RFA | សកម្មជន​និង​សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល​ស្ដារ​ទំនាក់ទំនង​កម្ពុជា និង​ស៊ុយអែត​ឡើងវិញ | hot news

By , Comment
Share on Facebook Tweet on Twitter

ការ​សម្រេច​ផ្ដាច់​ជំនួយ​ទាំងស្រុង​ពី​កម្ពុជា​របស់​រដ្ឋាភិបាល​ស៊ុយអែត (Sweden) ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន ដែល​ធ្លាប់​ទទួល​បាន​ជំនួយ ដើម្បី​ដំណើរការ​គម្រោង​ការពារ​សិទ្ធិមនុស្ស និង​ពង្រឹង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក្នុង​នោះ​ផល​ប៉ះពាល់​ក៏​ធ្លាក់​ទៅ​លើ​ការងារ​ជួយ​ដល់​យុវជន ស្ត្រី និង​កុមារ​ដែរ។

ករណី​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា មាន​តែ​រដ្ឋាភិបាល​ទេ​ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​រឿង​នេះ និង​អាច​ដោះស្រាយ​បញ្ហា​នេះ ព្រមទាំង​ចាត់​វិធានការ​បន្ត​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ស៊ុយអែត​ឡើងវិញ។

ស៊ុយអែត​បិទ​ទ្វារ​ការិយាល័យ​ស្ថានទូត និង​ផ្ដាច់​ជំនួយ​ពី​កម្ពុជា​គឺ​ជា​រឿង​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​សោកស្ដាយ និង​ចាត់​ទុក​ថា កម្ពុជា​កំពុង​ខាត​ប្រយោជន៍​ជាពិសេស​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​ក្រីក្រ​ងាយ​រងគ្រោះ។

យុវតី​ដែល​បាន​ទៅ​ប្រទេស​ស៊ុយអែត​ទទួល​ពានរង្វាន់​ដែល​ប្រទេស​នេះ​ផ្ដល់​ឱ្យ​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​កញ្ញា ស៊ុន រដ្ឋា ថ្លែង​ថា យុវតី​ក្នុង​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ជាច្រើន​នាក់​បាន​ឆ្លង​កាត់​វគ្គសិក្សា​ជាច្រើន ដែល​បង្កើន​ចំណេះ​ដឹង​ពួកគេ​ទាក់ទង​នឹង​សង្គម បរិស្ថាន ធនធានធម្មជាតិ សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​តាម​រយៈ​ជំនួយ​ពី​ប្រទេស​ស៊ុយអែត​ផ្ដល់​ទៅ​អង្គការ​សង្គម​ស៊ីវិល​នានា នៅ​ក្នុង​ស្រុក។ កញ្ញា​បន្ត​ថា ពានរង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន​កម្រិត​អន្តរជាតិ Right Livelihoodឆ្នាំ​២០២៣ ដែល​ស៊ុយអែត​ផ្ដល់​ក្រុម​កញ្ញា​ជា​តឹកតាង​បញ្ជាក់​ថា ស៊ុយអែត នៅ​តែ​ផ្ដល់​តម្លៃ​ដល់​ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស ការពារ​ធនធាន​ធម្មជាតិ និង​អ្នក​ដែល​ងាយ​រងគ្រោះ​ពី​ការអភិវឌ្ឍន៍ ការរំលោភ​បំពាន​ពី​អ្នក​មាន​លុយ​មាន​អំណាច​នៅ​កម្ពុជា។

កញ្ញា​បន្ត​ថា ប្រទេស​ស៊ុយអែត​ទំនង​ក៏​មិន​ចង់​ឱ្យ​ស្ថានការណ៍​ដើរមក​ដល់​ចំណុច​ចុង​ក្រោយ​បែប​នេះ​ដែរ។

កញ្ញា ស៊ុន រដ្ឋា៖ «ខ្ញុំ​ក៏​យល់​ពី​ការសម្រេច​ចិត្ត​របស់​គេ​ដោយសារ​តែ បើសិនជា​យើង​និយាយ​ពី​អារម្មណ៍​របស់​មនុស្ស​ទូទៅ យើង​មិន​ចាំបាច់​និយាយ​ដល់​ប្រទេស​ទេ យើង​ជួយ​នរណា​ម្នាក់ ហើយ​នៅ​ពេល​យើង​និយាយ​លក្ខខណ្ឌ​ជាមួយ​គ្នា​ថា អ្នក​ឯង​ត្រូវ​តែ​គោរព​សិទ្ធិមនុស្ស អ្នកលេង​ត្រូវ​តែ​គោរព​សិទ្ធិមនុស្ស។ អី​ដែល​គេ​ត្រូវការ​អត់​អី​ច្រើន​ទេ គ្រាន់​តែ​អនុវត្ត​ការ​គោរព​សិទ្ធិមនុស្ស សិទ្ធិ​សេរីភាព​របស់​ប្រជាជន ដោះលែង​សកម្មជន ប៉ុន្តែ​យើង​បែរ​ជា​ធ្វើ​អត់​បាន បែរ​ជា​ប្រកាស​ថា ខ្លួន​ឯង​ថា ជា​ប្រទេស​ប្រជាធិបតេយ្យ។ មិន​ត្រឹម​តែ​មិន​គោរព​ទេ ថែម​ទាំង​បំពាន​ទៅ​លើ​សិទ្ធិមនុស្ស​ថែមទៀត»

ស្ថានទូត​ស៊ុយអែត កាល​ពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា ប្រកាស​បិទទ្វារ​ការិយាល័យ​ប្រចាំ​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី៣០ ខែ​កញ្ញា ដោយសារ​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ស៊ុយអែត​ក្នុង​ការ​បញ្ចប់​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍​ទ្វេភាគី​ជាមួយ​ប្រទេស​កម្ពុជា។ បើ​ទោះ​ជា​យ៉ាងណា​ស្ថានទូត​ស៊ុយអែត​មិន​បាន​បញ្ជាក់​ហេតុផល​នៅ​ពី​ក្រោយ​ការ​បិទទ្វារ​នេះ​ទេ។

រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ក្រសួង​ការបរទេស​កម្ពុជា​បាន​អះអាង​ថា រដ្ឋាភិបាល​ស៊ុយអែត​រៀប​ចំឡើង​វិញ​ចំណុច​អាទិភាព​របស់​ខ្លួន​ ដោយ​ត្រូវ​ផ្ដោត​លើ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សន្តិភាព ​និង​សន្តិសុខ នៅ​តំបន់​ជិត​ខាង ដើម្បី​ឆ្លើយ​តប​នឹង​ការប្រែប្រួល​បរិបទ​ពិភពលោក ​បន្ទាប់​ពី​ការ​ផ្ទុះ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន។ ក្រសួង​ដដែល​នេះ​ច្រាន​ចោល​រាល់​ការ​​ការ​បក​ស្រាយ​ណា ដែល​ក្រសួង​អះអាង​ថា សម្រាប់​បម្រើ​ឱ្យ​គោល​ដៅ​នយោបាយ​ទៀត​ផង។

ចំណែក​ប្រធាន​ក្រុម​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ធ្លាប់​អះអាង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​មិន​ផ្ដល់​ជំនួយ​ដល់​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើ​ផ្នែក​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នេះ​មាន​ន័យ​ថា​កម្ពុជា​មាន​ស្ថាន​ភាព​ល្អ​ក្នុង​ផ្នែក​នេះ ដែល​ចាំ​បាច់​រដ្ឋាភិបាល​ម្ចាស់​ជំនួយ​ងាក ឬ​បង្វិល​ជំនួយ​ទៅ​ប្រទេស​ដទៃទៀត ដែល​ស្ថានភាព​មិនទាន់​ល្អ។

ប៉ុន្តែ​ចម្លើយ​នេះ​ជា​រឿង​ហួសចិត្ត​សម្រាប់​សកម្មជន​សង្គម និង​សង្គម​ស៊ីវិល ដែល​កំពុង​ត្រូវ​ការ​ជំនួយ​ជួយ​ដល់​អ្នក​រងគ្រោះ។

កញ្ញា ស៊ុន រដ្ឋា ចោទសួរ​ថា តើ​រដ្ឋាភិបាល​បាន​គិតគូរ​ពី​ពលរដ្ឋ​ពិសេស​ស្ត្រី ក្រីក្រ និង​ងាយ​រងគ្រោះ​ដែរ​ឬ​ទេ?

កញ្ញា ស៊ុន រដ្ឋា៖ «មាន​ន័យ​ថា​ប្រទេស​ថៃ​អន់ថយ​ជាង​ខ្មែរ ក្រីក្រ​ជាង​ខ្មែរ​មែន? ខ្ញុំ​ក៏​មាន​ចម្ងល់​ដូច​គ្នា​ថា តើ​យក​អី​មក​វាស់​ទៅ​លើ​ភាព​រីកចម្រើន។ គេ​យក​ព្រឹត្តិការណ៍ Gumball ប៉ុន្មាន​ថ្ងៃ​មុន​ដែល​គេ​អួត​លាន​កូន​អ្នក​មាន​នៅ​ក្នុង​ស្រុក​ខ្មែរ​ជិះ​ឡាន​ទំនើបៗ​ទៅ​អួត​ហ្នឹង ឬ​ក៏​យក​ភាព​អស្ចារ្យ​ណាមួយ ដែល​គ្រួសារ​គេ​មាន​បាន ហើយ​យក​មក​វាយ​តម្លៃ​ទៅ​លើ​ប្រជាជន​ទាំងមូល​ស៊ុយអែត​ជា​ម្ចាស់​ជំនួយ​ធំ​មែនទែន​​នៅ​ពេល ដែល​គេ​ជួយ​មក​ដល់​រដ្ឋាភិបាល​មាន​ន័យ​ថា​គេ​ជួយ​ដល់​ប្រជាជន​កម្ពុជា​ហើយ​ក្នុង​ការ​ផ្ដល់​ឱកាស​ការងារ​ជា​ពិសេស​ស្ត្រី​តែ​ម្ដង»

ហេតុផល​របស់​រដ្ឋាភិបាល​ទំនង​ពិបាក​នឹង​ឱ្យ​អ្នក​ធ្លាប់​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​ស៊ុយអែត​ទទួល​យក​បាន ដោយ​គេ​សំអាង​ថា កាលពី​ឆ្នាំ​២០១៧ រដ្ឋាភិបាល​ស៊ុយអែត​ធ្លាប់​ព្រមាន​ទុក​រួចហើយ​ថា នឹង​ពិចារណា​ឡើងវិញ​អំពី​ជំនួយ និង​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​កាលនោះ បាន​រម្លាយ​គណបក្សប្រឆាំង​គឺ​គណបក្ស​សង្រ្គោះជាតិ បង្ខំ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ បិទទ្វារ និង​ធ្វើ​ទុក្ខបុកម្នេញ​អង្គការ​សង្គម​ស៊ីវិល ដែល​ស៊ុយអែត​ចាត់​ទុក​ថា ជា​ការ​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ផ្នែក​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ដើរ​ថយក្រោយ។

តាំង​ពី​ឆ្នាំ​២០២១​មក ក្រុម​អង្គការ​សង្គម​ស៊ីវិល សមាគម សហជីព និង​សហគមន៍​មូលដ្ឋាន​ចំនួន​ជាង​១០០ (១១៦) បាន​រួមគ្នា​ដាក់​លិខិត​ទៅ​ស្ថានទូត​ស៊ុយអែត​យ៉ាង​តិច ២លើក​ដែរ ដើម្បី​ស្នើ​ឱ្យ​ពិចារណា​ឡើង​វិញ ពី​ផល​ប៉ះពាល់​​នៅ​ពេល​បាត់​ជំនួយ​ដ៏​សំខាន់​នេះ និង​កុំ​ឱ្យ​ស៊ុយអែត​បោះបង់​កម្ពុជា។

នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ (CCIM) អ្នកស្រី ឆន សុគន្ធា មាន​ប្រសាសន៍​ថា បាត់បង់​ជំនួយ​ពី​ប្រទេស​ស៊ុយអែត​ធ្វើ​ឱ្យ​ប៉ះពាល់​អង្គការ​ជា​ច្រើន​រួម​ទាំង​អង្គការ​របស់​អ្នកស្រី​ផង ហើយ​ភាគ​ច្រើន​ក្រុម​អង្គការ​ទាំង​នោះ​ទទួល​បាន​ជំនួយ​មិន​តិច​ជាង១០​ភាគរយ​នៃ​ថវិកា​ទាំង​មូល​របស់​ស្ថាប័ន។ អ្នកស្រី​បន្ត​ថា គម្រោង​ជា​ច្រើន​នៅ​តាម​មូលដ្ឋាន​នឹង​ប៉ះពាល់​ក្នុង​នោះ​ក៏​មាន​ការអប់រំ វគ្គសិក្សា​សម្រាប់​យុវជន និង​អ្នកសារព័ត៌មាន​ជា​ស្ត្រី និង​គម្រោង​ទាក់ទង​ដល់​ស្ត្រី​មួយចំនួន​ទៀត​ជា​ពិសេស​គម្រោង​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី។ អ្នកស្រី​ថា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ពុំ​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា ដែល​រដ្ឋាភិបាល​ស៊ុយអែត​ចង់​បាន​ឡើយ គឺ​មាន​តែ​រដ្ឋាភិបាល។

អ្នកស្រី ឆន សុគន្ធា៖ «រវាង​ប្រទេស​ទាំងពីរ​គាត់​គួរតែ​​មាន​ការ​ជួប​មាន​ការពិភាក្សា​គ្នា ដើម្បី​ឱ្យ​ដឹង។ ទី១ ដឹង​ពី​បញ្ហា​ពិតប្រាកដ។ ហើយ​រដ្ឋាភិបាល​យើង​គួរ​តែ​លើក​អំពី​​តម្រូវ​ការ​អី​ខ្លះ​ដែល​កម្ពុជា​នៅ​តែ​ត្រូវការ​ជំនួយ​ពី​ខាង​ស៊ុយអែត ក៏​ដូចជា​ម្ចាស់​មូលនិធិ​ផ្សេងៗ»

គិត​ពី​ឆ្នាំ២០១០ ដែល​ស៊ុយអែត​បាន​ដាក់​ស្ថានទូត​នៅ​កម្ពុជា បន្ត​រហូត​ដល់​ឆ្នាំ២០២១ ស៊ុយអែត​បាន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​មាន​ការ​កើន​ឡើង​ជាលំដាប់​គឺ​ចាប់​ពី ៥លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​រហូត​ដល់​ជិត ៤០​លាន​ដុល្លារ។ ជំនួយ​ទាំង​នោះ​ផ្ដោត​លើ​ការប្រែប្រួល​អាកាស​ធាតុ អភិបាល​កិច្ច​តាម​បែប​ប្រជាធិបតេយ្យ ការអប់រំ សិទ្ធិមនុស្ស និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម រួម​នឹង​សកម្មភាព​ចំនួន​ជាង៤០ ដែល​រួមមាន៖ ពង្រឹង​សង្គម​ស៊ីវិល លើកកម្ពស់​កម្រិត​នៃ​ការ​អប់រំ ផ្តល់​ឱកាស​សម្រាប់​អ្នក​ស្រាវជ្រាវ​វ័យក្មេង កាត់​បន្ថយ​វិសមភាព​យេនឌ័រ​ក្នុង​កម្មវិធី​ច្បាប់ ការ​ដោះស្រាយ​វិវាទ​ការងារ និង​ការ​ណែនាំ​យុវជន​កម្ពុជា​ឱ្យ​ឆ្ពោះទៅ​រក​ការងារ​ក្នុង​ក្តី​ស្រមៃ​របស់​ពួកគេ​ជាដើម។ ក្នុង​ដំណាក់កាល​ដែល​ជំងឺ​កូវីដ-១៩ រាលដាល ស៊ុយអែត​បាន​ផ្ដល់​ជំនួយ​ដល់​វិស័យ​អប់រំ និង​ការ​គាំពារ​ហិរញ្ញវត្ថុ​ដល់​សហគមន៍​ជន​បទ​ថែម​ទៀត។

បើ​ទោះ​ជា​យ៉ាងណា​ស៊ុយអែត​បាន​ប្រកាស​បិទ​ស្ថានទូត​នៅ​ភ្នំពេញ​កាល​ពី​ចុង​ឆ្នាំ២០២១ និង​បាន​បង្វែរ​ជំនួយ​ជាង ២០លាន​ដុល្លារ ដែល​ផ្ដល់​ឱ្យ​រដ្ឋាភិបាល​ទៅ​ឱ្យ​អង្គការ​សង្គម​ស៊ីវិល​វិញ។

អ្នក​សិក្សា​ការ​អភិវឌ្ឍ និង​អ្នកវិភាគ​នយោបាយ លោក សេង សារី មាន​ប្រសាសន៍​ថា ការ​សម្រេច​របស់​រដ្ឋាភិបាល​ស៊ុយអែត​នៅ​ក្នុង​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា​នេះ ជា​ឧទាហរណ៍​ជាក់​ស្ដែង និង​ថែម​ទាំង​អាច​ជា​គំរូ​សម្រាប់​បណ្ដា​ប្រទេស​លោកសេរី​ផ្សេងទៀត​ជា​ពិសេស​ប្រទេស​នៅ​អឺរ៉ុប និង​អាមេរិក​ដែល​អាច​នឹង​មាន​វិធាន​ការ​ស្រដៀង​គ្នា​នេះ​ដែរ​នៅ​ក្រោយ​បណ្ដា​ប្រទេស​ទាំងនោះ​ព្រមាន​ជា​ច្រើន​លើក​ច្រើន​សារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ងាក​មក​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ លោក សេង សារី បារម្ភ និង​មិន​ចង់​ឱ្យ​រឿង​ទាំង​នោះ​កើត​ឡើង​ទេ។

លោក សេង សារី៖ «បណ្ដា​ទូត​មួយ​ចំនួន បណ្ដា​លោកសេរី​ដែល​ចង់​ឃើញ​ការដឹកនាំ​តាម​បែប​ថ្មី​តាម​អ្វី​ដែល​លោក ហ៊ុន ម៉ាណែត បាន​ទៅ​រៀនសូត្រ​ពី​លោកសេរី គឺ​ហាក់​ដូច​ជា​អស់សង្ឃឹម។ ដូច្នេះ​មាន​តែ​វិធី​មួយ​ទេ​គឺ​ប្រើ​វិធីសាស្ត្រ​ក្ដៅ។ ខ្ញុំ​មើល​ទៅ​ការ​ដាក់​ទណ្ឌកម្ម ឬ​ការ​ដក​ការិយាល័យ​រដ្ឋបាល​ចុងក្រោយ​របស់​ប្រទេស​ស៊ុយអែត​នេះ​គា្រន់​តែ​ជា​ចំណុច​ចាប់ផ្ដើម»

អ្នក​តាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា​មួយ​ចំនួន​មើលឃើញ​ថា រដ្ឋាភិបាល​ស៊ុយអែត​ទំនង​មិន​ចង់​ឱ្យ​ប្រវត្តិសាស្ត្រ​ច្រំដែល និង​ជាប់​ឈ្មោះ​ថា គាំទ្រ​រដ្ឋាភិបាល​ផ្ដាច់ការ រំលោភ​សិទ្ធិ​មនុស្ស ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្លួន​ឯង​ដូច​ដែល​ខ្លួន​ធ្លាប់​មាន​សមានចិត្ត​គាំទ្រ​របប​ខ្មែរ​កាលពី​អតីតកាល។

ទោះជា​យ៉ាងណា​យុវជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ស៊ុន រដ្ឋា នៅ​តែ​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​បញ្ចៀស​មិន​ឱ្យ​ទំនាក់ទំនង​ការបរទេស​រវាង​កម្ពុជា និង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​កាន់តែ​ធ្លាក់​ដុនដាប​បន្ថែម​ទៀត ហើយ​អ្នក​ដែល​រងគ្រោះ​ពិត​ប្រាកដ​គឺ​ក្រុម​ពលរដ្ឋ​ក្រីក្រ ស្ត្រី ព្រមទាំង​កុមារ និង​អ្នក​ងាយ​រងគ្រោះ​ដទៃទៀត។

កញ្ញា ស៊ុន រដ្ឋា៖ «សេដ្ឋកិច្ច​កំពង់​តែ​ពិបាក ហើយ​ខ្លួន​ឯង​មាន​ក្បាល​ម៉ាស៊ីន​ដ៏​ធំ​មួយ ប៉ុន្តែ​បែរ​ជា​មិន​ព្រម​សហការ​ជាមួយ​ប្រទេស​ផ្សេងៗ ដោយ​ងប់ងុល​តែ​ជាមួយ​អំណាច ការ​បង្អួត​អំណាច។ វា​ធ្វើ​ឱ្យ​បាត់​ឱកាស​អភិវឌ្ឍ​ប្រទេស​ជាតិ និង​បញ្ចេញ​ស្នាដៃ​ក្នុង​នាម​ខ្លួន​ឯង​ជា​អ្នក​ដឹក​នាំ​វ័យ​ក្មេង គឺ​វា​នឹង​បាត់​ឱកាស​ហ្នឹង»

ប្រទេស​កម្ពុជា និង​ស៊ុយអែត​បាន​បង្កើត​ទំនាក់ទំនង​ការទូត​កាល​ពី​ឆ្នាំ១៩៦១។ ប្រទេស​ស៊ុយអែត​បាន​ចាប់​ផ្ដើម​ផ្ដល់​ជំនួយ​មក​កម្ពុជា​លើកដំបូង​នៅ​ក្រោយ​របប​ខ្មែរ​ក្រហម​ដួល​រលំ កាល​ពី​ឆ្នាំ១៩៧៩ ជា​ប្រភេទ​ជំនួយ​មនុស្ស​ធម៌ និង​សង្គ្រោះ​បន្ទាន់ ដែល​សំដៅ​ដល់​ការ​សង្គ្រោះ​ជីវិត សម្រាលទុក្ខ​លំបាក រក្សា​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នក​រង​ផល​ប៉ះពាល់​ដោយ​ជម្លោះ​ប្រដាប់​អាវុធ គ្រោះ​មហន្តរាយ​ធម្មជាតិ​​ជាដើម។

ទាក់ទង​នឹង​ការ​បិទ​ទ្វារ​ការិយាល័យ​ស្ថានទូត​នៅ​កម្ពុជា​នេះ ស្ថានទូត​ស៊ុយអែត​បញ្ជាក់​ថា ស្ថានទូត​ស៊ុយអែត​ប្រចាំ​ទីក្រុង​បាងកក​នឹង​បន្ត​តំណាង​ឱ្យ​ប្រទេស​ស៊ុយអែត​នៅ​កម្ពុជា។ ការ​គ្រប់​គ្រង​ការ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​យោង​ទៅ​តាម​យុទ្ធសាស្ត្រ​តំបន់​សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​អភិវឌ្ឍ​ជាមួយ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ត្រូវ​បាន​ផ្ទេរ​ទៅ​អង្គការ​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​អភិវឌ្ឍន៍​របស់​ស៊ុយអែត​ក្នុង​ទីក្រុង​ស្តុកហូម (Stockholm)។ ស្ថាន​កុងស៊ុល​ស៊ុយអែត​ប្រចាំ​ទីក្រុង​ភ្នំពេញ​នឹង​បន្ត​បើក​ និង​ផ្តល់​សេវា​ការទូត​មូលដ្ឋាន​សម្រាប់​ពលរដ្ឋ​ស៊ុយអែត​នៅ​កម្ពុជា​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments