RFA | ពលរដ្ឋ​ថា​អាជ្ញាធរ​ខេត្ត​ភាគ​ឦសាន​គំរាម​ពួកគេ​ករណី​រាយការណ៍​​បទល្មើស​ព្រៃឈើ | hot news

By , Comment
Share on Facebook Tweet on Twitter

សកម្មជន​ការពារ​ព្រៃឈើ និង​ជនជាតិ​ដើម​ភាគតិច រស់នៅ​ខែត្រ​ភាគ​ឦសាន អះអាង​ថា អាជ្ញាធរ​រដ្ឋាភិបាល​បាន​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​តាមដាន និង​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ជួប​ប្រជុំ​ស្វែងរក​ដំណោះស្រាយ​ពាក់ព័ន្ធ​ការបាត់បង់​ធនធានធម្មជាតិ។ ជនជាតិ​ដើម​ភាគតិច​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរ​គំរាម​ចាប់​ដាក់គុក និង​ត្រូវ​ឈ្មួញ​ប្ដឹង​ទៅ​តុលាការ​នៅ​គ្រា​ដែល​ពួកគាត់​រិះគន់​ភាព​អសកម្ម​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ករណី​មិន​អើពើ​ទប់ស្កាត់​បទល្មើស​ព្រៃ​ព្រៃឈើ។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ខែត្រ​ស្ទឹងត្រែង ព្រះវិហារ និង​ខែត្រ​រតនគិរី អះអាង​នៅ​ថ្ងៃ​ទី១៧ កុម្ភៈ​ថា អាជ្ញាធរ​ក្នុង​របប​លោក ហ៊ុន សែន មិន​ត្រឹមតែ​មិន​លើកទឹកចិត្ត​ដល់​ពលរដ្ឋ​ដែល​ឈឺឆ្អាល​រឿង​បទល្មើស​ព្រៃឈើ​នោះ​ទេ ថែមទាំង​គំរាម​ស្មារតី​ជនជាតិ​ដើម​ភាគតិច ដែល​លាតត្រដាង​ពី​បទល្មើស​ព្រៃឈើ។ ពួកគាត់​បន្ថែម​ថា ប្រសិនបើ​ឈ្មួញ​ណា​ម្នាក់ ចូល​ជា​សមាជិក​បក្ស​កាន់អំណាច​អាច​ប្រព្រឹត្ត​ទង្វើ​ល្មើសច្បាប់​ស្រេច​តែ​ចិត្ត ពុំ​មាន​ទោស​ទណ្ឌ​នោះ​ទេ ថែមទាំង​មាន​អាជ្ញាធរ និង​សមត្ថកិច្ច​ការពារ​សុវត្ថិភាព​ផង។

ជនជាតិ​ដើម​ភាគតិច​កួយ​រស់នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ខែត្រ​ព្រះវិហារ លោកស្រី ស្វាយ មឿន ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​កំណត់​មុខសញ្ញា​ពលរដ្ឋ​ណា ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ពលរដ្ឋ​ណា​ដែល​មិន​គាំទ្រ​អស់ហើយ និង​បាន​បញ្ជូន​សមត្ថកិច្ច​ឃ្លាំមើល និង​រារាំង​មិន​ឲ្យ​ពួកគាត់ ជួប​ប្រជុំ ពិភាក្សា​ស្វែងរក​ដំណោះស្រាយ ពី​ការបាត់បង់​ធនធានធម្មជាតិ។ លោកស្រី​ត្អូញ​ថា ជនជាតិ​​ដើម​ភាគតិច​កំពុង​ជួប​វិបត្តិ​ផ្នែក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ រួមមាន៖ បាត់បង់​ដើមឈើ​ផលិត​ជ័រទឹក ដីធ្លី​ត្រូវ​បាន​ក្រុមហ៊ុន​រំលោភ​យក និង​ព្រៃ​ជំនឿ​ក៏​ត្រូវ​បាត់បង់​បណ្តើរៗ​ដែរ។ រីឯ​អាជ្ញាធរ​មិន​ត្រឹមតែ មិន​ស្វែងរក​មូលហេតុ​នៃ​ការបាត់បង់​ដើម​ច្បោះ​នោះ​ទេ ថែមទាំង​ពង្រាយ​កម្លាំង​នគរបាល​សួរដេញដោល និង​តាមដាន​ពួកគាត់៖ «គេ​តាមដាន គេ​ថា​ជួបជុំគ្នា​ធ្វើ​អី តែ​ពួក​យើង​ថា គេ​និយាយ​រឿង​ទៅ​ស្រែចម្ការ។ គេ​ថា មិនបាច់​ជួបជុំ​ទេ ទៅ​ស្រែ​ក៏​ទៅ ទៅ​។ ខ្ញុំ​បារម្ភ​ខ្លាំង​ណាស់ ជួបជុំ​គេ​តាម​ដាន​រហូត»

សហគមន៍​ការពារ​ព្រៃឈើ​ឃុំ​សេដា ស្រុក​លំផាត់ ខែត្រ​រតនគិរី លោក ខាំ និន អះអាង​ថា សហគមន៍​ការពារ​មួយ​ចំនួន​ត្រូវ​បាន​អាជ្ញាធរ និង​ឈ្មួញ​គំរាម​ដើម្បី​បិទមាត់​មិន​ឲ្យ​លេចឮ​ព័ត៌មាន​ពី​បទ​ល្មើស​ព្រៃឈើ​ទៅ​ខាង​ក្រៅ។ តែ​យ៉ាងណា អ្នកភូមិ​នៅតែ​តស៊ូ​ក្រាញននៀល ចុះ​ល្បាត និង​ដាក់​បណ្ដឹង​បរិហារ មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ទៅ​តុលាការ ដែល​អនុគ្រោះ​ឲ្យ​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ​កើតមាន។ លោក​ថា កាល​ពី​ពេល​ថ្មីៗ​នេះ ឈ្មួញ​រកស៊ី​ឈើ​បាន​គំរាម​លោក​ដល់​អាយុជីវិត នៅ​គ្រា​ដែល​លោក​បាន​រាយការណ៍​ពី​បទល្មើស​ព្រៃឈើ​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អាជ្ញាធរ៖ «ប្រជាពលរដ្ឋ​ណា ឈឺឆ្អាល​រឿង​ទឹកដី​ព្រៃឈើ ត្រូវ​គេ​គំរាម​តែម្ដង។ កុំ​ឲ្យ​ពលរដ្ឋ​តវ៉ា។ ពីមុន​ពលរដ្ឋ​ក្រ​ពិត តែ​មាន​ព្រៃ​សម្រាប់​រកស៊ី​ដង​ជ័រ​ជាដើម តែ​ឥឡូវ​បាត់​បង់​ហើយ​ពលរដ្ឋ​ភ័យ​ព្រួយ»

ពលរដ្ឋ​រស់នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា របប​ដឹកនាំ​របស់​លោក ហ៊ុន សែន គិត​គួរ​ប្រយោជន៍​បក្ស​ប្រជាជន​ជាង​ពលរដ្ឋ និង​ធនធានធម្មជាតិ​។ លោក​ថា ឈ្មួញ​មួយ​ចំនួន​បាន​ចូល​ជា​សមាជិក​បក្ស​កាន់អំណាច កាប់​ព្រៃ​ដី​រាន​យក​ដី​រាប់ពាន់​ហិកតារ និង​កាប់​ឈើ​មានតម្លៃ​លក់​គគ្រឹកគគ្រេង ពុំ​មាន​អាជ្ញាធរ​ណា​ចេញមុខ​ទប់ស្កាត់​នោះ​ទេ ព្រោះ​ខ្លាច​អំណាច​បក្ស​ប្រជាជន​កម្ពុជា។ លោក​ថា មាន​សង្ឃឹម​តិច​ណាស់​ថា របប​លោក ហ៊ុន សែន​អាច​នឹង​សង្គ្រោះ​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ​បាន ត្បិត​បច្ចុប្បន្ន​សកម្មភាព​ដឹកជញ្ជូន​ឈើ និង​ការ​លួច​កាប់​ឈើ​នៅតែ​កើតមាន​ខ្លាំង​ឡើង​។ ចំណែក​ជនជាតិ​ដើម​ភាគតិច​ស្ម័គ្រចិត្ត​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​បាន​អាជ្ញាធរ​គំរាមកំហែង​តាម​ប្រព័ន្ធ​តុលាការ៖ «គំរាមកំហែង​ខ្ញុំ គេ​មក​ព័ទ្ធ​វ៉ៃ​ខ្ញុំ គេ​ឲ្យ​ក្មេង​ទំនង​មក​ស្ទាក់​វាយ​ខ្ញុំ ខ្ទេចខ្ទី​អស់​អាលីង។ ឥឡូវ​ខ្ញុំ​ហាន​ដាក់​ជីវិត​ទៀត បើ​អង្គការ​ណា​ការពារ​ព្រៃឈើ ទៅជា​មួយ​ខ្ញុំ បើ​ព្រៃ​នៅ​ដូច​មុន ខ្ញុំ​ហាន​ចូល​គុក បើ​អស់​ព្រៃឈើ​ខ្ញុំ​ហាន​ជាប់គុក​វិញ»

កាល​ពី​ពេល​ថ្មីៗ​នេះ តុលាការ​ខែត្រ​ស្ទឹងត្រែង កោះហៅ​ជនជាតិ​ដើម​ភាគតិច​ម្នាក់ មក​បំភ្លឺ​ក្នុង​សំណុំរឿង​ផ្ដល់​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ឋិត​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង។ សហគមន៍​ចាត់​ទុក​ដីកាកោះ​ហៅ​នេះ ថា​ជា​សា​គំរាម​ស្មារតី​អ្នកការពារ​ព្រៃឈើ និង​រួមចំណែក​បំផ្លាញ​បរិស្ថាន​នៅ​កម្ពុជា ដ្បិត​ព្រៃឈើ​រាប់ពាន់​ហិកតារ​ដែល​ឋិត​ក្នុង​តំបន់​អភិរក្ស​របស់​សហគមន៍​ត្រូវ​គេ​កាប់​យក​ឈើ​លក់​អស់​ស្ទើរ​ទាំងស្រុង។

មេឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខែត្រ​ស្ទឹងត្រែង លោក ញៀន ផុន បដិសេធ​ថា អាជ្ញាធរ​មិនបាន​រារាំង​ពលរដ្ឋ​ដែល​ចូលរួម​អភិរក្ស​ព្រៃឈើ​នោះ​ទេ ថែមទាំង​គាំទ្រ​ដល់​បេសកកម្ម​ចុះ​ល្បាត​ព្រៃ​របស់​សហគមន៍​ផង។ លោក​ទទួលស្គាល់​ថា បទល្មើស​ព្រៃឈើ​ក្នុង​ព្រៃ​សហគមន៍​កើតមាន​ច្រើន តែ​ឋានៈ​ត្រឹម​អាជ្ញាធរ​គ្មាន​សមត្ថភាព​ទប់ស្កាត់​បាន​ទាំងស្រុង​នោះ​ទេ បាន​ត្រឹម​អប់រំ​ពលរដ្ឋ និង​ណែនាំ​ឲ្យ​យល់​ពី​តម្លៃ​ធនធានធម្មជាតិ​នៅ​វេទិកា​សាធារណៈ។ លោក​ថា សមត្ថកិច្ច​មួយ​ចំនួន​រារែក​ក្នុង​ការ​អនុវត្ត​ច្បាប់​ដោយសារ​ពលរដ្ឋ​ដែល​ចូល​ព្រៃ​កាប់​ឈើ សុទ្ធ​សឹង​ពលរដ្ឋ​ក្រីក្រ បាន​បង្ខំចិត្ត​លួច​កាប់​ឈើ​ដើម្បី​រក​ប្រាក់​ដោះ​បំណុល​ធនាគារ៖ «ការពារ​ល្អ​ហើយ ទាំងអស់​គ្នា។ តែ​បទល្មើស​ពុំ​មែន​ប្រជាពលរដ្ឋ​យើង មក​ពី​នេះ​នោះ។ ទប់ស្កាត់​លំបាក​ហើយ ព្រោះ​សហគមន៍​ពុំ​មែន​ចេញពី​ព្រៃ​មកវិញ​ទេ»

មន្ត្រី​សង្គម​ស៊ីវិល​ព្រមាន​ថា អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​មាន​ទោស ពី​បទ​អនុគ្រោះ​ឲ្យ​កើតមាន​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

អ្នក​សម្របសម្រួល​ផ្នែក​តស៊ូ​មតិ របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ សង្កេត​ឃើញ​ថា អាជ្ញាធរ​បាន​ដាក់​កម្លាំង​សមត្ថកិច្ច​តាមដាន​ពលរដ្ឋ​ជាប្រចាំ និង​មានការ​សួរនាំ​ដេញដោល​បើ​ពលរដ្ឋ​ណា​ជួប​ប្រជុំ​ស្វែងរក​ដំណោះស្រាយ​រឿង​អ្វីមួយ។ លោក​ចាត់​ទុក​ថា ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ កំពុង​ឋិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ជះឥទ្ធិពល​អាក្រក់​ដល់​សិទ្ធិ​បញ្ចេញមតិ និង​ជីវភាព​ពលរដ្ឋ​ដែល​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ៖ «ទីតាំង​ណា ឃុំ​ណា និង​កន្លែង​ណា ដែល​មាន​ការ​ជួប​ជុំ​គ្នា​ចាប់ផ្ដើម​ពិភាក្សា​គ្នា គឺ​មិន​អាច​ធ្វើ​ទៅ​បានទេ ដោយសារ​មានការ​សួរនាំ​ដេញ​ដោរ​ច្រើន​។ សកម្មភាព​ហ្នឹង​គឺ រឹតត្បិត​សេរីភាព​របស់​គាត់​មែនទែន»

មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម​អាដហុក (Adhoc) ខែត្រ​ស្ទឹងត្រែង លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់​ថា ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​សេរីភាព​ជួប​ប្រជុំ បញ្ចេញមតិ​គ្មាន​ដែន​កំណត់ ហើយ​ប្រសិនបើ​មានការ​រារាំង និង​គំរាម​ដោយ​ទម្រង់​ណាមួយ​នោះ​គឺជា​ទង្វើ​ល្មើសច្បាប់។ លោក​ថា បើ​ពលរដ្ឋ​រាយការណ៍​ពី​ស្ថានភាព​ព្រៃឈើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​អនុវត្ត​ច្បាប់ ក៏ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​អើពើ វា​ជា​កំហុស​ដ៏​ធំ​មួយ​របស់​អាជ្ញាធរ ហើយ​ពលរដ្ឋ​មាន​សិទ្ធិ​ប្ដឹង​មន្ត្រី​អាជ្ញាធរ​ទាំងនោះ៖ «ដល់​ពេល​មាន​ការ​ចាត់វិធានការ​អី​មួយ មន្ត្រី​ទាំងអស់​ហ្នឹង មិន​ឲ្យ​ពលរដ្ឋ​បញ្ចេញមតិ ដើម្បី​មិន​ចង់​ឲ្យ​បទល្មើស​ព្រៃឈើ​លេចឮ​ទៅ​ក្រៅ។ យក​លេស​ថា ពលរដ្ឋ​បដិវត្ត​ពណ៌»

ច្បាប់ព្រហ្មទណ្ឌ​មាត្រា​២៣៣ ចែងថា ការ​គំរាមកំហែង និង​សម្លាប់​សម្ដែង​ចេញ​តាម​លិខិត រូបភាព ឬ​វត្ថុ​អ្វីមួយ ត្រូវ​ផ្ដន្ទាទោស​ពី ៦​ខែ​ទៅ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល​ទៅ ៤​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments