RFA | តើ​ខ្មែរ​ក្រោម​ធ្វើ​ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​ដូច​ម្ដេច​ខ្លះ​? | hot news

By , Comment
Share on Facebook Tweet on Twitter

ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​កំពុង​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំបិណ្ឌ នៅ​ឯ​កម្ពុជា​ក្រោម​ឯណោះ​វិញ​ ខ្មែរ​ក្រោម​ក៏​កំពុង​ប្រារព្ធ​ពិធី​នេះ​ដែរ។

តើ​ខ្មែរ​ក្រោម​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំបិណ្ឌ ដូច​ម្ដេច​ខ្លះ​?

ខ្មែរ​ក្រោម​កំពុង​ប្រារព្ធ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​ដែល​ពួក​គាត់​ហៅ​ថា បុណ្យ​សែន​ដូនតា ​រយៈ​ពេល ១៥ថ្ងៃ ដូច​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ដែរ។

សម្រាប់​ខ្មែរ​ក្រោម​ក្នុង​រយៈ​ពេល ១៥ថ្ងៃ​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ​ពួក​គាត់​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះ​សង្ឃ និង​និមន្ត​ព្រះសង្ឃ​មក​ផ្ទះ​ទទួល​ភត្ត (អាហារ, ចង្ហាន់) ដើម្បី​បុណ្យ​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន ដែល​បាន​ធ្វើ​កាលកិរិយា​ទៅ​កាន់​បរលោក។

ប្រធាន​គណៈកម្មការ​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា ពិធី​បុណ្យ​សែន​ដូនតា​នៅ​កម្ពុជា​ក្រោម​មាន​លក្ខណៈ​ខុស​នៅ​កម្ពុជា ត្រង់​ការ កំណត់​កាល​បរិច្ឆេទ ឈ្មោះ​ហៅ ​និង​ពិធី​កិច្ច​ជា​ដើម។

ព្រះភិក្ខុ សឺង យ៉ឹងរតនា៖ «កម្មវិធី​កាន់បិណ្ឌ ១៥ថ្ងៃហ្នឹង ខ្មែរ​ក្រោម​ដាក់​វេន​ទៅ​តាម​វេន​ជា​រៀងរាល់​ថ្ងៃ ដើម្បី​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ។ លក្ខណៈ​សេស​មួយ​ទៀត​គឺ នៅ​តាម​ផ្ទះ គឺ​រៀបចំ​ងូត​ទឹក​លាង​ជើង​ឪពុក​ម្ដាយ​របស់​ខ្លួន​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ»

ព្រះ​អង្គ​មាន​ថេរ​ដីកា​បន្ត​ថា ​ទោះ​បី​ខ្មែរ​ក្រោម ធ្វើ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​ខុស​ប្លែក​ពី​កម្ពុជា​បន្តិច​ក្ដី ប៉ុន្តែ​ការ​រៀបចំ​តាម​ប្រពៃណី​និង​ព្រះពុទ្ធ​សាសនា​មាន​លក្ខណៈ​ដូច​គ្នា។

ព្រះភិក្ខុ សឺង យ៉ឹងរតនា៖ «ក្នុង​រដូវ​ភ្ជុំបិណ្ឌ​គឺ​មាតាបិតា គឺ​ត្រូវ​បាន​កូន​ចៅ​លាង​ជើង​ងូត​ទឹក​ជូន ចំពោះ​អ្នក​មាន​គុណ និង​មាន​ជូន​នំ ​និង​បង្អែម​នៅ​តាម​ផ្ទះ»

ក្នុង​ពេល​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ​នេះ ពុទ្ធបរិស័ទ​វត្តពោធិគិរីវង្សារាម ស្វាយសៀម​ថ្មី រាប់​រយ​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​មក​វត្ត ដើម្បី​ចូល​រួម​ធ្វើ​ពិធី​នេះ។ ក្នុង​ពិធី​នោះ ក៏​មាន​ការ​ប្រជុំ​តន្ត្រី និង​រាំ​កម្សាន្ត​សប្បាយ​ក្នុង​វត្ត​ផង​ដែរ។

យុវជន​ខ្មែរ​ក្រោម លោក ថាច់ ង៉ា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ខ្មែរ​ក្រោម​បន្ត​ថែ​រក្សា​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ក្រោម​តាម​រយៈ​ការ​បន្ត​ចូល​ពិធី​បុណ្យ​ជាតិ​និង​សាសនា​ផ្សេងៗ។

លោក ថាច់ ង៉ា៖ «បុណ្យ​សែន​ដូនតា​នៅ​ទឹក​ដី​កម្ពុជា​ក្រោម ដើម្បី​រំលឹក​ដល់​គុណ​អ្នក​មាន​គុណ និង​ឪពុក​ម្ដាយ​ដែល​បាន​ចែក​ឋាន ហើយ​ពិសេស​គឺ រក្សា​ចំណង​សាមគ្គី​ខ្មែរ និង​ខ្មែរ»

ជុំវិញ​រឿង​នេះ​ដែរ ព្រះភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរ​ដីកា​ថា ការ​ថែ​រក្សា​ប្រពៃណី​ជាតិ និង​វត្តអារាម​គឺ ដើម្បី​ជាតិ​ខ្មែរ​ក្រោម​រស់។

ព្រះភិក្ខុ សឺង យ៉ឹងរតនា៖ «សំខាន់​គឺ ប្រពៃណី ទំនៀម​ទម្លាប់ វប្បធម៌ ​ព្រះពុទ្ធសាសនា​នៅ​ដែន​​ដី​កម្ពុជា​ក្រោម ជា​ដួង​ព្រលឹង​របស់​ជាតិ​នៅ​ដែនដី​កម្ពុជា​ក្រោម។ ពួក​គេ​ទៅ​ជួប​គ្នា​នៅ​តាម​វត្ត​នៅ​ដែន​ដី​កម្ពុជា​ក្រោម ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ខ្មែរក្រោម វត្ត​អារាម​ជា​ដួង​ព្រលឹង​ជាតិ»

ឆ្នាំ២០២៤ នេះ ពិធី​ភ្ជុំបិណ្ឌ​ចំ​ថ្ងៃពុធ ១៥ រោច ខែភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី២ ខែតុលា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments