បុគ្គលិកក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី ខេមបូឌា (CINTRI Cambodia) កើនដល់ប្រមាណ ១ពាន់ (១.០០០) នាក់ បន្តតវ៉ានៅថ្ងៃទី៥ ខែតុលា នៅខាងមុខក្រុមហ៊ុនស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមិនចូលធ្វើការតាមការព្រមានរបស់សាលារាជធានីភ្នំពេញឡើយ។ ក្រុមអ្នកតវ៉ា បញ្ជាក់ថា ការតវ៉ានេះ ក្នុងគោលបំណងទាមទារឲ្យថៅកែក្រុមហ៊ុនទូទាត់ប្រាក់បញ្ចប់កិច្ចសន្យាការងារមុនកាលកំណត់និងដើម្បីរក្សាស្ថិរភាពការងារ និងប្រាក់អត្ថប្រយោជន៍ទាំង ៥ចំណុចរបស់ពួកគេ មុនការដេញថ្លៃក្រុមហ៊ុនថ្មីមកដល់ ។
ទោះយ៉ាងណាក្ដី សាលាក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី៥ តុលា មិនបានជួយអន្តរាគមន៍ដោះស្រាយជូនកម្មករនោះទេ ប៉ុន្តែបានចេញសេចក្ដីប្រកាសជ្រើសរើសបុគ្គលិក ប្រមូលនិងដឹកជញ្ជួនសំរាមក្នុងរាជធានីភ្នំពេញជាច្រើននាក់ ហើយប្រាប់ឲ្យប្រជាពលរដ្ឋដែលចាប់អារម្មណ៍នឹងការងារនេះប្រញាប់ដាក់ពាក្យបំពេញការងារ។ ការប្រកាសរបស់សាលាក្រុងភ្នំពេញនេះ បន្ទាប់ពីកាលពីថ្ងៃទី៣ តុលា បានចេញសេចក្ដីប្រកាសណែនាំឲ្យក្រុមកម្មករប្រមូលសំរាមទាំងនេះ ត្រូវបញ្ឈប់ការធ្វើកូដកម្ម ដោយចោទថា កុំយកបញ្ហាសំរាមជាចំណាប់ខ្មាំង ដើម្បីទាមទារលក្ខខណ្ឌដែលខុសច្បាប់ ហើយត្រូវចូលបំពេញការងារប្រមូល និងដឹកជញ្ជូនសំរាមជាធម្មតាវិញ ដោយទុកពេលយ៉ាងយូរបំផុតត្រឹមថ្ងៃចន្ទ ទី៥ ខែតុលា ជាកំហិត បើពុំនោះទេ សាលាក្រុងនឹងប្រកាសជ្រើសរើសកម្មករថ្មី មកជំនួសការងារពួកគេ។
បុគ្គលិកម្នាក់ផ្នែកដឹកជញ្ជូន មានតួនាទីជាអ្នកបើកឡានដឹកសំរាម របស់ក្រុមហ៊ុន ស៊ីនទ្រី លោក ឆែម បូណា ប្រាប់អាស៊ីសេរីថា បុគ្គលិក នឹងមិនបញ្ឈប់ការតវ៉ានោះទេ ប្រសិនបើពួកគេនៅមិនទាន់ទទួលបានដំណោះស្រាយតាមការទាមទារ។ លោក បន្តថា ជាសិទ្ធិរបស់សាលាក្រុងដែលប្រកាសជ្រើសរើសបុគ្គលិកថ្មីជំនួស ប៉ុន្តែលោកអះអាងថា ក្រុមហ៊ុនត្រូវតែដោះស្រាយដល់កម្មករនូវប្រាក់បំណាច់អតីតភាពការងារ ប្រាក់សងជំងឺចិត្ត ប្រាក់ជួសឲ្យការជូនដំណឹង ប្រាក់ខែចុងក្រោយ និងប្រាក់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ដែលទឹកប្រាក់កម្មករត្រូវទទួលបានមិនតិចជាងមួយពាន់ដុល្លារនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments