RFA | ប៉េអិម​សក្ដិ​៤​ម្នាក់​ដែល​ប្រើ​ហិង្សា​លើ​ភ្ជង់​កាំភ្លើង​យុវជន​ពីរ​នាក់​ត្រូវ​តុលាការ​កំពង់ចាម​ដោះលែង | hot news

By , Comment
Share on Facebook Tweet on Twitter

តុលាការ​ខេត្ត​កំពង់ចាម បាន​ដោះលែង​មន្ត្រី​កងរាជអាវុធហត្ថ​សក្តិ​៤ ម្នាក់​ស្ងាត់ៗ បន្ទាប់ពី​ជាប់ ពន្ធនាគារ​ជិត​១​ខែ ក្នុង​សំណុំរឿង​ប្រើ​ហិង្សា និង​ដក​កាំភ្លើង​ភ្ជង់​យុវជន​២​នាក់ នៅ​កន្លែង​អ៊ីនធឺណិត មួយ​ក្នុង​ក្រុង​កំពង់ចាម កាលពី​ថ្ងៃ​ទី​១៩​មីនា។ សង្គម​ស៊ីវិល រិះគន់​ថា ការ​ដោះលែង​ស្ងាត់​នេះ អាច មាន​បញ្ហា​មិន​ប្រក្រតី និង​បង្ហាញ​ថា ជា​ការ​អនុវត្ត​ច្បាប់​ទន់ ខ្សោយ​និង​មាន​ស្តង់ដារ​ពីរ​ចំពោះ​អ្នកមាន លុយ​មានអំណាច។

ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ចាម និង​ជា​ចៅក្រម​ស៊ើបសួរ លោក នៅ យ៉ារ័ត្ន បាន​រង​ការ​ចោទ​ថា បាន​ឃុបឃិត​គ្នា​សម្រេច​ដោះលែង​លោក​ប៉េអិម​សក្ដិ​៤ ឈ្មោះ សាន្ត សុខុម ត្រូវជា​កូនប្រុស​លោក​ឧត្ដមសេនីយ៍​ត្រី សាន្ត ប៊ុនថាន មេ​ប៉េអិម​ខេត្ត​ក្រចេះ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដោយ​ស្ងាត់ៗ បន្ទាប់​ពី​ឃុំខ្លួន​ជនជាប់ចោទ​រូប​នេះ​បាន​រយៈពេល ២៥​ថ្ងៃ។

មន្ត្រី​កងរាជអាវុធហត្ថ​ពាក់​សក្ដិ​៤ លោក សាន្ត សុខុម ត្រូវ​បាន​តុលាការ​ខេត្ត​កំពង់ចាម ចេញ​ដីកា​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ដោយ​គំរាមកំហែង​នឹង​អាវុធ និង​ប្រើប្រាស់​អាវុធ​គ្មាន​ការ​អនុញ្ញាត តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​២០​នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​។ ការ​ចោទប្រកាន់​និង​ឃុំខ្លួន​នោះ បន្ទាប់​ពី​លោក​ប្រើប្រាស់​អំពើ​ហិង្សា និង​ដក​កាំភ្លើង​ភ្ជង់​យុវជន​ពីរ​នាក់ ដែល​ជា​គូ​ទំនាស់ នៅ​កន្លែង​អ៊ីនធឺណិត​មួយ ក្នុង​ក្រុង​កំពង់ចាម កាលពី​ថ្ងៃ​ទី​១៩​មីនា។អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កំពង់ចាម លោក ហួត វុទ្ធី ប្រាប់​អាស៊ីសេរី​ថា លោក​មិន​បាន​ដឹង​ពី​ព័ត៌មាន​នៃ​ការ​ដោះលែង​លោក សាន្ត សុខុម នេះ​ទេ។

ចំណែក​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​សាលាដំបូង​ខេត្ត​កំពង់ចាម លោក ជួន ណារ៉ាន់ មិន ទទួល​ទូរស័ព្ទ។ ដោយឡែក អភិបាលខេត្ត​កំពង់ចាម លោក គួច ចំរើន ក៏​អះអាង​ថា លោក​មិន​បាន ដឹង​អំពី​ករណី​ដោះលែង​មន្ត្រី​ប៉េអិម​នេះ​ដែរ។

រីឯ​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​លោក នុត សាវនា ប្រាប់​អាស៊ីសេរី​ថា តុលាការ​ខេត្ត​កំពង់ចាម​ពិតជា​បាន​ដោះលែង​មន្ត្រី​កងរាជអាវុធហត្ថ​ពាក់​សក្ដិ​៤ លោក សាន្ត សុខុម ឱ្យ​នៅ​ក្រៅ​ឃុំ បណ្ដោះអាសន្ន​មែន ពោល​គឺ​តាំងពី​ថ្ងៃ​ទី​១៩ ខែ​មេសា ម្ល៉េះ បន្ទាប់ពី​លោក​ជាប់​ពន្ធនាគារ​រយៈពេល ២៥​ថ្ងៃ។ លោក នុត សាវនា ឱ្យ​ដឹង​ថា ករណី​ដោះលែង​នេះ មិន​មាន​អ្នកណា​រាយការណ៍​ប្រាប់ លោក​នោះ​ទេ ហើយ​លោក​ទើបតែ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១១​ខែ​ឧសភា បន្ទាប់ពី​ទូរស័ព្ទ​ទៅ​សួរនាំ ករណី​នេះ​។ លោក​បញ្ជាក់​ថា ការ​ដោះលែង​នេះ ហាក់​ដូចជា​គ្មាន​ការ​បញ្ជាក់​មូលហេតុ​ច្បាស់លាស់​នោះ​ទេ គ្រាន់តែ​តុលាការ បាន​កំណត់​លក្ខខណ្ឌ​ថា ជនជាប់ចោទ​ត្រូវតែ​បង្ហាញមុខ​នៅ តុលាការ​នៅ​ពេល​មានការ​កោះហៅ។ «»

កាលពី​ថ្ងៃ​ទី​២៥ ខែ​មីនា មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ក៏បាន​ប្រកាស​ព្រមាន​ដក​ដំណែង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ លោក សាន្ត ប៊ុនថាន ប្រសិនបើ​មិន​នាំ​កូនប្រុស ឈ្មោះ សាន្ត សុខុម ដែល​ជា​មន្ត្រី​អាវុធហត្ថ​ដែរ​នោះ ចូលខ្លួន​ដោះស្រាយ​បញ្ហា​ជុំវិញ​ការ​ប្រើ​ហិង្សា​លើ​យុវជន​ពីរ​នាក់​នៅ​ក្នុង​ខេត្ត​កំពង់ចាម។ បន្ទាប់​ពី​មានការ​ព្រមាន​របស់​លោក ហ៊ុន សែន ទើប​ជនជាប់ចោទ បាន​ចូល​សារភាព​ទទួល​កំហុស ក្រោយពី​គេចខ្លួន​មួយ​រយៈ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ចាម អ្នកស្រី ធីម ណារីន មាន​ប្រសាសន៍​ថា ការ​ដោះលែង​ជនជាប់ចោទ​ដោយ​ងាយៗ​និង​ស្ងាត់ៗ​បែបនេះ គឺ​ធ្វើ​ឱ្យ​មានការ​សង្ស័យ​អំពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​។ អ្នកស្រី​យល់ថា ជនជាប់ចោទ គឺ​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ប៉ុន្តែ​បែរ​ជា​ទៅ​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​ជន​សាមញ្ញ យក​កាំភ្លើង​គំរាមកំហែង និង​ប្រើ​អាវុធ​ដោយ​ខុសច្បាប់​ទៀត​នោះ គឺ​គួរតែ​ត្រូវ បាន​ផ្ដន្ទាទោស​តាមច្បាប់​ឱ្យ​បាន​ធ្ងន់ធ្ងរ ដើម្បី​ជា​គំរូ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ដៃ​ទៀត និង​កុំ​ឱ្យ​មាន​ជន បន្ត​រិះគន់​ថា តុលាការ​នៅតែ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ។ «»

មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ​ចែងថា ហិង្សា​ដោយ​ចេតនា​ត្រូវ​ផ្ដន្ទាទោស​ពី​២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល ទៅ​១០​លាន​រៀល កាលបើ​អំពើ​ហិង្សា​នោះ​ប្រព្រឹត្ត​ដោយ​គិតទុក​ជាមុន និង​ប្រើ​អាវុធ ឬ​គំរាមកំហែង​នឹង​អាវុធ។ ចំណែក​មាត្រា​២០​នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ​ចែងថា ជន​ណា​ដែល​បំពាក់​ថា តាម​ខ្លួន កាន់កាប់​ប្រើប្រាស់​នូវ​អាវុធ​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ ទៅ​២​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​៥០​ម៉ឺន​រៀល និង​២​លាន​រៀល​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments