មន្ត្រីអង្គការសង្គមស៊ីវិល ស្វាគមន៍ចំពោះគម្រោងបំពាក់កាមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់សួរចម្លើយ និងបន្ទប់ឃុំខ្លួនជនសង្ស័យបណ្តោះអាសន្ន នៅតាមអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស ប៉ុន្តែពួកគាត់ជំរុញឲ្យគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងស្ថាប័នជំនាញពាក់ព័ន្ធ ពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពថែមទៀត ទើបអាចលុបបំបាត់អំពើទារុណកម្មដែលប្រព្រឹត្តដោយមន្ត្រីនគរបាល។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ទោះបីជាមានការបំពាក់កាមេរ៉ាសុវត្ថិភាពក្តី ក៏មិនអាចបញ្ឈប់អំពើទារុណកម្មបានឡើយ ប្រសិនបើការអនុវត្តច្បាប់នៅទន់ខ្សោយ និងខ្វះឯករាជ្យភាព។ លោកយល់ថា អ្នកប្រព្រឹត្តអំពើទារុណកម្ម មិនល្ងង់រហូតធ្វើទារុណកម្មលើនរណាម្នាក់នៅមុខកាមេរ៉ាសុវត្ថិភាព ដើម្បីបន្សល់ទុកភស្តុតាងនាំឲ្យមានបញ្ហាដល់ខ្លួននោះទេ។ លោកបន្តថា ដើម្បីលុបបំបាត់អំពើទារុណកម្មឲ្យមានប្រសិទ្ធភាព លុះត្រាតែគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងស្ថាប័នជំនាញពាក់ព័ន្ធ ពង្រឹងសមត្ថភាពស្រាវជ្រាវលើភស្តុតាង និងស្លាកស្នាមនៅលើដងខ្លួនជនរងគ្រោះ ហើយហ៊ានចាត់វិធានការច្បាប់ ទោះបីជាអ្នកប្រព្រឹត្តមានតួនាទីជាមន្ត្រីសមត្ថកិច្ចដូចគ្នាក៏ដោយ៖ «យើងឃើញក្នុងករណីកន្លងមក ទោះបីក្នុងរូបភាពដែលយើងធ្វើការពិនិត្យនិងឃ្លាំមើលទៅលើករណីទាំងអស់នេះ យើងអាចសន្និដ្ឋានថា ជាអំពើទារុណកម្មក៏ដោយ ក៏កម្រឃើញមានការចោទប្រកាន់ទៅលើមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ហ្នឹងថា ជាអ្នកប្រព្រឹត្តបទល្មើសនូវអំពើទារុណកម្មហ្នឹងណាស់។ ដូច្នេះហើយបានជាយើងយល់ថា ចំណុចទាំងអស់នេះ អាចថាមានការយោគយល់ មានការពាក់ព័ន្ធនឹងផលប្រយោជន៍ណាមួយដែលធ្វើឲ្យអ្នកទាំងអស់នេះរួចអំពីសំណាញ់ច្បាប់។ អ៊ីចឹងហើយបានជាករណីនេះចេះតែកើតមានដោយអាងថា រឿងទាំងអស់នេះ ខ្លួនប្រព្រឹត្តហើយអាចដោះស្រាយបាន»។
លោក ស៊ឹង សែនករុណា ជឿថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងសមត្ថកិច្ចពាក់ព័ន្ធ សុទ្ធតែមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស៊ើបអង្កេតរឿងក្តីទារុណកម្ម។ ប៉ុន្តែលោកពិនិត្យឃើញថា ករណីកន្លងមក ស្ថាប័នជំនាញទាំងនេះ ហាក់ដូចជាមិនមានឆន្ទៈចាត់វិធានការច្បាប់ឲ្យបានតឹងរ៉ឹង តាមអ្វីដែលខ្លួនបានស៊ើបអង្កេតរកឃើញនោះទេ។ លោកបារម្ភថា ទង្វើបែបនេះ មិនត្រឹមតែមិនអាចលុបបំបាត់អំពើទារុណកម្មបានទេ ថែមទាំងធ្វើឲ្យសាធារណៈជនបាត់បង់ទំនុកចិត្តលើស្ថាប័នជំនាញថ្នាក់ជាតិនេះទៀតផង៖ «យើងជាសង្គមស៊ីវិល យើងចង់ឃើញថា ករណីនេះយើងមិនគួរណាចេះតែចុះទៅធ្វើការស៊ើបអង្កេតហើយយើងស្ងប់ស្ងាត់ចឹងទេ ដោយមិនហ៊ាននិយាយអ្វីដែលជាការរកឃើញហ្នឹងហើយចេះតែបញ្ចូនទៅថ្នាក់លើហើយទុកឲ្យថ្នាក់លើសម្រេចចឹងទៅ ក្នុងខណៈដែលខ្លួនជាអ្នកដែលមានបច្ចេកទេស មានវិជ្ជាជីវៈ មករកហ្នឹង រកឃើញហើយ មិននិយាយដែលជាការពិតដែលធ្វើឲ្យតម្លៃនៃការធ្វើការងាររបស់ខ្លួន ត្រូវបានបាត់បង់ជំនឿពីប្រជាពលរដ្ឋ»។
កាលពីដើមខែមិថុនាកន្លងទៅ ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មលោក នុត សាអាន បានស្នើសុំទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ណែនាំមន្ត្រីនគរបាលពាក់ព័ន្ធក្នុងខេត្តបាត់ដំបង បំពេញការងារឲ្យបានត្រឹមត្រូវនិងស្នើសុំឲ្យរៀបចំបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមបន្ទប់សួរចម្លើយនិងបន្ទប់ឃុំខ្លួនបណ្តោះអាសន្ននៅគ្រប់អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ក្រោយមានករណីចោទប្រកាន់ជាច្រើនថា ប៉ូលិសមួយចំនួន ធ្វើទារុណលើជនសង្ស័យ។ លោក នុត សាអាន ជឿថា ការបំពាក់កាមេរ៉ាបែបនេះ នឹងធ្វើឲ្យមន្ត្រីនគរបាលមួយចំនួន មិនហ៊ានធ្វើទារុណកម្មលើជនសង្ស័យ ឬមិនមានលេសដោះសានោះទេ ក្រោយពេលមានបញ្ហាកើតឡើង៖ «ពេលសួរចម្លើយឲ្យនៅក្នុងកាមេរ៉ា បើសិនជាមានកាមេរ៉ា ខ្ញុំសន្និដ្ឋានថា អ្នកទាំងអស់ហ្នឹងមិនហ៊ានធ្វើទារុណកម្មទេ ពីព្រោះមាននៅក្នុងកាមេរ៉ា។ បើអត់មានកាមេរ៉ា យើងពិបាកនឹងសន្និដ្ឋានដែរ ហើយនៅក្នុងបន្ទប់ឃុំបណ្តោះអាសន្ន បើសិនជាគ្មានកាមេរ៉ា យើងមិនដឹងថា យើងអាចថា ជនសង្ស័យវាបោកខ្លួនបោកប្រាណខ្លួនវាអ៊ីចឹងទៅ បានវាទៅជាឈឺវាមានស្លាកស្នាមជាំអីពីលិចពីកើតចឹងណា។ ដូច្នេះខ្ញុំសំណូមពរសម្តេចក្រឡាហោម ក៏ដូចជាអគ្គស្នងការនគរបាលជាតិឲ្យរៀបចំកន្លែងសួរចម្លើយជនសង្ស័យ និងកន្លែងឃុំខ្លួនបណ្តោះអាសន្នជនសង្ស័យ ធ្វើឲ្យមានច្បាស់លាស់»។
លោក នុត សាអាន ស្នើសុំបែបនេះ បន្ទាប់ពីមន្ត្រីគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ចុះស៊ើបអង្កេតករណីបុរសម្នាក់ឈ្មោះ ពេជ្រ ធារ៉េត អាយុ ៣១ ឆ្នាំ មានមុខរបរជាជាងផ្សារដែក បានស្លាប់ក្នុងពេលប៉ូលិសឃុំខ្លួនសួរចម្លើយនៅក្នុងអធិការដ្ឋាននគរបាលស្រុកសង្កែ ខេត្តបាត់ដំបង កាលពីដើមខែមេសា។ គ្រួសារជនរងគ្រោះ ចាត់ទុកថា លោក ពេជ្រ ធារ៉េត ស្លាប់ដោយសារមន្ត្រីប៉ូលិសធ្វើទារុណកម្មសួរចម្លើយ ព្រោះនៅលើដងខ្លួនសាកសពមានស្នាមរបួស និងជាំតាំងពីជើងរហូតដល់ក្បាល និងមានហូរឈាមតាមច្រមុះ និងត្រចៀក។ ប៉ុន្តែប៉ូលិសខេត្តបាត់ដំបងបកស្រាយថា លោក ពេជ្រ ធារ៉េត ស្លាប់ដោយសារគាំងបេះដូង ព្រោះប្រើថ្នាំញៀនហួសកម្រិត។ ក្រោយបញ្ចប់ការស៊ើបអង្កេតនោះ ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មលោក នុត សាអាន រកឃើញថា ការឆ្លើយបំភ្លឺរបស់មន្ត្រីពាក់ព័ន្ធនៅក្នុងខេត្តបាត់ដំបងទាំងអស់មានភាពផ្ទុយគ្នា និងខ្វះភាពច្បាស់លាស់ ដែលពិបាកជឿទុកចិត្ត ប៉ុន្តែលោក មិនហ៊ានសន្និដ្ឋានជាផ្លូវការថា ជាករណីធ្វើទារុណកម្មនោះទេ។ ទោះជាយ៉ាងណាលោក នុត សាអាន សន្និដ្ឋានក្រៅផ្លូវការថា លោក ពេជ្រ ធារ៉េត ដែលស្លាប់នោះ អាចពាក់ព័ន្ធនឹងការប្រើហិង្សាពីនគរបាលមួយចំនួនក្នុងពេលឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកសង្កែ ហើយលោកស្នើសុំឲ្យអគ្គស្នងការនគរបាលជាតិជួយស៊ើបអង្កេតករណីនេះបន្តទៀត។
ចំពោះសំណើរបំពាក់កាមេរ៉ាសុវត្ថិនេះលោក នុត សាអាន ប្រាប់វិទ្យុអាស៊ីសេរីបន្ថែម កាលពីថ្ងៃទី១១ ខែមិថុនាថា លោកមិនទាន់ទទួលបានការឆ្លើយតបពីលោក ស ខេង នៅឡើយ ប៉ុន្តែលោក ជឿថា ក្រសួងមហាផ្ទៃ អាចមានលទ្ធភាពធ្វើរឿងនេះ។
ជុំវិញរឿងនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថា កម្ពុជាគឺជារដ្ឋហត្ថលេខីនៃអនុសញ្ញាប្រឆាំងអំពើទារុណកម្ម ឆ្នាំ១៩៩២ និងពិធីសារបន្ថែមនៃអនុសញ្ញានេះឆ្នាំ២០០៧ ព្រមទាំងបានបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោឃៅ អំពើអមនុស្សធម៌។ ដូច្នេះលោកថា អង្គភាពមួយនេះ ត្រូវតែបង្កើននិងអនុវត្តយន្តការជាច្រើនដើម្បីបង្ការទប់ស្កាត់ និងជួយស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ។លោកបន្តថា ការបំពាក់កាមេរ៉ាសុវត្ថិភាព គ្រាន់តែជាមធ្យោបាយមួយផ្នែកប៉ុណ្ណោះ ប៉ុន្តែបញ្ហាសំខាន់ គឺគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវពង្រឹងការអនុវត្តយន្តការរបស់ខ្លួន និងពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាពបន្ថែមទៀត៖ «ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅគ្រប់មន្ទីរឃុំឃាំងបណ្តោះអាសន្នរបស់មន្ត្រីនគរបាលយុត្តិធម៌ វាជារឿងមួយល្អដែរ ដែលបង្ហាញពីទិដ្ឋភាពទូទៅ បើសិនជាមានការធ្វើទារុណកម្មអីកើតឡើង។ ប៉ុន្តែខ្ញុំជឿថា អំពើទារុណកម្មខ្លះ មិនអាចកើតតែក្នុងបន្ទប់ឃុំឃាំងនោះទេ ដូច្នេះករណីនេះ ត្រូវតែបន្ថែមយន្តការបន្ថែមទៀត និងត្រូវតែបង្កើតគណៈកម្មការក្នុងការស្រាវជ្រាវនិងស៊ើបអង្កេតដោយតម្លាភាព និងយុត្តិធម៌ ដើម្បីស្វែងរកយុត្តិធម៌ និងលុបបំបាត់អំពើទារុណកម្ម ឬអំពើឃោឃៅអមនុស្សធម៌ ដើម្បីកុំឲ្យមានការរិះគន់តទៅទៀត»។
ករណីមន្ត្រីនគរបាលរងការចោទថា ធ្វើទារុណកម្មលើជនសង្ស័យក្នុងពេលចាប់ឃុំខ្លួនឬពេលសួរចម្លើយបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ និងស្លាប់នេះ តែងកើតមានជាហូរហែ ប៉ុន្តែគ្រួសារជនរងគ្រោះ កម្រទទួលបានយុត្តិធម៌ណាស់ ប្រសិនបើគ្មានការស្រែកបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេនោះ។ ជាក់ស្តែង កាលពីចុងឆ្នាំ២០១៩ មានប្រជាពលរដ្ឋ តវ៉ាដីធ្លីចំនួន ៥ នាក់ ត្រូវបានមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ឃុំខ្លួន និងវាយដំរហូតដល់ស្លាប់បុរសម្នាក់ឈ្មោះ ទុយ ស្រស់ និងរបួសធ្ងន់ធ្ងរ ៤ នាក់។ ប៉ុន្តែរដ្ឋបាលខេត្តបន្ទាយមានជ័យ បំភ្លឺថា ការស្លាប់របស់លោក ទុយ ស្រស់ មិនមែនដោយសារការវាយដំនោះទេ គឺដោយសារបញ្ហាសុខ ភាពរបស់គាត់មិនល្អ និងញៀនស្រាដាច់មិនបាន។ ចំណែករបាយការណ៍របស់ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ វិញថា លោក ទុយ ស្រស់ ស្លាប់ដោយសារ «ខ្យល់គ»។ បន្ទាប់មកដោយសារមានការរិះគន់ខ្លាំងទើបលោក ហ៊ុន សែន បញ្ជាឲ្យមានការស៊ើបអង្កេតឡើងវិញ ហើយរកឃើញថា មន្ត្រីកងរាជអាវុធហត្ថពីររូប បានជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មជនរងគ្រោះ និងត្រូវបានចាប់ខ្លួនផ្តន្ទាទោសម្នាក់ ៤ ឆ្នាំ និងម្នាក់ទៀត ៧ ឆ្នាំ។ រីឯករណីផ្សេងៗទៀត ដែលលោក ហ៊ុន សែន មិនបានលូកដៃនោះជាទូទៅ អាជ្ញាធរពាក់ព័ន្ធ នៅតែបកស្រាយថា ជនរងគ្រោះស្លាប់ដោយសារបញ្ហាសុខ ភាពផ្ទាល់ខ្លួន ឬខ្យល់គ និងគាំងបេះដូងជាដើម បើទោះបីជាគ្រួសារជនរងគ្រោះ អះអាងថា មានភស្តុតាង និងស្លាកស្នាមនៅលើដងខ្លួនសាកសពដែលបង្ហាញពីការធ្វើទារុណកម្មយ៉ាងណាក្តី។
មាត្រា ២១០ នៃក្រមព្រហ្មទណ្ឌចែងថា ទារុណកម្ម ឬអំពើឃោរឃៅ ដែលប្រព្រឹត្តទៅលើបុគ្គលណាមួយនោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ ឆ្នាំ ដល់ ១៥ឆ្នាំ។ លើសពីនេះ កាលបើបទឧក្រិដ្ឋនេះ ត្រូវបានប្រព្រឹត្តដោយអ្នករាជការសាធារណៈ នៅក្នុងក្របខណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញការងាររបស់ខ្លួនត្រូវផ្តន្ទាទោសពី ១០ ឆ្នាំទៅ ២០ ឆ្នាំ។
របាយការណ៍លើកទី ៤៥ របស់ក្រសួងការបរទេសអាមេរិក ស្តីពី ការអនុវត្តសិទ្ធិមនុស្សនៅទូទាំងពិភពលោក សម្រាប់ឆ្នាំ២០២០ រកឃើញថា ក្នុងឆ្នាំ២០២០ កន្លងទៅ មានករណីរំលោភបំពានសិទ្ធិមនុស្សគួរឲ្យកត់សម្គាល់ ដែលប្រព្រឹត្តដោយរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធទៅនឹងករណីធ្វើទារុណកម្មក្នុងមន្ទីរឃុំឃាំង ការដាក់ទោសទណ្ឌ ការឃុំឃាំងមនុស្សតាមទំនើងចិត្ត និងការប្រព្រឹត្តប្រឆាំងនឹងអ្នកទោសនយោបាយជាដើម ខណៈកម្ពុជានៅតែគ្មានប្រព័ន្ធតុលាការឯករាជ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments