សហភាពអឺរ៉ុប និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់មូលនិធិ ជិត៣ លានយូរ៉ូ (ប្រហែលជាង ៣,៣ លានដុល្លារអាមេរិក) ដើម្បីការពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងនេះ គ្របដណ្ដប់លើគម្រោងគាំទ្រការគ្រប់គ្រងដោយចិរភាព នៃធនធានព្រៃឈើដ៏សម្បូរបែបក្នុងខេត្តមណ្ឌលគិរី ដែលមានរយៈពេល ៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។ គម្រោងនេះ មានឈ្មោះថា គម្រោង «បង្កើនសមត្ថភាពអង្គការសង្គមស៊ីវិល ដើម្បីធានានូវដំណោះស្រាយនិរន្តរភាព ឬហៅកាត់ថា ACCESS» ។ គោលបំណងនៃគម្រោងនេះ គឺដើម្បីពង្រឹងតួនាទី និងការចូលរួមរបស់សហគមន៍ដែលពឹងផ្អែកលើព្រៃឈើនៅកម្ពុជា ក្នុងការអភិវឌ្ឍអភិបាលកិច្ចល្អ រៀបចំកិច្ចពិភាក្សាគោលនយោបាយប្រកបដោយការចូលរួម និងការអភិរក្សធនធានធម្មជាតិក្នុងខេត្តមណ្ឌលគិរី។
សេចក្ដីប្រកាសព័ត៌មានរបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ផ្សាយថ្ងៃទី២៥ ធ្នូ ឲ្យដឹងថា គម្រោងនេះ នឹងត្រូវអនុវត្តដោយសម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលចំនួនបី រួមមាន អង្គការមូលនិធិសកលដើម្បីអភិរក្សធនធានធម្មជាតិ (WWF) មជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍ (CLEC) និងអង្គការភូមិខ្ញុំ (MVI)។ សេចក្ដីប្រកាសព័ត៌មានដដែលនេះ ឲ្យដឹងដែរថា អ្នកដែលទទួលបានផលប្រយោជន៍ពីគម្រោងនេះ មានចំនួន ២ពាន់ គ្រួសារ ក្នុងភូមិចំនួន ៣៤ ស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃស្រែពក និងដែកជម្រកសត្វព្រៃភ្នំព្រេច ក្នុងខេត្តមណ្ឌលគិរី។
លោក សេង ទៀក នាយកប្រចាំប្រទេស នៃអង្គការ WWF-Cambodia ថ្លែងថា តំបន់ព្រៃការពារសហគមន៍ទាំងនេះ គឺប្រៀបដូចជារបងមានជីវិត ដែលការពារព្រៃឈើ និងជីវចម្រុះ។ លោកថា ការរួមបញ្ចូល និងពង្រឹងអំណាចរបស់សហគមន៍ ក្នុងការគ្រប់គ្រងធនធានព្រៃឈើ ដោយនិរន្តរភាព គឺជាដំណើរឆ្ពោះទៅមុខនៃការអភិរក្សធនធានធម្មជាតិ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក ចច អែដហ្ការ (George Edgar) ថ្លែងថា ដើម្បីធ្វើឲ្យគម្រោងនេះជោគជ័យ លោកជំរុញឲ្យមានការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពជាងមុន ប្រឆាំងនឹងការកាប់ឈើ និងបរបាញ់សត្វព្រៃខុសច្បាប់ ដែលជាកត្តាគំរាមកំហែងដល់តំបន់ទេសភាពពិសេសៗ និងប៉ះពាល់ដល់ជីវភាពសហគមន៍មូលដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments