាល​ពី​ថ្ងៃ​ទី១៤ ខែតុលា បាន​ពិភាក្សា​ពាក់ព័ន្ធ​សមិទ្ធផល ដែល​កម្ពុជា​បាន​ធ្វើ ដូចជា ការ​លើក​កម្ពស់​ផ្នែក​យេនឌ័រ និង​ការ​ផ្សព្វផ្សាយ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ការ​ទទួល​ការ​ស៊ើប​អង្កេត និង​ការ​ចុះ​ពិនិត្យ​ស្ថានភាព​សិទ្ធិមនុស្ស​តាម​ពន្ធនាគារ​ទូទាំង​ប្រទេស និង​ការ​ផ្ដល់​មេធាវី​ស្ម័គ្រ ដោយ​ឥត​គិត​ថ្លៃ​ដល់​ជន​រង​គ្រោះ ដែល​គ្មាន​ទី​ពឹង ឬ​ជន​ក្រីក្រ​ជា​ដើម។

បន្ថែម​ពី​នោះ ប្រធាន​គណៈកម្មាធិការ សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី បាន​លើក​ឡើង នៅ​ក្នុង​ជំនួប​នោះ ប្រាប់​ទៅ​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​គឺ លោក ដឺរិក យីប ថា ករណី​ចាប់​ខ្លួន​លោក ម៉ិច ដារ៉ា និង​សកម្មជន​ចលនា​មាតា​ធម្មជាតិ ៥នាក់ រួម​នឹង​ការ​ចាប់​ខ្លួន​បុគ្គល​មួយ​ចំនួន ដែល​ប្រឆាំង​នឹង​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺ​ជា​ការ​អនុវត្ត​ច្បាប់​ដ៏​ត្រឹមត្រូវ ព្រោះ​ថា អ្នក​ទាំង​នោះ បាន​បញ្ចេញ​មតិ​ហួស​ដែន​កំណត់ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល។

លោក កែវ រ៉ាមី៖ «ពាក់ព័ន្ធ​ករណី​នេះ យើង​បាន​ដឹង​ហើយ​ថា យើង​យោង​ទៅ​តាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សេចក្ដី​ប្រកាស​របស់​តុលាការ ដោយសារ​តែ​ពួក​គាត់​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ហួស​ព្រំដែន។ មិន​មែន​ជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ហើយ​គាត់​ប្រើប្រាស់​នោះ ជា​លក្ខណៈ​បំពុល​សង្គម ដំណឹង​មិន​ពិត ព័ត៌មាន​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ និង​ក្លែងក្លាយ។ ដូច​លោក​បាន​ដឹង​ហើយ​ស្រុកខ្មែរ នៅ​ពេល​ដែល​ព័ត៌មាន​មួយ​ចេញ​ភ្លាម អ្នក​ខ្លះ គាត់​អត់​ដឹង​រឿង​ទេ Share (ចែក​រំលែក) ហើយ​គាត់ comment (បញ្ចេញ​មតិ) ហួស​ពី​ការពិត បង្ក​ឱ្យ​មាន​ការ​ស្អប់ខ្ពើម បង្ក​ឱ្យ​មាន​ការ​រើសអើង»

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ត​ថា ការ​ព្រួយ​បារម្ភ​របស់​ស្ថានទូត​អូស្ត្រាលី ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស និង​នយោបាយ គឺ​គ្រាន់តែ​ដើម្បី​ការពារ​ជន​ល្មើស​ខុស​ច្បាប់​ប៉ុណ្ណោះ ប៉ុន្តែ កម្ពុជា ក៏​មាន​ការ​បារម្ភ​អំពី​បញ្ហា​សិទ្ធិមនុស្ស​ដែរ គឺ​បារម្ភ​ខ្លាច​ពលរដ្ឋ ១៧លាន​នាក់ ត្រូវ​រង​គ្រោះ ដោយសារ​តែ​ក្រុម​អ្នក​បញ្ចេញ​មតិ​ហួស​ព្រំដែន និង​ផ្សាយ​ព័ត៌មាន​មិន​ពិត បង្ក​ឱ្យ​មាន​អំពើ​ហិង្សា និង​បញ្ហា​អសន្តិសុខ​សង្គម។

ទោះ​ជា​យ៉ាង​ណា​ក្ដី ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​អំពី​ក្ដី​បារម្ភ កាល​នៅ​ថ្ងៃ​ទី២ ខែតុលា​ថា អូស្ត្រាលី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ចំពោះ​ការ​ចាប់​ខ្លួន​អ្នកកាសែត លោក ម៉ិច ដារ៉ា ខណៈ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ មាន​សារ​សំខាន់ ចំពោះ​អភិបាលកិច្ច​ល្អ និង​គណនេយ្យ​ភាព ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព។

កាល​ពី​ថ្ងៃ​ទី១ ខែតុលា សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​លោក ម៉ិច ដារ៉ា ពី​បទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» តាម​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ចំពោះ​ការ​បង្ហោះ​រូបភាព នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក។

រីឯ​ការ​ចាប់​ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ ៥រូប កាល​ពី​ថ្ងៃ​ទី២ ខែកក្កដា កន្លងទៅ រួមមាន លោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ឱ្យ​ជាប់​ពន្ធនាគារ ចន្លោះ​ពី ៦ឆ្នាំ​ទៅ ៨ឆ្នាំ ពី​បទ «រួមគំនិតក្បត់ និង ប្រមាថ ព្រះមហាក្សត្រ» ដោយសារ ពួក គាត់​ចេញ​មុខ​ការពារ​បរិស្ថាន។ ករណី​នេះ ក៏​ត្រូវ​បាន​អង្គការ​ជាតិ និង​អន្តរជាតិ​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ជា​ខ្លាំង​ថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា កម្ពុជា គឺ​ជា​ប្រទេស ដែល​ប្រកាន់​គោលការណ៍​ប្រជាធិបតេយ្យ ហើយ​ផ្ដល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ដោយ​ស្មើភាព​គ្នា។ លោក​ថា ករណី​លោក ម៉ិច ដារ៉ា សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​ពលរដ្ឋ​មួយ​ចំនួន ដែល​លើក​ឡើង អំពី​ក្ដី​កង្វល់ ពាក់ព័ន្ធ​គម្រោង​អភិវឌ្ឍន៍ CLV-DTA ជា​ដើម​នោះ គឺ​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ ហើយ​ការ​ចាប់​ខ្លួន​ពួក​គាត់​ដាក់​គុក​នេះ ត្រូវ​បាន​អង្គការ​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ថា គឺ​ជា​រំលោភ​សិទ្ធិមនុស្ស។

លោក នី សុខា៖ «ជា​រឿង​មួយ ដែល​មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​ជា​ធំ​ទេ វា​អាច​បង្ហាញ​រូបភាព មួយ​ឱ្យ​មតិ​ជាតិ និង​អន្តរជាតិ មើល​ឃើញ​ថា ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព នៅ​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​សង្គម​ទៅ​វិញ។ អ៊ីចឹង​ទេ បាន​យើង​តែងតែ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល សុំ​ឱ្យ​ពិចារណា​នៅ​ក្នុង​ការ​ទម្លាក់​ចោល​នូវ​ការ​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន​ទាំង​អស់​ហ្នឹង ដែល​គាត់​គ្រាន់តែ​ប្រើប្រាស់​សេរីភាព ក្នុង​ការ​បញ្ចេញ​មតិ»

មន្រ្តី​សង្គម​ស៊ីវិល ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​ដោះលែង​អ្នកទោស​នយោបាយ សកម្មជន​បរិស្ថាន និង សកម្មជន​សិទ្ធិមនុស្ស ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ ពួក​គាត់​បារម្ភ​ថា ប្រសិនបើ​កម្ពុជា នៅតែ​អះអាង​ថា ការ​ចាប់​ខ្លួន​សកម្មជន​សង្គម អ្នកនយោបាយ  និង​អ្នក​សារព័ត៌មាន គឺ​ជា​ការ​អនុវត្ត​ច្បាប់ ដ៏​ត្រឹមត្រូវ​ដោយ​ពុំ​ខ្វល់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស នឹង​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​លោក​សេរី​បន្ត​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​មក​លើ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments