មេឃុំមកពីគណបក្សសង្គ្រោះជាតិ ខែត្រស្វាយរៀង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧។ Photo provided |
ដោយ អាស៊ីសេរី RFA 2017-11-14
មន្ត្រីគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង ចោទនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបាសាក់ថា បានរារាំងសិទ្ធិសេរីភាពអាជ្ញាធរឃុំ មកពីបក្សប្រឆាំង និងគំរាមវាយខ្នោះ នៅគ្រាដែលមន្ត្រីបក្សរូបនោះកំពុងធ្វើដំណើរទៅទីរួមខែត្រស្វាយរៀង។ ពួកគេចាត់ទុកការរារាំងនេះ ជាសារគំរាមកំហែងផ្នែកនយោបាយ និងបំភិតបំភ័យដល់ពលរដ្ឋដែលគាំទ្រគណបក្សសង្គ្រោះជាតិ។
អាជ្ញាធរមូលដ្ឋាន កូតាពីបក្សសង្គ្រោះជាតិ នៅឃុំបាសាក់ ស្រុកស្វាយជ្រុំ ឲ្យដឹងនៅថ្ងៃទី១៣ វិច្ឆិកាថា នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបាសាក់ បានយករឿងនយោបាយ ដាក់សម្ពាធមកលើអាជ្ញាធរមកពីគណបក្សជំទាស់ ដោយរារាំងសិទ្ធិសេរីភាពរបស់ពួកគេទាំងបំពានច្បាប់កាលពីព្រឹកថ្ងៃទី១៣ វិច្ឆិកា ដោយលើកហេតុផលថា ជាបទបញ្ជាពីថ្នាក់លើ។
ជំទប់ទី២ ឃុំបាសាក់ មកពីគណបក្សសង្គ្រោះជាតិ លោក ហែន ហាំង ឲ្យដឹងថា នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបាសាក់ បានរារាំងលោកដោយហាមមិនឲ្យលោកទៅណាទាំងអស់ បើក្រៅពីរង្វង់ដែនដីឃុំនេះ ដោយលើកហេតុផលថា ជាបញ្ជាពីថ្នាក់លើ។
លោកបន្តថា មុនពេលដែលនគរបាលបំបិទសិទ្ធិសេរីភាពលោក មេឃុំបាសាក់មកពីគណបក្សកាន់អំណាចធ្លាប់មកបញ្ចុះបញ្ចូលលោក និងសន្យារក្សាដំណែង ព្រមទាំងប្រគល់តួនាទីជាមេឃុំជូនលោកវិញនៅពេលបោះឆ្នោតអាណត្តិក្រោយ ក៏ប៉ុន្តែលោកបានបដិសេធ៖ «គាត់សួររកថា ថ្ងៃនេះខាងថ្នាក់លើ មិនឲ្យបងឯងចេញទៅណាទេ ហើយគាត់ថាចេះ លោកឯងឡូឡាដាក់ខ្នោះ លោកឯងឥឡូវ»។
ឆ្លើយតបការចោទប្រកាន់នេះ មេប៉ុស្តិ៍រដ្ឋបាលឃុំបាសាក់ លោក ពៅ ស៊ុន ទទួលស្គាល់ថា នគរបាលពិតជារារាំងអាជ្ញាធរឃុំមកពីគណបក្សជំទាស់មែន តែការរារាំងនេះគឺជាការអនុវត្តច្បាប់ចរាចរ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសម៉ូតូគ្រប់ប្រភេទ។ លោកបញ្ជាក់ថា នេះជាបញ្ជាពីថ្នាក់លើ ដែលបង្គាប់ឲ្យនគរបាលមូលដ្ឋានត្រួតពិនិត្យលក្ខណៈបច្ចេកទេសម៉ូតូ ដែលគេអនុវត្តគ្រប់ពលរដ្ឋទាំងអស់ ពុំមែនតែមន្ត្រីគណបក្សជំទាស់ទេ៖ «មិនមែនអ៊ីចឹងទៅ នេះជាគោលការណ៍របស់ថ្នាក់ដឹកនាំគេបោះមកឲ្យយើងត្រួតពិនិត្យ ទី១ បញ្ហាសំបុត្រស្នាមម៉ូតូមានពន្ធមានអី ដល់ឆែកត្រួតពិនិត្យទៅ ចំភ្ញាក់ងាររបស់គណបក្សសង្គ្រោះជាតិ»។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខែត្រស្វាយរៀង លោក ម៉ៅ វិបុល កត់សម្គាល់ថា រូបភាពនៃការដាក់កម្លាំងរារាំងនេះ គឺកើតមានស្ទើរតែគ្រប់ស្រុកទាំងអស់នៅខែត្រស្វាយរៀង ហើយអាជ្ញាធររបស់គណបក្សកាន់អំណាច បានបញ្ជូនសមត្ថកិច្ចចាំឃ្លាំមើលសកម្មភាពរបស់អាជ្ញាធរឃុំ មកពីបក្សជំទាស់។ លោកថា គណបក្សសង្គ្រោះជាតិខែត្រស្វាយរៀង នឹងមិនដាក់ពាក្យប្ដឹងករណីនេះទៅស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលនោះទេ ដោយសារតែអំណាចគណបក្សប្រជាជន ហាក់ដណ្ដប់លើអំណាចរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់របស់រដ្ឋាភិបាល និងតុលាការផង ហេតុនេះពួកគេមិនសង្ឃឹមថា នឹងទទួលបានយុត្តិធម៌នោះទេ៖ «ខ្ញុំមិនបានដាក់ពាក្យបណ្ដឹងទេ អាជ្ញាធរមកពីបក្សសង្គ្រោះជាតិពុំមានជំនឿលើ ប្រព័ន្ធការពារច្បាប់ទម្លាប់របស់គាត់ហ្នឹងទេ»។
ទោះយ៉ាងណា មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក (ADHOC) លោក សឹង សែនករុណា ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច បែងចែកឲ្យបានត្រឹមត្រូវ រវាងកិច្ចការបុគ្គល និងកិច្ចការនយោបាយដែលលោកចាត់ទុកថា ការរារាំងក្នុងន័យនយោបាយរបស់សមត្ថកិច្ចជារឿងមិនត្រឹមត្រូវ។ លោកបញ្ជាក់ថា ប្រសិនបើសមត្ថកិច្ចប្រើមធ្យោបាយ រារាំងសិទ្ធិបុគ្គលបែបនេះ គឺជារូបភាពរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ និងជាសញ្ញាបង្ហាញពីការបែកបាក់សាមគ្គីផ្ទៃក្នុងជាតិ៖ «សមត្ថកិច្ចធ្វើកិច្ចការការពារផលប្រយោជន៍ទាំងអស់នេះ បែរជារករឿងផ្នែកនយោបាយទៅដាក់សម្ពាធឲ្យអ្នកគាំទ្រ ឬសកម្មជននយោបាយ ដែលប្រើសិទ្ធិរបស់គាត់ក្នុងផ្លូវដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់របស់កម្ពុជាផ្សេងទៀត»។
កាលពីពេលថ្មីនេះ អនុប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ត្រាច លោក ចិន ចាន់ថន បានហាមមិនមន្ត្រីបក្សសង្គ្រោះជាតិថ្នាក់ខែត្រ មកប្រជុំពង្រឹងសមាជិកបក្សនៅមូលដ្ឋានទេ ដោយលើកហេតុផលថា ជាបទបញ្ជាពីថ្នាក់លើ។
មកទល់ពេលនេះមានអាជ្ញាធរឃុំមកពីគណបក្សសង្គ្រោះជាតិ ក្នុងខេត្តស្វាយរៀងចំនួន ៩រូបហើយ ដែលបានចុះចូលជាមួយបក្សកាន់អំណាចក្រោយពីមានការគំរាមកំហែង និងយុទ្ធនាការទិញទឹកចិត្តនោះ៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments