អង្គការសង្គមស៊ីវិលគ្រោងធ្វើយុទ្ធនាការមួយនៅចុងសប្ដាហ៍នេះ ដើម្បីទាមទាររកយុត្តិធម៌ដល់ស្ត្រីរងការរើសអើង និងរងគ្រោះដោយសារអំពើហិង្សាលើរាងកាយ និងផ្លូវភេទ និងអំពាវនាវឲ្យប៉ុស្តិ៍ទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការផ្សព្វផ្សាយរូបភាពនៃអំពើហិង្សាតាមកញ្ចក់ទូរទស្សន៍។
យុទ្ធនាការនេះក៏ដើម្បីអំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់គោរព និងយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រក្នុងការបញ្ឈប់អំពើហិង្សាលើស្ត្រីឲ្យមានប្រសិទ្ធភាព ដ្បិតប្រទេសកម្ពុជា ជាប្រទេសហត្ថលេខីនៃអនុសញ្ញាប្រយុទ្ធប្រឆាំងនឹងការរើសអើងស្ត្រី។
យុទ្ធនាការ “មួយរយកោដិសំឡេង” ឬ One Billing Rising ឆ្នាំទី៤ ក្រោមប្រធានបទ “សាមគ្គីដើម្បីប្រឆាំងនឹងការកេងប្រវ័ញ្ចគ្រប់រូបភាពលើស្ត្រី” នឹងត្រូវរៀបចំឡើងនៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ នៅក្នុងទីក្រុងភ្នំពេញ នៅទីកន្លែងឯកជនមួយ ដោយសារយុទ្ធនាការនេះ ធ្លាប់ត្រូវបានអាជ្ញាធរហាមឃាត់មិនឲ្យធ្វើនៅទីសាធារណៈ។
នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ហៅកាត់ថា GADC អ្នកស្រី រស់ សុភាព បញ្ជាក់ថា អ្នកស្រីចង់រៀបចំពិធីនេះឲ្យបានដឹងឮជាសាធារណៈដែរ ប៉ុន្តែពិបាកសុំច្បាប់អាជ្ញាធរក្រុង ដ្បិតស្ថានភាពនយោបាយបច្ចុប្បន្នមិនសូវផ្ដល់ឱកាសឲ្យក្រុមអ្នកស្រីអាចបើប្រាស់ទីសាធារណៈ ដើម្បីប្រារព្ធពិធីដូច្នេះបាននោះឡើយ។
អ្នកស្រី រស់ សុភាព លើកឡើងថា កាលពីឆ្នាំ២០១៤ អាជ្ញាធរក្រុងធ្លាប់ហាមឃាត់ក្រុមអ្នកស្រីប្រមាណ ២០០នាក់ មិនឲ្យជិះកង់ធ្វើយុទ្ធនាការនេះម្ដងរួចទៅហើយ។
អាស៊ីសេរី មិនទាន់អាចទាក់ទងសុំការបំភ្លឺពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ក្នុងរឿងនេះបាននៅឡើយទេ កាលពីថ្ងៃទី១០ កុម្ភៈ។
ពាក់ព័ន្ធនឹងអំពើហិង្សាលើស្ត្រីនេះដែរ ថ្មីៗនេះ ក្រុមអង្គការជាង ៣០ស្ថាប័ន អំពាវនាវរកយុត្តិធម៌ជូនស្ត្រីរកស៊ីផ្លូវភេទម្នាក់ឈ្មោះ ប៉ែន សុគន្ធា ហៅស្រីម៉ៅ ដែលលង់ទឹកស្លាប់នៅពេលក្រុមសន្តិសុខខណ្ឌដូនពេញ ដេញចាប់ក្រុមស្ត្រីរកស៊ីផ្លូវភេទ។ ក្រុមអង្គការទាំងនោះចាត់ទុកការបណ្ដែតបណ្ដោយមិនរកយុត្តិធម៌សម្រាប់ស្ត្រីរងគ្រោះ នឹងមានឥទ្ធិពលមិនល្អដល់សន្តិសុខ សុវត្ថិភាព យុត្តិធម៌ និងសិទ្ធិរបស់ស្ត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments