សភាស៊ើបសួរសាលាឧទ្ធរណ៍នឹងបើកសវនាការថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះ ជុំវិញបណ្ដឹងប្រឆាំងដីកាឃុំខ្លួនលោក កឹម សុខា។
ក្រុមមេធាវីការពារក្ដីលោក កឹម សុខា បានប្ដឹងសុំតុលាការសម្រេចឱ្យលោក កឹម សុខា នៅក្រៅឃុំជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១១ ខែកញ្ញា កន្លងទៅនេះ។ ជាមួយគ្នានេះ ក្រុមមេធាវីការពារក្ដីឱ្យលោក កឹម សុខា នៅថ្ងៃទី១៥ ខែកញ្ញា នេះ ក៏បានដាក់ពាក្យស្នើសុំទៅចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ លោក គី ឫទ្ធី ឱ្យដកកាមេរ៉ាសុវត្ថិភាព និងឧបករណ៍ស្រូបសំឡេងចេញពីបន្ទប់ឃុំឃាំង និងឲ្យលោក កឹម សុខា បានស្ដាប់វិទ្យុ ព្រមទាំងស្នើអនុញ្ញាតឱ្យក្រុមមេធាវីយកឯកសារច្បាប់ និងសំណុំរឿងចូលជួបពិគ្រោះយោបល់រវាងមេធាវី និងកូនក្ដី។
លិខិតស្នើសុំនេះបានលើកឡើងថា នៅក្នុងបន្ទប់ឃុំខ្លួនលោក កឹម សុខា មានបំពាក់កាមេរ៉ាសុវត្ថិភាព ដែលផ្ទុយនឹងមាត្រា ៣៨ កថាខណ្ឌ១ នៃរដ្ឋធម្មនុញ្ញ និងមាត្រា ២៥ មាត្រា ៣១ នៃច្បាប់ស្ដីពីពន្ធនាគារ និងមាត្រា ១៤៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ កាលពីថ្ងៃទី១៥ ខែកញ្ញា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបដិសេធសំណើរបស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលស្នើសុំចូលសួរសុខទុក្ខលោក កឹម សុខា នៅមណ្ឌលអប់រំកែប្រែ ម-៣ ឬពន្ធនាគារត្រពាំងផ្លុង។
លិខិតរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី កាលពីថ្ងៃទី ១៤ ខែ កញ្ញា បានឆ្លើយតបទៅក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិថា ការចូលជួប ឬសួរសុខទុក្ខលោក កឹម សុខា អាចអនុញ្ញាតបានតែមេធាវី និងក្រុមគ្រួសារជនត្រូវចោទ ប៉ុន្តែ សម្រាប់អ្នកដទៃផ្សេងទៀតគឺអាចអនុញ្ញាតអោយបាននៅក្រោយពីចៅក្រមបានបំពេញកិច្ចចាំបាច់មួយចំនួន។
ចៅក្រមស៊ើបសួរ លោក គី ឫទ្ធី បញ្ជាក់ថា មកដល់ពេលនេះ សំណុំរឿងនេះកំពុងឋិតក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភស្តុតាងនានា ហើយចៅក្រមមិនទាន់បានសាកសួរជនត្រូវចោទនៅឡើយផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments