RFA | កត្តា​ដែល​ធ្វើ​សិស្ស​បាក់ឌុប​ជ្រើស​រើស​ថ្នាក់​សង្គម​ច្រើន «ដោយសារ​ក្រសួង​អប់រំ​ខ្វះ​ការ​ណែនាំ» | hot news

By , Comment
Share on Facebook Tweet on Twitter

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា មូល​ហេតុ​ដែល​យុវជន​មួយ​ចំនួន​មិន​សូវ​ចាប់​អារម្មណ៍​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ ដោយសារ​តែ​មុខ​វិជ្ជា​នេះ​មាន​ភាព​ស្មុគស្មាញ​ច្រើន​ជាង​មុន​វិជ្ជា​វិទ្យាសាស្ត្រ​សង្គម និង​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ក្រសួង​អប់រំ។ ពួកគាត់​បារម្ភ​ថា នៅ​ពេល​ដែល​យុវជន​ចាប់​យក​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​សង្គម​ច្រើន​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​នឹង​ខ្វះខាត​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​វិស្វករ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ។

មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ក្រសួង​អប់រំ​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​វិស័យ​អប់រំ​ពីព្រោះ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការ​ជ្រើស​រើស​មុខវិជ្ជា​វិទ្យាសាស្ត្រ​របស់​សិស្ស​នៅ​តាម​សាលារៀន​មាន​ការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់ ដែល​បញ្ហា​នេះ​អាច​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​ធ្លាក់​ចុះ​ដោយសារ​មិន​មាន​ធនធាន​ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​ទីផ្សារ​ការងារ។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៩ ខែ​កញ្ញា ដោយ​អ្នកស្រី​កត់​សម្គាល់​ឃើញ​ថា បច្ចុប្បន្ន​នេះ​សិស្ស​មួយ​ចំនួន​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​ការសិក្សា​លើ​មុខ​ជំនាញ​បែប​វិទ្យាសាស្ត្រ​ទេ ដោយសារ​ជីវភាព​គ្រួសារ​ក្រីក្រ ហើយ​រៀន​ចប់​គ្មាន​ការងារ​ធ្វើ​សមរម្យ ខណៈ​វិស័យ​អប់រំ​ក៏​គ្មាន​គុណភាព។ អ្នកស្រី​បន្ត​ថា ប្រសិនបើ​បើ​គ្មាន​កំណែទម្រង់​លើ​វិស័យ​អប់រំ កម្ពុជា​នឹង​មិន​អាច​ឆ្លើយតប​តាម​តម្រូវការ​ការវិវឌ្ឍន៍​ដ៏​លឿន​របស់​ពិភពលោក​បាន​ដែរ។

អ្នកស្រី អ៊ុក ឆាយ៉ាវី៖ «ចំពោះ​ខ្ញុំ​អ្វី​ដែល​ក្រសួង​អប់រំ​គួរតែ​ផ្ដោត​ទៅ​លើ​វិស័យ​អប់រំ​ដើម្បី​ឱ្យ​មាន​គុណភាព​គួរតែ​យើង​រៀបចំ​ពី​ថ្នាក់​ក្រោម​ទៅ​មុន​ដូចជា​សាលាមធ្យមសិក្សា បឋម​អ៊ីចឹង​ទៅ​ប្រសិនបើ​ពួកគាត់​មាន​គ្រឹះ ពី​ខាងក្រោម​រឹងមាំ​បាន​អី​ន័យ​ពួកគាត់​ឡើង​ទៅ​ដល់​ណា​ក៏​អត់​ភ័យខ្លាច​ដែរ»

ការ​លើក​ឡើង​របស់​ប្រធាន​សមាគម គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​រូប​នេះ ធ្វើ​ឡើង​គឺ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន កាល​ពី​ថ្ងៃ​ទី២៧ ខែ​កញ្ញា បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ដំណើរ​ការ​រៀបចំ​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង០៨ តុលា ឆ្នាំ២០២៤។ លោក ហង់ ជួនណារ៉ុន ថ្លែង​ថា បច្ចុប្បន្ន​មាន​សិស្ស​ជ្រើសរើស​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ប្រមាណ​៧០ភាគរយ (៧០%) ច្រើនជាង​ថ្នាក់​វិទ្យាសាស្ត្រ​ដែល​ប្រមាណ​៣០ភាគរយ (៣០% ) ខណៈ​ដែល​កន្លង​ទៅ មាន​សិស្ស​ជ្រើស​រើស​យក​ថ្នាក់​វិទ្យាសាស្ត្រ​រហូត​ដល់​ទៅ​៧០ភាគរយ ឯ​វិទ្យាសាស្ត្រ​សង្គម​មាន​ប្រមាណ​៣០ភាគរយ ប៉ុណ្ណោះ។ លោក ហង់ ជួនណារ៉ុន បញ្ជាក់​ថា បញ្ហា​នេះ​គឺ​ដោយសារ​សិស្សានុសិស្ស​មួយ​ចំនួន​ពុំ​មាន​ចំណេះដឹង​គ្រប់គ្រាន់​ដើម្បី​ជ្រើសរើស​យក​ថ្នាក់​វិទ្យាសាស្ត្រ។

លោក ហង់ ជួនណារ៉ុន «នៅ​លើ​មុខវិជ្ជា​ទាំងអស់​នេះ​វា​ពិបាក​ប្រសិនបើ​មិនមែន​មូលដ្ឋាន​គ្រឹះ​ពី​ថ្នាក់​ទី៧ទេ ហើយ​ប្រសិនបើ​សិស្ស​ហ្នឹង​មិនមែន​ជា​សិស្ស​ពូកែ​ទេ​ប្រឡង​អត់​ជាប់​ទេ​អ៊ីចឹង​ហើយ​បាន​ទេ​សិស្ស​ច្រើន​ណាស់​គាត់​ចង់​យក​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ដោយសារតែ​គាត់​ល្មមៗ​គាត់​អាច​ប្រឡងជាប់។ ប៉ុន្តែ​យើង​យល់​ឃើញ​ថា ទី២​ទៀត​ការ​រៀន​ថ្នាក់​វិទ្យាសាស្ត្រ​នេះ​ក៏​វា​តម្រូវ​ឱ្យ​មាន​សាលា​ត្រូវ​មាន​ឧបករណ៍​សម្ភារៈ​គ្រប់គ្រាន់ »

ជុំវិញ​រឿង​នេះ ប្រធាន​កម្មវិធី​ផ្នែក​ចងក្រង និង​ពង្រឹង​សិទ្ធិ​អំណាច​នៃ​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ម៉ើ ចាន់ដារ៉ា យល់​ឃើញ​ថា ស្ថាប័ន​អប់រំ​មិន​គួរតែ​ដាក់​បន្ទុក​ទៅ​លើ​សិស្ស​នោះ​ទេ ប៉ុន្តែ​គួរតែ​បង្កើត​កម្មវិធី​សិក្សា​ដើម្បី​តម្រង់​ទិស​ដល់​ពួកគាត់ ដូចជា​បង្កើត​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ សម្រាប់​មុខជំនាញ​ពាក់ព័ន្ធ​នឹង​វិទ្យាសាស្ត្រ ឬ​បច្ចេកទេស​ជាដើម។ លោក​បន្ត​ថា នៅ​ពេល​ដែល​សិស្ស​ប្រឡង​មិន​ជាប់​ក្រសួង​អប់រំ​គួរតែ​រៀបចំ​គោល​នយោបាយ​បណ្ដុះបណ្ដាល​ទៅ​លើ​មុខ​ជំនាញ​ផ្សេងៗ​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ពួកគាត់​បន្ថែម​ទៀត។

លោក ម៉ើ ចាន់ដារ៉ា៖ «ហើយ​យើង​ក៏​ឃើញ​ថា រដ្ឋាភិបាល​របស់​យើង​ក៏​បាន​ធ្វើ​ប្ដេជ្ញា​លើក​កម្ពស់​ការ​អប់រំ​ក្នុង​ន័យ​នេះ​គឺ​ធ្វើ​ម៉េច​លើកកម្ពស់​សិទ្ធិ​ឱ្យ​ចូល​រៀន​ដល់​ដោយ​ឥត​គិត​ថ្លៃ​ពី​ថ្នាក់ទី១ ដល់ថ្នាក់ទី៩ដោយ​ឥត​គិត​ថ្លៃ។ ប៉ុន្តែ​យើង​មើល​ឃើញ​ថា បញ្ហា​នៃ​ការ​អប់រំ គុណភាព​នៃ​ការ​អប់រំ​មិន​បាន​ឆ្លើយតប​ទៅ​ហ្នឹង​តម្រូវការ​ជាក់ស្ដែង​ទៅ​នឹង​ប្រជាពលរដ្ឋ ទៅ​នឹង​សិស្សានុសិស្ស​យើង​នៅ​ឡើយ​ទេ។ ជាក់ស្ដែង​យើង​មើល​ឧទាហរណ៍​ប្រឡង​បាក់​ឌុប​ថ្មីៗ​នេះ សិស្ស​ដែល​គាត់​ធ្លាក់​បាក់ឌុប​យើង​មិន​មាន​ទិន្នន័យ​ច្បាស់លាស់​ថា ពួកគាត់​ទៅ​ណា»

ក្រសួង​អប់រំ​យុវជន និង​កីឡា ឱ្យ​ដឹង​ថា ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​២០២៤​នេះ មាន​បេក្ខជន​ចុះ​ឈ្មោះ​ប្រឡង​សរុប​ជាង១៣ម៉ឺននាក់ (១៣៧.០៤០) ក្នុង​នោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​ជិត ៤ម៉ឺននាក់ (៣៩.៣៥៨) និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ជាង ៩ម៉ឺននាក់ (៩៧.៦៨២)

មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ដើម្បី​ជំរុញ​ឱ្យ​យុវជន​ចាប់​អារម្មណ៍​លើ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ​រដ្ឋាភិបាល​គួរតែ​ធ្វើ​កំណែ​ទម្រង់​លើ​វិស័យ​អប់រំ​ឡើងវិញ និង​រៀបចំ​គោល​នយោបាយ​កម្ចី​សម្រាប់​សិស្សានុសិស្ស ឬ​និស្សិត ដើម្បី​ឱ្យ​ពួកគាត់​យក​បន្ត​ការសិក្សា​ស្រាវជ្រាវ​របកគំហើញ​ថ្មីៗ​ឆ្លើយតបទៅនឹង​សម័យ​កាល​ឌីជីថល និង​តម្រូវការ​ទីផ្សារ​ការងារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments