ប្រជាពលរដ្ឋប្រមាណ ៥០នាក់ មកពីឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល នាំគ្នាទៅតវ៉ានៅសាលាដំបូងខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៥ មករា។ ការលើកគ្នាមកតវ៉ានេះ គឺបន្ទាប់ពីពួកគាត់ទទួលបានដីកាកោះហៅតុលាការឲ្យចូលខ្លួនជាបន្តបន្ទាប់នៅដើមខែកុម្ភៈ ខាងមុខនេះ។
ប្រជាពលរដ្ឋប្រមាណ ៥០នាក់ ក្នុងចំណោម ៧១គ្រួសារ មកពីឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល ដែលនាំគ្នាលើកបដាតវ៉ានៅសាលាដំបូងខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៥ ខែមករា អះអាងថា ពួកគាត់កំពុងមានបញ្ហាដីធ្លីដែលត្រូវគេយកទៅឲ្យក្រុមហ៊ុនរបស់អ្នកស្រី លឹម គា។
អ្នកភូមិម្នាក់ដែលមកពីឃុំឈ្វាំង នោះ លោក គួយ ចាន់ថន ថ្លែងថា ពួកលោកលើកគ្នាមកតុលាការខេត្តកណ្ដាល នេះ គឺមកសួរដំណឹងអំពីពាក្យបណ្ដឹងរបស់លោកដែលប្ដឹងអ្នកភូមិដូចគ្នាចំនួន ១២នាក់ នៅតុលាការនេះ៖ «ពួកខ្ញុំមកជំរុញដីកាខ្ញុំប្ដឹង ១៥នាក់។ ១៥នាក់ហ្នឹងស្លាប់អស់ ៣នាក់ហើយ នៅសល់ ១២នាក់។ តុលាការអត់ចាត់ការទេ ចាត់ការតែរឿងពលរដ្ឋ។ រឿងដែលកើតឡើង ដីសម្ដេចឲ្យអស់ហើយ មានឯកសារគ្រប់គ្រាន់ តាំងពីខេត្តរហូតដល់ស្រុករហូតដល់មានក្រុមបដិកោសល្យវិច័យស្រាវជ្រាវរកទៅប្រជាពលរដ្ឋខ្វះ។ តែរឿងចុងក្រោយ គឺរឿង ១៥នាក់ យកដីទៅប្រគល់ឲ្យក្រុមហ៊ុន លឹម គា»។
ក្នុងពេលជាមួយគ្នានេះ អ្នកភូមិស្លែងមានជ័យ ម្នាក់ទៀត គឺអ្នកស្រី ជា សារិន មានប្រសាសន៍ថា ការលើកគ្នាមកតវ៉ាគឺបន្ទាប់ពីពួកលោកស្រីទទួលបានដីកាកោះហៅរបស់សាលាដំបូងខេត្តកណ្ដាល ឲ្យចូលខ្លួនទៅបំភ្លឺជាបន្តបន្ទាប់ នៅដើមខែកុម្ភៈ ខាងមុខនេះ។ អ្នកភូមិយល់ថា ដីកានេះជាដីកាចាប់ខ្លួន៖ «ហ្នឹងគឺជាដីកាហៅប្រជាពលរដ្ឋមកថ្ងៃទី២ ខែកុម្ភៈ ថ្ងៃទី៦ ខែកុម្ភៈ មកឆ្លាស់ថ្ងៃគ្នា។ តែពួកខ្ញុំអត់មកឆ្លាស់ថ្ងៃគ្នាទេ។ ថ្ងៃអ្នកណាហៅ គឺមកទាំងអស់គ្នា»។
ក្រោយពេលរង់ចាំជិត ២ម៉ោង អនុប្រធានអគ្គលេខាធិការដ្ឋាននៃសាលាដំបូងខេត្តកណ្ដាល លោក កេត សំណាង ចេញមកជួបអ្នកភូមិ ហើយណែនាំពួកគាត់ឲ្យរកមេធាវី និងចូលខ្លួនតាមដីកាកោះ៖ «រង់ចាំថ្ងៃទី២ ពូអញ្ជើញតាមដីកាកោះ។ អ្នកដែលគេកោះហ្នឹង គឺពូអញ្ជើញមក។ ទីពីរ ពូត្រូវមានតំណាង គឺមេធាវីយើងហ្នឹងហើយ។ រាល់អ្វីដែលយើងមិនអាចនិយាយតតាំងបាន គឺមានមេធាវីហ្នឹងមកជាតំណាង។ អ៊ីចឹងនៅក្នុងហ្នឹងមានប្រជាពលរដ្ឋ ដែលគេមានឈ្មោះនៅក្នុងដីកាកោះហ្នឹង ពូអញ្ជើញមក។ ក្រៅពីហ្នឹង យើងនៅរង់ចាំស្ដាប់អ្វីជាលទ្ធផល។ អ្វីដែលខ្ញុំឆ្លើយ គឺខ្ញុំសម្របសម្រួលទេ។ នីតិវិធីក្នុងការដោះស្រាយយ៉ាងម៉េច អាហ្នឹងទៅលើលោកចៅក្រមជាអនុម័ត។ អ៊ីចឹងថ្ងៃទី២ ហ្នឹង អ្វីដែលបងឆ្ងល់អីទាំងអស់ហ្នឹង លើកទៅ។ អ៊ីចឹងមានតំណាងអស់ហើយ គឺមេធាវីប្រាប់មេធាវីជួនកាលមានខ្វះចន្លោះអ្វី តំណាងយើងអាចបន្ថែមទៅ»។
ពលរដ្ឋដែលមានជម្លោះដីធ្លីទាំងនេះមកពីប្រាំភូមិ គឺភូមិកាកាប ភូមិស្វាយ ភូមិប្រសាទ ភូមិស្លែងមានជ័យ ឃុំឈ្វាំង និងភូមិវត្តស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល។ អ្នកភូមិនិយាយថា ដីដែលមានជម្លោះនេះ ចាប់ផ្ដើមនៅឆ្នាំ១៩៩៧ នៅពេលដែលអ្នកភូមិទទួលលុយពីក្រុមហ៊ុនរបស់អ្នកស្រី លឹម គា ចំនួនពី ៦ដុល្លារ ទៅ ១០០ដុល្លារ ដែលពួកគាត់គិតថា ជាលុយកក់ទិញដីតាមរយៈមេឃុំចាស់។ ប៉ុន្តែមិនមានធ្វើក្រដាសស្នាមអ្វីទេ។ ក្រោយមកនៅឆ្នាំ២០០៦ ស្រាប់តែមានគ្រឿងចក្រក្រុមហ៊ុនទៅឈូសឆាយទាំងដីរបស់អ្នកលក់ហើយ និងអ្នកដែលមិនទាន់លក់។ ក្នុងនោះមានទាំងដីរបស់អ្នកភូមិ ៧១គ្រួសារ ដែលថា មិនបានលក់ឲ្យក្រុមហ៊ុន ហើយនាំគ្នាតវ៉ា។
នៅខែមីនា ឆ្នាំ២០០៨ រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ប្រាក់ សុខុន ចេញ ស.ជ.ណ លេខ ២៥២ យោងតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចរក្សាទីតាំងដីចំនួន ១៥៥ហិកតារ នៅចំណុចទួលតានាង ទួលប្រាសាទ ទួលទ្រាបាល ចំណុចខាងកើតភូមិចាស់ ខាងត្បូងវត្តស្លែង ឲ្យទៅប្រជាពលរដ្ឋ ១៣៤គ្រួសារកាន់កាប់ និងបង្កបង្កើនផលតទៅទៀត។ ក្នុងលិខិតនេះ ក៏បានបញ្ជាក់ពីខាងដើមថា ការទិញលក់ដីនៅចំណុចនោះ មានភាពមិនប្រក្រតី។ ប៉ុន្តែក្រោយមក អ្នកភូមិថា ខាងក្រុមហ៊ុនអ្នកស្រី លឹម គា អះអាងថា អ្នកភូមិទាំងនេះ ខ្ចីដីរបស់ក្រុមហ៊ុនបង្កបង្កើនផល ដែលជាហេតុអ្នកភូមិនាំគ្នាតវ៉ារហូតមក។ អាស៊ីសេរីមិនអាចរកការបញ្ជាក់ពីអ្នកស្រី លឹម គា បានទេ នៅថ្ងៃដដែលនេះ។
ទោះជាយ៉ាងនេះក្ដី អ្នកភូមិសម្រេចបញ្ឈប់ការតវ៉ា ហើយនាំគ្នាត្រឡប់ទៅភូមិវិញ ក្រោយពេលយល់ព្រមតាមការណែនាំរបស់មន្ត្រីតុលាការ ហើយថា ពួកគាត់នឹងស្វែងរកអង្គការឲ្យជួយពួកគាត់ណែនាំឲ្យរកមេធាវី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments