អាណាព្យាបាលក្មេងប្រមាណ៤០០នាក់ បាននាំគ្នាផ្ដិតស្នាមមេដៃ ដើម្បីដាក់ទៅមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ ស្នើដកនាយិកាសាលាបឋមសិក្សាមួយនៅស្រុកមង្គលបូរី ចេញពីតំណែង។ អាណាព្យាបាលអះអាងថា នាយិការូបនេះ ប្រព្រឹត្តអំពើអមនុស្សធម៌ដោយប្រើភាសាគំរោះគំរើយទៅលើកូនសិស្ស និងប្រើអំណាចផ្ដាច់ការ ដែលធ្វើឲ្យកុមារមានការភ័យខ្លាចមិនហានទៅសាលារៀន។ ប៉ុន្តែនាយិកាបានបដិសេធចំពោះការចោទប្រកាន់នេះ។
អាណាព្យាបាលសិស្សនៅស្រុកមង្គលបូរី លើកឡើងថា ពួកគាត់ទ្រាំនឹងការធ្វើអំពើអាក្រក់របស់នាយិកានេះលែងបានហើយ ទើបសម្រេចចិត្តនាំគ្នាផ្ដិតស្នាមមេដៃស្នើដកមន្ត្រីអប់រំរូបនេះចេញពីភូមិស្រុករបស់ពួកគាត់។
អាណាព្យាបាលសិស្សនៅភូមិព្រៃចង្ហារ៍ ឃុំបន្ទាយនាង ស្រុកមង្គលបូរី អ្នកស្រី រឿន សុរិយា ឲ្យដឹងនៅថ្ងៃទី១៦ តុលា ថា កូនរបស់អ្នកស្រីបានសុំប្ដូរសាលាទៅរៀននៅកន្លែងផ្សេង ដោយសារខ្លាចនាយិកាធ្វើបាប ព្រោះកន្លងមកនាយិកាបឋមសិក្សាព្រៃចង្ហារ៍ គឺអ្នកស្រី សាន ឆវី បាននិយាយសម្ដីគំរោះគំរើយ ដូចជាជេរប្រទេចដល់ម៉ែ ដល់ឪរបស់ពួកគេជាដើម ហើយជាងនេះទៀត នាយិការូបនេះ បានហាមឃាត់ឲ្យសិស្ស ទិញនំចំណីពីខាងក្រៅទៅហូបក្នុងសាលានោះទេ គឺតម្រូវសិស្សទិញនំចំណីនៅខាងក្នុងសាលា ដែលជារបស់នាយិការូបនេះតែប៉ុណ្ណោះ «គាត់និយាយចេញមកដូចវាខុស ហើយដូចគាត់លក់អីវ៉ាន់ក្នុងសាលាអី គឺគាត់ហួងហែងសព្វគ្រប់ ហើយអ្នកផ្សេងគាត់មិនឲ្យចូលទៅលក់ទេ គាត់លក់តែម្នាក់ឯង គាត់លើកហេតុផលមកថា គាត់គ្មានស្រែធ្វើ។ ដូចករណីកូនខ្ញុំដាក់បាយទៅរៀន គាត់មិនឲ្យយកទៅហូបទេ ដោយពេលដាក់ទៅគាត់គាត់ឈ្មោះដកពិន្ទុរហូត។ហើយគាត់បង្ខំឲ្យក្មេងទៅរៀនគួរនៅផ្ទះគាត់ ហើយមិនទៅទេគាត់ដកពិន្ទុ ហើយប្រើក្មេងហួសកម្លាំងទៀតផង»។
ចំណែកអាណាព្យាបាលសិស្សម្នាក់ទៀត អ្នកស្រី ភោគ សុខហាន ថ្លែងថា កូននិងក្មួយរបស់អ្នកស្រី រៀននៅសាលាមួយនេះចំនួន៣នាក់ ហើយពួកគេក៏មិនហ៊ានទៅសាលារៀនដែរ ព្រោះខ្លាចនាយិកាជេរស្ដីបន្ទោស។ អ្នកស្រីអះអាងទៀតថា នាយិការូបនេះមិនត្រឹមតែសំដីអសុរោះមកលើកូនសិស្សទេ ថែមទាំងបង្ខំឲ្យក្មេងលើកអាចម៍ដីដែលបានដឹកយកមកចាក់នៅក្នុងសាលា នៅក្នុងម៉ោងរៀនទៀតផង ហើយធ្វើឲ្យក្មេងមានការភ័យខ្លាច ព្រោះនាយិកាបានដាក់កំណត់ បើសិនសិស្សណាធ្វើការមិនរួច នឹងត្រូវគ្រូបង្រៀនដកពិន្ទុ «គាត់ធ្វើបែបនេះវាមិនសមទេ ដូចកូនខ្ញុំទិញនំយកទៅទុកហូបក្នុងសាលាគ្រូមិនឲ្យហូប ហើយគាត់ឃើញខ្ញុំហូបនំក្រោយសាលាក្រោយថ្នាក់អីគាត់ជេរបញ្ចោរខ្ញុំ។បើសិនគាត់បង្រៀនសិស្សត្រឹមត្រូវហើយមានសីលធម៌មិនមានអ្នកគេថាអី តែនេះអត់ទេ គឺគាត់ចង់ឲ្យតែគេទិញរបស់គាត់លក់ផ្ដាច់មុខតែម្ដង ហើយរបស់គាត់លក់ថ្លៃជាងគេមួយគុណនឹងពីរឯណោះ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ នាយិកាបឋមសិក្សាព្រៃចង្ហារ៍ អ្នកស្រី សាន ឆវី មានប្រសាសន៍ថា រឿងរ៉ាវទាំងអស់មិនមែនជាការពិតឡើយ។ អ្នកស្រីអះអាងទៀតថា អ្វីដែលអ្នកស្រីអនុវត្តនោះ គឺជាការប្រៀនប្រដៅសិស្សក្នុងនាមជាម្ដាយទី២ ដើម្បីឲ្យក្មេងចេះទទួលខុសត្រូវ ទៅថ្ងៃអនាគតតែប៉ុណ្ណោះ «បើថាយកនំចំណីក្រោយមកញាំតាមធម្មតាទៅខ្ញុំមានបានឃាត់អី បើចេញលែងយកញាំទៅកុំឲ្យតែញាំពេលកំពុងរៀន ហើយរឿងនេះជាការចោទប្រកាន់មកខ្ញុំទេ។ ខ្ញុំគិត ថាគេមើលស្រាលចំពោះការគ្រប់គ្រង និងការស្អប់ដោយសារការច្រណែននិន្ទាមកលើនាងខ្ញុំតែម្ដង»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា លើកឡើងថា បញ្ហានេះមិនមែនជាការងារប្រៀនប្រដៅកុមារនោះទេ តែជាអំពើរំលោភសិទ្ធិកុមារ ហើយជាការធ្វើឲ្យក្មេងមានការភ័យខ្លាចទៅវិញទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះ អះអាងទៀតថា រឿងនេះក្រសួងអប់រំត្រូវតែចាត់វិធានជាបន្ទាន់ និងមិនអាចអនុគ្រោះឲ្យមន្ត្រីអប់រំរូបនេះធ្វើសកម្មភាពបន្តទៅទៀតនោះឡើយ ព្រោះបានប៉ះពាល់ដល់សតិអារម្មណ៍របស់កុមារជាច្រើននាក់ ហើយធ្វើឲ្យពួកគេមិនហានចូលសាលារៀន៖ «កន្លងមកគេតែងយកលេសថាអ្នកដែលផ្ដិតមេដៃជាពួកបក្សប្រឆាំង តែពេលរលត់បក្សប្រឆាំងទៅ គាត់បានត្រឹមតែឆ្លើយដោះសា ប៉ុន្តែខ្ញុំគិតថាបើសិនជាគាត់ធ្វើល្អប្រហែលជាគេស្រលាញ់គាត់ហើយ ប៉ុន្តែដោយសារគាត់ធ្វើមិនល្អណាមួយហើយបានជាគេផ្ដិតមេដៃសុំដកនាយិកាជាច្រើននាក់បែបនេះ»។
អ្នកភូមិអះអាងថាគិតត្រឹមថ្ងៃទី១៦ ខែតុលា ពួកគាត់ប្រមូលស្នាមមេដៃបានជិត២០០ស្នាមមេដៃហើយ ដើម្បីដាក់ទៅមន្ទីរអប់រំយុវជននិងកីឡា ខេត្តបន្ទាយមានជ័យ ស្នើដកនាយិការូបនេះ ចេញពីតំណែង។ អ្នកភូមិក៏គ្រោងប្រមូលកុមារតូចៗ ដែលរៀននៅសាលាមួយនេះ តវ៉ានៅមុខសាលាបឋមសិក្សាព្រៃចង្ហារ៍នៅថ្ងៃមុខទៀត ប្រសិនបើមន្ទីរអប់រំខេត្តមិនចាត់វិធានតាមសំណើរបស់ពួកគាត់នោះ។
បឋមសិក្សាព្រៃចង្ហារ៍ នៅឆ្នាំ២០១៧ និង២០១៨ មានសិស្សសិក្សាសរុបជិត៥០០នាក់ និងមានគ្រូបង្រៀន១០នាក់ ហើយសិស្សប្រមាណ១០ភាគរយ ដែលមិនចង់មានបញ្ហាជាមួយនាយិកា បានប្ដូរសាលាទៅរៀននៅតំបន់ផ្សេង ហើយមួយសិស្សចំនួនទៀត ក៏គ្រោងផ្លាស់ទៅរៀននៅសាលាផ្សេងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments