អ្នកធ្វើការងារទាក់ទងព្រៃឡង់ដែលធ្លាប់ចូលព្រៃជាមួយលោកបណ្ឌិត កែម ឡី រំលឹកឡើងវិញថា បណ្ឌិត កែម ឡី ជាអ្នកការពារព្រៃឡង់យ៉ាងសកម្មម្នាក់។ ពួកគេថា ពេលលោកបណ្ឌិត កែម ឡី ចូលព្រៃម្តងៗ សិក្សាលម្អិតពីបញ្ហា និងផ្ដល់នូវដំណោះស្រាយ។
ក្រៅពីជាអ្នកវិភាគនយោបាយដ៏ល្បី បណ្ឌិត កែម ឡី ក៏ជាអ្នកចូលរួមការពារព្រៃឡង់យ៉ាងសកម្មផងដែរ។ យុវជន និងព្រះសង្ឃដែលបានចូលការពារព្រៃឡង់ ជាមួយលោកបណ្ឌិត កែម ឡី សុទ្ធតែលើកឡើងស្រដៀងគ្នាថា លោកជាសកម្មជនព្រៃឡង់ម្នាក់ដែលបានចងក្រងឯកសារស្ដីពីការកាប់ បំផ្លាញព្រៃឡង់។
ព្រះតេជព្រះគុណ អូន ឡុង ជាព្រះសង្ឃដែលសកម្មនឹងកិច្ចការពារព្រៃឡង់មានថេរដីកាឲ្យដឹងថា ព្រះអង្គធ្លាប់បានចូលការពារព្រៃឡង់ជាមួយលោកបណ្ឌិត កែម ឡី ព្រះតេជព្រះគុណសង្កេតឃើញថា លោក កែម ឡី ពេលចូលព្រៃម្តងៗលោកតែងតែជួបជជែកជាមួយពលរដ្ឋរស់នៅតំបន់ព្រៃ អាជ្ញាធរ និងបណ្ដុះបណ្ដាលយុទ្ធសាស្ត្រដល់យុវជនឲ្យដឹងពីរបៀបល្បាតព្រៃ។ ព្រះតេជព្រះគុណយល់ថា លោក កែម ឡី ជាអ្នកផ្តល់ភាពក្លាហានដល់យុវជនឲ្យចូលរួមកិច្ចការពារធនធានធម្មជាតិ។ «»
យុវជនម្នាក់ដែលធ្លាប់ចូលរួមការពារព្រៃឡង់ជាមួយលោក កែម ឡី ដែរនោះ គឺលោក មួង សូនី រំលឹកឡើងវិញឲ្យដឹងដែរថា លោក កែម ឡី មានគោលបំណងសិក្សាពីស្ថានភាពព្រៃឡង់ និងការកាប់បំផ្លាញព្រៃឡង់។ យុវជនរូបនេះសង្កេតឃើញថា នៅពេលលោក កែម ឡី ចុះព្រៃឡង់ម្តងៗ គឺលោកតែងស៊ើបអង្កេតគ្រប់ជ្រុងជ្រោយ ព្រមទាំងប្រថុយនឹងគ្រោះថ្នាក់ ហើយពេលទទួលលទ្ធផលលោក កែម ឡី បានចងក្រងជារបាយការណ៍ និងលើកយកករណីទាំងនេះមកផ្សព្វផ្សាយដើម្បីឲ្យសាធារណជនទូទៅបានដឹង។ «»
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែលតែងតែដឹកនាំព្រះសង្ឃ និងយុវជនចូលការពារព្រៃឡង់ មានថេរដីកាឲ្យដឹងថា លោកបណ្ឌិត កែម ឡី ខុសពីបញ្ញវន្តផ្សេងទៀតព្រោះលោកបណ្ឌិត បានទៅសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យដល់ទីកន្លែងរួចហើយ ទើបលោកបណ្ឌិតផ្ដល់ជា ដំណោះស្រាយ។ ព្រះតេជព្រះគុណនៅចងចាំថា ព្រះអង្គនិងលោកបណ្ឌិត កែម ឡី ធ្លាប់ទៅចង អង្រឹងសម្រាកនៅតំបន់ព្រៃឡង់ក្នុងស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង និងថែមទាំងរកឃើញថា មានការកាប់បំផ្លាញព្រៃឡង់ពិតប្រាកដ គឺមិនមែនពលរដ្ឋធ្វើចម្ការវិលជុំនោះទេ ប៉ុន្តែវាគឺជា ការបំផ្លាញជាប្រព័ន្ធដែលមានតួអង្គសំខាន់ៗគឺរដ្ឋាភិបាល ឈ្មួញទុច្ចរិតដែលងារជាឧកញ៉ា និងអាជ្ញាធរនៅតំបន់ព្រៃឡង់។ «»
អ្នកវិភាគនយោបាយដ៏ល្បីឈ្មោះលោកបណ្ឌិត កែម ឡី ត្រូវឃាតកបាញ់សម្លាប់នៅកណ្ដាលទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយពីលោកបណ្ឌិត កែម ឡី បានវិភាគរបាយការណ៍របស់អង្គការ Global Witness ពីអាណាចក្រជំនួញត្រកូល "ហ៊ុន"។ សំណុំរឿងនេះស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយបើទោះជារបបលោក ហ៊ុន សែន បានចោទប្រកាន់ទៅលើបុរសម្នាក់ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ក្តី។ ជាញឹកញាប់លោក កែម ឡី តែងចែករំលែកចំណេះដឹង និងការរកឃើញពីការកាប់បំផ្លាញព្រៃឡង់ ទៅដល់ប្រព័ន្ធផ្សព្វផ្សាយនានា។ ក្នុងនោះកាលខែមិថុនា ឆ្នាំ២០១៦ លោកបណ្ឌិត បានចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីជជែកពិភាក្សាអំពី «ការកាប់បំផ្លាញព្រៃឡង់ក្រោមរូបភាពដីសម្បទានសេដ្ឋកិច្ចនិងសង្គមកិច្ច។ «»
ការជជែកនោះលោក កែម ឡី បានបង្ហាញពីការរកឃើញរបស់លោកមួយគឺការផ្ដល់ដីសម្បទានសង្គមកិច្ចក្នុងតំបន់ព្រៃឡង់ នៃស្រុកថាឡាបរិវាត់ ខេត្តស្ទឹងត្រែង។ លោកបណ្ឌិតសង្កេតឃើញថា ការផ្តល់ដីសម្បទានសង្គមកិច្ចនោះមានភាពមិនប្រក្រតី ព្រោះអ្នកដែលត្រូវទទួលបានដីនោះមិនមែនជាពលរដ្ឋរងគ្រោះពិតប្រាកដ។ លោក កែម ឡី ថែមទាំងឲ្យដឹងទៀត នៅពេលលោកចុះទៅដល់តំបន់ព្រៃឡង់នោះ ព្រៃឡង់ស្ថិតក្នុងស្ថានភាពរងគ្រោះ និងប្រឈមទៅនឹងការវិនាសអន្តរាយធ្ងន់ធ្ងរ។ «»
ក្រៅពីលើកឡើងពីករណីកាប់បំផ្លាញព្រៃក្នុងស្រុកថាឡាបរិវាត់ លោក កែម ឡី បានផ្ដល់គំនិតដល់របបលោក ហ៊ុន សែន ដើម្បីការពារព្រៃឡង់ថា គឺត្រូវប្រគល់សិទ្ធិការពារគ្រប់គ្រងទៅឲ្យប្រជាសហគមន៍ និងត្រូវបង្កើតច្បាប់មួយដាច់ដោយឡែកដាក់ទោសធ្ងន់ធ្ងរលើអ្នកបំផ្លាញព្រៃឡង់។ លោកបន្តទៀតថា នៅក្នុងតំបន់ព្រៃឡង់គ្មានផ្លូវចេញចូលច្រើនទេដូច្នេះអាជ្ញាធរ ត្រូវតែបំពាក់កាមេរ៉ានៅពេលចេញចូលព្រៃឡង់ និងមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ។ លោកថា បើធ្វើបែបនេះសូម្បីតែឈើមួយដើមក៏គ្មានអ្នកណាអាចដឹកចេញពីព្រៃឡង់បានដែរ។ «»
របាយការណ៍របស់បណ្ដាញសហគមន៍ព្រៃឡង់បង្ហាញថា ទំហំព្រៃឡង់បច្ចុប្បន្ននៅសល់តែប្រមាណ៣៦ម៉ឺនហិកតារ ដែលពីមុននៅក្នុងអនុក្រឹត្យស្ដីពីការបង្កើតតំបន់ព្រៃការពារ និងអភិរក្សជីវចម្រុះ ព្រៃឡង់គឺមានផ្ទៃដីទំហំជាង ៦១ម៉ឺនហិកតារលាតសន្ធឹងចាប់ពីខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង។ កាលពីខែមេសា ឆ្នាំ២០១៥ ក្រោយពីបានចុះស្រាវជ្រាវដល់តំបន់ព្រៃជាមួយក្រុមយុវជន លោក កែម ឡី បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា «ព្រៃឡង់កម្ពុជាជាព្រៃដ៏មាន តម្លៃមហាសាលនៅអាស៊ី និងនៅលើពិភពលោក។ ការកាប់បំផ្លាញកំពុងកើតមានឡើងដ៏ សាហាវនិងអសីលធម៌បំផុត។
ពេលនេះច្រើនបំផុតព្រៃនៅសល់ប្រហែលម្ភៃម៉ឺនហិកតារ ដែលពីមុនមានទំហំ ជិត ១លានហិកតារ។ នេះបើតាមរបាយការណ៍របស់ CIA និង World Fact។
លោក កែម ឡី ចោទសួរថា តើអ្នកណាជាអ្នកទទួលខុសត្រូវ? តើយើងនៅបន្តគាំទ្រមេដឹកនាំដែលអសមត្ថភាពបែបនេះទៀតទេ?
ចោទសួររួចហើយ លោក កែម ឡី បានផ្ដល់ដំណោះស្រាយពីរចំណុចដើម្បីការពារព្រៃឡង់ដែលនៅសេសសល់ទី១៖ ការរួមគ្នារវាងពលរដ្ឋក្រៅប្រទេស និងក្នុងប្រទេស ជាពិសេសយុវជនគឺជាមធ្យោបាយតែមួយគត់ដែលអាចរក្សាធនធានធម្មជាតិបាន។ ទី២៖ សមត្ថភាពសហគមន៍ព្រៃឈើតាមរយៈគាំទ្រអ្នកឯកទេសទៅស្នាក់នៅទីនោះដើម្បីពង្រឹងសិទ្ធិអំណាចសេដ្ឋកិច្ច សិទ្ធិអំណាចតស៊ូមតិ និងសកម្មភាពល្បាតព្រៃជាប្រចាំពីសហគមន៍ និងយុវជនសកម្ម។ លោកបញ្ជាក់បន្ថែមថា ម្នាក់ៗត្រូវតែហ៊ានពលិកម្មទាំងធនធាន សមត្ថភាព និងជីវិតដើម្បីផ្លាស់ប្ដូរជាវិជ្ជមានមួយដែលមានភាពប្រាកដនិយមនិងភាពឆ្លាតវ។ ទ្រព្យសម្បត្តិនិងឋានៈគ្រាន់តែជាមធ្យោបាយរយៈពេលខ្លី តែការលះបង់ និងទង្វើពិតប្រាកដទើបជាលទ្ធផលចុងក្រោយរបស់ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments