RFA | ក្រុម​តំណាងរាស្ត្រ​​អាមេរិក​ថ្កោល​ទោស​របប​ភ្នំពេញ​រឿង​បង្ក្រាប​សំឡេង​ប្រឆាំង​ឥត​ឈប់ឈរ | hot news

By , Comment
Share on Facebook Tweet on Twitter

ក្រុម​តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក ថ្កោល​ទោស​របប​លោក ហ៊ុន សែន ចំពោះ​ការ​បង្ក្រាប​ឥត​ឈប់ឈរ និង​ការ​ចោទ​ប្រកាន់​បែប​នយោបាយ​ទៅ​លើ​ក្រុម​គណបក្ស​ប្រឆាំង​។ សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​នេះ ធ្វើ​ឡើង​ចំ​ពេល​តុលាការ​ក្រុង​ភ្នំពេញ​បើក​សវនាការ​សំណុំរឿង​មន្ត្រី​បក្ស​ប្រឆាំង​រាប់​សិប​នាក់​ពាក់ព័ន្ធ​បទ​ចោទ​រួម​គំនិត​ក្បត់។

ក្រុម​សមាជិក​សភា​សហរដ្ឋ​អាមេរិក​មក​ពី​រដ្ឋ​ម៉ាសាឈូសេត្ស (Massachusetts) លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី១៤ មករា​ថា យុទ្ធនាការ​របស់​លោក​ ហ៊ុន សែន ក្នុង​ការ​​បំបិទ​សំឡេង​ដៃគូ​ប្រឆាំង ដោយ​បដិសេធ​សិទ្ធិ​ការពារ​ខ្លួន​តាម​ផ្លូវច្បាប់​របស់​ពួកគេ​នោះ បង្ហាញ​អំពី​ការ​ជាន់​ឈ្លី​គោល​ការណ៍​នីតិរដ្ឋ។ ក្រុម​តំណាង​រាស្ត្រ​សហរដ្ឋ​​អាមេរិក​ថ្លែង​ទៀត​ថា ការប្រើប្រាស់​តុលាការ​តេឡេ ដើម្បី​ដាក់​ទោស​អ្នក​រិះគន់ បូក​រួម​ទាំង​ការ​បង្ក្រាប​ឥត​ស្រាកស្រាន្ត​លើ​សង្គម​ស៊ីវិល និង​សារព័ត៌មាន​នោះ ឆ្លុះ​បញ្ចាំង​អំពី​ភាព​ទន់​ខ្សោយ​របស់​លោក ហ៊ុន សែន ដែល​កំពុង​កើន​ឡើង មិន​មែន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​លោក​នោះ​ទេ។

សមាជិក​សភា​សហរដ្ឋ​អាមេរិក​ដែល​ចូល​រួម​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នេះ រួម​មាន សមាជិក​ព្រឹទ្ធសភា លោក អេដវើដ ម៉ារឃី (Edward J. Markey) សមាជិក​ព្រឹទ្ធសភា​អ្នក​ស្រី អេលីហ្សាប៊ែត វ៉រែន (Elizabeth Warren) និង​សមាជិក​រដ្ឋ​សភា អ្នកស្រី ឡូរី ត្រាហ៊ែន (Lori Trahan) ។ សមាជិក​សភា​សហរដ្ឋ​អាមេរិក​ទាំងនេះ ​អំពាវនាវ​ដល់​រដ្ឋាភិបាល លោក ហ៊ុន សែន បើក​ផ្លូវ​ឱ្យ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជាប់​ក្ដីក្ដាំ​នៅ​តុលាការ អាច​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព ដើម្បី​ចូល​រួម​ក្នុង​សវនាការ​ជំនុំ​ជម្រះ ទោះ​ជា​សំណុំ​រឿង​ទាំង​នោះ​មាន​ចរិត​នយោបាយ និង​មិន​ស្រប​តាម​គោល​ការណ៍​នីតិរដ្ឋ​យ៉ាង​ណា​ក្តី។

ឆ្លើយតប​រឿង​នេះ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន មាន​ប្រសាសន៍​ថា សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រុម​សមាជិក​សភា​សហរដ្ឋ​អាមេរិក​ និង​របស់​អ្នក​ជំនាញ​អន្តរជាតិ​ដទៃ​ទៀត ធ្វើ​ឡើង​ដោយ​ខ្វះ​ព័ត៌មាន និង​មិន​យល់​ច្បាស់​អំពី​ស្ថានការណ៍​កម្ពុជា។ លោក​បកស្រាយ​ថា វិធានការ​ និង​ការ​ជំនុំ​ជម្រះ​ក្តី​លើ​មន្ត្រី​បក្ស​ប្រឆាំង និង​មនុស្ស​មួយ​ចំនួន​ទៀត​នោះ គឺ​ជា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា៖ «គាត់​មាន​កង្វល់​ដោយ​សារ​គាត់​មិន​បាន​ទទួល​ព័ត៌មាន​ច្បាស់លាស់អំពី​កម្ពុជា អំពី​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ដូច្នេះ​ហើយ​កង្វល់​នេះ នៅ​ពេល​សមត្ថកិច្ច​តុលាការ​បាន​ធ្វើ​ការ​កាត់​សេចក្ដី​ទៅ​លើ​ជន​ទាំង​នោះ​រួច​រាល់ ហើយ​យុត្តិធម៌​ដែល​បាន​កើត​ឡើង ឬ​មិន​បាន​កើត​ឡើង នោះ​ហើយ​ជា​ការ​បាត់​កង្វល់។ យើង​មិន​អាច​វាយ​តម្លៃ​ជា​មុន​ថា អ្នក​នេះ​គ្មាន​ទោស ឬ​អ្នកនោះ​មាន​ទោស​ទេ ដូច្នេះ​យើង​ទុក​ឱ្យ​សមត្ថកិច្ច​តុលាការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ»



មន្ត្រី​សិទ្ធិមនុស្ស​យល់​ឃើញ​ផ្ទុយ​ពី​ការ​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល។ នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត ជឿជាក់​ថា ការ​វាយ​តម្លៃ​របស់​អ្នក​ជំនាញ​អន្តរជាតិ​អំពី​ករណី​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នេះ ធ្វើ​ឡើង​ដោយ​មាន​មូលដ្ឋាន​ពិត​ប្រាកដ។ លោក​គូស​បញ្ជាក់​ថា បទដ្ឋាន​សិទ្ធិមនុស្ស​ ត្រូវ​បាន​ទទួល​ស្គាល់ និង​អនុវត្ត​ជាសាកល ដូច្នេះ​ការ​វាយ​តម្លៃ​មិន​មាន​ការ​ប្រែប្រួល​ឡើយ​រវាង​កម្ពុជា និង​ប្រទេស​ដទៃ។ លោក​ថា ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា​ព្យាយាម​បកស្រាយ​ថា វិធានការ​ដែល​កំពុង​ដាក់​ចេញ​នេះ គឺ​ជា​ការ​អនុវត្ត​ច្បាប់​យ៉ាង​ណា​ក៏ដោយ ក៏​មិន​អាច​ឱ្យ​សហគមន៍​អន្តរជាតិ​ផ្លាស់​ប្ដូរ​ការ​យល់​ឃើញ​របស់​ពួក​គេ​បាន​ដែរ៖ «ការ​បង្ក្រាប និង​ការ​ចាប់​ខ្លួន​ហ្នឹង វា​ជា​ការ​រំលោភ​ទៅ​លើ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ដែល​ប៉ះពាល់​ទៅ​ដល់លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។ អ៊ីចឹង​ហើយ​បាន​ជា​ម្តង​ហើយ​ម្តង​ទៀត យើង​ឃើញ​ថា គេ​តែង​សម្តែង​ការ​ព្រួយ​បារម្ភ​ទាក់ទង​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​ទាម​ទារ​ឱ្យ​មាន​ការ​ស្តារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ហ្នឹង»

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ក្រុម​អ្នក​ជំនាញ​របស់​អង្គការ​សហប្រជាជាតិ និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ជា​បន្តបន្ទាប់ ទទូច​ឱ្យ​របប​លោក ហ៊ុន សែន ងាក​មក​គោរព​គោលការណ៍​សិទ្ធិមនុស្ស​ឡើងវិញ បន្ទាប់​ពី​របប​នេះ​ហាក់​លែង​ខ្វល់​អំពី​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​គោរព និង​លើក​ស្ទួយ​សិទ្ធិមនុស្ស ស្រប​តាម​​ច្បាប់​ជាតិ និង​អន្តរជាតិ។

ចំណែក ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​កម្ពុជា និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​វិញ ពួក​គេ​នៅ​តែ​​ទាម​ទារ​ឱ្យ​របប​លោក ហ៊ុន សែន ទទួល​យក​អនុសាសន៍​របស់​សហគមន៍​អន្តរជាតិ ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​ទាំង​ឡាយ​ដែល​អាច​កើត​មាន​នៅ​ថ្ងៃ​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments