RFA | អ្នក​ឃ្លាំ​មើល​សង្គម​ថា គម្រោង​រៃអង្គាស​ប្រាក់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​គ្មាន​តម្លាភាព | hot news

By , Comment
Share on Facebook Tweet on Twitter

អ្នកឃ្លាំមើល​សង្គម និង​មន្ត្រី​គណបក្ស​ប្រឆាំង​គ្មាន​ជំនឿ​ថា ការ​រៃ​អង្គាស​ប្រាក់​ពី​ពលរដ្ឋ​ដើម្បី​យក​ទៅ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្ដោយ​ព្រំដែន​របស់​លោក ហ៊ុន ម៉ាណែត មិន​មាន​តម្លាភាព​ក្នុង​ចាយ​វាយ​ថវិកា​ឡើយ ស្រប​ពេល​ដែល​មន្ត្រី​ក្នុង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​គឺ​សុទ្ធសឹងតែ​ជា​បក្ខពួក​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។ ការ​លើកឡើង​បែបនេះ​គឺ​ធ្វើឡើង​បន្ទាប់ពី លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​ថា ផែនការ​រៃ​អង្គាស​ប្រាក់​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​នៅ​តែ​បន្ត ហើយ​បច្ចុប្បន្ន​រដ្ឋាភិបាល​របស់​លោក​ប្រមូល​លុយ​បាន ២១លានដុល្លារ​អាមេរិក​ហើយ។

ក្រោយ​ពេល​ដែល​ប្រធាន​ព្រឹទ្ធសភា និង​ជា​ឪ​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​ប្រកាស​ដក​កម្ពុជា​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) ជាមួយ​ឡាវ និង​វៀតណាម កាល​ពីថ្ងៃទី២០ ខែ​កញ្ញា មក​កូនប្រុស​របស់​លោក​គឺ លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ចិត្ត​យក​លុយ​ដែល​បាន​មក​ពី​ការ​រៃអង្គាស​ប្រាក់​យក​ទៅ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន។

អតីត​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃទី២៣ ខែ​កញ្ញា ថា លោក​គាំទ្រ​ឱ្យ​មាន​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​បណ្ដោយ​ព្រំដែន ប៉ុន្តែ​លោក​មិន​ទុក​ចិត្ត​លើ​ការ​ប្រើប្រាស់​ថវិកា​ដែល​គ្មាន​តម្លាភាព​ឡើយ ពីព្រោះ​លោក ហ៊ុន ម៉ាណែត នៅ​មិន​ទាន់​បង្ហាញ​ពី​ផែនការ​ចំណាយ​ច្បាស់លាស់​ក្នុង​ការ​កសាង​នៅ​ឡើយ។ លោក​បន្ត​ថា ការ​ប្រកាស​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​របស់​លោក ហ៊ុន ម៉ាណែត នេះ​គឺ​ដើម្បី​បញ្ចៀស​ការ​រិះគន់​ពី​ពលរដ្ឋ ហើយ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​នេះ​គឺ​បម្រើ​ផលប្រយោជន៍​ឱ្យ​ពលរដ្ឋ​វៀតណាម​ច្រើន​ជាង។

លោក អ៊ំ សំអាន «ការអភិវឌ្ឍន៍​នៅ​តាម​ព្រំដែន​វា​មិន​ខុស​ទេ​វា​ត្រូវ​ហើយ​គ្រាន់តែ​ការ​ធ្វើ​ផ្លូវ​មិន​អាច​ការពារ​ព្រំដែន​របស់​យើង​បាន​នោះ​ទេ​ការពារ​ទឹកដី​របស់​យើង​បាន​នោះ​ទេ។ ប្រសិនបើ​យើង​មិន​អភិវឌ្ឍន៍​នៅ​តាម​ព្រំដែន​ហ្នឹង​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ ឱ្យ​ពលរដ្ឋ​នៅ​តាម​ព្រំដែន​អាច​រស់នៅ​បាន​មិន​បាន​ជួយ​ឱ្យ​កម្មករ​នៅ​តាម​ព្រំដែន​កសិផល​របស់​ពួកគាត់​មាន​ទីផ្សារ​គាត់​មិន​អាច​រស់នៅ​តាម​ព្រំដែន​បាន​គឺ​អភិវឌ្ឍន៍​ហ្នឹង​គ្មាន​ន័យ​នោះ​ទេ​អភិវឌ្ឍន៍​ហ្នឹង​មិន​អាច​ការពារ​បូរណភាព​ទឹកដី​របស់​បាន​នោះ​ទេ»

កាល​ពី​ថ្ងៃទី២២ ខែ​កញ្ញា លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​ជា​សំឡេង​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា បើ​ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា​បាន​ដក​ខ្លួន​ចេញពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) យ៉ាង​ណា​ក៏​ដោយ​ក្ដី​ក៏​លោក​លុយ​ដែល​លោក​បាន​រៃអង្គាស​ពី​ពលរដ្ឋ​យក​ទៅ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តាម​ព្រំដែន នៅ​តែ​បន្ត​សាងសង់​ដើម្បី​ថែរក្សា​បូរណភាព​ទឹកដី។ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា លុយ​ដែល​លោក​ទទួល​បាន​ពី​ការ​រៃអង្គាស​មាន​ចំនួន ២១លានដុល្លារ​អាមេរិក (២១.០០០.០០០$) ដែល​មាន​ពលរដ្ឋ​ចំនួន​៧០ ម៉ឺននាក់​ចូលរួម​បរិច្ចាគ ហើយ​លោក​នឹង​ឈប់​ទទួល​លុយ​ត្រឹម​ថ្ងៃទី៣១ ខែ​តុលា។

លោក ហ៊ុន ម៉ាណែត៖ «ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​គ្រប់​មជ្ឈដ្ឋាន​ដែល​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ដោយ​ស្ម័គ្រចិត្ត​ដល់​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន​ដែល​ផ្ដោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន។ គិត​មក​ដល់​ពេល​នេះ មាន​ប្រមាណ៧០ម៉ឺននាក់​ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម និង​ថវិកា​ប្រមាណ២១លាន​ដុល្លារ​អាមេរិក វិភាគទាន​ស្ម័គ្រចិត្ត​ដែល​ទទួល​បាន​ទាំងអស់​នេះ​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ពន្ធ​នៅ​តាម​ព្រំដែន​ដែល​ផ្ដោត​លើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី លោក មាស សោភ័ណ្ឌ ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃទី២៣ ខែ​កញ្ញា។

ថ្វីត្បិត​លោក ហ៊ុន ម៉ាណែត ចេញ​មុខ​អះអាង​ថា លោក​នៅ​តែ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន​បើ​ទោះជា​រដ្ឋាភិបាល​បិទ​បញ្ចប់​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ក្ដី ក៏​អ្នក​ឃ្លាំ​មើល​យល់​ឃើញ​ថា ការ​ចេញ​មុខ​ប្រកាស​របស់​លោក ហ៊ុន ម៉ាណែត បែប​នេះ​គឺ​ដើម្បី​បង្វែរ​ស្ថានការណ៍​នយោបាយ ហើយ​ពួកគេ​ថា ប្រសិនបើ​រដ្ឋាភិបាល​ពិត​ជា​ចង់​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ពិតប្រាកដ​គឺ ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ និង​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងអស់​ពី​ក្រុមហ៊ុន​វៀតណាម ព្រមទាំង​លុប​ចោល​សន្ធិសញ្ញា​ព្រំដែន​ទាំង​ឡាយ​ណា​ដែល​ពួកគេ​ចោទ​ថា ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម​កន្លង​មក។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​លោក ម៉ែន ណាត មាន​ប្រសាសន៍​ថា ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គឺជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុសត្រូវ​ពោល​គឺ​មិនមែន​ពលរដ្ឋ​នោះ​ឡើយ។ លោក​បន្ត​ថា ដើម្បី​ធ្វើ​ឱ្យ​ការ​ចាយ​វាយ​ថវិកា​ជាតិ​មាន​តម្លាភាព​គឺ​ទាល់តែ​មាន​ការ​អនុម័ត​ចេញ​ពី​ស្ថាប័ន​រដ្ឋសភា និង​ព្រឹទ្ធសភា​ប៉ុន្តែ​បច្ចុប្បន្ន​ស្ថាប័ន​ទាំងពីរ​នោះ​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​លោក ហ៊ុន សែន ដូច្នេះ​លោក​គ្មាន​សង្ឃឹម​ថា ថវិកា​ដែល​រៃអង្គាស​មក​ពី​ពលរដ្ឋ​នោះ​នឹង​ប្រើប្រាស់​ឱ្យ​មាន​តម្លាភាព​នោះ​ទេ។

លោក ម៉ែន ណាត៖«បើ​លោក ហ៊ុន ម៉ាណែត ជ្រុល​ជា​ធ្វើ​អ៊ីចឹង​ចេញ​សេចក្ដី​ប្រកាស​អី​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អ៊ីចឹង​ក៏​មិន​អាច​ទាន់​ឱ្យ​ពលរដ្ឋ​ជឿ​ទុកចិត្ត​បាន​ទេ ប៉ុន្តែ​យើង​ជំរុញ​មួយ​ផ្នែក​ទៀត​ឱ្យ​លោក ហ៊ុន ម៉ាណែត យក​ទាំង​ចំនួន​ទឹកលុយ​ និង​ទាំង​ការ​អនុវត្ត​ជាក់ស្ដែង​ហ្នឹង​ឱ្យ​រដ្ឋសភា​ដឹង​ទៅ​យ៉ាង​ហោច​ណាស់​ក៏ វា​ជួយ​សម្រាល​លើ​ការ​ស្ដី​បន្ទោស​មួយ​ចំនួន​ឱ្យ​រដ្ឋសភា​ជួយ​អនុម័ត»

អ្នកឃ្លាំមើល​សង្គម និង​មន្ត្រី​បក្ស​ប្រឆាំង​ទាមទារ​ឱ្យ​លោក ហ៊ុន ម៉ាណែត បង្ហាញ​ពី​តម្លាភាព​ពី​គម្រោង​ចាយ​វាយ​លុយ​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​បណ្ដោយ​ព្រំដែន​ជា​សាធារណៈ​ពីព្រោះ​កន្លង​ទៅ​រាល់​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​គឺ​ក្រុម​គ្រួសារ​ត្រកូល«ហ៊ុន»តែង​លាក់​បាំង និង​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រក​ស៊ី​ទុច្ចរិត និង​ការរំលោភ​យក​ដីធ្លី​ពលរដ្ឋ​ជា​អ្នក​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments