RFA | ពលករ​ខ្មែរ​រាប់រយ​នាក់​ធ្វើ​ការ​នៅ​លើ​កោះ​មួយ​នៅ​ថៃ​បារម្ភ​ពី​ការ​ចាប់​ខ្លួន​ដាក់​គុក | hot news

By , Comment
Share on Facebook Tweet on Twitter

ពលករ​ខ្មែរ​មួយ​ចំនួន​ធ្វើ​ការ​នៅ​លើ​កោះ​មួយ​នៅ​ប្រទេស​ថៃ ​ព្រួយបារម្ភ​ពី​សុវត្ថិភាព ដោយ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់​ពួកគាត់​ដាក់​គុក​និង​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា ធ្វើ​ឱ្យ​​គ្មាន​ការងារ​ធ្វើ​ ដែល​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ។ ក្ដី​បារម្ភ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មួយ​នេះ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ពលករ​ខ្មែរ​នៅ​លើ​កោះ​មួយ​រយៈ​នេះ​ជា​ច្រើន​នាក់​ដាក់​គុក ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់។

ក្រុម​ពលករ​ទាំង​នោះ​ធ្វើ​ការ​នៅ​លើ​កោះ​ឡាន(Lan) ស្ថិត​នៅ​ខេត្ត​ឈុនបុរី​(Chhunbori) ដែល​មាន​ចម្ងាយ​ជាង​១០០​គីឡូម៉ែត្រ​ពី​ទីក្រុង​បាងកក(Bangkok)។ ពួកគេ​ភាគ​ច្រើន​​ទៅ​ធ្វើ​ការ​ជា​មួយ​ក្រុម​គ្រួសារ ដោយ​អ្នក​ខ្លះ​បាន​យក​កូន​តូចៗ​ទៅ​ជា​មួយ​ផង ​ហើយ​មិន​បាន​សិក្សា​រៀន​សូត្រ​នោះ​ទេ។​

ពលការិនី​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង លោកស្រី ហាន រំ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មួយ​រយៈ​នេះ​លោក​ស្រី ​រួម​ទាំង​ពលករ​ខ្មែរ​ផ្សេង​ទៀត​ដែល​ធ្វើ​ការ​ងារ​នៅ​លើ​កោះ​មួយ​នេះ​​​ព្រួយបារម្ភ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់​ដាក់​គុក ហើយ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ ព្រោះ​បច្ចុប្បន្ន​ពួកគាត់​ធ្វើ​ការ​បាន​ប្រាក់​ស្ទើរ​តែ​មិន​គ្រប់​ដោះស្រាយ​ជីវភាព។ ស្ត្រី​វ័យ​៤៥​ឆ្នាំ​រូប​នេះ មាន​សមាជិក​គ្រួសារ​ចំនួន​៥នាក់​ ក្នុង​នោះ​មាន​កុមារ​អាយុ​ក្រោម​៣​ឆ្នាំ​ចំនួន​២នាក់​ដែរ។ ពួកគេ​បាន​មក​ធ្វើ​ការ​​ផ្នែក​បោស​សំអាត​និង​នាំ​ភ្ញៀវ​ទេសចរណ៍​ជិះ​ទូក​កម្សាន្ត​នៅ​ជុំ​វិញ​កោះ​ ដោយ​បាន​ប្រាក់​ឈ្នួល​ប្រមាណ​៩ពាន់​បាត​​ឬ​ស្មើ​ប្រហែល​២៧០​ដុល្លារ​ក្នុង​មួយ​ខែ។ លោក​ស្រី បន្ត​ថា​ ពួកគាត់​ធ្វើ​ការ​ភិតភ័យ​ ព្រោះ​អាជ្ញាធរ​ថៃ​ទើប​តែ​ចាប់​ក្មួយ​លោក​ស្រី​ម្នាក់​និង​ពលករ​ខ្មែរ​៤​នាក់​ទៀត​ បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​នៅ​ខេត្ត​ឈុនបុរី​ ដោយ​ចោទ​ប្រកាន់​ពី​លួច​ធ្វើ​ការងារ​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់។

លោកស្រី ហាន រំ៖ «ភ័យ​ព្រួយ​ថា​ឥឡូវ​ហ្នឹង​ជីវភាព​កំពុង​តែ​ខ្វះ​ខាត​ទៅ​ហើយ​ ឥឡូវ​ហ្នឹង​ឃើញ​ជាក់​ស្ដែង​​នឹង​ភ្នែក​ទៅ​ហើយ​ ដូច​ថា​ទៅ​សុំ​​ដើរ​រក​ខ្ចី​លុយ​បងប្អូន​ ដើម្បី​ទៅ​ឱ្យ​បាន​មក​វិញ​ សុខ​ចិត្ត​​ឱ្យ​ជំពាក់​គេ​សិន​ទៅ​ចុះ​ឱ្យ​បាន​មនុស្ស​មក​ធ្វើ​ការ​ជួយ​រក​គ្នា​។ ដូច​ថា​បាន​អីចឹង​គឺ​អរ​ដល់​ពេល​យក​លុយ​ទៅ​បង់​គេ​ហើយ​​ក៏​គេ​មិន​ព្រម​ អីចឹង​អារម្មណ៍​ព្រួយ​ខ្លាច​ទៅ​មិន​ដឹង​បាន​អី​បង់​​ធនាគារ​មិន​ដឹង​បាន​អី​ចិញ្ចឹម​ប្រពន្ធ​កូន​ គឺ​ព្រួយ​គ្រប់​គ្នា»

ពលករ​ខ្មែរ​មួយ​គ្រួសារ​នេះ​មក​ធ្វើ​ការងារ​នៅ​លើ​កោះ​ឡាន​អស់​រយៈ​ពេល​ប្រមាណ​៤​ឆ្នាំ​ហើយ​ ដោយសារ​ជីវភាព​ក្រីក្រ​ ហើយ​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​។

ស្រដៀង​គ្នា​នេះ​ដែរ​ ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​លើ​កោះ​ឡាន​ម្នាក់​ទៀត​ លោកស្រី ឈឿត វ៉ាត​ ថ្លែង​ថា គ្រួសារ​គាត់​មាន​គ្នា​៣​នាក់ ធ្វើ​ការ​បាន​ប្រាក់​ឈ្នួល​សរុប​ជាង​១ម៉ឺន​បាត ឬ​ស្មើ​ប្រមាណ ៣០០​ដុល្លារ​ក្នុង​មួយ​ខែ។ ប៉ុន្តែ​លោក​ស្រី​បញ្ជាក់​ថា​ ប្រាក់​ទាំង​នោះ​សន្សំ​បាន​តិចតួច​ផ្ញើ​ទៅ​ឱ្យ​សាច់ញាតិ​នៅ​កម្ពុជា​ដើម្បី​សង​បំណុល​ធនាគារ​និង​ដោះស្រាយ​ជីវភាព។ ស្ត្រី​វ័យ​៥២​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ដូច្នេះ​ប្រសិន​បើ​ប៉ូលិស​ចាប់​ខ្លួន​សមាជិក​គ្រួសារ​ណា​ម្នាក់​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់​នៅ​ ពីព្រោះ​ពួកគាត់​គ្មាន​មុខ​របរ​ផ្សេង​ក្រៅ​អំពី​ធ្វើ​ការ​នៅ​លើ​កោះ​មួយ​នេះ​ទេ។ លោក​ស្រី​បញ្ជាក់​ថា​ សព្វ​ថ្ងៃ​នេះ​ពួកគាត់​ព្រួយបារម្ភ​ពី​សុវត្ថិភាព ហើយ​នៅ​ពេល​ប៉ូលិស​ថៃ​ចុះ​ឆែកឆេរ​ម្ដង​ៗ​គ្រួសារ​លោក​ស្រី​មិន​ហ៊ាន​ប្រឈម​មុខ​ឡើយ ហើយ​តែងតែ​នាំ​គ្នា​រត់​គេច​ទៅ​លាក់​ខ្លួន​ក្នុង​ព្រៃ​មួយ​រយៈ​ក្បែរ​កន្លែង​ស្នាក់​នៅ​ រហូត​ប៉ូលិស​ចេញ​ទៅ​វិញ​ ទើប​ពួកគាត់​ត្រឡប់​មក​ធ្វើ​ការងារ​វិញ​។

លោកស្រី ឈឿត វ៉ាត៖ «គេ​ចាប់​យើង​ទាល់​តែ​មាន​លុយ​ឱ្យ​គេ​ បើ​មិន​មាន​ក៏​ មិន​ដឹង​ពេល​ណា​គេ​ឱ្យ​យើង​ចេញ​ទៅ​ ហើយ​ចេះ​តែ​ខ្វល់ តែ​មិន​ដឹង​ធ្វើ​ម៉េច​ចេះ​តែ​ស៊ូៗ​ទៅ។ តើ​គេ​ចាប់​យើង​ទៅ​មាន​លុយ​មាន​កាក់​ណា​ផ្ញើ​ទៅ​ផ្ទះ ហើយ​ខ្លួន​យើង​ក៏​នៅ​ក្នុង​គុក​ទៀត វា​កាន់​តែ​វែង​ឆ្ងាយ​ហើយ​»

ចំណែក​​ពលរដ្ឋ​មាន​ស្រុក​កំណើត​នៅ​ស្រុក​បវេល​ ខេត្ត​បាត់ដំបង​ ឯណោះ​វិញ​ លោក​ស្រី​ ឈៀង ឈិន ថ្លែង​ថា ​បើ​ទោះ​បី​ជា​លោក​ស្រី​មក​ធ្វើ​ការងារ​ស្រប​ច្បាប់​ក៏ដោយ​ ក៏​លោក​ស្រី​នៅ​តែ​ព្រួយបារម្ភ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ដដែល ​ហើយ​ជា​រឿយៗ​នៅ​ពេល​ប៉ូលិស​ថៃ​ចុះ​ឆែកឆេរ ​លោក​ស្រី​តែង​គេច​ខ្លួន​រក​កន្លែង​សុវត្ថិភាព​ក្នុង​ព្រៃ​ដូច​ពលករ​ដទៃ​ទៀត​ដែរ។ ស្ត្រី​វ័យ​៤៤​ឆ្នាំ​រូប​នេះ បញ្ជាក់​ថា ​មូលហេតុ​ដែល​គាត់​គេច​ខ្លួន​កន្លង​មក ដោយសារ​ខ្លាច​ប៉ូលិស​ថៃ​សួរដេញដោល​ពី​ការ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ដែល​នាំ​ឱ្យ​មាន​បញ្ហា​ដល់​គាត់​។

លោក​ស្រី​ ឈៀង ឈិន៖ណ«អីចឹង​ទៅ​ចេះ​តែ​គេច​ប៉ូលិស​ទៅ​ ទោះ​បី​ខ្ញុំ​មាន​ប៉ាសស្ព័រ​ហើយ​ក៏​ខ្ញុំ​ខ្លាច​ដែរ។ ខ្ញុំ​រត់​ ខ្មែរ​ៗ​យើង​រត់​ឡើង​ទៅ​ខាង​ព្រៃ​ៗ​ឯណោះ​តម្រៀប​ជួរ​គ្នា​ ។​បើ​សិន​ជា​ប៉ូលិស​ចាប់​ទៅ​ខ្មែរ​គឺ​​ខ្ញុំ​នៅ​ខ្មែរ​អត់​មាន​ការងារ​ធ្វើ​ទេ​ ហើយ​សំខាន់​គឺ​អត់​មាន​លុយ​ចិញ្ចឹម​ម៉ែ​ទេ ម៉ែ​ខ្ញុំ​គាត់​ចាស់​ហើយ​ ហើយ​ខ្ញុំ​ក៏​អត់​មាន​មុខ​របរ​អី​ទេ​នៅ​ខ្មែរ​នោះ»

ក្ដី​បារម្ភ​របស់​ពលករ​ទាំង​នេះ​ ធ្វើ​ឡើង​ដោយសារ​កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា ​អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​កោះ​មួយ​នេះ ចំនួន​៥​នាក់ ​បញ្ជូន​ទៅ​ដាក់​គុក​នៅ​ខេត្ត​ឈុនបុរី ​ប្រមាណ​៣សប្ដាហ៍ រួច​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ដោយសារ​ពួកគេ​​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ខុស​ច្បាប់​។ ក្រុម​ពលករ​ទាំង​នោះ​ឱ្យ​ដឹង​ថា សព្វ​ថ្ងៃ​មាន​ពលករ​ខ្មែរ​ជិត​១ពាន់​នាក់​ធ្វើ​នៅ​លើ​កោះ​មួយ​នេះ ក្នុង​នោះ​ពលករ​ប្រហែល​៨០​ភាគ​រយ​ធ្វើ​ការងារ​ខុស​ច្បាប់។ ក្រុម​ពលករ​អះអាង​ថា ពួកគាត់​មិន​ចង់​ការងារ​ខុស​ច្បាប់​នោះ​ទេ ក៏​ប៉ុន្តែ​​ប្រការ​នេះ​ដោយសារ​ការ​ធ្វើ​ឯកសារ​ស្រប​ច្បាប់​មាន​ភាព​ស្មុគស្មាញ ចំណាយ​ពេល​យូរ​និង​ចំណាយ​ប្រាក់​ច្រើន ទើប​ពួកគាត់​គ្មាន​លទ្ធភាព​ក៏​សម្រេច​ចិត្ត​នាំ​គ្នា​ផ្សងព្រេង​​លួច​ធ្វើ​ការងារ​ខុស​ច្បាប់ ដើម្បី​រក​ប្រាក់​សង​បំណុល​ធនាគារ និង​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់​ទង​អធិការ​នគរបាល​ប៉ូលិស​ទីក្រុង​​ប៉ាតាយ៉ា (Pattaya) ខេត្ត​ឈុនបុរី​ដើម្បី​សាកសួរ​សួរ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា។

ចំណែក​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ និង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន ក៏​មិន​ទាក់​ទង​ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​​រឿង​នេះ​បាន​ដែរ​។

ប៉ុន្តែ​កន្លង​ទៅ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មាន​ប្រសាសន៍​ថា ជា​រឿយៗ​មន្ត្រី​របស់​លោក​ដែល​ប្រចាំការ​នៅ​ក្រៅ​ប្រទេស ជាពិសេស​នៅ​ប្រទេស​ថៃ (Thailand) កូរ៉េខាងត្បូង (South Korea) ជប៉ុន (Japan) និង​ម៉ាឡេស៊ី (Malaysia) តែង​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​ពលករ​ខ្មែរ​ចំណាកស្រុក​តាមរយៈ​ការ​អន្តរាគមន៍​ផ្ដល់​ជំនួយ​ផ្លូវច្បាប់ ម្ហូបអាហារ និង​ផ្ដល់​សេវា​ផ្សេងទៀត​។​

ទោះ​ជា​យ៉ាង​ណា​ ប្រធាន​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសក៍​ នៃ​អង្គការ​សង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា ​ពលករ​ខ្មែរ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ​ប្រឈម​នឹង​អាជ្ញាធរ​ថៃ​ចាប់​ដាក់​គុក​ផង​ និង​ប្រឈម​នឹង​ថៅកែ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ផង។​លោក​បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​រដ្ឋាភិបាល​ខ្មែរ​គួរ​តែ​សម្របសម្រួល​ជា​មួយ​រដ្ឋាភិបាល​ថៃ ឱ្យ​បញ្ចុះ​តម្លៃ​ទិដ្ឋាការ​និង​សម្រួល​ធ្វើ​ឯកសារ​ស្រប​ច្បាប់​ដល់​ពួកគេ​ឱ្យ​បាន​ឆាប់ និង​ក្នុង​តម្លៃ​ទាប។

លោក ឌី ថេហូយ៉ា៖ «អីចឹង​បើ​គិត​តម្លៃ​ធ្វើ​ឯកសារ​ហ្នឹង​វា​ថ្លៃ​ណាស់​ រហូត​ដល់​ប្រាក់​ឈ្នួល​របស់​គាត់​ពីរ​បី​ខែ​បាន​ធ្វើ​ឯកសារ​ស្រប​ច្បាប់​នឹង​បាន។ អីចឹង​ហើយ​ធ្វើ​ឱ្យ​គាត់​ហ្នឹង​ជំពាក់​អ្នក​ផ្ដល់​កម្ចី​ឬ​មីក្រូហិរញ្ញវត្ថុ​គាត់​ត្រូវ​បង់​ប្រចាំ​ខែ​ ទី​២​គាត់​ត្រូវ​ហូប​ចុក​ផ្ទាល់​ខ្លួន​ ទី​៣​គាត់​ត្រូវ​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​កូន​ចៅ​អី​ផង​ អីចឹង​វា​ធ្វើ​ឱ្យ​គាត់​ហ្នឹង​ខ្លាច​រអា​ក្នុង​ការ​ធ្វើ។​អីចឹង​ហេតុ​ផល​ទាំង​អស់​ហ្នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​គាត់​បាត់បង់​នូវ​ភាព​ស្របច្បាប់ ហើយ​ធ្វើ​ឱ្យ​គាត់​រស់​នៅ​ក្នុង​ន័យ​ជា​អ្នក​ភ័យ​ខ្លាច​ ហើយ​គាត់​អាច​និយាយ​បាន​ថា​ជា​ជន​រងគ្រោះ​​នៃ​វិបត្តិ​សង្គម​»

របាយការណ៍​អង្គការ​សង់ត្រាល់​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ធ្វើការ​ស្របច្បាប់​និង​មិន​ស្របច្បាប់​ជាង​២​លាន​នាក់​នៅ​ប្រទេស​ថៃ។ ក្នុងចំណោម​ពលករ​ទាំងនោះ​មាន​អ្នកខ្លះ​ត្រូវ​បាន​ថៅកែ​បោកប្រាស់​កម្លាំង​ពលកម្ម ដោយ​ធ្វើ​ការ​មិន​បើក​ប្រាក់​ឈ្នួល​ឱ្យ និង​ខ្លះ​ទៀត​ត្រូវ​បាន​ថៅកែ​វាយ​ធ្វើបាប​ហើយ​ប្ដឹង​ទៅ​សមត្ថកិច្ច​ថៃ​ឱ្យ​ចាប់​ដាក់​ពន្ធនាគារ​ក៏​មាន​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments