RFA | អ្នក​វិភាគ​ថា លោក ហ៊ុន ម៉ាណែត បារម្ភ​​​ពី​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​​ ទើប​មិន​ចូលរួម​​​មហាសន្និបាត​នៅ​អ.ស.ប | hot news

By , Comment
Share on Facebook Tweet on Twitter

អ្នក​វិភាគ​លើក​ឡើង​ថា មូលហេតុ​ដែល​​លោក ហ៊ុន ម៉ាណែត មិន​ទៅ​​ចូល​រួម​​​​ក្នុង​កិច្ច​ប្រជុំ​នៅ​មហាសន្និបាត​អង្គការ​​​សហប្រជាជាតិ​ដោយ​ផ្ទាល់ និង​​ឱ្យ​​​រដ្ឋមន្ត្រី​​ក្រសួង​ការ​បរទេស លោក​ សុខ ចិន្តាសោភា​ ទៅ​ជំនួស​លោក​គឺ​ដោយ​សារ​តែ​លោក​ ហ៊ុន ម៉ាណែត បារម្ភ​​​ពី​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ និង​ការ​ចោទ​សួរ​​លោក​​ជុំ​វិញ​​ការ​​​រំលោភ​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​​បែប​នេះ​ គឺ​ក្រោយ​ពេល​ដែល​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិ​​​ចេញ​​សេចក្ដី​​ប្រកាស​ព័ត៌មាន​កាល​ថ្ងៃ​ទី​២១ ខែ​​កញ្ញា​​ ​​ថា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស លោក​ សុខ ចិន្តាសោភា​ នឹង​ធ្វើ​ជា​តំណាង​របស់​នាយករដ្ឋមន្ត្រី​ លោក​ ហ៊ុន ម៉ាណែត ដើម្បី​​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ស្ដី​ពី​អនាគត​ និង​សម័យ​ប្រជុំ​លើក​ទី​៧៩ នៃ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី២២​ ដល់​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា ​នៅ​ទី​ក្រុង​ញូវយ៉ក (New York City) សហរដ្ឋអាមេរិក។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​​ឱ្យ​ដឹង​ថា លោក​ សុខ ចិន្តាសោភា នឹង​ថ្លែង​សន្ទរកថា​​​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្ដី​ពី​អនាគត​ក្រោម​មូលបទ «ដំណោះ​ស្រាយ​ពហុភាគី​សម្រាប់​ថ្ងៃ​ស្អែក​កាន់​តែ​ប្រសើរ»​ និង​នៅ​មហាសន្និបាត​អង្គការ​សហ​ប្រជា​ជាតិ ​ក្រោម​មូលបទ «ការ​មិន​ទុក​នរណា​ម្នាក់​ចោល៖ ធ្វើ​ការ​រួមគ្នា​ដើម្បី​លើក​ស្ទួយ​សន្តិភាព​ ការ​អភិវឌ្ឍ​ ប្រកប​ដោយ​ចីរ​ភាព​ និង​សេចក្ដី​ថ្លៃថ្នូរ​ជា​មនុស្ស សម្រាប់​មនុស្ស​ជំនាន់​បច្ចុប្បន្ន និង​អនាគត»

អ្នក​​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក លោក សេង វ៉ាន់លី លើក​ឡើង​ថា​កិច្ច​ប្រជុំ​រវាង​ថ្នាក់​ដឹក​នាំ​​ប្រទេស​​នានា នៅ​លើ​ពិភព​លោក​នៅ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​​នេះ​គឺ​ជា​រឿង​សំខាន់​ដែល​ថ្នាក់​ដឹក​នាំ​ប្រទេស​នីមួយ​​​​​អាច​មាន​ឱកាស​​​ចូល​រួម​ក្នុង​​កិច្ច​ប្រជុំ​ដោយ​ឡែក​ជា​មួយ​ថ្នាក់​ដឹក​នាំ​ប្រទេស​ផ្សេង​ទៀត​​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ និង​​ពង្រឹង​ដៃ​គូ​វិនិយោគ​ជា​ដើម។

លោក សេង វ៉ាន់លី ថា ការ​មិន​ចូលរួម​របស់​ លោក ហ៊ុន ម៉ាណែត អាច​មាន​ហេតុ​ផល​​ជា​ច្រើន​ ប៉ុន្តែ​លោក​ថា អវត្តមាន​នេះ​​គឺ​អាច​ដោយ​សារ លោក​ ហ៊ុន ម៉ាណែត បារម្ភ​ពី​ការ​ធ្វើ​បាតុកម្ម​​ប្រឆាំង​នឹង​រូប​លោក​​ដោយ​សារ​តែ​ពលរដ្ឋ​ខ្មែរ នៅ​សហរដ្ឋអាមេរិក​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ចាប់​ពលរដ្ឋ​​​​ដាក់​គុក​ជា​បន្ត​បន្ទាប់ ជា​ពិសេស​ពាក់​ព័ន្ធ​​រឿង​កិច្ច​សហប្រតិបត្តិ​ការ​តំបន់​ត្រីកោណ​អភិវឌ្ឍ​រវាង​កម្ពុជា ឡាវ និង​វៀតណាម​ (CLV) ជា​ដើម។

លោក សេង វ៉ាន់លី «ប៉ុន្តែ​គ្រាន់​តែ​សន្ទុះ​នៃ​ការ​​ទាមទារ​ឱ្យ​រដ្ឋាភិបាល​​ជំរុញ​ធ្វើ​និរាករណ៍​ ឬ​លុប​ចេញ​ ​គម្រោង​ CLV-DTA ​នៅ​តែ​បន្ត​កើត​មាន​ ហើយ​យើង​ឃើញ​ថា​​​ការ​ប្រកាស​ដក​ខ្លួន​គឺ​ជា​នីតិវិធី​ដំបូង​​​ បឋម​ ប៉ុន្តែ​ការ​សម្រេច​ដក​១០០ភាគរយ​ហ្នឹង​​ត្រូវ​ការ​ពេល​ពិចារណា​តាម​រយៈ​អង្គ​នីតិប្បញ្ញត្តិ​ ដូច្នេះ​ដំណើរ​ការ​នៃ​ការ​ដក​ខ្លួន​នៅ​មិន​ទាន់​រួច​រាល់​ជា​ស្ថាពរ​ទេ»

ចំណែក​អ្នក​​​អត្ថាធិប្បាយ​​នយោបាយ​ លោក គឹម សុខ លើក​ឡើង​ថា​​​​មូល​ហេតុ​ដែល​​លោក ហ៊ុន ម៉ាណែត​ មិន​​ទៅ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​គឺ​ដោយ​សារ​​​ការ​ដឹក​នាំ​របស់​​ លោក ហ៊ុន ម៉ាណែត ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ​​​​ គឺ​ដូច​គ្នា​នឹង​ការ​ដឹក​នាំ​របស់​ឪពុក​លោក​​គឺ​ លោក ហ៊ុន សែន​ ដោយ​​បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​​​ និង​​​​អនុញ្ញាត​ឱ្យ​ករណី​​ជួញដូរ​មនុស្ស​ខុស​ច្បាប់​បន្ត​កើន​មាន​នៅ​កម្ពុជា​ជា​ដើម។ លោក​ថា បញ្ហា​ទាំង​​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​លោក​ ហ៊ុន ម៉ាណែត បារម្ភ​ថា​នឹង​មិន​អាច​ឆ្លើយ​តប​​នៅ​មុខ​​ថ្នាក់​ដឹក​នាំ​ប្រទេស​ប្រជាធិបតេយ្យ​​​​​ដែល​ចង់​ឃើញ​ប្រទេស​កម្ពុជា​មាន​ការ​គោរព​សិទ្ធិមនុស្ស។

លោក គឹម សុខ «កិច្ច​ប្រជុំ​កំពូល​អង្គការ​សហប្រជាជាតិ​មាន​​ប្រធានបទ​ពីរ​សំខាន់​គឺ​ដំណោះ​ស្រាយ​ពហុភាគី​ និង​ការ​មិន​ទុក​នរណា​ម្នាក់​ចោល​ ចំណុច​ពីរ​នេះ​​គឺ​ជា​គោលការណ៍​គន្លឹះ​​នៃ​លទ្ធិប្រជាធិបតេយ្យ​​ដែល​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត​ ដើរ​ផ្ទុយ​ទាំង​ស្រុង​​ដូច្នេះ​ប្រសិន​បើ​លោក​ ហ៊ុន ម៉ាណែត​ មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​​អង្គការ​សហប្រជាជាតិ​ សហគមន៍​អន្តរជាតិ​ជាតិ​ ជា​ពិសេស​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​​នឹង​សួរ​ដេញ​ដោល​ចំៗ​​អំពី​ដំណើរ​នៃ​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក ជុំ សុន្ទរី អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៣ កញ្ញា។

ក្រោយ​ទទួល​បាន​​ការផ្ទេរ​អំណាច​បន្ត​ពូជ​ពី​ឪ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ​បាន​ធ្វើ​​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​ចូលរួម​មហាសន្និបាត អង្គការ​សហប្រជាជាតិ​លើក​ទី​៧៨ កាល​ពី​ឆ្នាំ​មុន​​​ ដោយ​លោក​បាន​ថ្លែង​ភូត​កុហក​ និង​បោកប្រាស់​មហាសន្និបាត​​អង្គការ​សហប្រជាជាតិ​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា​ធ្វើ​ឡើង​ដោយ​«សេរី​ ត្រឹមត្រូវ យុត្តិធម៌ និង​អាច​ជឿ​ទុកចិត្ត​បាន»។ កាល​នោះ​ ពលរដ្ឋ​ដើម​កំណើត​ខ្មែរ​មក​ពី​បណ្ដា​ប្រទេស​នានា​ដូចជា​អាមេរិក​ អូស្ត្រាលី កាណាដា ជាដើម ​ជា​ច្រើន​​រយ​នាក់​​បាន​ប្រមូល​ផ្គុំគ្នា​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​លោក និង​ស្នើ​កុំ​ឱ្យ​អង្គការ​សហប្រជាជាតិ​ទទួលស្គាល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដែល​ពួកគេ​ថា កើត​ឡើង​ពី​ការ​ផ្ទេរ​អំណាច​ពី​ឪពុក​មក​កូន ដើម្បី​បន្ត​គាបសង្កត់​អ្នក​ប្រជាធិបតេយ្យ។ ទោះ​ជា​យ៉ាង​ណា​ លោក​ ហ៊ុន ម៉ាណែត នៅ​មិន​ទាន់​​​​មាន​វាសនា​ដូច​ឪពុក​របស់​លោក​ដែល​ត្រូវ​បាន​បាតុករ​គប់​​ស្បែក​ជើង​​តម្រង់​ក្បាល​នោះ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments