RFA | កម្ពុជា​ពុំ​អាច​ទាក់ទាញ​អ្នក​វិនិយោគ​មក​ពី​អឺរ៉ុប «បើ​រដ្ឋាភិបាល​មិន​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​​សិទ្ធិមនុស្ស» | hot news

By , Comment
Share on Facebook Tweet on Twitter

អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​នឹង​ពុំ​អាច​ទាក់ទាញ​អ្នក​វិនិយោគ​មក​ពី​ប្រទេស​លោក​សេរី​បាន​ឡើយ បើ​រដ្ឋាភិបាល​នៅ​តែ​មិន​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សភា​ពាណិជ្ជកម្ម​អឺរ៉ុប បាន​ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ។

អ្នកឃ្លាំមើល​បញ្ហា​សិទ្ធិ​មនុស្ស និង​សង្គម លោក ស៊ឹង សែនករុណា ប្រាប់​វិទ្យុ​អាស៊ីសេរី​កាល​ពី​ថ្ងៃទី២៤ ខែ​កញ្ញា ថា ក្រោយពេល​សហភាព​អឺរ៉ុប​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) សហភាព​អឺរ៉ុប​នៅ​តែ​ឃ្លាំមើល​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​អនុវត្ត​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស។ លោក​ថា បើ​រដ្ឋាភិបាល នៅ​មិន​ស្ដារ​ឡើង​វិញ នូវ​លក្ខខណ្ឌ​ទាំង​នេះ​ទេ ប្រទេស​នឹង​ពុំ​អាច​ទាក់ទាញ​អ្នក​វិនិយោគ​ពី​ប្រទេស​ប្រជាធិបតេយ្យ​ឡើយ។

លោក ស៊ឹង សែនករុណា៖ «ខ្ញុំ​យល់​ថា កម្ពុជា​អត់​ទាន់​មាន​អ្វី​កែប្រែ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​យើង​បែរ​ជា​ឃើញ​ថា កម្ពុជា​បែរ​ជា​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​អំពី​ស្ថានភាព លំហ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ។ ទន្ទឹម​នឹង​នេះ យើង​ឃើញ​មាន​ការ​ចាប់​ខ្លួន ការ​គំរាម​កំហែង​ទៅ​លើ​សកម្មជន​នា​ពេល​ថ្មីៗ​ហ្នឹង​ទៅ​ទៀត។ អីចឹង​ខ្ញុំ​មិន​សង្ឃឹម​ថា សហភាព​អឺរ៉ុប ឬ​បណ្ដាល​ប្រទេស​សមាជិក​គេ​នឹង​មក​វិនិយោគ​នៅ​កម្ពុជា​ទេ»

ការ​លើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៣ ខែ​កញ្ញា បាន​ចុះ​ផ្សាយ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក អ៊ីហ្គោរ៍ ទ្រីសម៉ាន់ (Igor Driesmans) និង​ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា លោក តាស៊ីឡូ ប្រ៊ីនហ្សឺ (Tassilo Brinzer) បាន​ជួបពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ ក្នុង​ជំនួប​នោះ សហភាព​អឺរ៉ុប​ឲ្យ​ដឹង​ថា ពួកគេ​បាន​ដោះស្រាយ​បញ្ហា​មួយចំនួន និង​ឱកាស​សម្រាប់​ការ​វិនិយោគ​ពី​សហភាព​អឺរ៉ុប​នៅ​កម្ពុជា។

ទាក់ទិន​នឹង​បញ្ហា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ថ្ងៃទី១៩ ខែ​កញ្ញា ។ លោក បាន​ថ្លែង​ប្រាប់​គណៈប្រតិភូ​សហភាព​អឺរ៉ុប​អំពី​យន្តការ និង​គំនិត​ផ្ដួច​ផ្ដើម​ក្នុង​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​សេដ្ឋកិច្ច ដើម្បី​កែលំអ​បរិយាកាស​វិនិយោគ​ឲ្យ​ប្រសើរ​ឡើង និង​ធានា​នូវ​ការ​ប្រកួតប្រជែង​របស់​កម្ពុជា។

ប៉ុន្តែ​លោក ហ៊ុន ម៉ាណែត ពុំ​បាន​លើកឡើង​ពី​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​ស្ដារ​ឡើង​វិញ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​ឡើយ។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុជាតិ ថ្លែង​ប្រាប់​អាស៊ីសេរី​ថា ក្រសួង​ពាណិជ្ជកម្ម នៅ​មាន​កម្រិត​ក្នុង​ការគ្រប់គ្រង​ព័ត៌មាន​ទាក់ទង​នឹង​គម្រោង​វិនិយោគ​នានា ហើយ​លោក​បង្វែរ​ការ​ឆ្លើយតប​នឹង​សំណួរ​នេះ​ ទៅ​កាន់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

វិទ្យុ​អាស៊ីសេរី ក៏​មិន​ទាន់​ទាច​ទាក់ទង​ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​មួយ នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) លោក ស៊ុន ចាន់ថុល ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​គ្មាន​អ្នក​ទទួល។

សេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) កាលពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ឱ្យ​ដឹង​ថា ក្នុង​ខែ​សីហា​ឆ្នាំ​២០២៤​នេះ រដ្ឋាភិបាល បាន​អនុម័ត​គម្រោង​វិនិយោគ​ថ្មី​ចំនួន៤៦ ដែល​មាន​ទឹក​ប្រាក់​សរុប ១ពាន់​២រយ​លាន​ដុល្លារ​អាមេរិក។ ក្នុង​គម្រោង​វិនិយោគ​ថ្មី​នេះ គឺ​មាន​ក្រុមហ៊ុន​របស់​អាមេរិក​មិន​ដល់​១(.០៤)ភាគរយ​ផង ដែល​ចូល​មក​រកស៊ី​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​វិនិយោគ​ចិន មាន​តួលេខ​នាំ​មុខ​រហូតដល់​ទៅ​ជិត​ ៨៥(៨៤.៧២) ភាគរយ។

ដោយឡែក​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) កាល​ពី​ខែ​សីហា ឆ្នាំ​២០២០ គឺ​ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា​បាន​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ។ រហូត​ដល់​ខែ​វិច្ឆិកា ឆ្នាំ២០២៣ គណៈកម្មការ​អឺរ៉ុប បញ្ជាក់​ថា កម្ពុជា​ត្រូវតែ​បង្ហាញ​ឱ្យ​ឃើញ​ការពិត និង​ជឿជាក់ ដើម្បី​កែលំអ​ឡើងវិញ ជុំវិញ​ក្ដី​កង្វល់ ដែល​បាន​លើកឡើង​ដោយ​សហភាព​អឺរ៉ុប ដើម្បី​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពេញលេញ​ឡើងវិញ ជាពិសេស គឺ​ពាក់ព័ន្ធ​នឹង​ក្ដី​កង្វល់​ជុំវិញ​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ រួម​ទាំង​បញ្ហា​ដីធ្លី​បង្កឡើង​ពី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​សិទ្ធិ​ការងារ។

ក៏ប៉ុន្តែ​រដ្ឋាភិបាល មិន​ត្រឹម​តែ​មិន​បាន​លើ​កំពស់​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បង្កើន​យុទ្ធនាការ​បង្ក្រាប​លើ​អ្នក ដែល​ហ៊ាន​សម្ដែង​មតិ​ផ្ទុយ​ពី​រដ្ឋាភិបាល​ ដូច​ករណី​កាត់​ទោស​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន​១០​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៦ ដល់ ៨ឆ្នាំ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ការពារ​បរិស្ថាន និង​ការ​ចាប់​ខ្លួន​មនុស្ស​យ៉ាង​តិច​១០០​នាក់ ជុំវិញ​ការ​បញ្ចេញ​មិន​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម ដែល​ហៅ​កាត់​ថា CLV-DTA ជាដើម

អ្នកឃ្លាំមើល​សិទ្ធិ​មនុស្ស លោក ស៊ឹង សែនករុណា លើកឡើង​ថា ដើម្បី​ទាក់ទាញ​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ប្រជាធិបតេយ្យ រដ្ឋាភិបាល​គួរតែ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស ។

លោក ស៊ឹង សែនករុណា៖ «ប្រសិន​ជា​កម្ពុជា​យើង​ថ្ងៃ​មុខ​មាន​ការ​កែប្រែ​ចាប់​ផ្ដើម​ដោះលែង​អ្នកទោស​នយោបាយ អ្នក​ទោស​សង្គម និង​សកម្មជន​បរិស្ថាន​ជា​ដើម ខ្ញុំ​យល់​ថា អាច​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ហើយ​រួម​ទាំង​ការ​បើក​លំហ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ បើក​លំហ​សិទ្ធិ​ការងារ សេរីភាព​សារព័ត៌មាន ទាំង​អស់​ហ្នឹង​គេ​នឹង​ពិចារណា អាច​នឹង​មាន​ការ​ចូលរួម​ក្នុង​ការ​វិនិយោគ​ច្រើន​មិន​មែន​ត្រឹម​តែ​មក​ពី​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ​ទេ និង​ប្រទេស​លោក​សេរី​ផ្សេងៗទៀត»

បើ​ទោះ​បី​ជា កម្ពុជា​មាន​អ្នក​វិនិយោគ​ច្រើន​មក​ពី​ប្រទេស​ចិន ក៏​ទីផ្សារ​នាំចេញ​ធំ​បំផុត​របស់​កម្ពុជា មិន​មែន​ជា​ប្រទេស​នេះ​ឡើយ ប៉ុន្តែ​គឺ​ជា​ប្រទេស​លោកសេរី រួមមាន​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​ជាដើម។

ស្ថិតិ​ពាណិជ្ជកម្ម​អន្តរជាតិ បញ្ជាក់​ថា ក្នុង​រយៈពេល​៧​ខែ​ឆ្នាំនេះ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅកាន់​សហភាព​អឺរ៉ុប​មាន អាល្លឺម៉ង់​(Germany) អេស្ប៉ាញ (Spain) អង់គ្លេស​(England) ហូល្លងដ៍ (Netherlands) និង​បារាំង (France)​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ១​ពាន់ (.៦៧២)​លាន​ដុល្លារ ក៏ប៉ុន្តែ​ការនាំចេញ​ទៅកាន់​សហរដ្ឋ​អាមេរិក (United State) ច្រើន​ជាងគេ គឺ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង ៥​ពាន់ (.៥០០) លាន​ដុល្លារ ខណៈ​ដែល​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន (China) ក្នុង​ទំហំ​ទឹកប្រាក់​ជិត ១​ពាន់​លាន​ដុល្លារ ស្ថិត​ក្នុង​លំដាប់​ទី​៣ បន្ទាប់​ពី​វៀតណាម​ជាង ២​ពាន់ (.២០០) លាន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments