ព្រះសង្ឃប្រមាណ ២៥០អង្គ រួមមានព្រះសង្ឃខ្មែរ ភូមា ថៃ ឡាវ និងវៀតណាម បានរួមគ្នាប្រារព្ធគណៈធម្មយាត្រាដោយដង្ហែពីប្រទេសឡាវ មកកាន់ប្រទេសកម្ពុជា ឆ្លងកាត់ខែត្រស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៣ ឧសភា។ គោលបំណងនៃធម្មយាត្រានេះ ដើម្បីបង្ហាញនូវធម្មទានរបស់ព្រះពុទ្ធ ដោយប្រោះព្រំមនុស្សឲ្យរួចពីសេចក្តីទុក្ខ និងជំរុញឲ្យមនុស្សលើពិភពលោកប្រតិបត្តិសេចក្តីល្អ។
ក្បួនគណៈធម្មយាត្រារបស់ព្រះសង្ឃមកពីប្រទេសទាំង ៥ បានមកដល់ខែត្រស្ទឹងត្រែង នៅល្ងាចថ្ងៃទី២៣ ឧសភា។ ព្រះសង្ឃទាំងនោះបាននិមន្តបិណ្ឌបាតតាមផ្លូវមួយចំនួនក្នុងខែត្រស្ទឹងត្រែង និងជុំវិញផ្សារសាមគ្គី ដោយមានពុទ្ធបរិស័ទរាប់ពាន់នាក់។ ក្រុមព្រះសង្ឃទាំងនោះចាត់ទុកគណៈធម្មយាត្រានេះ ជាសញ្ញាពញ្ញាក់ស្មារតីឲ្យមនុស្សលើពិភពលោក ប្រតិបត្តិសេចក្តីល្អតាមរយៈព្រះពុទ្ធសាសនា និងជំរុញឲ្យមានទំនាក់ទំនងល្អរវាងប្រទេសតាមដងទន្លេមេគង្គ។
ព្រះតេជព្រះគុណចូលរួមគណៈធម្មយាត្រានេះ និងជាព្រះអនុគណស្រុកថាឡាបរិវ៉ាត់ ព្រះតេជព្រះគុណ ពុធ យ៉ាំ ចាត់ទុកអរិយធម៌ និងវប្បធម៌របស់ប្រទេសទាំង៥ នេះមានលក្ខណៈប្រហាក់ប្រហែលគ្នា ដែលទាមទារឲ្យមានការចងសម្ពន្ធភាពគ្នា និងសាមគ្គីភាព ដើម្បីស្វែងរកសន្តិភាពតាមរយៈការផ្សាយមេត្តាធម៌ផ្នែកព្រះពុទ្ធសាសនា ជ្រាបដល់ប្រជាជនទាំង ៥ប្រទេស៖ «សារប្រយោជន៍ដើម្បីឲ្យបានសុខទាំងសងខាង ទាំង ៥ប្រទេសនេះដើម្បីឲ្យព្រះពុទ្ធសាសនាផ្សាយទូលំទូលាយជាសកលតែម្តង»។
តាមការគ្រោងទុក គណៈធម្មយាត្រានេះនឹងត្រូវហែឆ្ពោះទៅតាមបណ្ដាខែត្រមួយចំនួនក្នុងប្រទេសកម្ពុជា រួមមានខេត្តកំពង់ធំ កោះកុង និងរាជធានីភ្នំពេញ។ ការដង្ហែគណៈធម្មយាត្រានោះ អមដោយទង់ជាតិអាស៊ាន និងទង់ព្រះពុទ្ធសាសនា។
ព្រះតេជព្រះគុណ ទឿង ញឹង (Tuong Nhan) មកពីទីក្រុងវ៉េ (Hue) ប្រទេសវៀតណាម (Vietnam) មានថេរដីកាថា នេះគឺជាលើកទីមួយហើយដែលបង្កើតឲ្យមានគណៈធម្មយាត្រាសន្តិភាព ដែលមានព្រះសង្ឃមកពីប្រទេសចំនួន ៥ ចូលរួម។ ព្រះអង្គមានថេរដីកាបន្តថា ពលរដ្ឋខ្មែរ និងអាជ្ញាធរបានចូលរួមក្នុងពិធីរាប់បាត្រប្រគេនចង្ហាន់ព្រះសង្ឃ ដោយដាក់បាត្រក្នុងធម្មយាត្រានេះ បង្ហាញនូវការសាមគ្គីរវាងប្រជាជាតិនៃប្រទេសទាំង៥ ក្នុងតំបន់ទន្លេមេគង្គនេះ។
ពុទ្ធបរិស័ទដែលចូលរួមពិធីរាប់បាត្រ រស់នៅក្រុងស្ទឹងត្រែង គឺលោកអាចារ្យ បាន់ នីន មានជំនឿថា ការចូលរួមគណៈធម្មយាត្រា និងពិធីរាប់បាត្ររបស់ពុទ្ធបរិស័ទ គឺជាសញ្ញានៃការរីកចម្រើនផ្នែកព្រះពុទ្ធសាសនាក្នុងសង្គម ដែលជាប្រភពនៃសន្តិភាព និងសេចក្តីសុខគ្របដណ្ដប់លើពិភពលោក៖ «សប្បាយណាស់ទាន ព្រោះថាយើងជាអ្នកទ្រទ្រង់ព្រះពុទ្ធសាសនាក្នុងសង្គមកម្ពុជា គឺថាព្រះសង្ឃដឹកនាំព្រះសាសនាជ្រះថ្លាហៅថាសមយុទ្ធក្នុងកុសលផលបុណ្យនេះ សូមឲ្យបានសម្រេចជាសុខគ្រប់ៗរូបតទៅ»។
អនុប្រធានមន្ទីរធម្មការខែត្រស្ទឹងត្រែង លោក ថាវ ប៊ុនថេន ចាត់ទុកវត្តមានធម្មយាត្រានេះថាជាភ័ព្វសំណាងរបស់ពុទ្ធបរិស័ទ ដែលផ្តល់ឱកាសឲ្យពលរដ្ឋធ្វើបុណ្យបែបព្រះពុទ្ធសាសនា ដោយសារគណៈធម្មយាត្រានេះ គឺជាពិធីបុណ្យដ៏កម្រ។ លោកថា ធម្មយាត្រានេះមានសារប្រយោជន៍ឲ្យមនុស្សផ្សាយមេត្តាចិត្ត និងចេះស្រឡាញ់រាប់អានសាមគ្គីគ្នា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments