![](https://www.rfa.org/khmer/news/politics/hunsen-speech-at-UN-09292018034628.html/hunsen.jpg)
លោក ហ៊ុន សែន បានឡើងថ្លែងការណ៍នៅឯសម័យប្រជុំលើកទី៧៣ របស់មហាសន្និបាតអង្គការសហប្រជាជាតិ នាបូរីញ៉ូវយ៉ក សហរដ្ឋអាមេរិក នៅរសៀលថ្ងៃទី២៨ កញ្ញា នៅសហរដ្ឋអាមេរិក ត្រូវនឹងវេលាទាបភ្លឺ ឈានចូលថ្ងៃទី ២៩ កញ្ញា ដោយការពារភាពស្របច្បាប់នៃរបបថ្មីរបស់លោក។ នេះជាលើកទីមួយហើយ ដែលលោកមានវត្តមានទៅថ្លែងការណ៍នៅឯសាលប្រជុំមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ក្រោយពីលោកបានរៀបចំព្រឹត្តិការណ៍បោះឆ្នោត ដែលរងការថ្កោលទោសពីជុំទិស និងជម្នះរៀបចំរដ្ឋសភា និងរបបថ្មីរួចមក។
ថ្លែងក្នុងសភាពនឿយហត់ និងហាក់អស់កម្លាំងនៅឡើយ ដោយសារខុសពេលវេលាគ្នា ក្នុងសុន្ទរកថារយៈពេល ១៨នាទី នៅចំពោះមុខក្រុមមេដឹកនាំពិភពលោក លោក ហ៊ុន សែន បានការពារភាពស្របច្បាប់នៃរបបថ្មីរបស់លោក ដែលលោកថា កើតចេញពីការបោះឆ្នោតដោយសេរី ពហុបក្ស គ្មានការបង្ខិតបង្ខំ និងអាចជឿទុកចិត្តបាន។ លោក ហៅទង្វើអ្នកទាំងឡាយណាដែលចោទសួរពីភាពស្របច្បាប់នៃការបោះឆ្នោតនេះ ថាគឺជាការប្រមាថដល់ឆន្ទៈប្រជាជនកម្ពុជា៖ «ជាការពិតជម្រើសដោយសេរី របស់ប្រជាជនកម្ពុជា និងលទ្ធផលប្រកបដោយធម្មានុរូប នៃការបោះឆ្នោតនេះ មិនមែនជាប្រធានបទដែលត្រូវចោទសួរ ឬពិភាក្សាដេញដោលនោះទេ។ ក៏ប៉ុន្តែ មជ្ឈដ្ឋានខាងក្រៅមួយចំនួនដែលចិញ្ចឹមជាប់នូវមហិច្ឆតា ប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា នៅតែធ្វើមិនឃើញនូវគុណភាព និងសុចរិតភាពនូវដំណើរការបោះឆ្នោត របស់យើង តាមរយៈការចេញសេចក្ដីថ្លែងការណ៍នានាប្រឆាំង ឬវាយប្រហារលើលទ្ធផលនៃការបោះឆ្នោតនេះ ដែលទង្វើបែបនេះ គឺជាការប្រមាថធ្ងន់ធ្ងរ ចំពោះឆន្ទៈរបស់ប្រជាជនកម្ពុជា»។
ការប្រមាថធ្ងន់ធ្ងរចំពោះឆន្ទៈរបស់ប្រជាជនកម្ពុជានេះ លោក ហ៊ុន សែន មិនបានលើកឡើងពីការណ៍ដែលរបបរបស់លោកខ្លួនឯង បានរម្លាយគណបក្សសង្គ្រោះជាតិ ដែលមានសំឡេងពលរដ្ឋម្ចាស់ឆ្នោត គាំទ្រដល់ទៅជិតពាក់កណ្តាលប្រទេសនោះទេ ហើយដែលគណបក្សកាន់អំណាចរបស់លោក បានដកហូតយកអាសនៈសភាចំនួន ៥៥អាសនៈ និងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ៥០០៧អាសនៈ របស់គណបក្សសង្គ្រោះជាតិ ដែលបានមកពីការបោះឆ្នោតស្របច្បាប់ ទៅបែងចែកឲ្យគណបក្សដទៃដែលពលរដ្ឋមិនបានបោះឆ្នោតឲ្យនោះឡើយ។ លោក ក៏មិនបានរំឮកពីការណ៍ដែលរបបរបស់លោក បានចាប់ដាក់គុក ចំពោះក្រុមមេដឹកនាំគណបក្សប្រឆាំង សកម្មជននយោបាយ ក្រុមអ្នកគាំទ្រគណបក្សនេះ ព្រមទាំងសកម្មជនសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល និងការបំបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ព្រមទាំងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយឥតស្រាកស្រាន្ត នៅមុន និងក្រោយពេលបោះឆ្នោតជាតិឆ្នាំ២០១៨ នោះឡើយ។
ដោយមិនភ្លេចរម្លឹកអំពីធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ជុំវិញការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិក និងការរំខានអធិបតេយ្យរដ្ឋឯករាជ្យ ដែលលោកថា គួរតែត្រូវចៀសវាង លោក ហ៊ុន សែន ក៏បានសម្ដែងការសោកស្តាយ ការណ៍ដែលក្រុមប្រទេសមានអំណាចមួយចំនួន បានប្រើប្រាស់បញ្ហាសិទ្ធិមនុស្ស ជាលេសសម្រាប់ការលូកដៃជ្រៀតជ្រែក ក្រោមផ្លាកការពារសិទ្ធិនយោបាយ។ ទំនងជាចង់សំដៅទៅសហរដ្ឋអាមេរិក និងក្រុមប្រទេសបស្ចិមលោក លោក ហ៊ុន សែន រិះគន់ថា ការដាក់ទណ្ឌកម្មជាឯកតោភាគី បានក្លាយជាអាវុធដ៏ពេញនិយមរបស់ប្រទេសមានអំណាច នៅក្នុងការគ្រប់គ្រងនយោបាយអន្តរជាតិ ក្រោមរបៀបវារៈភូមិសាស្ត្រនយោបាយរបស់ពួកគេ មកលើប្រទេសតូចតាច។ លោកស្នើថា ប្រទេសធំៗ មិនគួរដាក់បន្តុបប្រព័ន្ធគ្រប់គ្រងរដ្ឋរបស់ពួកគេ មកលើប្រទេសតូចតាចជាងខ្លួននោះឡើយ ព្រោះប្រទេសតូចៗទាំងនោះ ក៏មានអធិបតេយ្យភាព និងមានសេចក្ដីប្រាថ្នាស្របច្បាប់ក្នុងការរក្សាអត្តសញ្ញាណរបស់ខ្លួនផងដែរ។ លោក ហ៊ុន សែន ថា ផ្នត់គំនិតចាប់បង្ខំបែបចាស់គម្រិលទាំងនេះ គួរតែត្រូវបញ្ចប់។
លោក ហ៊ុន សែន ក៏មិនភ្លេចវាយប្រហារលើសហរដ្ឋអាមេរិកដោយមិននិយាយចំឈ្មោះ ដែលលោកចោទថា បានដកខ្លួនចេញពីកិច្ចព្រមព្រៀងសាកលស្ដីពីការប្រែប្រួលអាកាសធាតុ បានវាយប្រហារលើទ្រឹស្ដីពហុនិយម និងបានបង្កើតឲ្យមាននូវគោលនយោបាយបែបគាំពារនិយម ឯកតោភាគីនិយម និងសង្គ្រាមពាណិជ្ជកម្មឡើងវិញ។ លោក ហ៊ុន សែន អះអាងថា ការធ្វើដូច្នេះ នឹងធ្វើឲ្យក្រុមប្រទេសក្រីក្រ កាន់តែទទួលរងនូវការអូសបន្លាយនៃភាពក្រីក្រ និងបង្កបញ្ហាភេរវកម្ម អំពើជ្រុលនិយម និងជម្លោះក្នុងតំបន់ទៀតផង។ ក្នុងន័យនេះ លោកជឿថា ពាណិជ្ជកម្មពិភពលោក មិនគួរត្រូវរាំងស្ទះដោយការកំណត់ពន្ធជាឯកតោភាគីនោះទេ តែគួរត្រូវបានលើកតម្កើង និងគាំទ្រតាមរយៈការប្រកាន់នូវគោលនយោបាយ អំណោយផលសមស្រប ព្រមទាំងការផ្ដល់ក្របខ័ណ្ឌអនុគ្រោះពិសេសដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍ។ លោក ហ៊ុន សែន ចង់សំដៅថា ក្រុមប្រទេសបស្ចិមលោក មិនគួរលុបចោលប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជានោះទេ បើទោះជារបបលោកកើតចេញពីការបោះឆ្នោតដ៏ចម្រូងចម្រាសក៏ដោយ។
នៅប៉ុន្មានម៉ោងមុនពេលលោក ហ៊ុន សែន ឡើងថ្លែងការណ៍នេះ លោកក៏បានឆ្លៀតសរសេរសារឌឺដងនៅលើទំព័រហ្វេសប៊ុករបស់លោក ដោយចោទសួរថា ឯណាទៅអាមេរិកមិនឲ្យជាន់ដី និងថា ឯណាទៅដែលអាសនៈនៅអង្គការសហប្រជាជាតិត្រូវបានព្យួរ? លោក ហ៊ុន សែន បានទម្លាក់ភាពអៀនខ្មាស ដែលគួរតែជារូបលោក ទៅឲ្យអ្នកដែលលោកចោទថា ជាអ្នកបោកប្រាស់គេ ដែលលោកថាគួរមានការអៀនខ្មាស។
សារឌឺដងរបស់លោក ហ៊ុន សែន នេះ ទំនងជាលោកចង់សំដៅទៅក្រុមមន្ត្រី និងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលកំពុងតែធ្វើការតវ៉ាយ៉ាងក្លៀវក្លានៅខាងក្រៅបរិវេណអគារស្នាក់ការអង្គការសហប្រជាជាតិ និងស្របពេលដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងធ្វើយុទ្ធនាការការទូត ដើម្បីទាមទារឲ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់របបថ្មី ដែលលោក ហ៊ុន សែន ទើបបានបង្កើតឡើងនេះ ហើយដែលពួកគេចាត់ទុកថា ជារបបខុសច្បាប់ កើតចេញពីការបោះឆ្នោតក្លែងក្លាយ និងបង្គ្រប់កិច្ចនោះ។ ផ្ទុយទៅវិញ លោក ហ៊ុន សែន មិនបានពន្យល់ទេថា ទឹកដីដែលលោកកំពុងឈរថ្លែងការណ៍នេះ គឺជាទឹកដីអន្តរជាតិ ដែលស្ថិតនៅក្នុងបរិវេណទីស្នាក់ការកំពូលរបស់អង្គការសហប្រជាជាតិនោះទេ។
លោក ហ៊ុន សែន មិនមែនជាមេដឹកនាំផ្ដាច់ការ និងល្បីឈ្មោះខាងរំលោភប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស តែម្នាក់ទេ ដែលអាចមកថ្លែងការណ៍នេះបាន។ កាលពីសម័យខ្មែរក្រហម ក្រុមខ្មែរក្រហមដឹកនាំដោយលោក អៀង សារី ក៏នៅតែអាចមានឱកាសមកថ្លែងការណ៍នៅអង្គការសហប្រជាជាតិបានដែរ។
ក្រោមច្បាប់អន្តរជាតិ និងក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៤៧ រវាងសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ ស្ដីពីទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិនៅបូរីញ៉ូវយ៉កនេះ មេដឹកនាំផ្ដាច់ការមួយចំនួននៅលើពិភពលោកដែលមានទំនាក់ទំនងល្អក់កករជាមួយអាមេរិក ក្នុងនោះមានគុយបា ហ្ស៊ីមបាវ៉េ វេណេហ្ស៊ុយអេឡា អ៊ីរ៉ង់ និងកូរ៉េខាងជើងជាដើម នៅតែអាចមានឱកាសមកចូលរួមសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនេះបាន។
លោក ហ៊ុន សែន ក៏ទំនងជាមិនមានចិត្តសឿងហ៊ានធ្វើដំណើរទៅណាឆ្ងាយ ឬចាកចេញពីរង្វង់គូសវៀសនៃទឹកដីអន្តរជាតិនៅម្ដុំបរិវេណទីស្នាក់កំពូលរបស់អង្គការសហប្រជាជាតិនៅបូរីញ៉ូវយ៉កនេះដែរ តួយ៉ាងដូចជាទៅកាន់បណ្ដារដ្ឋដទៃនៃសហរដ្ឋអាមេរិកឡើយ ព្រោះលោកដឹងច្បាស់ថា លោកអាចនឹងជួបបញ្ហា ខណៈដែលសហរដ្ឋអាមេរិកបានដាក់បញ្ចូលឈ្មោះលោក មន្ត្រីជិតស្និទ្ធ ព្រមទាំងកូនរបស់លោក សរុប ១៧រូប ចូលក្នុងបញ្ជីខ្មៅ រឹតត្បិតទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិ ក្រោយសភាអាមេរិកបានអនុម័តច្បាប់ស្ដីពីប្រជាធិបតេយ្យកម្ពុជា ២០១៨ ហើយកំពុងរង់ចាំអនុម័តបន្តដោយព្រឹទ្ធសភា មុននឹងដាក់ឲ្យប្រធានាធិបតីអាមេរិកចុះហត្ថលេខាចូលជាធរមានផ្លូវការ។
មិនមែនជារឿងងាយស្រួលឡើយសម្រាប់លោក ហ៊ុន សែន ការណ៍ដែលលោកបានទៅអង្គុយនៅលើអាសនៈតំណាងរដ្ឋឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា នៅឯអង្គការសហប្រជាជាតិនាពេលនេះ។ នេះគឺដោយសារតែ លោកត្រូវយកមុខមាត់ និងកិត្តិយសរបស់លោក ទៅលាក់ទុកមួយអន្លើសិន ពីក្រុមប្រទេសបស្ចិមលោក ជាពិសេសសហរដ្ឋអាមេរិក ដែលជាប្រទេសម្ចាស់ផ្ទះ ក្រោយពីលោកបានគាស់រម្លើង និងរម្លាយប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាជាស្ថាពរ តាមរយៈការរៀបចំការបោះឆ្នោតដែលត្រូវគេចាត់ទុកថា ជាការបោះឆ្នោត «ក្លែងក្លាយ» និងរងការថ្កោលទោសជុំទិសពីសហគមន៍អន្តរជាតិ។
នៅប៉ុន្មានថ្ងៃមុន ពេលលោកឈានជើង មកជាន់ទឹកដីទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នាបូរីញ៉ូវយ៉កនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) បានបកអាក្រាតរបបថ្មីរបស់លោក ទៅកាន់សហគមន៍អន្តរជាតិ នៅឯសម័យប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លើកទី៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយបានចោទសួរត្រង់ៗ អំពីភាពស្របច្បាប់នៃរបបថ្មី ដែលលោកទើបបានបង្កើតនេះ ដោយសារតែព្រឹត្តិការណ៍បោះឆ្នោតថ្ងៃទី២៩ កក្កដា គឺជាការបោះឆ្នោត ដែលអ្នកស្រីថា បានឃ្លាតចាកឆ្ងាយពីគន្លងប្រជាធិបតេយ្យ ហើយបានប្រែក្លាយកម្ពុជាទៅជារដ្ឋឯកបក្សរួចជាស្រេចទៅហើយ។
បន្ថែមពីនេះទៀត អ្វីដែលរឹតតែធ្វើឲ្យលោក ហ៊ុន សែន ទំនងជាឈរជើងមិនសូវនឹងល្អ ក្នុងពេលថ្លែងសុន្ទរកថា និងពេលមានវត្តមាននៅលើទឹកដីអាមេរិកនេះទៀតសោត គឺរឿងរ៉ាវមិនរំពឹងទុកមួយបានកើតឡើងចំពោះមេដឹកនាំប្រទេស វេណេហ្ស៊ុយអេឡា គឺលោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ ខណៈដែលមេដឹកនាំមិនសូវមានឈ្មោះល្អរូបនេះ បានធ្វើដំណើរមកចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនេះ។ ប្រធានាធិបតីវេណេហ្ស៊ុយអេឡារូបនេះ ត្រូវបានប្រទេសចំនួន ៦ រួមមាន អាហ្សង់ទីន ( Argentine ) ឈីលី ( Chile ) កូឡុំប៊ី ( Columbia ) ប៉ារ៉ាហ្គាយ ( Paraguay ) ប៉េរូ ( Peru ) និងប្រទេសកាណាដា ( Canada ) កាលពីថ្ងៃពុធ ទី២៦ កញ្ញា បានរួមគ្នាដាក់លិខិត ជំរុញទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ឲ្យបើកការស៊ើបអង្កេត និងកាត់ទោសរូបលោកជាបន្ទាន់ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយសារតែអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដែលលោកបានប្រព្រឹត្តិនៅក្នុងប្រទេស ទៅលើប្រជាជនវេណេហ្ស៊ុយអេឡា និងបានរៀបចំការបោះឆ្នោតក្លែងក្លាយ ដោយចាប់មេបក្សប្រឆាំងដាក់គុក ដើម្បីរក្សាអំណាច ដូចអ្វីដែលលោក ហ៊ុន សែន បានយកគំរូតាមនេះស្រាប់។
សម្រាប់ឆ្នាំ២០១៨ នេះ មហាសន្និបាតលើទី៧៣ របស់អង្គការសហប្រជាជាតិនេះ ធ្វើឡើងក្រោមមូលបទ «ធ្វើឲ្យអង្គការសហប្រជាជាតិមានសារៈសំខាន់ ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់៖ ភាពជាអ្នកដឹកនាំសាកល និងការទទួលខុសត្រូវរួម សម្រាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព»។ មហាសន្និបាតនេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨ កញ្ញា ដល់ថ្ងៃទី១ តុលា ហើយមានមេដឹកនាំមកពីបណ្ដាប្រទេស និងរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិទាំងអស់ចូលរួម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments