សហគមន៍ជនជាតិព្នង នៅឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បង្ហាញរូបភាពកាប់ព្រៃឈើក្នុងសហគមន៍ នៅក្នុងសន្និសីទកាសែតនារាជធានីភ្នំពេញ នៅថ្ងៃទី១៨ មីនា ២០១៥។ Photo: RFA |
ដោយ ហេង សកល RFA 2018-01-31
សមត្ថកិច្ចខែត្រមណ្ឌលគិរី និងមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅពុំទាន់ចាប់ជនល្មើសដែលបាញ់សម្លាប់មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល មន្ត្រីអាវុធហត្ថ និងមន្ត្រីបរិស្ថានចំនួន ៣នាក់បាននៅឡើយទេ នៅថ្ងៃទី៣១ ខែមករា។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលើកឡើងថា សំណុំរឿងនេះកំពុងឋិតក្នុងដំណើរការស៊ើបអង្កេត និងស្រាវជ្រាវរបស់សមត្ថកិច្ចនៅឡើយ។
មន្ត្រីអង្គការអភិរក្សសត្វព្រៃ ឬហៅកាត់ថា WCS (Wildlife Conservation Society) និងសហគមន៍ការពារព្រៃឈើស្រុកអូរាំង ខែត្រមណ្ឌលគិរី សម្ដែងអារម្មណ៍រន្ធត់នៅគ្រាដែលមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល មន្ត្រីអាវុធហត្ថ និងមន្ត្រីបរិស្ថានសរុបចំនួន ៣រូប ត្រូវបានជនសង្ស័យបាញ់សម្លាប់កាលពីថ្ងៃទី៣០ ខែមករា ក្នុងអំឡុងពេលពួកគាត់ចុះបំពេញបេសកកម្មការពារព្រៃឈើនៅតំបន់អភិរក្សសត្វព្រៃកែវសីមា ឋិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលម្នាក់ថ្លែងសុំមិនបញ្ចេញឈ្មោះឲ្យដឹងនៅថ្ងៃទី៣១ មករា ថា សមត្ថកិច្ចដាក់ការសង្ស័យជំហានដំបូងថា មូលហេតុនាំឲ្យផ្ទុះអាវុធជារឿងគំនុំរវាងឈ្មួញឈើ និងមន្ត្រីទាំង ៣រូបនោះ។ លោកថា កាលពីព្រឹកថ្ងៃទី៣០ ខែមករា មន្ត្រីទាំងនោះបានចុះល្បាតព្រៃក្នុងដែនជម្រកសត្វព្រៃកែវសីមា បានឃាត់ម៉ាស៊ីនត្រង់ស៊ីន័រ និងរឹបអូសវត្ថុតាងមួយចំនួនពីឈ្មួញតែរហូតដល់ល្ងាចថ្ងៃទី៣០ មករា ពួកគាត់បានវិលត្រឡប់មកលំនៅឋានវិញ តែត្រូវជនសង្ស័យលបបាញ់សម្លាប់ពាក់កណ្ដាលផ្លូវពេលកំពុងធ្វើដំណើរដោយម៉ូតូត្រង់ចំណុចប៉ុស្តិ៍អូរឡែ ជិតព្រំដែនកម្ពុជា-វៀតណាម។
លោកបន្ថែមថា តំបន់ដែលមន្ត្រីបរិស្ថានជួបរងការបាញ់ប្រហារនោះ ឋិតក្នុងដែនជម្រកសត្វព្រៃកែវសីមា និងជាប្រភពនៃបទល្មើសព្រៃឈើ ខណៈដែលប៉ុស្តិ៍នគរបាលព្រំដែនខ្មែរនៅក្បែរនោះ បានបើកដៃឲ្យជនជាតិវៀតណាម ចូលអារឈើដោយសេរី៖ «ពួកគាត់ជិះម៉ូតូបានចាប់ត្រង់ស៊ីន័រ អ៊ីចឹងដល់ម៉ោង ៤ល្ងាចមកផ្ទះជិះម៉ូតូតាមផ្លូវ មើលទៅដូចស្ទាក់បាញ់តែម្ដង។ ពួកគាត់ទៅថត គេបើកឲ្យខាងវៀតណាម មកធ្វើឈើ យកទីតាំង។ មើលទៅខាងប៉ុស្តិ៍បើកដៃឲ្យធ្វើឈើ»។
ទីភ្នាក់ងារព័ត៌មាន អេ.ភី (AP) បានដកស្រង់សម្ដីមន្ត្រីបរិស្ថានម្នាក់ថា ជនរងគ្រោះទាំងបីនាក់ស្លាប់ដោយសារតែកងកម្លាំងសមត្ថកិច្ចរបស់រដ្ឋាភិបាលជាអ្នកបាញ់សម្លាប់ដែលជាអ្នកការពារឈ្មួញជួញដូរឈើខុសច្បាប់។ ទីភ្នាក់ងារដដែលសរសេរបន្ថែមទៀត ដោយយោងតាមឯកសាររបាយការណ៍សមត្ថកិច្ចថា ជនសង្ស័យទាំងបីនាក់ជាប៉ូលិសការពារព្រំដែន។
អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស អេង ហ៊ី ប្រាប់អាស៊ីសេរី យ៉ាងខ្លីថា គណៈកម្មការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិកំពុងចុះស៊ើបអង្កេតករណីនេះ។ លោកថា មកទល់ពេលនេះពុំទាន់ចាប់ជនសង្ស័យមកផ្ដន្ទាទោសបាននោះទេ ព្រោះឋិតក្នុងដំណើរការស៊ើបអង្កេតរបស់សមត្ថកិច្ចចម្រុះ។ តែយ៉ាងណាលោកពុំបានបញ្ជាក់លម្អិតពីមូលហេតុនៃការផ្ទុះអាវុធនោះទេ៖ «នៅទេ! មិនទាន់ចាប់ជនល្មើសទេ ព្រោះគេកំពុងតែស៊ើបអង្កេត»។
សហគមន៍ការពារព្រៃឈើរស់នៅស្រុកអូរាំង ខែត្រមណ្ឌលគិរី លោក ហេង សំអុល យល់ថា បាតុភាពនេះគឺជាប្រផ្នូលដ៏អាក្រក់មួយគំរាមកំហែងដល់ស្មារតីអ្នកការពារព្រៃឈើ និងមន្ត្រីបរិស្ថាន អាចនឹងខ្លាចរអាក្នុងការចុះការពារព្រៃឈើដែលជាមូលហេតុនាំឲ្យបទល្មើសព្រៃឈើកើនឡើង។ លោកថា កន្លងទៅសហគមន៍ការពារព្រៃឈើរបស់លោកបានជួបឧបសគ្គមួយចំនួនដែលជនល្មើសតែងគំរាមកំហែងតាមរយៈការប្រើប្រាស់កាំបិត កាំភ្លើងឆ្នៃ និងគំរាមតាមទូរស័ព្ទ៖ «យើងភ័យបារម្ភ ទី ១ អាក់ខានចុះទៅ ញញើត ខ្លាច។ ក្រសួងមានសមត្ថកិច្ចធ្វើម៉េចចាន់ជនឧក្រិដ្ឋមកផ្ដន្ទាទោស បើពុំនោះទេអ្នកក្រោយប្រព្រឹត្តអនាធិបតេយ្យ»។
សហគមន៍ការពារព្រៃឈើ និងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលរកឃើញថា មូលហេតុសំខាន់ដែលនាំឲ្យមានបទល្មើសព្រៃឈើឆ្លងដែនកើតមានច្រើននៅដែនជម្រកសត្វព្រៃកែវសីមា គឺពលរដ្ឋវៀតណាម តែងឆ្លងចូលមកកាប់ និងដឹកជញ្ជូនឈើចេញពីដីខ្មែរ និងអំពើរលួយរបស់មន្ត្រីនៅតំបន់នោះ។ ពួកគាត់រកឃើញថា ប៉ុស្តិ៍ការពារព្រំដែនអូរឡែ និងយោធាការពារព្រំដែនច្រើនបើកដៃឲ្យជនជាតិវៀតណាម ចូលអារឈើតាមអំពើចិត្ត ដ្បិតតំបន់នោះនៅក្បែរព្រំដែនកម្ពុជា-វៀតណាម ងាយស្រួលជនល្មើសរត់គេចខ្លួន៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments