![](https://www.rfa.org/khmer/news/politics/cnrp-demand-release-of-kung-raiya-07112019015710.html/Suong_Neakpoan_Kung_Raiya.jpg)
ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ កក្កដានេះ សម្រេចចោទប្រកាន់យុវជន សួង នាគព័ន្ធ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ គឺដូចគ្នាទៅនឹងការចោទប្រកាន់យុវជន គង់ រៃយ៉ា ដែរ ដែលអ្នកទាំងពីរ គឺជាអ្នក កែម ឡីនិយម។ សង្គមស៊ីវិលសោកស្តាយចំពោះការចោទប្រកាន់ថា និងយល់ថា ទង្វើនេះបង្ហាញថា របបក្រុងភ្នំពេញនៅតែបន្តរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋ។
ព្រះរាជអាជ្ញារងនៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ចែ សុង សម្រេចចោទប្រកាន់ថា យុវជន សួង នាគព័ន្ធ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ តាមមាត្រា៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងសម្រេចឲ្យឃុំខ្លួនយុវជនរូបនេះបណ្តោះអាសន្ននៅពន្ធនាគារ។
មេធាវីការពារក្តីរបស់លោក សួង នាគព័ន្ធ គឺលោក សំ សុគង់ ឲ្យអាស៊ីសេរីដឹងថា ការចោទប្រកាន់ថា គឺព្រះរាជអាជ្ញាសំអាងលើខិតប័ណ្ណចំនួន ១០សន្លឹករបស់លោក សួង នាគព័ន្ធ ដែលក្នុងខិត្តប័ណ្ណនោះរូបមនុស្សលើកដៃ និងសរសេរទាមទារឲ្យបញ្ឈប់សម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ដែលលោក សួង នាគព័ន្ធ បានយកខិត្តប័ណ្ណនោះចែកជូនអ្នកសារព័ត៌មាន ចំណែក និងវត្ថុតាងមួយទៀត គឺបូកាន់ទុក្ខចំនួន ១២។ ប៉ុន្តែលោកមេធាវីយល់ថា មិនមែនជាការញុះញង់ ទេគឺគ្រាន់តែសិទ្ធិជួបជុំ និងសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋដែលត្រូវការពារដោយរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់កម្ពុជា៖ «»
លោកមេធាវី ឲ្យដឹងទៀតថា ពេលនេះលោកកំពុងរៀបដាក់ពាក្យស្នើសុំឲ្យលោក សួង នាគព័ន្ធ អាចនៅក្រៅឃុំបណ្ដោះអាសន្ន។
អ្នកនាំពាក្យសមាគមន៍ អាដហុក (ADHOC) លោក ស៊ឹង សែនករុណា សង្កេតឃើញថា សកម្មភាពរបស់យុវជន សួង នាគព័ន្ធ នៅពេលចូលរួមគោរពវិញ្ញាណក្ខន្ធលោក កែម ឡី មិនមានសកម្មភាពណាមួយ ដែលជាសកម្មភាពខុសច្បាប់ ឬជាការញុះញង់នោះទេ។ លោកយល់ថា អំពាវនាវឲ្យបញ្ឈប់ការសម្លាប់ក្រៅច្បាប់ គឺស្របគ្នាទៅនឹងក្រមព្រហ្មទណ្ឌ ដែលហាមមិនឲ្យមានការសម្លាប់មនុស្សក្រៅប្រព័ន្ធ ប៉ុន្តែនៅពេលមានការចោទប្រកាន់បែបនេះ ធ្វើឲ្យមានការសង្ស័យលើទង្វើរបស់អាជ្ញាធរទៅវិញទេ៖ «»
សកម្មជនសង្គម លោក សួង នាគព័ន្ធ ត្រូវអាជ្ញាធរចាប់ខ្លួន នៅពេលលោកទៅដាក់កម្រងផ្កាគោរពវិញ្ញណក្ខន្ធបណ្ឌិត កែម ឡី នៅទីតាំង ស្តារម៉ាត កាល់តិច ស្តុបបូកគោ ជាកន្លែងឃាតកសម្លាប់បណ្ឌិត កែម ឡី។ សមត្ថកិច្ចចោទប្រកាន់លោកថា បានចែកខិតប័ណ្ណញុះញង់ពាក់ព័ន្ធនឹងឃាតកម្ម ជាថ្ងៃគម្រប់ ៣ឆ្នាំនៃឃាតកម្មបណ្ឌិត កែម ឡី។
មុនការចោទប្រកាន់លោក សួង នាគព័ន្ធ សាលាដំបូងក្រុងភ្នំពេញដែលរងការចោទប្រកាន់ស្ថិតក្រោមឥទ្ធិពលពីរបបក្រុងភ្នំពេញនោះ ក៏បានចោទប្រកាន់យុវជន គង់ រ៉ៃយ៉ា បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិនេះដែរ ក្រោយពេលយុវជនរូបនេះ បង្ហោះហ្វេសប៊ុក (Facebook) លក់អាវយឺតមានពាក្យបណ្តាំ និងរូបរបស់បណ្ឌិត កែម ឡី។
ភរិយាបណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា ដែលកំពុងរស់នៅប្រទេសអូស្ត្រាលី យល់ថា គឺក្រុមអាជ្ញាធរទៅវិញទេ ដែលកំពុងកង្កឲ្យមានបញ្ហាចលាចលក្នុងសង្គមព្រោះតែការចោទប្រកាន់លើយុវជនទាំងពីររូបនេះ។ អ្នកស្រីយល់ថា ការទាមទាររកយុត្តិធម៌ជូនស្វាមីអ្នកស្រី មិនខុសច្បាប់នោះទេ។ អ្នកស្រី ប៊ូ រចនា ស្នើទៅអាជ្ញាធរ ឬតុលាការដោះលែងយុវជនទាំងពីររូបនោះ ឲ្យមានសេរីភាពឡើងវិញ៖ «»
រីឯគណបក្សសង្គ្រោះជាតិទាមទាររបបក្រុងភ្នំពេញឱ្យដោះលែងយុវជន គង់ រ៉ៃយ៉ា និង សួង នាគព័ន្ធ។ នៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១១ ខែកក្កដា គណបក្សនេះថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរបបក្រុងភ្នំពេញ ដែលបានចាប់ខ្លួនយុវជនទាំងពីររូបនេះ ពាក់ព័ន្ធនឹងការបញ្ចេញមតិ និងសម្តែងការដឹងគុណចំពោះបណ្ឌិត កែម ឡី។ គណបក្សសង្គ្រោះជាតិ យល់ថា ទង្វើមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានធ្វើពុតជាមានចិត្តសប្បុរស ផ្តល់ថវិកាជួយសាងសង់ចេតិយបណ្ឌិត កែម ឡី និងចូលបច្ច័យបុណ្យខួប១ ឆ្នាំរបស់លោក ដើម្បីបិទបាំង និងលុបលាងអំពើអាក្រក់របស់ខ្លួន និងបក្ខពួក ចំពោះករណីឃាតកម្មក៏កក្រើកមួយនេះប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments