RFA | ពលរដ្ឋ​នៅ​ខេត្ត​ឧត្តរមានជ័យ​អះអាង​ថា កាស៊ីណូ​របស់​ឧកញ៉ា លី យ៉ុងផាត់ និង លឹម ហេង បង្ហូរ​ទឹក​កខ្វក់​ចូល​អូរ | hot news

By , Comment
Share on Facebook Tweet on Twitter

ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​​រស់​នៅ​ តាម​បណ្ដោយ​អូរ​ទី១ ស្ថិត​ក្នុង​សង្កាត់​អូរស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ អះអាង​ថា ក្រុមហ៊ុន​បនល្បែង​កាស៊ីណូ​ចំនួន​ពីរ​របស់​លោក​ឧកញ៉ា​ លី យ៉ុងផាត់ ​និង​លោក​ឧកញ៉ា លឹម ហេង បាន​​បង្ហូរ​ទឹក​កខ្វក់​ចូល​​​អូរ​ដែល​ពួក​គាត់​ប្រើ​ប្រាស់​ជា​ប្រចាំ​ ​បង្ក​ឱ្យ​ប៉ះពាល់​សុខភាព​ និង​តំបន់​ទេសចរណ៍​​មួយ​ចំនួន​។ ពួក​គាត់​ថា ករណី​នេះ​បាន​កើត​ឡើង​​ជា​ច្រើន​ឆ្នាំ ហើយ​តែ​អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​ពុំ​អើពើ​ដោះស្រាយ​នោះ​ឡើយ។

នៅ​តាម​ជម្រាល​ភ្នំ​ថ្ម​ ដែល​ស្ថិត​នៅ ​​​ជួ​ភ្នំ​ដង​រែក​ ក្នុង​សង្កាត់​អូរស្មាច់ ក្រុង​សំរោង​ គេ​ឃើញ​មាន​អូរ​ជា​ច្រើន មាន​សម្រស់​ខៀវ​ស្រងាត់​ហ៊ុមព័ទ្ធ ដោយ​ធម្មជាតិ​ ដែល​អាច​ទាក់ទាញ ​ភ្ញៀវ​ទេសចរជាតិ ជា​ច្រើន​មក​លេង​កម្សាន្ត​ ដូច​ជា​​ រមណីយដ្ឋានទឹក​ធ្លាក់​ ដា​ចំប៉ី​ និង​ ទឹក​ធ្លាក់​រួត​ចំប៉ី​ជា​ដើម​ ​ប៉ុន្តែ​​បច្ចុប្បន្ន​​​តំបន់​នេះ​​​ ​ប្រែ​ជា​ស្ងាត់ជ្រងំ​ ពុំ​សូវ​មាន​អ្នក​ទៅ​លេង​ដូច​មុន​​ ព្រោះ​ ​មាន​​ក្លិន​ស្អុយ​​ ហូរ​ចេញ​ពី​កាស៊ីណូ​ ​តាម​អូរ​ក្បែរ​នោះ ចំណែក​ពលរដ្ឋ​ក៏​ប្រឈម​បញ្ហា​សុខភាព​ផង​ដែរ។

ជា​ពិសេស​នៅ​តាម​បណ្ដោយ​​​ ​អូរទី១ ភូមិ​រួត​ចំប៉ី សង្កាត់​អូរស្មាច់ ដែល​​ពលរដ្ឋ​​ប្រើ​ប្រាស់​ទឹក​​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ ដូច​ជា​ដាំ​បាយ ធ្វើ​ម្ហូប​ចិញ្ចឹម​សត្វ ​និង​សម្រាប់​​ ងូត ជា​ដើម​ ពេលនេះ ពួក​គាត់​​ លែង​​បាន​ប្រើ​ប្រាស់​ទឹក​អូរ​ទាំង​នោះ​ទៀត​ហើយ ព្រោះ​​​ មាន​​ក្លិន​ស្អុយ​ ហើយ​​​ជា​ញឹកញាប់ ​ក្លិន​ស្លុយ​ទាំង​នោះ បង្ក​ជា​ជំងឺ​ឆ្លង​​ដល់​​កុមារ និង​មនុស្ស​​​វ័យ​ចំណាស់​ ដូច​ជា ជំងឺ​រមាស​ និង​ថប់​ដង្ហើម​ជា​ដើម។

ពលរដ្ឋ​រស់​នៅ​ភូមិ​រួត​ចំប៉ី សង្កាត់​អូរស្មាច់ លោក យន់ ពន្លឺ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ថា ទឹក​​ស្អុយ​ទាំង​នេះ ​បាន​ហូរ​ចេញ​ពី​កាស៊ីណូ ​ចំនួន​ពីរ​នៅ​ក្បែរ​នោះ​​ ហើយ​​កាស៊ីណូ​ នេះ​ ពលរដ្ឋ​ស្គាល់​តៗ​គ្នា​ថា​ ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា លី យ៉ុងផាត់ និង​ឧកញ៉ា លឹម ហេង ដែល​ពុំ​មាន​ អាជ្ញាធរ​ណា​ចុះ​ត្រួតពិនិត្យ ឬ​ហាម​ឃាត់​សកម្មភាព​ទាំង​​​នោះ​ អស់​រយៈ​ពេល​ជាង​៥​ឆ្នាំ​មក​ហើយ។

លោក​បន្ត​ថា កន្លង​ទៅ​ប្រជាពលរដ្ឋ​តែង​តែ​ប្រើ​ប្រាស់​ទឹក​អូរ​ទី១​ ដែល​ហូរ​តាម​ជម្រាល​ភ្នំ​ថ្ម​​នេះ​ សម្រាប់​ប្រើ​ប្រាស់ ក្នុង​​ជីវភាព ​ប្រចាំ​ថ្ងៃ​ដូច​ជា​ដាំបាយ ចិញ្ចឹម​សត្វ និង​សម្រាប់​​ងូត​​​ ក៏ប៉ុន្តែ ចាប់​តាំង​ពី​មាន​វត្តមាន​កាស៊ីណូ​ទាំងនេះ កាល​ពី​ដើម​ឆ្នាំ​២០២០ មក​​​បញ្ហា​ក្លិន​ស្អុយ​ក៏​កើន​ឡើង​​ បង្ក​ឱ្យ​កើត​ មាន​កម​រមាស​ និង​ពិបាក​ដក​ដង្ហើម​​​ សម្រាប់​ស​កុមារ និង​មនុស្ស​វ័យ​ចំណាស់។

លោក យន់ ពន្លឺ៖ «វា​ស្អុយ រឿង​ប៉ះពាល់​ដឹង​តែ​ប៉ះពាល់​ហើយ​ តែ(បើ)​រឿង​ប៉ះពាល់​អ្វី​ខ្លះ​ខ្ញុំ​អត់​ដឹង​ដែរ​ តែ​រឿង​ស្អុយ​ដឹង​តែ​ហើយ​ ប្រជាពលរដ្ឋ​តូច​តាច​អី​នឹង​ប៉ះពាល់​ទាំង​តែ​គ្នា​ហ្នឹង»

ពលរដ្ឋ​ឱ្យ​ដឹង​ថា​ សព្វថ្ងៃ​មាន​​ពលរដ្ឋ​​​ជាង​៣០​គ្រួសារ​រស់​នៅ​តាម​បណ្ដោយ​អូរ​ទី​១​ ស្ថិត​ក្នុង​ភូមិ​រួត​ចំប៉ី សង្កាត់​អូរស្មាច់​ ​ដែល​ត្រូវ​ទ្រាំ​រស់​នៅ​ជា​មួយ​នឹង​ ​​​ក្លិន​ស្អុយ​ស្ទើរ​រាល់​ថ្ងៃ​។ ក្រៅ​ពី​ ​ប៉ះពាល់​ ដល់​​​ពលរដ្ឋ គេ​ក៏​សង្កេត​ឃើញ​មាន​តំបន់​ទេសចរណ៍​ មួយ​ចំនួន​​ ដែល​ធ្លាប់​ពឹង​អាស្រ័យ ​លើ​​លំហូរ​ទឹក ​និង​សម្រស់​​​​ធម្មជាតិ​ ក្បែរ​ៗ​នោះ ក៏​ពុំ​សូវ​មាន​អ្នក​មក​​លេង​កម្សាន្ត ​ដូច​មុន​ ព្រោះ​ មាន​​ក្លិន​ស្អុយ​ ហើយ​ទឹក​ប្រែ​ជា​ពណ៌​​ខ្មែរ​កខ្វក់។

ចំណែក​ ពលរដ្ឋ​ម្នាក់​ទៀត​ រស់​នៅ​តាម​បណ្ដោយ​អូរ​ទី​១ ដែរ​នោះ​ លោក ខៀវ យឿន លើក​ឡើង​ថា​ ចង់​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ដោះស្រាយ​បញ្ហា​បង្ហូរ​ទឹក​ស្អុយ​ ដែល​ហូរ​ចេញ​ពី​កាស៊ីណូ​នេះ​ ឱ្យ​បាន​ឆាប់ ហើយ​ស្ដារ​ប្រព័ន្ធ​ អូរ​​ឡើង​វិញ​ ដើម្បី​ជា​ប្រភព​ទឹក​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ ប្រើ​ប្រាស់​សម្រាប់​ ស្រោច​ស្រព​ដំណាំ និង​ ចិញ្ចឹម​ជ្រូក​ មាន់ ទា ជាដើម។ លោក​បន្ត​ថា ចាប់​តាំង​ពី​មាន​ក្លិន​ស្អុយ ហើយ​ ​ទឹក​ប្រែ​​ខ្មៅ​កខ្វក់​មក​​អូរ​ទាំង​នោះ​ពួក​គាត់​លែង​អាច​ប្រើ​ប្រាស់​ធ្វើ​ឱ្យ​អូរ​នេះ​រាក់។

លោក ខៀវ យឿន ថា កាល​ពី​កាស៊ីណូ បង្ហូរ​ទឹក​ស្អុយ​ចូល​អូរ​ដំបូង​ៗ​ ប្រជា​ពលរដ្ឋ​ បាន​នាំ​គ្នា ​​ស្នើ​ទៅ​អាជ្ញាធរ​ ឱ្យ​ដោះស្រាយ ​​បញ្ឈប់​ការ​បង្ហូរ​ ព្រោះ​រំខាន​ដល់​ការ​រស់​នៅ​របស់​ពលរដ្ឋ​​ ហើយ​​ ​កាល​នោះ​ អាជ្ញាធរ​ថា ​​នឹង​ហៅ​ តំណាង​ ​ក្រុម​ហ៊ុន​​ដោះស្រាយ​ ​ប៉ុន្តែ​ មកដល់ពេលនេះ ជាង​៥​ឆ្នាំ​មក​ហើយ​ ករណី​បង្ហូរ​ទឹក​ស្អុយ​ បាន​រីក​រាលដាល​កាន់​តែ​ធំ​ បង្ក​ជា​ក្ដី​បារម្ភ​ទាំង​បរិស្ថាន​ និង​​​ពលរដ្ឋ​នៅ​​ក្បែរ​ៗ​នោះ។

លោក ខៀវ យឿន៖ «កាល​ពី​ទឹក​(ស្អុយ)នឹង​បង្ហូរ​ចូល​ ពួក​គាត់​(ប្រជាពលរដ្ឋ)ប្រើ​ប្រាស់​ទឹក​នឹង​ឯង ហើយ​មាន​រមណីយដ្ឋាន​គេ​សម្រាប់​ទៅ​លេង ដល់​ពេល​ឥឡូវ ទឹក​នឹង​មាន​អី​ប្រើ​បាន មាន​នរណា​ហ៊ាន​ប្រើ។ វា​ក្លិន​ស្អុយ​ គ្រាន់​តែ​បើក​ឡាន​ជិត​ស្អុយ»

វិទ្យុ​អាស៊ី​សេរី​ពុំ​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ​ លោក ភួង លីណា ដើម្បី​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី២៤ ខែ​កញ្ញា ដោយ​ហៅ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។ រីឯ ​អភិបាល​​ក្រុង​សំរោង ​ លោក ផុន ចាន់និល​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា​ បញ្ហា​​​បង្ហូរ​ទឹក​ស្អុយ​ ចេញ​ពី​ក្រុមហ៊ុន​បនល្បែង​កាស៊ីណូ​នេះ​ អាជ្ញាធរ​កំពុង​តែ​ដោះស្រាយ ហើយ​នឹង​ពុំ​មាន​បញ្ហា​ទៀត​ទេ។

លោក ផុន ចាន់និល៖ «អាជ្ញាធរ​កំពុង​តែ​ត្រួត​ពិនិត្យ​តាម​ដាន​ ធ្វើ​ឱ្យ​វា​ប្រសើរ​ឡើង​ហើយ»

បន្ថែម​ពី​នោះ​​​ ចៅសង្កាត់​ អូរស្មាច់ ​​លោក អ៊ុក ប៉ុនហេង លើក​ឡើង​ថា ​ចាប់​តាំង​ពី​មាន​ការ​ស្នើ​ជា​​ថ្មី​របស់​ពលរដ្ឋ កាល​ពី​ដើម​​ខែ​កញ្ញា​កន្លង​ទៅ អាជ្ញាធរ​ក្រុង​បាន​ចុះ​ពិនិត្យ និង​សន្យា​ថា នឹង​កោះហៅ​តំណាង​ក្រុម​ហ៊ុន​ ដើម្បី​ដោះស្រាយ។ ប៉ុន្តែ​ លោក​នៅ​មិន​ទាន់​ដឹង​ទេ​ថា តើ​នឹង​ដោះស្រាយ​បែប​ណា​ខ្លះ​​ ហើយ​នៅ​​​​ពេល​ណា​ ជាក់​លាក់​នៅ​ឡើយ។ លោក​បន្ថែម​ថា​ ករណី​បង្ហូរ​ទឹក​ស្អុយ​ ចេញ​ពី​កាស៊ីណូ​នេះ គឺ​ជា​រឿង​ពិត​ ហើយ​កើត​មាន​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ លោក​ពុំ​ មាន​​សមត្ថភាព​អ្វី​ដើម្បី​ដោះស្រាយ​នោះ​ទេ សូម្បី​តែ​ទៅ​ឈប់​ក្បែរ​កាស៊ីណូ ​មិន​ទាំង​ហ៊ាន​​ផង​។

លោក អ៊ុក ប៉ុនហេង៖ «លើក​មុន​គាត់​ស្រោចស្រព​កសិផល​របស់​ពួក​គាត់​បាន ដល់​ពេល​យូរ​ទៅ​វា​ស្រោចស្រព​អត់​បាន​ វា​ស្អុយ​ពេក អ្នក​នៅ​ជិត​ៗ​ហ្នឹង​វា​ស្អុយ។ រដ្ឋាភិបាល​ក៏​ដូច​ជា​ ថ្នាក់​សង្កាត់ ក៏​ខិតខំ​ដោះស្រាយ​ជូន​ហើយ​បញ្ហា​នោះ»

លោក អ៊ុក ប៉ុនហេង លើក​ឡើង​ថា ទឹក​កខ្វក់​ដែល​ហូរ​ចេញ​ពី​កាស៊ីណូ​នេះ ពុំ​មែន​​ប៉ះពាល់​តែ​ ប្រជាពលរដ្ឋ​រស់​​នៅ​ក្នុង​សង្កាត់​អូរ​ស្មាច់​នោះ​ទេ​ គឺ​អាច​ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត នៅ​ក្នុង​សង្កាត់ កូន​​​គ្រៀល ក្រុង​សំរោង​ព្រោះ​ថា​ ប្រព័ន្ធ​ទឹក​អូរ​ទី​១​ ហូរ​ជាប់​ជា​មួយ​នឹង​អូរ​ទី​២ ទៅ​ទី​៣ ​ចុះ​ទៅ​​​ខាង​ក្រោម។

កាស៊ីណូ​ដែល​​បង្ហូរ​ទឹក​កខ្វក់​ចូល​ ទឹក​អូរ​ដែល​ពលរដ្ឋ​ប្រើ​ប្រាស់​នោះ ​មាន​ឈ្មោះ​ថា សាង៉ាំ រីសត និង កាស៊ីណូ (Sangam Resort and Casino) ជា​កម្ម​សិទ្ធិ​របស់​ឧកញ៉ា លឹម ហេង ហើយ​កាស៊ីណូ​នេះ​ ទើប​តែ​ទទួល​បាន​អាជ្ញាប័ណ្ណ​បើក​កាស៊ីណូ ពី​ក្រសួងពាណិជ្ជកម្ម​ កាល​ពី​ឆ្នាំ​២០២២។ ចំណែក កាស៊ីណូ​ ឈ្មោះ​ រ៉ូយ៉ាល​ ញូនៀន (Royal Union Casino)​ ជា​កម្មសិទ្ធិ​របស់ ឧកញ្ញ៉ា លី យ៉ុងផាត់ ក៏​​ទទួល​បាន​អាជ្ញាប័ណ្ណ​បើក​កាស៊ីណូ​ពី​ក្រសួងពាណិជ្ជកម្ម ​ជា​បណ្ដោះអាសន្ន​ កាល​ពី​ឆ្នាំ​២០២២​ផង​ដែរ។ កាស៊ីណូ​ទាំង​នេះ​ ​ស្ថិតនៅ​​ភូមិ​រួត​ចំប៉ី​ សង្កាត់​អូរស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ។

អ្នក​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ករណី​បង្ហូរ​ទឹក​កខ្វក់​ចូល​អូរស្ទឹងនេះ គឺ​ជា​ក្ដី​បារម្ភ​ច​ចម្បង​របស់​ពលរដ្ឋ ​ព្រោះ​ថា​នេះ​ ជា​ប្រភព​ទឹក​ ដែល​គាត់​អាច​ប្រើ​ប្រាស់​​ជា​ប្រចាំ។ លោក​បន្ត​ថា ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​ទទួល​ខុស​ត្រូវ​ខ្ពស់ មិន​ត្រូវ​បណ្ដែត​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន ​​អ្នក​មាន​លុយ​មាន​អំណាច ធ្វើ​អ្វី​តាម​តែ​អំពើ​ចិត្ត​បែប​នេះ​ទេ ព្រោះ​នេះ​នឹង​​​ប៉ះពាល់​​ធ្ងន់ធ្ងរ​ ដល់​សុខភាព​ពលរដ្ឋ​​ សត្វ​ចិញ្ចឹម​ និង​បរិស្ថាន​ជា​ដើម។

លោក អូត ឡាទីន៖ «ប្រសិន​បើ​ក្រុមហ៊ុន​មួយ​ ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍ ឬ​ក៏​បង្កើត​រោងចក្រ ​ដូច​ករណី​កាស៊ីណូ ហើយ​អត់​មាន​ការ​ទទួល​ខុស​ត្រូវ​នោះ​ទេ ប្រាកដ​ណាស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្បែរ​នោះ​នឹង​រង​ផល​ប៉ះពាល់​មុន​គេ។ ផល​ប៉ះពាល់​ដែល​ប្រជាពលរដ្ឋ​រង​ផល​ប៉ះពាល់​នោះ​វា​អាច​ប៉ះពាល់​ទៅ​ដល់​អាយុ​ជីវិត​របស់​ពួក​គាត់។ កន្លែង​នេះ​ មែន​ទែន​ទៅ គឺ​ជា​កាតព្វកិច្ច​របស់​ក្រុម​ហ៊ុន​ក្នុង​ការ​ទទួល​ខុស​ត្រូវ»

ប្រជាពលរដ្ឋ​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ គួរ​តែ​ពិនិត្យ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ឱ្យ​បាន​ត្រឹម​ត្រូវ ចំពោះ​អគារ និង​តំបន់​កាស៊ីណូ​ធំ​ៗ​ ​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ដែល​បង្ហូរ​ទឹក​កខ្វក់​មិន​បាន​​ត្រឹមត្រូវ ដើម្បី​ជៀស​វាង​​បង្ក​បញ្ហា​ ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​​​នៅ​ក្បែរ​នោះ។ បន្ថែម​ពី​នោះ ពួក​គាត់​ក៏​ចង់​ឃើញ ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​តែ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ ចំពោះ​​ក្រុមហ៊ុន​ណា​ មិន​គោរព​ច្បាប់ និង​​ត្រូវ​ហ៊ាន​ពិន័យ​ជា​ទឹក​ប្រាក់​ ឱ្យ​​ស្ដារ​ឡើង ​វិញ​នូវ​បរិស្ថាន ​និង​ផល​ប៉ះពាល់​ ដល់​ពលរដ្ឋ តាម​ទំហំ​ជាក់ស្ដែង​ ​បើ​ពុំ​ដូច្នោះ​ទេ​ បញ្ហា​​បំពុល​បរិស្ថាន និង​សង្គម​ ​នៅ​តែ​បន្ត​កើត​មាន​ជា​ហូរហែ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments